កិច្ចការ 19:23-41

កិច្ចការ 19:23-41 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ មាន​ការ​ច្រួល​ច្របល់កើត​ឡើងយ៉ាង​ខ្លាំង​អំពី​ផ្លូវ​នោះ។ មាន​បុរស​ម្នាក់​ឈ្មោះ​ដេមេ‌ទ្រាស ជា​ជាង​ចម្លាក់ ដែល​ធ្វើ​អាស្រម​ព្រះ‌នាង​ឌីអាន​ពី​ប្រាក់ គាត់​ជួយ​ពួក​ជាង​ទាំង​ប៉ុន្មានឲ្យ​បាន​កម្រៃ​ជា​ច្រើន។ គាត់​បាន​ប្រមូល​កូន​ជាង​ទាំង​ប៉ុន្មាន និង​ពួក​អ្នក​ដែល​មានមុខ​របរ​ដូច​គ្នា​មក រួច​ពោល​ថា៖ «អ្នក​រាល់​គ្នា​អើយ អ្នក​ដឹង​ថា យើង​មាន​ទ្រព្យ​សម្បត្តិ​ដោយ​សារ​មុខ​របរ​នេះ អ្នក​ក៏​ឃើញ ហើយ​ឮ​ថា ឈ្មោះ​ប៉ុល​នេះ​បាន​បញ្ចុះ‌បញ្ចូល ព្រម​ទាំង​បង្វែរ​មនុស្ស​ជា​ច្រើន មិន​ត្រឹម​តែ​នៅ​ក្រុង​អេ‌ភេសូរ​នេះ​ប៉ុណ្ណោះទេ គឺ​ស្ទើរ​តែ​ពេញ​ស្រុក​អាស៊ី​ទាំង​មូល ដោយ​ពោល​ថា ព្រះ​ដែល​ដៃ​មនុស្ស​ធ្វើ មិន​មែន​ជា​ព្រះ​ឡើយ។ ដូច្នេះ មិន​ត្រឹម​តែ​អន្តរាយ​ដល់​មុខ​របរ​របស់​យើង ដោយ​គេ​លែង​រាប់​អាន​ប៉ុណ្ណោះ​ទេ គឺ​ក្រែង​គេ​លែង​ទាំង​គោរព​ប្រតិបត្តិ​ដល់​ព្រះ‌វិហារ​របស់​ព្រះ‌នាង​ឌីអាន​ដ៏​ធំ​ថែម​ទៀត​ផង រួច​សិរី​ល្អ​នៃ​ព្រះ​របស់​យើង ដែល​អ្នក​ស្រុក​អាស៊ីទាំង​អស់ និង​ពិភព​លោក​ទាំង​មូល​ថ្វាយ​បង្គំ ក៏​នឹង​ត្រូវ​សាប​សូន្យ​ដែរ»។ ពេល​គេ​ឮដូច្នេះ គេ​ខឹង​យ៉ាង​ខ្លាំង ហើយ​ស្រែក​ឡើង​ថា៖ «ព្រះ‌នាង​ឌីអាន​ជា​ព្រះ​របស់​អ្នក​ក្រុង​អេភេ‌សូរ ទ្រង់​ធំ​វិសេស!»។ ដូច្នេះ ទីក្រុង​ក៏​មាន​ពេញ​ដោយ​ភាព​វឹក‌វរ ហើយ​គេ​លើក​គ្នា​ចាប់​អូស​លោក​កៃយុស និងលោក​អើរី‌ស្តាក ជា​អ្នក​ស្រុក​ម៉ា‌សេដូន ដែល​រួម​ដំណើរ​ជា‌មួយ​លោក​ប៉ុល សម្រុក​ចូល​ទៅ​ក្នុង​ទី​លាន​មហោ​ស្រព ។ ប៉ុន្ដែ ពេល​លោក​ប៉ុល​មានបំណង​ចូល​ទៅ​ក្នុង​ចំណោម​បណ្តា‌ជន ពួក​សិស្ស​មិន​ព្រម​ឲ្យ​លោក​ទៅ​ទេ។ សូម្បី​តែ​ពួក​មន្រ្តី​នៅ​ស្រុក​អាស៊ី​ខ្លះ ដែល​ជា​មិត្ត​សម្លាញ់​របស់​លោក ក៏​បាន​ចាត់​គេ​មក​អង្វរ​លោក កុំ​ឲ្យ​ប្រថុយ​ចូល​ទៅ​ក្នុង​ទីលាន​មហោ​ស្រព​ដែរ។ នៅ​ពេល​នោះ មាន​ខ្លះ​ស្រែក​យ៉ាង​នេះ ខ្លះ​ស្រែក​យ៉ាង​នោះ ដ្បិត​អង្គ​ប្រជុំ​ទាំង​មូល​កំពុង​ច្របូក​ច្របល់ ហើយ​ពួក​គេ​ភាគ​ច្រើន​មិន​ទាំង​ដឹង​ថា​គេ​ប្រជុំ​គ្នា​រឿង​អ្វី​ផង។ ពួក​សាសន៍​យូដា​បាន​ច្រាន​អ័លេ‌ក្សានត្រុស​ចេញ​ពី​ចំណោម​បណ្ដាជន ទៅ​ឈរ​ខាង​មុខ ហើយ​អ័លេ‌ក្សានត្រុស​ក៏​លើក​ដៃ​ជា​សញ្ញា ព្រោះ​ចង់​ឆ្លើយ​បំភ្លឺ​នៅមុខប្រជាជន។ ប៉ុន្តែ ពេល​គេ​ដឹង​ថា គាត់​ជា​សាសន៍​យូដា គេ​ក៏​ស្រែក​ឡើង​ព្រម​គ្នា ប្រមាណ​ជា​ពីរ​ម៉ោង​ថា៖ «ព្រះនាង​ឌីអាន​របស់​ពួក​ក្រុង​អេភេ‌សូរ​យើង ទ្រង់​ធំ​វិសេស!»។ កាល​លោក​លេខាធិការ​បាន​ឃាត់​បណ្ដា​ជន​ឲ្យ​នៅ​ស្ងៀម​ហើយ លោក​មាន​ប្រសាសន៍​ថា៖ «ពួក​ក្រុង​អេភេ‌សូរ​អើយ តើ​អ្នក​ណា​មិន​ដឹង​ថា ពួក​អ្នក​ក្រុង​អេភេ‌សូរ​នេះ ជា​អ្នក​ថែ​រក្សា​ព្រះ‌វិហារ​ព្រះ‌នាង​ឌីអាន និង​ជា​ក្រុង​ដែល​មាន​រូប​សំណាក​ដែល​ធ្លាក់​ពី​លើ​មេឃមក​នោះ!។ ដូច្នេះ សេចក្ដី​នេះ​គ្មាន​អ្នក​ណា​អាច​ប្រកែក​បាន​ទេ គួរ​តែ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម​ទៅ មិន​ត្រូវ​ធ្វើ​ដោយ​តក់​ក្រហល់​ដូច្នេះ​ឡើយ។ អ្នក​រាល់​គ្នា​បាន​នាំ​អ្នក​ទាំង​នេះ​មក ដែល​មិន​មែន​ជា​ចោរ​លួច​វិហារ ឬ​ជា​អ្នក​ប្រមាថ​ដល់​ព្រះ​របស់​យើង​ទេ។ ប្រសិន‌បើ​លោក​ដេមេ‌ទ្រាស និង​ពួក​ជាង​ដែល​មក​ជា‌មួយគាត់ មាន​រឿង​អ្វី​ទាស់​នឹង​អ្នក​ណា នោះ​មាន​សាលា​ក្តី​បើក​ចំហ​ស្រាប់ ហើយ​មាន​ទាំង​លោកអភិបាល​ជាតិ​រ៉ូម​ផង ត្រូវ​ឲ្យ​គេ​ដាក់​ពាក្យ​បណ្ដឹង​ទៅ។ ប៉ុន្ដែ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ចង់​សួរ​ពី​បញ្ហា​ផ្សេង​ទៀត នោះ​ត្រូវ​ដោះ​ស្រាយ​នៅ​ក្នុង​អង្គ​ប្រជុំ​តាម​ច្បាប់វិញ។ ដ្បិតយើង​ពិត​ជា​ស្ថិត​ក្នុង​សភាព​គ្រោះ​ថ្នាក់ ដោយ​ជាប់​ចោទ​ពី​រឿង​បះ‌បោរ​ដែល​កើត​ឡើង​នៅ​ថ្ងៃ​នេះ ព្រោះ​គ្មាន​ហេតុ​ណា​មួយ ដែល​យើង​អាច​នឹង​ដោះសា​ពី​ការ​ប្រជុំ​គ្នា​នេះ​បាន​ឡើយ»។ កាល​លោក​មាន​ប្រសាសន៍ដូច្នេះ​រួច​ហើយ លោក​ក៏​រំសាយ​អង្គ​ប្រជុំ​នោះ​ទៅ។

ចែក​រំលែក
អាន កិច្ចការ 19

កិច្ចការ 19:23-41 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​នោះ មាន​កើត​ការ​បះ‌បោរ​មួយ​យ៉ាង​ខ្លាំង ព្រោះ​តែ​មាគ៌ា​របស់​ព្រះ‌អម្ចាស់។ មាន​ជាង​ចម្លាក់​ម្នាក់​ឈ្មោះ ដេមេ‌ទ្រាស ដែល​បាន​ធ្វើ​រូប​វិហារ​របស់​ព្រះ‌នាង​ឌីអាន​ពី​ប្រាក់ ហើយ​គាត់​បាន​ផ្ដល់​កម្រៃ​ជា​ច្រើន​ដល់​ពួក​កូន​ជាង។ គាត់​បាន​ប្រមូល​កូន​ជាង​របស់​គាត់ និង​អស់​អ្នក​ដែល​មាន​មុខ​របរ​ដូច​គ្នា​មក រួច​ពោល​ថា៖ «បងប្អូន​អើយ បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា យើង​បាន​រស់​ស្រួល ក៏​ដោយ‌សារ​តែ​មុខ​របរ​នេះ ហើយ​បងប្អូន​ក៏​បាន​ឃើញ​បាន​ឮ​ដែរ​ថា ឈ្មោះ​ប៉ូល​នោះ​បញ្ចុះ‌បញ្ចូល​នាំ​មហា‌ជន​ឲ្យ​ទៅ​តាម​គាត់ មិន​ត្រឹម​តែ​នៅ​ក្រុង​អេភេសូ​នេះ​ប៉ុណ្ណោះ​ទេ គឺ​សឹង​តែ​ពេញ​ស្រុក​អាស៊ី​ទាំង​មូល​ថែម​ទៀត​ផង ដោយ​ពោល​ថា រូប​ព្រះ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស មិន​មែន​ជា​ព្រះ​ឡើយ។ ការ​នេះ​មិន​ត្រឹម​តែ​បន្ថោក​បន្ទាប​មុខ​របរ​របស់​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​ព្រះ‌វិហារ​នៃ​ព្រះ‌នាង​ឌីអាន​ដ៏​ប្រសើរ​ឧត្ដម​របស់​យើង​ត្រូវ​រលាយ ហើយ​កិត្តិនាម​របស់​ព្រះ‌នាង ដែល​អ្នក​ស្រុក​អាស៊ី និង​សកល​លោក​ទាំង​មូល​ធ្លាប់​ថ្វាយ‌បង្គំ មុខ​ជា​ត្រូវ​ធ្លាក់​ចុះ​អន់‌ថយ​ទៀត​ផង»។ កាល​បាន​ឮ​ពាក្យ​នេះ​ហើយ គេ​ខឹង​យ៉ាង​ខ្លាំង ក៏​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ព្រះ‌នាង​ឌីអាន​ជា​ព្រះ​របស់​អ្នក​ក្រុង​អេភេសូ ទ្រង់​ប្រសើរ​ឧត្ដម!»។ ពេល​នោះ មាន​កើត​វឹក‌វរ​ពាស‌ពេញ​ទីក្រុង គេ​លើក​គ្នា​ដើរ​តម្រង់​ទៅ​លាន​មហោ‌ស្រព ទាំង​អូស​ទាញ​លោក​កៃយុស និង​លោក​អើរី‌ស្ដាក ជា​អ្នក​ស្រុក​ម៉ាសេ‌ដូន ដែល​រួម​ដំណើរ​ជា​មួយ​លោក​ប៉ូល​ទៅ​ផង។ លោក​ប៉ូល​មាន​បំណង​ទៅ​ជួប​ប្រជា‌ជន ប៉ុន្តែ ពួក​សិស្ស*​បាន​ឃាត់​លោក​មិន​ឲ្យ​ទៅ​ទេ សូម្បី​តែ​មន្ត្រី​ក្រុង​ខ្លះ​ដែល​ជា​មិត្ត‌ភក្ដិ​របស់​លោក ក៏​បាន​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក មិន​ឲ្យ​ទៅ​លាន​មហោ‌ស្រព​ដែរ។ នៅ​ពេល​នោះ អ្នក​ខ្លះ​ស្រែក​យ៉ាង​នេះ អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ ដ្បិត​មាន​កើត​ច្របូក‌ច្របល់​ពេញ​អង្គ​ប្រជុំ​ទាំង​មូល ហើយ​មាន​អ្នក​ខ្លះ​មិន​ទាំង​ដឹង​ថា​គេ​មក​ប្រជុំ​គ្នា​រឿង​អ្វី​ផង។ ពេល​នោះ ជន‌ជាតិ​យូដា​បាន​រុញ​បុរស​ម្នាក់​ឈ្មោះ អលេ‌ក្សាន‌ត្រុស ឲ្យ​ចេញ​ពី​ក្នុង​ចំណោម​បណ្ដា‌ជន ឡើង​ទៅ​ឈរ​នៅ​ខាង​មុខ។ អលេ‌ក្សាន‌ត្រុស​ក៏​លើក​ដៃ​ធ្វើ​សញ្ញា ព្រោះ​គាត់​ចង់​ឆ្លើយ​ដោះ‌សា​នៅ​មុខ​ប្រជា‌ជន។ ប៉ុន្តែ កាល​ប្រជា‌ជន​ឃើញ​ថា​គាត់​ជា​ជន‌ជាតិ​យូដា គេ​ក៏​ស្រែក​ឡើង​ព្រម​គ្នា​អស់​រយៈ​ពេល​ជិត​ពីរ​ម៉ោង​ថា៖ «ព្រះ‌នាង​ឌីអាន ជា​ព្រះ​របស់​អ្នក​ក្រុង​អេភេសូ ទ្រង់​ប្រសើរ​ឧត្ដម!»។ នៅ​ទី​បំផុត លោក​លេខា‌ធិការ​ក្រុង​បាន​ឃាត់​បណ្ដា‌ជន​ឲ្យ​នៅ​ស្ងៀម ដោយ​ពោល​ថា៖ «បងប្អូន​ជា​អ្នក​ក្រុង​អេភេសូ​អើយ! តើ​នរណា​មិន​ដឹង​ថា​ក្រុង​អេភេសូ ជា​ក្រុង​របស់​ព្រះ‌នាង​ឌីអាន ដែល​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម និង​ជា​ក្រុង​ដែល​មាន​រូប​សំណាក​ធ្លាក់​ចុះ​ពី​ស្ថាន‌សួគ៌​មក​នោះ!។ ត្រង់​នេះ គ្មាន​នរណា​អាច​ជំទាស់​បាន​ទេ សូម​បងប្អូន​នៅ​ស្ងៀម​ទៅ កុំ​ប្រព្រឹត្ត​ដោយ​ឥត​ពិចារណា​ដូច្នេះ។ បងប្អូន​បាន​នាំ​អ្នក​ទាំង​នេះ​មក ប៉ុន្តែ គេ​មិន​បាន​ប្លន់​ព្រះ‌វិហារ ឬ​ក៏​ពោល​ពាក្យ​អ្វី​ប្រមាថ​ព្រះ‌នាង​របស់​យើង​ទេ។ ប្រសិន​បើ​លោក​ដេមេ‌ទ្រាស និង​ពួក​ជាង​ដែល​នៅ​ជា​មួយ​គាត់​មាន​រឿង​អ្វី​ទាស់​នឹង​នរណា ត្រូវ​នាំ​ពាក្យ​បណ្ដឹង​មក​ជូន​អស់​លោក​ជា​រាជ​ប្រតិភូ រក​យុត្តិធម៌​ឲ្យ​នៅ​ថ្ងៃ​ជំនុំ​ជម្រះ​ទៅ!។ ប្រសិន​បើ​បងប្អូន​ចង់​តវ៉ា​អំពី​រឿង​អ្វី​ទៀត​នោះ ចាំ​ដល់​ពេល​មាន​អង្គ​ប្រជុំ​ពេញ​ច្បាប់ គេ​នឹង​ដោះ​ស្រាយ​ជូន។ បើ​មិន​ដូច្នោះ​ទេ សុំ​ប្រយ័ត្ន ក្រែង​យើង​ត្រូវ​ជាប់​ចោទ​ថា​ជា​អ្នក​បះ‌បោរ ព្រោះ​តែ​រឿងរ៉ាវ​ដែល​កើត​មាន​ឡើង​នៅ​ថ្ងៃ​នេះ ដ្បិត​យើង​គ្មាន​មូល​ហេតុ​អ្វី ដើម្បី​ដោះ‌សា​អំពី​ការ​ប្រជុំ​គ្នា​នេះ​ឡើយ»។ គាត់​មាន​ប្រសាសន៍​ដូច្នេះ​រួច​ហើយ ក៏​ប្រាប់​អង្គ​ប្រជុំ​ឲ្យ​បែក‌ខ្ញែក​គ្នា​ទៅ។

ចែក​រំលែក
អាន កិច្ចការ 19

កិច្ចការ 19:23-41 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ កើត​មាន​វឹកវរ​ជា​ធំ ពី​ដំណើរ​ផ្លូវ​នោះ ដ្បិត​មាន​មនុស្ស​ម្នាក់​ឈ្មោះ​ដេមេ‌ទ្រាស ជា​ជាង​ប្រាក់ ដែល​ធ្វើ​អាស្រម​ព្រះ‌ឌីអាន​ពី​ប្រាក់ គាត់​ជួយ​ដល់​ពួក​ជាង​ទាំង​ប៉ុន្មាន ឲ្យ​បាន​កំរៃ​ជា​ច្រើន កាល​គាត់​បាន​ប្រមូល​គេ ព្រម​ទាំង​ពួក​អ្នក​ដែល​មាន​របរ​ដូច​គ្នា​ទាំង​ប៉ុន្មាន​មក នោះ​គាត់​និយាយ​ថា អ្នក​រាល់​គ្នា​អើយ អ្នក​ដឹង​ថា យើង​បាន​ផល​ចំណេញ​ពី​របរ​នេះ​មក អ្នក​ក៏​ឃើញ ហើយ​ឮ​ថា ឈ្មោះ​ប៉ុល​នេះ​បាន​បញ្ចុះ‌បញ្ចូល ព្រម​ទាំង​បង្វែរ​មនុស្ស​សន្ធឹក​ទៅ​ហើយ មិន​ត្រឹម​តែ​នៅ​អេភេសូរ​ប៉ុណ្ណេះ គឺ​ស្ទើរ​តែ​នឹង​គ្រប់​សព្វ​នៅ​ស្រុក​អាស៊ី​ផង ដោយ​ពាក្យ​ថា​អស់​ទាំង​ព្រះ​ដែល​ដៃ​មនុស្ស​ធ្វើ នោះ​មិន​មែន​ជា​ព្រះ​ទេ ដូច្នេះ មាន​អន្តរាយ​កើត​ដល់​យើង មិន​ត្រឹម​តែ​សមាគម​នេះ ដោយ​គេ​លែង​រាប់​អាន​ប៉ុណ្ណោះ គឺ​ក្រែង​គេ​លែង​ទាំង​គោរព​ប្រតិ‌បត្តិ ដល់​ព្រះ‌វិហារ​របស់​ព្រះ‌ឌីអាន​ដ៏​ធំ​ថែម​ទៀត​ផង រួច​សិរី‌ល្អ​នៃ​ព្រះ​របស់​យើង ដែល​គ្រប់​ស្រុក​អាស៊ី នឹង​លោកីយ​ទាំង​មូល​ក៏​ថ្វាយ‌បង្គំ នឹង​ត្រូវ​សាប‌សូន្យ​ទៅ កាល​គេ​ឮ​សេចក្ដី​នោះ​ហើយ គេ​ក៏​មាន​ពេញ​ដោយ​សេចក្ដី​កំហឹង ហើយ​ស្រែក​ប្រកាស​ថា ព្រះ‌ឌីអាន​នៃ​ពួក​ក្រុង​អេភេសូរ​យើង ទ្រង់​ធំ​វិសេស នោះ​ក៏​កើត​មាន​វឹកវរ​ពេញ​ក្នុង​ក្រុង គេ​ស្រុះ​ចិត្ត​គ្នា​ចាប់​កន្ត្រាក់​កៃយុស នឹង​អើរី‌ស្តាក ជា​អ្នក​ស្រុក​ម៉ាសេដូន ដែល​ដើរ​ដំណើរ​ជា​មួយ​នឹង​ប៉ុល នាំ​ម្នីម្នា​ចូល​ទៅ​ក្នុង​រោង​ជំនុំ ឯ​ប៉ុល គាត់​គិត​ចូល​ទៅ​ឯ​បណ្តាជន​ដែរ តែ​ពួក​សិស្ស​មិន​ព្រម​ឲ្យ​ទៅ​ទេ ហើយ​មាន​ពួក​ចៅហ្វាយ​នៅ​ស្រុក​អាស៊ី​ខ្លះ​ដែល​ស្រឡាញ់​គាត់ ក៏​ចាត់​គេ​មក​អង្វរ​ថា សូម​កុំ​ឲ្យ​ចូល​ទៅ​ក្នុង​រោង​ជំនុំ​នោះ​ឡើយ ឯ​បណ្តាជន ខ្លះ​ស្រែក​យ៉ាង​នេះ ខ្លះ​ស្រែក​យ៉ាង​នោះ ដ្បិត​មនុស្ស​ក្នុង​ចំណោម​នោះ កំពុង​ជ្រួល‌ជ្រើម​ជា​ខ្លាំង ច្រើន​មិន​ដឹង​ជា​គេ​ប្រជុំ​គ្នា​ដោយ​ហេតុ​អ្វី​ផង ពួក​សាសន៍​យូដា​ក៏​ច្រាន​អ័លេ‌ក្សាន‌ត្រុស​ចេញ​ពី​ហ្វូង​មនុស្ស​ទៅ​ខាង​មុខ គាត់​ក៏​ធ្វើ​គ្រឿង​សំគាល់​នឹង​ដៃ ចង់​ដោះ‌សា​នឹង​បណ្តា​មនុស្ស កាល​គេ​បាន​ដឹង​ថា គាត់​ជា​សាសន៍​យូដា គេ​ក៏​ស្រែក​ឡើង​ព្រម​គ្នា​ចំនួន​ប្រហែល​ជា​២​ម៉ោង​ថា ព្រះ‌ឌីអាន​នៃ​ពួក​ក្រុង​អេភេសូរ​យើង ទ្រង់​ធំ​វិសេស កាល​លោក​ភូឈួយ​បាន​ធ្វើ​បង្អន់​ដល់​ហ្វូង​មនុស្ស នោះ​ក៏​និយាយ​ថា នែ ពួក​ក្រុង​អេភេសូរ​អើយ តើ​មាន​អ្នក​ឯ​ណា​ដែល​មិន​ដឹង​ថា ពួក​អ្នក​នៅ​ក្រុង​នេះ ជា​អ្នក​ថែ​រក្សា​ព្រះ‌វិហារ​នៃ​ព្រះ‌ឌីអាន​ដ៏​ធំ ដែល​ធ្លាក់​មក​ពី​ព្រះ‌សេយូស​នោះ ដូច្នេះ ដែល​សេចក្ដី​នោះ​ជា​ពិត​ហើយ នោះ​គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដោយ​ស្រួល​ទៅ​ចុះ មិន​ត្រូវ​ឲ្យ​ធ្វើ​ដោយ​រលះ‌រលាំង​ដូច្នេះ​ឡើយ អ្នក​រាល់​គ្នា​បាន​នាំ​មនុស្ស​ទាំង​នេះ​មក ដែល​មិន​មែន​ជា​ចោរ​លួច​វិហារ ឬ​ប្រមាថ​ដល់​ព្រះ​នៃ​អ្នក​រាល់​គ្នា​ទេ ដូច្នេះ បើ​សិន​ជា​ដេមេ‌ទ្រាស នឹង​ពួក​ជាង​ដែល​មក​ជា​មួយ​គ្នា​នេះ មាន​រឿង​អ្វី​នឹង​អ្នក​ណា នោះ​មាន​ទី​សំរាប់​ជំនុំ‌ជំរះ​ក្តី​ស្រាប់ ហើយ​មាន​ទាំង​ពួក​ចៅ‌ក្រម​ផង ត្រូវ​ឲ្យ​គេ​ប្តឹង‌ប្តល់​គ្នា​ទៅ​ចុះ តែ​បើ​អ្នក​រាល់​គ្នា​ចង់​សួរ​ពី​ដំណើរ​ណា​ទៀត នោះ​ត្រូវ​តែ​បាន​សំរេច​ក្នុង​ជំនុំ ដែល​ប្រជុំ​តាម​ច្បាប់​វិញ ដ្បិត​ខ្លាច​ក្រែង​យើង​ត្រូវ​ទោស​ជា​ពួក​បះ‌បោរ ដោយ​ព្រោះ​រឿង​ដែល​កើត​មក​នៅ​ថ្ងៃ​នេះ ដ្បិត​គ្មាន​ហេតុ​ណា​មួយ ដែល​យើង​អាច​នឹង​ដោះសា​ពី​ការ​ប្រជុំ​នេះ​បាន​ទេ កាល​មាន​ប្រសាសន៍​សេចក្ដី​ទាំង​នេះ​រួច​ហើយ នោះ​លោក​ឲ្យ​គេ​ទៅ​វិញ​ទៅ។

ចែក​រំលែក
អាន កិច្ចការ 19