នៅគ្រានោះ មានកើតការបះបោរមួយយ៉ាងខ្លាំង ព្រោះតែមាគ៌ារបស់ព្រះអម្ចាស់។ មានជាងចម្លាក់ម្នាក់ឈ្មោះ ដេមេទ្រាស ដែលបានធ្វើរូបវិហាររបស់ព្រះនាងឌីអានពីប្រាក់ ហើយគាត់បានផ្ដល់កម្រៃជាច្រើនដល់ពួកកូនជាង។ គាត់បានប្រមូលកូនជាងរបស់គាត់ និងអស់អ្នកដែលមានមុខរបរដូចគ្នាមក រួចពោលថា៖ «បងប្អូនអើយ បងប្អូនជ្រាបស្រាប់ហើយថា យើងបានរស់ស្រួល ក៏ដោយសារតែមុខរបរនេះ ហើយបងប្អូនក៏បានឃើញបានឮដែរថា ឈ្មោះប៉ូលនោះបញ្ចុះបញ្ចូលនាំមហាជនឲ្យទៅតាមគាត់ មិនត្រឹមតែនៅក្រុងអេភេសូនេះប៉ុណ្ណោះទេ គឺសឹងតែពេញស្រុកអាស៊ីទាំងមូលថែមទៀតផង ដោយពោលថា រូបព្រះដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះឡើយ។ ការនេះមិនត្រឹមតែបន្ថោកបន្ទាបមុខរបររបស់យើងប៉ុណ្ណោះទេ គឺថែមទាំងធ្វើឲ្យព្រះវិហារនៃព្រះនាងឌីអានដ៏ប្រសើរឧត្ដមរបស់យើងត្រូវរលាយ ហើយកិត្តិនាមរបស់ព្រះនាង ដែលអ្នកស្រុកអាស៊ី និងសកលលោកទាំងមូលធ្លាប់ថ្វាយបង្គំ មុខជាត្រូវធ្លាក់ចុះអន់ថយទៀតផង»។ កាលបានឮពាក្យនេះហើយ គេខឹងយ៉ាងខ្លាំង ក៏នាំគ្នាស្រែកឡើងថា៖ «ព្រះនាងឌីអានជាព្រះរបស់អ្នកក្រុងអេភេសូ ទ្រង់ប្រសើរឧត្ដម!»។ ពេលនោះ មានកើតវឹកវរពាសពេញទីក្រុង គេលើកគ្នាដើរតម្រង់ទៅលានមហោស្រព ទាំងអូសទាញលោកកៃយុស និងលោកអើរីស្ដាក ជាអ្នកស្រុកម៉ាសេដូន ដែលរួមដំណើរជាមួយលោកប៉ូលទៅផង។ លោកប៉ូលមានបំណងទៅជួបប្រជាជន ប៉ុន្តែ ពួកសិស្ស*បានឃាត់លោកមិនឲ្យទៅទេ សូម្បីតែមន្ត្រីក្រុងខ្លះដែលជាមិត្តភក្ដិរបស់លោក ក៏បានចាត់គេឲ្យទៅជម្រាបលោក មិនឲ្យទៅលានមហោស្រពដែរ។ នៅពេលនោះ អ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ ដ្បិតមានកើតច្របូកច្របល់ពេញអង្គប្រជុំទាំងមូល ហើយមានអ្នកខ្លះមិនទាំងដឹងថាគេមកប្រជុំគ្នារឿងអ្វីផង។ ពេលនោះ ជនជាតិយូដាបានរុញបុរសម្នាក់ឈ្មោះ អលេក្សានត្រុស ឲ្យចេញពីក្នុងចំណោមបណ្ដាជន ឡើងទៅឈរនៅខាងមុខ។ អលេក្សានត្រុសក៏លើកដៃធ្វើសញ្ញា ព្រោះគាត់ចង់ឆ្លើយដោះសានៅមុខប្រជាជន។ ប៉ុន្តែ កាលប្រជាជនឃើញថាគាត់ជាជនជាតិយូដា គេក៏ស្រែកឡើងព្រមគ្នាអស់រយៈពេលជិតពីរម៉ោងថា៖ «ព្រះនាងឌីអាន ជាព្រះរបស់អ្នកក្រុងអេភេសូ ទ្រង់ប្រសើរឧត្ដម!»។ នៅទីបំផុត លោកលេខាធិការក្រុងបានឃាត់បណ្ដាជនឲ្យនៅស្ងៀម ដោយពោលថា៖ «បងប្អូនជាអ្នកក្រុងអេភេសូអើយ! តើនរណាមិនដឹងថាក្រុងអេភេសូ ជាក្រុងរបស់ព្រះនាងឌីអាន ដែលជាព្រះដ៏ប្រសើរឧត្ដម និងជាក្រុងដែលមានរូបសំណាកធ្លាក់ចុះពីស្ថានសួគ៌មកនោះ!។ ត្រង់នេះ គ្មាននរណាអាចជំទាស់បានទេ សូមបងប្អូននៅស្ងៀមទៅ កុំប្រព្រឹត្តដោយឥតពិចារណាដូច្នេះ។ បងប្អូនបាននាំអ្នកទាំងនេះមក ប៉ុន្តែ គេមិនបានប្លន់ព្រះវិហារ ឬក៏ពោលពាក្យអ្វីប្រមាថព្រះនាងរបស់យើងទេ។ ប្រសិនបើលោកដេមេទ្រាស និងពួកជាងដែលនៅជាមួយគាត់មានរឿងអ្វីទាស់នឹងនរណា ត្រូវនាំពាក្យបណ្ដឹងមកជូនអស់លោកជារាជប្រតិភូ រកយុត្តិធម៌ឲ្យនៅថ្ងៃជំនុំជម្រះទៅ!។ ប្រសិនបើបងប្អូនចង់តវ៉ាអំពីរឿងអ្វីទៀតនោះ ចាំដល់ពេលមានអង្គប្រជុំពេញច្បាប់ គេនឹងដោះស្រាយជូន។ បើមិនដូច្នោះទេ សុំប្រយ័ត្ន ក្រែងយើងត្រូវជាប់ចោទថាជាអ្នកបះបោរ ព្រោះតែរឿងរ៉ាវដែលកើតមានឡើងនៅថ្ងៃនេះ ដ្បិតយើងគ្មានមូលហេតុអ្វី ដើម្បីដោះសាអំពីការប្រជុំគ្នានេះឡើយ»។ គាត់មានប្រសាសន៍ដូច្នេះរួចហើយ ក៏ប្រាប់អង្គប្រជុំឲ្យបែកខ្ញែកគ្នាទៅ។
អាន កិច្ចការ 19
ស្ដាប់នូវ កិច្ចការ 19
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 19:23-41
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ