២ កូរិនថូស 11:4-33

២ កូរិនថូស 11:4-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រោះ​ថា​ពេល​មាន​នរណា​ម្នាក់​មក​ប្រកាស​អំពី​ព្រះ‌យេស៊ូ​ណា​មួយ​ផ្សេង​ទៀត ក្រៅ​ពី​ព្រះ‌យេស៊ូ​ដែល​យើង​ប្រកាស​នោះ ឬ​មួយ​បើ​បងប្អូន​ទទួល​វិញ្ញាណ​ណា​ផ្សេង ក្រៅ​ពី​ព្រះ‌វិញ្ញាណ​ដែល​បងប្អូន​បាន​ទទួល​ហើយ ឬ​ក៏​ដំណឹង‌ល្អ*​ណា​មួយ​ទៀត ក្រៅ​ពី​ដំណឹង‌ល្អ​ដែល​បងប្អូន​បាន​ទទួល​នោះ បងប្អូន​ចេះ​តែ​អត់‌ឱន​ឲ្យ​គេ​យ៉ាង​ស្រួលៗ។ ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​មិន​មែន​អន់​ជាង​អស់​អ្នក​ដែល​តាំង​ខ្លួន​ជា​មហា​សាវ័ក​ទាំង​នោះ ត្រង់​កន្លែង​ណា​មួយ​ឡើយ ថ្វី‌ដ្បិត​តែ​ខ្ញុំ​មិន​សូវ​មាន​វោហារ​ក៏​ដោយ ផ្នែក​ខាង​ចំណេះ ខ្ញុំ​ក៏​មិន​អន់​ដែរ ដូច​យើង​ធ្លាប់​បាន​បង្ហាញ​ឲ្យ​បងប្អូន​ឃើញ​ក្នុង​គ្រប់​វិស័យ និង​គ្រប់​ពេល​វេលា​ស្រាប់​ហើយ។ ពេល​ខ្ញុំ​ប្រកាស​ដំណឹង‌ល្អ*​របស់​ព្រះ‌ជាម្ចាស់ ប្រាប់​បងប្អូន​ដោយ​ឥត​គិត​ថ្លៃ​នោះ ខ្ញុំ​បាន​បន្ទាប​ខ្លួន ដើម្បី​ឲ្យ​បងប្អូន​បាន​ថ្កើង​ឡើង។ តើ​ខ្ញុំ​ធ្វើ​ដូច្នេះ បាន​សេចក្ដី​ថា​ខ្ញុំ​ធ្វើ​ខុស​ឬ? ខ្ញុំ​បាន​ទទួល​ប្រាក់​ពី​ក្រុម‌ជំនុំ*​ឯ​ទៀតៗ ធ្វើ​ឲ្យ​គេ​ខ្វះ‌ខាត​ខ្លះៗ ដើម្បី​បម្រើ​បងប្អូន។ ពេល​ខ្ញុំ​នៅ​ជា​មួយ​បងប្អូន បើ​ខ្ញុំ​ខ្វះ​ខាត​អ្វីៗ ខ្ញុំ​ពុំ​បាន​ធ្វើ​ជា​បន្ទុក​ដល់​នរណា​ម្នាក់​ឡើយ ដ្បិត​បងប្អូន​មក​ពី​ស្រុក​ម៉ាសេ‌ដូន​បាន​ជួយ​ផ្គត់‌ផ្គង់​នូវ​អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ការ។ ក្នុង​គ្រប់​កិច្ចការ ខ្ញុំ​បាន​ចៀស‌វាង​កុំ​ឲ្យ​ខ្លួន​ខ្ញុំ​ទៅ​ជា​បន្ទុក​ដល់​បងប្អូន ហើយ​ខ្ញុំ​នឹង​ចៀស‌វាង​ត​ទៅ​មុខ​ទៀត។ ខ្ញុំ​សូម​បញ្ជាក់​ដោយ​មាន​សេចក្ដី​ពិត​របស់​ព្រះ‌គ្រិស្ត​នៅ​ក្នុង​ខ្លួន​ថា ក្នុង​ស្រុក​អាខៃ​ទាំង​មូល គ្មាន​នរណា​អាច​បង្អាប់​កិត្តិយស​ខ្ញុំ​ត្រង់​ចំណុច​នេះ​ឡើយ។ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ធ្វើ​ដូច្នេះ? តើ​មក​ពី​ខ្ញុំ​មិន​ស្រឡាញ់​បងប្អូន​ឬ? ទេ! ព្រះ‌ជាម្ចាស់​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​បងប្អូន។ ការ​ដែល​ខ្ញុំ​ធ្វើ​នេះ ខ្ញុំ​នឹង​ធ្វើ​ត​ទៅ​មុខ​ទៀត ដើម្បី​កុំ​ឲ្យ​អស់​អ្នក​ដែល​ចង់​រក​លេស​នឹង​អួត​ខ្លួន ដោយ​ពោល​ថា គេ​ធ្វើ​ការ​ដូច​យើង​ដែរ​នោះ អាច​រក​លេស​បាន​សោះ​ឡើយ។ ជន​ប្រភេទ​នោះ​សុទ្ធ​តែ​ជា​សាវ័ក​ក្លែង‌ក្លាយ អ្នក​បន្លំ​ធ្វើ​ការ អ្នក​ក្លែង​ខ្លួន​ធ្វើ​ជា​សាវ័ក​របស់​ព្រះ‌គ្រិស្ត*។ ត្រង់​នេះ សូម​កុំ​ឆ្ងល់​អ្វី​ឡើយ សូម្បី​តែ​មារ*​សាតាំង​ផ្ទាល់​ក៏​បាន​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​ដែរ។ ដូច្នេះ បើ​ពួក​អ្នក​បម្រើ​របស់​វា​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​បម្រើ​សេចក្ដី​សុចរិត​នោះ គ្មាន​អ្វី​ចម្លែក​សោះ​ឡើយ។ អ្នក​ទាំង​នោះ​នឹង​វិនាស ស្រប​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ជា​មិន​ខាន។ ខ្ញុំ​សូម​បញ្ជាក់​ម្ដង​ទៀត​ថា កុំ​ឲ្យ​នរណា​ម្នាក់​យល់​ថា​ខ្ញុំ​ជា​មនុស្ស​លេលា​ឡើយ ឬ​មួយ​ទុក​ឲ្យ​ខ្ញុំ​លេលា​ទៅ​ចុះ ដើម្បី​ឲ្យ​ខ្ញុំ​អាច​អួត​ខ្លួន​បន្តិច​ដែរ។ សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ ខ្ញុំ​មិន​និយាយ​ស្រប​តាម​ព្រះ‌អម្ចាស់​ទេ គឺ​ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​លេលា​វិញ ដោយ​យល់​ឃើញ​ថា ខ្ញុំ​មាន​ហេតុ​នឹង​អួត​ខ្លួន​ប្រាកដ​មែន។ ដោយ​មាន​មនុស្ស​ជា​ច្រើន​លើក​ខ្លួន​តាម​របៀប​លោកីយ៍ នោះ​ខ្ញុំ​ក៏​អាច​នឹង​លើក​ខ្លួន​ឯង​តាម​របៀប​លោកីយ៍​ដែរ! បងប្អូន​ជា​មនុស្ស​ដឹង​ខុស​ត្រូវ តែ​បងប្អូន​ចេះ​ទ្រាំ‌ទ្រ​នឹង​មនុស្ស​លេលា​បាន គឺ​ទ្រាំ‌ទ្រ​ឲ្យ​គេ​ជិះ‌ជាន់ កេង‌ប្រវ័ញ្ច រឹប​អូស​យក​របស់​ទ្រព្យ ប្រមាថ​មាក់​ងាយ និង​ឲ្យ​គេ​ទះ​កំផ្លៀង​ផង។ ខ្ញុំ​សូម​ជម្រាប​ថា គួរ​ឲ្យ​ខ្មាស​ណាស់! យើង​ហាក់​បី​ដូច​ជា​ទន់​ខ្សោយ​ពេក។ ប៉ុន្តែ បើ​គេ​ហ៊ាន​អះ‌អាង​ត្រង់​ចំណុច​ណា​មួយ (ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​លេលា​មែន) ខ្ញុំ​ក៏​ហ៊ាន​ត្រង់​ចំណុច​នោះ​ដូច​គេ​ដែរ។ អ្នក​ទាំង​នោះ​ជា​សាសន៍​ហេប្រឺ​ឬ? ខ្ញុំ​ក៏​ជា​សាសន៍​ហេប្រឺ​ដែរ! អ្នក​ទាំង​នោះ​ជា​សាសន៍​អ៊ីស្រា‌អែល​ឬ? ខ្ញុំ​ក៏​ជា​សាសន៍​អ៊ីស្រា‌អែល​ដែរ! អ្នក​ទាំង​នោះ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ​ឬ? ខ្ញុំ​ក៏​ជា​ពូជ‌ពង្ស​របស់​លោក​ដែរ! អ្នក​ទាំង​នោះ​ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រិស្ត*​ឬ? ខ្ញុំ​សូម​និយាយ​ដូច​ជា​មនុស្ស​វង្វេង​ស្មារតី​ទាំង​ស្រុង​ទៅ​ចុះ​ថា ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​លើស​អ្នក​ទាំង​នោះ​ទៅ​ទៀត។ ខ្ញុំ​ធ្វើ​ការ​នឿយ‌ហត់​ច្រើន​ជាង​អ្នក​ទាំង​នោះ ខ្ញុំ​បាន​ជាប់​ឃុំ‌ឃាំង​ច្រើន​ជាង ខ្ញុំ​ត្រូវ​គេ​វាយ‌ដំ​ច្រើន​ជាង​ហួស​ប្រមាណ ហើយ​ខ្ញុំ​ក៏​មាន​គ្រោះ​ថ្នាក់​ជិត​ស្លាប់​ជា​ញឹក‌ញាប់​ដែរ។ ខ្ញុំ​ត្រូវ​ជន‌ជាតិ​យូដា​វាយ​សាម‌សិប​ប្រាំ​បួន​រំពាត់ ​ចំនួន​ប្រាំ​ដង។ គេ​វាយ​ខ្ញុំ​នឹង​ដំបង​ចំនួន​បី​លើក គេ​យក​ដុំ​ថ្ម​គប់​សម្លាប់​ខ្ញុំ​ម្ដង ខ្ញុំ​ត្រូវ​លិច​សំពៅ​បី​ដង ហើយ​មាន​ម្ដង​ខ្ញុំ​អណ្ដែត​នៅ​ក្នុង​សមុទ្រ​មួយ​ថ្ងៃ​មួយ​យប់។ ពេល​ខ្ញុំ​ធ្វើ​ដំណើរ ខ្ញុំ​តែងតែ​ជួប​ប្រទះ​គ្រោះ​ថ្នាក់​ជា​ញឹក‌ញាប់​នៅ​តាម​ទន្លេ គ្រោះ​ថ្នាក់​ដោយ​ចោរ​ប្លន់ គ្រោះ​ថ្នាក់​មក​ពី​ជន​រួម​ជាតិ​របស់​ខ្ញុំ គ្រោះ​ថ្នាក់​មក​ពី​សាសន៍​ដទៃ គ្រោះ​ថ្នាក់​ក្នុង​ទីក្រុង គ្រោះ​ថ្នាក់​នៅ​វាល​រហោ‌ស្ថាន គ្រោះ​ថ្នាក់​នៅ​ក្នុង​សមុទ្រ គ្រោះ​ថ្នាក់ ព្រោះ​តែ​ពួក​បងប្អូន​ក្លែង‌ក្លាយ។ ខ្ញុំ​បាន​ធ្វើ​ការ​ទាំង​នឿយ​លំបាក និង​ត្រូវ​អត់​ងងុយ អត់​បាយ​អត់​ទឹក​ជា​ញឹក​ញាប់។ ខ្ញុំ​ត្រូវ​តម​អាហារ ត្រូវ​រងា និង​ខ្វះ​ខាត​សម្លៀក‌បំពាក់​ជា​ញឹក​ញាប់។ លើស​ពី​នេះ​ទៅ​ទៀត ខ្ញុំ​ខ្វល់​ខ្វាយ​រៀង​រាល់​ថ្ងៃ ដោយ​គិត​ដល់​ក្រុម‌ជំនុំ​ទាំង​អស់​ផង​ដែរ! ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ទន់​ខ្សោយ ខ្ញុំ​ក៏​ទន់​ខ្សោយ​ដែរ ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ឃ្លាត​ចេញ​ពី​ជំនឿ ខ្ញុំ​ឈឺ​ចុក​ចាប់​ណាស់! ប្រសិន​បើ​ខ្ញុំ​ត្រូវ​អួត​ខ្លួន នោះ​ខ្ញុំ​នឹង​អួត​តែ​អំពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ប៉ុណ្ណោះ។ ព្រះ‌ជាម្ចាស់​ដែល​ជា​ព្រះ‌បិតា​របស់​ព្រះ‌អម្ចាស់‌យេស៊ូ ទ្រង់​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​មិន​និយាយ​កុហក​ទេ (សូម​លើក​តម្កើង​ព្រះអង្គ​អស់‌កល្ប​ជានិច្ច!)។ កាល​ខ្ញុំ​នៅ​ក្រុង​ដាម៉ាស លោក​អភិបាល​របស់​ស្ដេច​អើរេ‌តាស​បាន​ដាក់​ទាហាន​ឲ្យ​យាម​ទ្វារ​ក្រុង ដើម្បី​ចាំ​ចាប់​ខ្ញុំ ប៉ុន្តែ គេ​បាន​ដាក់​ខ្ញុំ​ក្នុង​ជាល​មួយ​សម្រូត​ចុះ​តាម​បង្អួច​កំពែង ហើយ​ខ្ញុំ​បាន​គេច​ផុត​ពី​កណ្ដាប់​ដៃ​លោក ។

២ កូរិនថូស 11:4-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់ មក​ប្រកាស​អំពី​ព្រះ‌យេស៊ូវ​ណា​មួយ​ផ្សេង​ទៀត ក្រៅ​ពី​ព្រះ‌យេស៊ូវ​ដែល​យើង​បាន​ប្រកាស ឬ​ប្រសិន‌បើ​អ្នក​រាល់​គ្នា​ទទួល​វិញ្ញាណ​ណា​មួយ​ផ្សេង ក្រៅ​ពី​ព្រះ‌វិញ្ញាណ​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល ឬ​ដំណឹង​ល្អ​ណា​ផ្សេង ក្រៅ​ពី​ដំណឹង​ល្អ​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល នោះ​អ្នក​រាល់​គ្នា​ទ្រាំទ្រ​បាន​យ៉ាង​ស្រួល។ ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​គ្មាន​អ្វី​អន់​ជាង​មហា​សាវក ទាំង​នោះ​ឡើយ។ ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​ប្រសប់​ខាង​ពាក្យ​សម្ដី​ក៏​ដោយ ក៏​ខ្ញុំ​មិន​ខ្សត់​ខាង​ចំណេះ​ដឹង​នោះ​ដែរ ហើយក្នុង​គ្រប់​ការ​ទាំង​អស់ យើង​បាន​សម្ដែង​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ច្បាស់​គ្រប់​ជំពូក។ កាល​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះ ប្រាប់​អ្នក​រាល់​គ្នា​ដោយ​ឥត​គិត​ថ្លៃ ទាំង​បន្ទាប​ខ្លួន​ខ្ញុំ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ថ្កើង​ឡើង តើ​នោះ​ឈ្មោះ​ថា​ខ្ញុំ​បាន​ធ្វើ​បាប​ឬ? ខ្ញុំ​បាន​បង្អត់​ក្រុម​ជំនុំ​ឯ​ទៀតៗ ដោយ​ទទួល​ប្រាក់​ឈ្នួល​ពី​គេ ដើម្បី​នឹង​បម្រើ​អ្នក​រាល់​គ្នា កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ហើយ​មាន​ការ​ខ្វះ​ខាត នោះ​ខ្ញុំ​មិន​បាន​ដាក់​បន្ទុក​លើ​អ្នក​ណា​ម្នាក់​ឡើយ ដ្បិត​ពួក​បង‌ប្អូន​ដែល​មក​ពី​ស្រុក​ម៉ា‌សេ‌ដូន បាន​ជួយ​ផ្គត់​ផ្គង់​អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ការ។ ដូច្នេះ ខ្ញុំ​បាន​ចៀស​វាង​មិន​ដាក់​បន្ទុក​លើ​អ្នក​រាល់​គ្នា​ក្នុង​ការ​អ្វី​ឡើយ ហើយ​នឹង​ចៀស​វាង​តទៅ​មុខ​ទៀត។ ខ្ញុំ​សូម​ប្រាប់ ដោយ​សេចក្តី​ពិត​របស់​ព្រះ‌គ្រីស្ទ​ដែល​នៅ​ក្នុង​ខ្ញុំ​ថា គ្មាន​អ្នក​ណា​អាច​នឹង​បំបាត់​សេចក្តី​អំនួត​របស់​ខ្ញុំ​នេះ នៅ​ក្នុង​ស្រុក​អាខៃ​បាន​ឡើយ។ ចុះ​តើ​ហេតុ​អ្វី? ដោយ​ព្រោះ​ខ្ញុំ​មិន​ស្រឡាញ់​អ្នក​រាល់​គ្នា​ឬ? ព្រះ​ជ្រាប​ហើយ​ថា​ខ្ញុំ​ស្រឡាញ់​អ្នក​រាល់​គ្នា! តែ​អ្វី​ដែល​ខ្ញុំ​ធ្វើ ខ្ញុំ​ក៏​នឹង​ធ្វើ​តទៅ​មុខ​ទៀត​ដែរ ដើម្បី​នឹង​ដក​ឱកាស​ចេញ​ពី​ពួក​អ្នក​ដែល​ចង់​បាន​ឱកាស​ដូច​យើង ដើម្បី​ឲ្យ​គេ​ទទួល​ស្គាល់​តាម​អ្វី​ដែល​គេ​អួត​នោះ។ ដ្បិត​មនុស្ស​បែប​នោះ​ជា​សាវក​ក្លែង‌ក្លាយ ជា​អ្នក​ធ្វើ​ការ​ឆបោក ដោយក្លែង​ខ្លួន​ធ្វើ​ជា​សាវក​របស់​ព្រះ‌គ្រីស្ទ។ សូមកុំ​ឆ្ងល់​អ្វី​ឡើយ! សូម្បី​តែ​អារក្ស​សាតាំង​ក៏​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​ដែរ។ ដូច្នេះ បើ​អ្នក​បម្រើ​របស់​វា​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​បម្រើ​សេចក្តី​សុចរិត នោះ​គ្មាន​អ្វី​ចម្លែក​ឡើយ។ ចុង​បញ្ចប់​របស់​គេ នឹង​បាន​ស្រប​តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។ ខ្ញុំ​សូម​ប្រាប់​ម្តង​ទៀត​ថា កុំ​ឲ្យ​អ្នក​ណា​ម្នាក់​យល់​ថា​ខ្ញុំ​ឆ្កួត​នោះ​ឡើយ តែ​បើ​អ្នក​រាល់​គ្នា​យល់​ថា​ខ្ញុំ​ឆ្កួត នោះ​ចូរ​ទទួល​ខ្ញុំ​ទុក​ដូច​ជា​មនុស្ស​ឆ្កួត​ទៅ​ចុះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​អួត​ខ្លួន​បន្តិច​ផង។ សេចក្តី​ដែល​ខ្ញុំ​និយាយ​នេះ មិន​មែន​និយាយ​តាម​ព្រះ‌អម្ចាស់​ទេ គឺ​និយាយ​ដូច​ជា​មនុស្ស​ល្ងង់​ខ្លៅ​វិញ ដោយ​យល់​ឃើញ​ថា ខ្ញុំ​មាន​ហេតុ​នឹង​អួត​ខ្លួន​បាន ហើយ​ដោយ​ព្រោះ​មាន​មនុស្ស​ជា​ច្រើន​អួត​ខ្លួន​តាម​សាច់​ឈាម នោះ​ខ្ញុំ​ក៏​អាច​នឹង​អួត​បាន​ដែរ។ ព្រោះ​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា ហើយ​ចេះ​ទ្រាំទ្រ​នឹង​មនុស្ស​ល្ងង់​ខ្លៅ​ដោយ​ស្ម័គ្រ​ពី​ចិត្ត! ដ្បិត​អ្នក​រាល់​គ្នា​ទ្រាំទ្រ​ឲ្យ​គេ​ជិះ​ជាន់ ស៊ី​សាច់ កេង​ប្រវ័ញ្ច លើក​តម្កើង​ខ្លួន ហើយ​ឲ្យ​គេ​ទះ​កំផ្លៀង​អ្នក​រាល់​គ្នា​ផង។ ខ្ញុំ​ត្រូវ​តែ​និយាយ​ទាំង​គួរ​ឲ្យ​ខ្មាស​ថា យើង​ខ្សោយ​ពេក​សម្រាប់​ការ​នេះ! ប៉ុន្តែ បើ​អ្នក​ណា​ម្នាក់​ហ៊ាន​អួត​ពី​អ្វី​មួយ នោះ​ខ្ញុំ​និយាយ​ដោយ​ល្ងង់​ខ្លៅ​ថា ខ្ញុំ​ក៏​ហ៊ាន​អួត​ពី​ការ​នោះ​ដែរ។ តើ​គេ​ជា​សាសន៍​ហេព្រើរ​ឬ? ខ្ញុំ​ក៏​ជា​សាសន៍​ហេព្រើរ​ដែរ។ តើ​គេ​ជា​សាសន៍​អ៊ីស្រា‌អែល​ឬ? ខ្ញុំ​ក៏​ជា​សាសន៍​អ៊ីស្រា‌អែល​ដែរ។ តើ​គេ​ជា​ពូជ​របស់​លោក​អ័ប្រា‌ហាំ​ឬ? ខ្ញុំ​ក៏​ជា​ពូជ​របស់​លោក​ដែរ។ តើ​គេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រីស្ទ​ឬ? ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​ឆ្កួត​ទៅ​ចុះ​ថា ខ្ញុំ​លើស​ជាង​អ្នក​ទាំង​នោះ​ទៅ​ទៀត។ ខ្ញុំ​ធ្វើ​ការ​នឿយ​ហត់​លើស​ជាង​គេ ខ្ញុំ​ជាប់​គុក​ច្រើន​ជាង​គេ ខ្ញុំ​ត្រូវ​រំពាត់​ហួស​ប្រមាណ ហើយ​សឹង​តែ​នឹង​ស្លាប់​ជា​ច្រើន​លើក។ សាសន៍​យូដា​បាន​វាយ​ខ្ញុំ​សែ​សិប​រំពាត់​ខ្វះ​មួយ ចំនួន​ប្រាំ​ដង ។ គេ​វាយ​ខ្ញុំ​នឹង​ដំបង​បី​ដង គេ​ចោល​ខ្ញុំ​នឹង​ថ្ម​ម្ដង ខ្ញុំ​ត្រូវ​លិច​សំពៅ​ម្តង ខ្ញុំ​អណ្ដែត​នៅ​ក្នុង​សមុទ្រ​អស់​មួយ​ថ្ងៃ​មួយ​យប់។ ជា​ញឹក​ញាប់ ពេល​ធ្វើ​ដំណើរ ខ្ញុំ​ជួប​នឹង​គ្រោះ​ថ្នាក់​នៅ​តាម​ទន្លេ គ្រោះ​ថ្នាក់​ដោយ​ចោរ​ប្លន់ គ្រោះ​ថ្នាក់​ដោយ​សាសន៍​របស់​ខ្ញុំ គ្រោះ​ថ្នាក់​ដោយ​សាសន៍​ដទៃ គ្រោះ​ថ្នាក់​ក្នុង​ទី​ក្រុង គ្រោះ​ថ្នាក់​ក្នុង​ទី​រហោ‌ស្ថាន គ្រោះ​ថ្នាក់​នៅ​ក្នុង​សមុទ្រ គ្រោះ​ថ្នាក់​ដោយ​ពួក​បង‌ប្អូន​ក្លែង‌ក្លាយ។ ខ្ញុំ​ត្រូវ​ធ្វើ​ការ​ទាំង​នឿយ​លំបាក ត្រូវ​អត់​ងងុយ​ជា​ញឹក​ញាប់ ត្រូវ​ស្រេក​ឃ្លាន ត្រូវ​អត់​អាហារ​ជា​ញឹក​ញាប់ ត្រូវ​រងា ហើយ​ត្រូវ​អាក្រាត​ទៀត​ផង។ ក្រៅ​ពី​ការ​ទាំង​នេះ មាន​បន្ទុក​រាល់​ថ្ងៃ​គ្រប​សង្កត់​ខ្ញុំ ដោយ​គិត​ដល់​ក្រុម​ជំនុំ​ទាំង​អស់។ អ្នក​ណា​ដែល​ខ្សោយ តើ​ខ្ញុំ​មិន​ខ្សោយ​ទេ​ឬ? អ្នក​ណា​ដែល​គេ​ធ្វើ​ឲ្យ​ជំពប់​ដួល តើ​ខ្ញុំ​មិន​ឈឺ​ឆ្អាល​ទេ​ឬ? ប្រសិន‌បើ​ត្រូវ​អួត​ខ្លួន នោះ​ខ្ញុំ​នឹង​អួត​ពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ។ ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ ដែល​មាន​ព្រះ‌ពរ​អស់​កល្ប​ជា‌និច្ច ទ្រង់​ជ្រាប​ថា ខ្ញុំ​មិន​កុហក​ទេ។ នៅ​ក្រុង​ដាម៉ាស លោក​ទេសា‌ភិបាល​របស់​ស្តេច​អើរេ‌តាស បាន​ដាក់​ទាហាន​ឲ្យ​ចាំ​យាម​ក្រុង​ដាម៉ាស ដើម្បី​ចាប់​ខ្ញុំ ប៉ុន្តែ គេ​បាន​ដាក់​ខ្ញុំ​ក្នុង​កញ្ជើ​មួយ សម្រូត​ចុះ​តាម​បង្អួច​កំផែង ឲ្យ​ខ្ញុំ​បាន​គេច​ផុត​ពី​កណ្តាប់​ដៃ​របស់​លោក ។

២ កូរិនថូស 11:4-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពី​ព្រោះ​បើ​សិន​ជា​មាន​អ្នក​ណា​មក ប្រកាស​ប្រាប់​ពី​ព្រះ‌យេស៊ូវ​១​ទៀត ដែល​យើង​ខ្ញុំ​មិន​បាន​ប្រកាស​ប្រាប់ ឬ​បើ​អ្នក​រាល់​គ្នា​ទទួល​វិញ្ញាណ​ណា​ផ្សេង​ទៀត ដែល​មិន​បាន​ទទួល​ពី​ដើម ឬ​ដំណឹង​ណា​ផ្សេង​ទៀត ដែល​មិន​ទទួល​កាល​ពី​មុន នោះ​អ្នក​រាល់​គ្នា​នឹង​ទ្រាំ‌ទ្រ​វិញ​ជា​មិន​ខាន ខ្ញុំ​ស្មាន​ថា ខ្លួន​ខ្ញុំ​មិន​ចាញ់​ពួក​សាវក​យ៉ាង​ធំ​នោះ ក្នុង​ការ​អ្វី​សោះ​ឡើយ ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​ប៉ិន​ប៉ាវ​ខាង​ឯ​ពាក្យ​សំដី​ក៏​មែន ប៉ុន្តែ​ខ្ញុំ​មិន​មែន​ខ្សត់​ខ្សោយ​ខាង​ឯ​ចំណេះ​ទេ ហើយ​ក្នុង​គ្រប់​ការ​ទាំង​អស់ យើង​ខ្ញុំ​បាន​សំដែង ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ច្បាស់​គ្រប់​ជំពូក​ដែរ កាល​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​មក​អ្នក​រាល់​គ្នា​ទទេ ទាំង​បន្ទាប​ខ្លួន​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ថ្កើង​ឡើង នោះ​តើ​ឈ្មោះ​ថា​ខ្ញុំ​បាន​ធ្វើ​បាប​ឬ​អី ខ្ញុំ​បាន​បង្អត់​ពួក​ជំនុំ​ឯ​ទៀត ដោយ​ទទួល​ឈ្នួល​ពី​គេ ដើម្បី​នឹង​យក​មក​បំរើ​អ្នក​រាល់​គ្នា​វិញ ហើយ​កាល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា បើ​កាល​ណា​ខ្វះ​ខាត នោះ​ខ្ញុំ​មិន​បាន​ឲ្យ​អ្នក​ណា​កើត​ទុក្ខ​ទេ ដ្បិត​ពួក​បង​ប្អូន ដែល​មក​ពី​ស្រុក​ម៉ាសេដូន បាន​ជួយ​បំពេញ​សេចក្ដី​ដែល​ខ្ញុំ​ខ្វះ​នោះ​ហើយ ខ្ញុំ​មិន​ដែល​ឲ្យ​អ្នក​រាល់​គ្នា​កើត​ទុក្ខ​ពី​ព្រោះ​ខ្ញុំ ក្នុង​ការ​អ្វី​សោះ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​ដែរ ខ្ញុំ​ប្រាប់​ដោយ​នូវ​សេចក្ដី​ពិត​របស់​ព្រះ‌គ្រីស្ទ ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ​ថា គ្មាន​អ្នក​ណា​អាច​នឹង​បំបាត់​សេចក្ដី​អំនួត​នេះ​ពី​ខ្ញុំ នៅ​ក្នុង​ស្រុក​អាខៃ​បាន​ឡើយ ចុះ​តើ​ដោយ​ហេតុ​អ្វី ដោយ​ព្រោះ​ខ្ញុំ​មិន​ស្រឡាញ់​អ្នក​រាល់​គ្នា​ឬ​អី នោះ​ព្រះ‌អង្គ​ទ្រង់​ជ្រាប​ហើយ តែ​ការ​ដែល​ខ្ញុំ​ធ្វើ ខ្ញុំ​នឹង​ចេះ​តែ​ធ្វើ​ទៅ ដើម្បី​នឹង​ដក​ឱកាស​ចេញ​ពី​ពួក​អ្នក​ដែល​រក​រឿង ប្រយោជន៍​ឲ្យ​គេ​បាន​ដូច​ជា​យើង​ខ្ញុំ ក្នុង​ការ​អ្វី​ដែល​គេ​អួត​ខ្លួន​នោះ​ដែរ ដ្បិត​មនុស្ស​យ៉ាង​នោះ​ជា​សាវក​ក្លែង‌ក្លាយ​ជា​អ្នក​ឆ‌បោក ដែល​ក្លែង​ខ្លួន​ធ្វើ​ជា​សាវក​នៃ​ព្រះ‌គ្រីស្ទ​ទេ ហើយ​សេចក្ដី​នោះ​មិន​ជា​អស្ចារ្យ​ឡើយ ព្រោះ​អារក្ស​សាតាំង​ក៏​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​ដែរ ដូច្នេះ បើ​អ្នក​បំរើ​របស់​វា​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​បំរើ​សេចក្ដី​សុចរិត​វិញ នោះ​មិន​មែន​ជា​ការ​ធំ​អ្វី​ទេ ឯ​ចុង​បំផុត​របស់​គេ នឹង​បាន​ត្រូវ​តាម​អំពើ​ដែល​គេ​ធ្វើ​ដែរ។ ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា កុំ​ឲ្យ​អ្នក​ណា​រាប់​ខ្ញុំ​ទុក​ដូច​ជា​ល្ងង់​ខ្លៅ​ឡើយ តែ​បើ​រាប់​ទុក​ជា​ល្ងង់​ខ្លៅ​មែន នោះ​ត្រូវ​ទទួល​ខ្ញុំ ទុក​ដូច​ជា​មនុស្ស​ល្ងង់​ខ្លៅ​ដែរ ដើម្បី​ឲ្យ​ខ្ញុំ​បាន​អួត​ខ្លួន​បន្តិច សេចក្ដី​ដែល​ខ្ញុំ​ប្រាប់​នេះ មិន​មែន​ប្រាប់​តាម​ព្រះ‌អម្ចាស់​ទេ គឺ​ប្រាប់​បែប​ដូច​ជា​ល្ងង់​ខ្លៅ​វិញ ដោយ​ស្មាន​ថា ខ្ញុំ​មាន​កន្លែង​អួត​ខ្លួន​បាន​ខ្លះ ដ្បិត​ដែល​មាន​មនុស្ស​ជា​ច្រើន​អួត​ខ្លួន​ខាង​សាច់​ឈាម នោះ​ខ្ញុំ​នឹង​អួត​ដែរ ព្រោះ​អ្នក​រាល់​គ្នា​ដែល​មាន​ប្រាជ្ញា នោះ​ចេះ​តែ​ទ្រាំ‌ទ្រ​នឹង​មនុស្ស​ល្ងង់​ខ្លៅ ដោយ​ស្ម័គ្រ​ពី​ចិត្ត​វិញ ពី​ព្រោះ​អ្នក​រាល់​គ្នា​ទ្រាំ‌ទ្រ​នឹង​ការ​ដែល​គេ​ចាប់​អ្នក​ប្រើ ឬ​ស៊ី​សាច់​អ្នក ឬ​ដណ្តើម​យក​អ្វី​ពី​អ្នក ឬ​បើ​អ្នក​ណា​ដំកើង​ខ្លួន​លើ​អ្នក ឬ​បើ​អ្នក​ណា​ទះ​កំផ្លៀង​អ្នក​នោះ​ផង ខ្ញុំ​និយាយ​បែប​ជា​បន្ទាប​ខ្លួន ទុក​ដូច​ជា​យើង​ខ្ញុំ​ខ្សោយ​មែន ប៉ុន្តែ ក្នុង​ការ​អ្វី​ដែល​អ្នក​ណា​ហ៊ាន នោះ​ខ្ញុំ​ក៏​ហ៊ាន​ដែរ ខ្ញុំ​និយាយ​នេះ​ដោយ​សេចក្ដី​ល្ងង់​ខ្លៅ តើ​គេ​ជា​ពួក​ហេព្រើរ​ឬ​អី ខ្ញុំ​ក៏​ដែរ គេ​ជា​សាសន៍​អ៊ីស្រាអែល​ឬ​អី ខ្ញុំ​ក៏​ដែរ គេ​ជា​ពូជ​លោក​អ័ប្រា‌ហាំ​ឬ​អី ខ្ញុំ​ក៏​ដែរ គេ​ជា​អ្នក​បំរើ​ព្រះ‌គ្រីស្ទ​ឬ​អី (ខ្ញុំ​និយាយ​បែប​ដូច​ជា​វង្វេង​ស្មារតី​ហើយ) ខ្ញុំ​ក៏​លើស​ជាង​គេ​ទៅ​ទៀត ក្នុង​ការ​នឿយ‌ហត់​លើស​ជាង​គេ ដោយ​ត្រូវ​រំពាត់​ហួស​ល្បត់ ទាំង​ត្រូវ​ជាប់​គុក​ច្រើន​ជាង​គេ ក៏​ដល់​នូវ​ភាព​ជិត​ស្លាប់​ជា​ញឹក‌ញយ ប្រាំ​ដង​ហើយ សាសន៍​យូដា​វាយ​ខ្ញុំ​៤០​រំពាត់​ខ្វះ​១ គេ​វាយ​ខ្ញុំ​នឹង​ដំបង​៣​ដង គេ​ចោល​ខ្ញុំ​នឹង​ថ្ម​១​ដង ខ្ញុំ​ត្រូវ​សំពៅ​លិច​៣​ដង ខ្ញុំ​នៅ​នា​សមុទ្រ​ជ្រៅ​អស់​១​ថ្ងៃ​១​យប់ ខ្ញុំ​ដើរ​ដំណើរ​ជា​ច្រើន ក៏​មាន​សេចក្ដី​អន្តរាយ​នៅ​ទន្លេ អន្តរាយ​ដោយ​ពួក​ចោរ​ប្លន់ អន្តរាយ​ដោយ​សាសន៍​របស់​ខ្ញុំ អន្តរាយ​ដោយ​សាសន៍​ដទៃ ក៏​អន្តរាយ​ក្នុង​ទី​ក្រុង ក្នុង​ទី​រហោ‌ស្ថាន ក្នុង​សមុទ្រ ក្នុង​ពួក​បង​ប្អូន​ក្លែង‌ក្លាយ​ដែរ ត្រូវ​នឿយ‌ហត់ ហើយ​លំបាក ត្រូវ​ចាំ​យាម​ជា​ញយ ត្រូវ​ស្រេក​ឃ្លាន ត្រូវ​អត់​ជា​ញឹក‌ញយ ត្រូវ​រងា ហើយ​ត្រូវ​អាក្រាត​ផង ក្រៅ​ពី​ការ​ខាង​សាច់​ឈាម​ទាំង​នោះ ក៏​មាន​សេចក្ដី​កង្វល់​ខាង​ឯ​ពួក​ជំនុំ​ទាំង​ប៉ុន្មាន ដែល​ប្រជ្រៀត​មក​លើ​ខ្ញុំ រាល់​តែ​ថ្ងៃ​ជានិច្ច​ថែម​ទៀត តើ​អ្នក​ឯ​ណា​ខ្សោយ ហើយ​ខ្ញុំ​មិន​បាន​ខ្សោយ​ផង តើ​អ្នក​ឯ​ណា​អាក់‌អន់​ចិត្ត ហើយ​ខ្ញុំ​មិន​ឈឺ‌ឆ្អាល​ផង បើ​សិន​ជា​គួរ​នឹង​អួត​ខ្លួន នោះ​ខ្ញុំ​នឹង​អួត​ពី​សេចក្ដី​កំសោយ​របស់​ខ្ញុំ​វិញ ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ដែល​មាន​ព្រះ‌ពរ​អស់​‌កល្ប​ជានិច្ច ទ្រង់​ជ្រាប​ថា ខ្ញុំ​មិន​កុហក​ទេ នៅ​ក្រុង​ដាម៉ាស ចៅហ្វាយ​ស្រុក​នៃ​ស្តេច​អើរេតាស បាន​ឲ្យ​គេ​ចាំ​យាម​ទី​ក្រុង ដោយ​ចង់​ចាប់​ខ្ញុំ ប៉ុន្តែ មាន​គេ​ដាក់​ខ្ញុំ​ក្នុង​កញ្ជើ សំរូត​ចុះ តាម​បង្អួច​កំផែង ឲ្យ​ខ្ញុំ​រួច​ពី​កណ្តាប់​ដៃ​លោក​ចេញ។