កិច្ចការ 19:23-41

កិច្ចការ 19:23-41 ពគប

នៅ​គ្រា​នោះ កើត​មាន​វឹកវរ​ជា​ធំ ពី​ដំណើរ​ផ្លូវ​នោះ ដ្បិត​មាន​មនុស្ស​ម្នាក់​ឈ្មោះ​ដេមេ‌ទ្រាស ជា​ជាង​ប្រាក់ ដែល​ធ្វើ​អាស្រម​ព្រះ‌ឌីអាន​ពី​ប្រាក់ គាត់​ជួយ​ដល់​ពួក​ជាង​ទាំង​ប៉ុន្មាន ឲ្យ​បាន​កំរៃ​ជា​ច្រើន កាល​គាត់​បាន​ប្រមូល​គេ ព្រម​ទាំង​ពួក​អ្នក​ដែល​មាន​របរ​ដូច​គ្នា​ទាំង​ប៉ុន្មាន​មក នោះ​គាត់​និយាយ​ថា អ្នក​រាល់​គ្នា​អើយ អ្នក​ដឹង​ថា យើង​បាន​ផល​ចំណេញ​ពី​របរ​នេះ​មក អ្នក​ក៏​ឃើញ ហើយ​ឮ​ថា ឈ្មោះ​ប៉ុល​នេះ​បាន​បញ្ចុះ‌បញ្ចូល ព្រម​ទាំង​បង្វែរ​មនុស្ស​សន្ធឹក​ទៅ​ហើយ មិន​ត្រឹម​តែ​នៅ​អេភេសូរ​ប៉ុណ្ណេះ គឺ​ស្ទើរ​តែ​នឹង​គ្រប់​សព្វ​នៅ​ស្រុក​អាស៊ី​ផង ដោយ​ពាក្យ​ថា​អស់​ទាំង​ព្រះ​ដែល​ដៃ​មនុស្ស​ធ្វើ នោះ​មិន​មែន​ជា​ព្រះ​ទេ ដូច្នេះ មាន​អន្តរាយ​កើត​ដល់​យើង មិន​ត្រឹម​តែ​សមាគម​នេះ ដោយ​គេ​លែង​រាប់​អាន​ប៉ុណ្ណោះ គឺ​ក្រែង​គេ​លែង​ទាំង​គោរព​ប្រតិ‌បត្តិ ដល់​ព្រះ‌វិហារ​របស់​ព្រះ‌ឌីអាន​ដ៏​ធំ​ថែម​ទៀត​ផង រួច​សិរី‌ល្អ​នៃ​ព្រះ​របស់​យើង ដែល​គ្រប់​ស្រុក​អាស៊ី នឹង​លោកីយ​ទាំង​មូល​ក៏​ថ្វាយ‌បង្គំ នឹង​ត្រូវ​សាប‌សូន្យ​ទៅ កាល​គេ​ឮ​សេចក្ដី​នោះ​ហើយ គេ​ក៏​មាន​ពេញ​ដោយ​សេចក្ដី​កំហឹង ហើយ​ស្រែក​ប្រកាស​ថា ព្រះ‌ឌីអាន​នៃ​ពួក​ក្រុង​អេភេសូរ​យើង ទ្រង់​ធំ​វិសេស នោះ​ក៏​កើត​មាន​វឹកវរ​ពេញ​ក្នុង​ក្រុង គេ​ស្រុះ​ចិត្ត​គ្នា​ចាប់​កន្ត្រាក់​កៃយុស នឹង​អើរី‌ស្តាក ជា​អ្នក​ស្រុក​ម៉ាសេដូន ដែល​ដើរ​ដំណើរ​ជា​មួយ​នឹង​ប៉ុល នាំ​ម្នីម្នា​ចូល​ទៅ​ក្នុង​រោង​ជំនុំ ឯ​ប៉ុល គាត់​គិត​ចូល​ទៅ​ឯ​បណ្តាជន​ដែរ តែ​ពួក​សិស្ស​មិន​ព្រម​ឲ្យ​ទៅ​ទេ ហើយ​មាន​ពួក​ចៅហ្វាយ​នៅ​ស្រុក​អាស៊ី​ខ្លះ​ដែល​ស្រឡាញ់​គាត់ ក៏​ចាត់​គេ​មក​អង្វរ​ថា សូម​កុំ​ឲ្យ​ចូល​ទៅ​ក្នុង​រោង​ជំនុំ​នោះ​ឡើយ ឯ​បណ្តាជន ខ្លះ​ស្រែក​យ៉ាង​នេះ ខ្លះ​ស្រែក​យ៉ាង​នោះ ដ្បិត​មនុស្ស​ក្នុង​ចំណោម​នោះ កំពុង​ជ្រួល‌ជ្រើម​ជា​ខ្លាំង ច្រើន​មិន​ដឹង​ជា​គេ​ប្រជុំ​គ្នា​ដោយ​ហេតុ​អ្វី​ផង ពួក​សាសន៍​យូដា​ក៏​ច្រាន​អ័លេ‌ក្សាន‌ត្រុស​ចេញ​ពី​ហ្វូង​មនុស្ស​ទៅ​ខាង​មុខ គាត់​ក៏​ធ្វើ​គ្រឿង​សំគាល់​នឹង​ដៃ ចង់​ដោះ‌សា​នឹង​បណ្តា​មនុស្ស កាល​គេ​បាន​ដឹង​ថា គាត់​ជា​សាសន៍​យូដា គេ​ក៏​ស្រែក​ឡើង​ព្រម​គ្នា​ចំនួន​ប្រហែល​ជា​២​ម៉ោង​ថា ព្រះ‌ឌីអាន​នៃ​ពួក​ក្រុង​អេភេសូរ​យើង ទ្រង់​ធំ​វិសេស កាល​លោក​ភូឈួយ​បាន​ធ្វើ​បង្អន់​ដល់​ហ្វូង​មនុស្ស នោះ​ក៏​និយាយ​ថា នែ ពួក​ក្រុង​អេភេសូរ​អើយ តើ​មាន​អ្នក​ឯ​ណា​ដែល​មិន​ដឹង​ថា ពួក​អ្នក​នៅ​ក្រុង​នេះ ជា​អ្នក​ថែ​រក្សា​ព្រះ‌វិហារ​នៃ​ព្រះ‌ឌីអាន​ដ៏​ធំ ដែល​ធ្លាក់​មក​ពី​ព្រះ‌សេយូស​នោះ ដូច្នេះ ដែល​សេចក្ដី​នោះ​ជា​ពិត​ហើយ នោះ​គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដោយ​ស្រួល​ទៅ​ចុះ មិន​ត្រូវ​ឲ្យ​ធ្វើ​ដោយ​រលះ‌រលាំង​ដូច្នេះ​ឡើយ អ្នក​រាល់​គ្នា​បាន​នាំ​មនុស្ស​ទាំង​នេះ​មក ដែល​មិន​មែន​ជា​ចោរ​លួច​វិហារ ឬ​ប្រមាថ​ដល់​ព្រះ​នៃ​អ្នក​រាល់​គ្នា​ទេ ដូច្នេះ បើ​សិន​ជា​ដេមេ‌ទ្រាស នឹង​ពួក​ជាង​ដែល​មក​ជា​មួយ​គ្នា​នេះ មាន​រឿង​អ្វី​នឹង​អ្នក​ណា នោះ​មាន​ទី​សំរាប់​ជំនុំ‌ជំរះ​ក្តី​ស្រាប់ ហើយ​មាន​ទាំង​ពួក​ចៅ‌ក្រម​ផង ត្រូវ​ឲ្យ​គេ​ប្តឹង‌ប្តល់​គ្នា​ទៅ​ចុះ តែ​បើ​អ្នក​រាល់​គ្នា​ចង់​សួរ​ពី​ដំណើរ​ណា​ទៀត នោះ​ត្រូវ​តែ​បាន​សំរេច​ក្នុង​ជំនុំ ដែល​ប្រជុំ​តាម​ច្បាប់​វិញ ដ្បិត​ខ្លាច​ក្រែង​យើង​ត្រូវ​ទោស​ជា​ពួក​បះ‌បោរ ដោយ​ព្រោះ​រឿង​ដែល​កើត​មក​នៅ​ថ្ងៃ​នេះ ដ្បិត​គ្មាន​ហេតុ​ណា​មួយ ដែល​យើង​អាច​នឹង​ដោះសា​ពី​ការ​ប្រជុំ​នេះ​បាន​ទេ កាល​មាន​ប្រសាសន៍​សេចក្ដី​ទាំង​នេះ​រួច​ហើយ នោះ​លោក​ឲ្យ​គេ​ទៅ​វិញ​ទៅ។

អាន កិច្ចការ 19

វីដេអូសម្រាប់ កិច្ចការ 19:23-41