កិច្ចការ 19

19
1កំពុង​ដែល​អ័ប៉ុឡូស​នៅ​ក្រុង​កូរិន‌ថូស នោះ​ប៉ុល​បាន​ដើរ​កាត់​អស់​ទាំង​ស្រុក​ខាង​លើ រហូត​ដល់​ក្រុង​អេភេសូរ កាល​គាត់​រក​ឃើញ​សិស្ស​ខ្លះ នោះ​ក៏​សួរ​ថា 2ចាប់​តាំង​ពី​អ្នក​រាល់​គ្នា​ជឿ​មក តើ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ហើយ​ឬ​នៅ គេ​ឆ្លើយ​ថា យើង​ខ្ញុំ​មិន​បាន​ទាំង​ឮ​និយាយ​ពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ផង 3គាត់​សួរ​គេ​ទៀត​ថា ដូច្នេះ តើ​អ្នក​រាល់​គ្នា​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ដោយ​នូវ​អ្វី គេ​ឆ្លើយ​ថា គឺ​ដោយ​នូវ​បុណ្យ​ជ្រមុជ​របស់​លោក​យ៉ូហាន​ទេ 4រួច​ប៉ុល​និយាយ​ថា លោក​យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក ពី​ដំណើរ​ការ​ប្រែ​ចិត្ត ទាំង​ប្រាប់​ពួក​ជន​ឲ្យ​ជឿ​ដល់​ព្រះ‌អង្គ ដែល​យាង​មក​ក្រោយ​លោក​វិញ គឺ​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ 5កាល​បាន​ឮ​ដូច្នោះ​ហើយ នោះ​គេ​ក៏​ទទួល​បុណ្យ​ជ្រមុជ‌ទឹក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ​វិញ 6រួច​ប៉ុល​ដាក់​ដៃ​លើ​គេ ហើយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​គេ នោះ​គេ​ចាប់​តាំង​និយាយ​ភាសា​ដទៃ ហើយ​អធិប្បាយ​ផង 7ពួក​អ្នក​ទាំង​នោះ​មាន​គ្នា​ប្រហែល​ជា​១២​នាក់។
8ប៉ុល​ក៏​ចូល​ទៅ​អធិប្បាយ ក្នុង​សាលា​ប្រជុំ ដោយ​ក្លាហាន ហើយ​ក្នុង​រវាង​៣​ខែ គាត់​ចេះ​តែ​ជជែក​ពន្យល់ ព្រម​ទាំង​បញ្ចុះ​បញ្ចូល​គេ ឲ្យ​ជឿ​តាម​អស់​ទាំង​សេចក្ដី​ពី​នគរ​ព្រះ 9លុះ​កាល​អ្នក​ខ្លះ​កើត​មាន​ចិត្ត​រឹង‌ទទឹង ហើយ​ចចេស ព្រម​ទាំង​និយាយ​អាក្រក់​ពី​ផ្លូវ​នោះ នៅ​មុខ​ប្រជា‌ជន នោះ​គាត់​ក៏​ថយ​ចេញ​ពី​គេ​ទៅ ញែក​យក​ទាំង​ពួក​សិស្ស​ទៅ​ផង រួច​គាត់​ជជែក​ពន្យល់​ក្នុង​សាលា​បង្រៀន​របស់​ទីរ៉ា‌នុស​ជា​រាល់​ថ្ងៃ 10គាត់​ធ្វើ​ដូច្នោះ អស់​២​ឆ្នាំ ដល់​ម៉្លេះ​បាន​ជា​អស់​អ្នក ដែល​នៅ​ស្រុក​អាស៊ី បាន​ឮ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ទាំង​សាសន៍​យូដា នឹង​សាសន៍​ក្រេក​ផង 11ហើយ​ព្រះ‌ទ្រង់​ធ្វើ​ការ​ឫទ្ធិ‌បារមី​យ៉ាង​ប្លែកៗ ដោយ‌សារ​ដៃ​ប៉ុល 12ដល់​ម៉្លេះ​បាន​ជា​គេ​គ្រាន់​តែ​យក​កន្សែង ឬ​ក្រមា ពី​ខ្លួន​គាត់ ទៅ​ដាក់​លើ​មនុស្ស​មាន​ជំងឺ នោះ​គេ​ក៏​បាន​ជា ហើយ​មាន​អារក្ស‌អសោចិ៍​ចេញ​ពី​មនុស្ស​ដែរ។
13រីឯ​មាន​មនុស្ស​សាសន៍​យូដា​ខ្លះ ជា​គ្រូ​មន្ត‌អាគម ដែល​ដើរ​ចុះ​ឡើង គេ​ក៏​ចាប់​តាំង​អំពាវ‌នាវ ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ ពី​លើ​មនុស្ស​ដែល​មាន​អារក្ស‌អសោចិ៍​ចូល​ថា អញ​បង្គាប់​ឯង ដោយ​នូវ​ព្រះ‌យេស៊ូវ ដែល​ប៉ុល​ប្រកាស​ប្រាប់​នោះ 14ក្នុង​ពួក​មនុស្ស​ដែល​ធ្វើ​ដូច្នោះ មាន​៧​នាក់ ជា​កូន​នៃ​សាសន៍​យូដា​ម្នាក់ ដែល​ធ្វើ​ជា​សង្គ្រាជ​ឈ្មោះ​ស្កេវ៉ា 15តែ​អារក្ស‌អសោចិ៍​ឆ្លើយ​ទៅ​គេ​ថា យើង​ស្គាល់​ព្រះ‌យេស៊ូវ​ហើយ ក៏​ស្គាល់​ប៉ុល​បន្តិច‌បន្តួច​ដែរ តែ​ឯ​ឯង​រាល់​គ្នា តើ​ជា​អ្នក​ណា​វិញ 16រួច​មនុស្ស​ដែល​មាន​អារក្ស‌អសោចិ៍​ចូល​ក៏​ស្ទុះ​ទៅ​លើ​គេ ទាំង​បង្គ្រប ហើយ​ឈ្នះ​គេ ដល់​ម៉្លេះ​បាន​ជា​គេ​រត់​ចេញ​ពី​ផ្ទះ​នោះ​ទាំង​អាក្រាត ហើយ​មាន​របួស​ផង 17ឯ​អស់​មនុស្ស​នៅ​ក្រុង​អេភេសូរ ទាំង​សាសន៍​យូដា នឹង​សាសន៍​ក្រេក​ផង បាន​ដឹង​រឿង​នោះ ក៏​កើត​មាន​ចិត្ត​ភ័យ​ខ្លាច​ទាំង​អស់​គ្នា ហើយ​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ​ក៏​បាន​ថ្កើង​ឡើង 18មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​ជឿ គេ​មក​លន់‌តួ ព្រម​ទាំង​សំដែង​ប្រាប់​ពី​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ផង 19ឯ​មនុស្ស​ដែល​ប្រព្រឹត្ត​វិជ្ជា​ប្លែកៗ​នោះ ក៏​មាន​ច្រើន​នាក់​បាន​យក​ក្បួន​ដំរា​របស់​ខ្លួន មក​ដុត​ចោល​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​គ្នា គេ​បាន​គិត​ថ្លៃ​ក្បួន​ទាំង​នោះ​មើល ឃើញ​មាន​ដំឡៃ​អស់​៥​ម៉ឺន​រៀល 20គឺ​យ៉ាង​ដូច្នោះ​ឯង ដែល​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​បាន​ចំរើន​កើន​ឡើង ហើយ​បាន​ឈ្នះ​ដោយ​អំណាច។
21ក្រោយ​ការ​ទាំង​នោះ​មក ប៉ុល​គិត​សំរេច​ក្នុង​ចិត្ត​ថា​កាល​ណា​បាន​ដើរ​កាត់​ស្រុក​ម៉ាសេដូន នឹង​ស្រុក​អាខៃ​ហើយ នោះ​គាត់​នឹង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ក៏​និយាយ​ថា ក្រោយ​ដែល​ខ្ញុំ​បាន​ទៅ​ឯ​ណោះ​ហើយ នោះ​ត្រូវ​ឲ្យ​ខ្ញុំ​ទៅ​មើល​ក្រុង​រ៉ូម​ដែរ 22គាត់​ចាត់​អ្នក​ជំនួយ​គាត់​២​នាក់ គឺ​ធីម៉ូថេ នឹង​អេរ៉ា‌ស្ទុស ឲ្យ​ទៅ​ស្រុក​ម៉ាសេដូន តែ​ខ្លួន​គាត់​ស្នាក់​នៅ​ក្នុង​ស្រុក​អាស៊ី​បន្តិច​ទៀត។
23នៅ​គ្រា​នោះ កើត​មាន​វឹកវរ​ជា​ធំ ពី​ដំណើរ​ផ្លូវ​នោះ 24ដ្បិត​មាន​មនុស្ស​ម្នាក់​ឈ្មោះ​ដេមេ‌ទ្រាស ជា​ជាង​ប្រាក់ ដែល​ធ្វើ​អាស្រម​ព្រះ‌ឌីអាន​ពី​ប្រាក់ គាត់​ជួយ​ដល់​ពួក​ជាង​ទាំង​ប៉ុន្មាន ឲ្យ​បាន​កំរៃ​ជា​ច្រើន 25កាល​គាត់​បាន​ប្រមូល​គេ ព្រម​ទាំង​ពួក​អ្នក​ដែល​មាន​របរ​ដូច​គ្នា​ទាំង​ប៉ុន្មាន​មក នោះ​គាត់​និយាយ​ថា អ្នក​រាល់​គ្នា​អើយ អ្នក​ដឹង​ថា យើង​បាន​ផល​ចំណេញ​ពី​របរ​នេះ​មក 26អ្នក​ក៏​ឃើញ ហើយ​ឮ​ថា ឈ្មោះ​ប៉ុល​នេះ​បាន​បញ្ចុះ‌បញ្ចូល ព្រម​ទាំង​បង្វែរ​មនុស្ស​សន្ធឹក​ទៅ​ហើយ មិន​ត្រឹម​តែ​នៅ​អេភេសូរ​ប៉ុណ្ណេះ គឺ​ស្ទើរ​តែ​នឹង​គ្រប់​សព្វ​នៅ​ស្រុក​អាស៊ី​ផង ដោយ​ពាក្យ​ថា​អស់​ទាំង​ព្រះ​ដែល​ដៃ​មនុស្ស​ធ្វើ នោះ​មិន​មែន​ជា​ព្រះ​ទេ 27ដូច្នេះ មាន​អន្តរាយ​កើត​ដល់​យើង មិន​ត្រឹម​តែ​សមាគម​នេះ ដោយ​គេ​លែង​រាប់​អាន​ប៉ុណ្ណោះ គឺ​ក្រែង​គេ​លែង​ទាំង​គោរព​ប្រតិ‌បត្តិ ដល់​ព្រះ‌វិហារ​របស់​ព្រះ‌ឌីអាន​ដ៏​ធំ​ថែម​ទៀត​ផង រួច​សិរី‌ល្អ​នៃ​ព្រះ​របស់​យើង ដែល​គ្រប់​ស្រុក​អាស៊ី នឹង​លោកីយ​ទាំង​មូល​ក៏​ថ្វាយ‌បង្គំ នឹង​ត្រូវ​សាប‌សូន្យ​ទៅ 28កាល​គេ​ឮ​សេចក្ដី​នោះ​ហើយ គេ​ក៏​មាន​ពេញ​ដោយ​សេចក្ដី​កំហឹង ហើយ​ស្រែក​ប្រកាស​ថា ព្រះ‌ឌីអាន​នៃ​ពួក​ក្រុង​អេភេសូរ​យើង ទ្រង់​ធំ​វិសេស 29នោះ​ក៏​កើត​មាន​វឹកវរ​ពេញ​ក្នុង​ក្រុង គេ​ស្រុះ​ចិត្ត​គ្នា​ចាប់​កន្ត្រាក់​កៃយុស នឹង​អើរី‌ស្តាក ជា​អ្នក​ស្រុក​ម៉ាសេដូន ដែល​ដើរ​ដំណើរ​ជា​មួយ​នឹង​ប៉ុល នាំ​ម្នីម្នា​ចូល​ទៅ​ក្នុង​រោង​ជំនុំ 30ឯ​ប៉ុល គាត់​គិត​ចូល​ទៅ​ឯ​បណ្តាជន​ដែរ តែ​ពួក​សិស្ស​មិន​ព្រម​ឲ្យ​ទៅ​ទេ 31ហើយ​មាន​ពួក​ចៅហ្វាយ​នៅ​ស្រុក​អាស៊ី​ខ្លះ​ដែល​ស្រឡាញ់​គាត់ ក៏​ចាត់​គេ​មក​អង្វរ​ថា សូម​កុំ​ឲ្យ​ចូល​ទៅ​ក្នុង​រោង​ជំនុំ​នោះ​ឡើយ 32ឯ​បណ្តាជន ខ្លះ​ស្រែក​យ៉ាង​នេះ ខ្លះ​ស្រែក​យ៉ាង​នោះ ដ្បិត​មនុស្ស​ក្នុង​ចំណោម​នោះ កំពុង​ជ្រួល‌ជ្រើម​ជា​ខ្លាំង ច្រើន​មិន​ដឹង​ជា​គេ​ប្រជុំ​គ្នា​ដោយ​ហេតុ​អ្វី​ផង 33ពួក​សាសន៍​យូដា​ក៏​ច្រាន​អ័លេ‌ក្សាន‌ត្រុស​ចេញ​ពី​ហ្វូង​មនុស្ស​ទៅ​ខាង​មុខ គាត់​ក៏​ធ្វើ​គ្រឿង​សំគាល់​នឹង​ដៃ ចង់​ដោះ‌សា​នឹង​បណ្តា​មនុស្ស 34កាល​គេ​បាន​ដឹង​ថា គាត់​ជា​សាសន៍​យូដា គេ​ក៏​ស្រែក​ឡើង​ព្រម​គ្នា​ចំនួន​ប្រហែល​ជា​២​ម៉ោង​ថា ព្រះ‌ឌីអាន​នៃ​ពួក​ក្រុង​អេភេសូរ​យើង ទ្រង់​ធំ​វិសេស 35កាល​លោក​ភូឈួយ​បាន​ធ្វើ​បង្អន់​ដល់​ហ្វូង​មនុស្ស នោះ​ក៏​និយាយ​ថា នែ ពួក​ក្រុង​អេភេសូរ​អើយ តើ​មាន​អ្នក​ឯ​ណា​ដែល​មិន​ដឹង​ថា ពួក​អ្នក​នៅ​ក្រុង​នេះ ជា​អ្នក​ថែ​រក្សា​ព្រះ‌វិហារ​នៃ​ព្រះ‌ឌីអាន​ដ៏​ធំ ដែល​ធ្លាក់​មក​ពី​ព្រះ‌សេយូស​នោះ 36ដូច្នេះ ដែល​សេចក្ដី​នោះ​ជា​ពិត​ហើយ នោះ​គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដោយ​ស្រួល​ទៅ​ចុះ មិន​ត្រូវ​ឲ្យ​ធ្វើ​ដោយ​រលះ‌រលាំង​ដូច្នេះ​ឡើយ 37អ្នក​រាល់​គ្នា​បាន​នាំ​មនុស្ស​ទាំង​នេះ​មក ដែល​មិន​មែន​ជា​ចោរ​លួច​វិហារ ឬ​ប្រមាថ​ដល់​ព្រះ​នៃ​អ្នក​រាល់​គ្នា​ទេ 38ដូច្នេះ បើ​សិន​ជា​ដេមេ‌ទ្រាស នឹង​ពួក​ជាង​ដែល​មក​ជា​មួយ​គ្នា​នេះ មាន​រឿង​អ្វី​នឹង​អ្នក​ណា នោះ​មាន​ទី​សំរាប់​ជំនុំ‌ជំរះ​ក្តី​ស្រាប់ ហើយ​មាន​ទាំង​ពួក​ចៅ‌ក្រម​ផង ត្រូវ​ឲ្យ​គេ​ប្តឹង‌ប្តល់​គ្នា​ទៅ​ចុះ 39តែ​បើ​អ្នក​រាល់​គ្នា​ចង់​សួរ​ពី​ដំណើរ​ណា​ទៀត នោះ​ត្រូវ​តែ​បាន​សំរេច​ក្នុង​ជំនុំ ដែល​ប្រជុំ​តាម​ច្បាប់​វិញ 40ដ្បិត​ខ្លាច​ក្រែង​យើង​ត្រូវ​ទោស​ជា​ពួក​បះ‌បោរ ដោយ​ព្រោះ​រឿង​ដែល​កើត​មក​នៅ​ថ្ងៃ​នេះ ដ្បិត​គ្មាន​ហេតុ​ណា​មួយ ដែល​យើង​អាច​នឹង​ដោះសា​ពី​ការ​ប្រជុំ​នេះ​បាន​ទេ 41កាល​មាន​ប្រសាសន៍​សេចក្ដី​ទាំង​នេះ​រួច​ហើយ នោះ​លោក​ឲ្យ​គេ​ទៅ​វិញ​ទៅ។

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 19: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល