ដ្បិតប្រសិនបើមានអ្នកណាម្នាក់ មកប្រកាសអំពីព្រះយេស៊ូវណាមួយផ្សេងទៀត ក្រៅពីព្រះយេស៊ូវដែលយើងបានប្រកាស ឬប្រសិនបើអ្នករាល់គ្នាទទួលវិញ្ញាណណាមួយផ្សេង ក្រៅពីព្រះវិញ្ញាណដែលអ្នករាល់គ្នាបានទទួល ឬដំណឹងល្អណាផ្សេង ក្រៅពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល នោះអ្នករាល់គ្នាទ្រាំទ្របានយ៉ាងស្រួល។ ខ្ញុំយល់ឃើញថា ខ្ញុំគ្មានអ្វីអន់ជាងមហាសាវក ទាំងនោះឡើយ។ ដ្បិតទោះបើខ្ញុំមិនប្រសប់ខាងពាក្យសម្ដីក៏ដោយ ក៏ខ្ញុំមិនខ្សត់ខាងចំណេះដឹងនោះដែរ ហើយក្នុងគ្រប់ការទាំងអស់ យើងបានសម្ដែងឲ្យអ្នករាល់គ្នាស្គាល់ច្បាស់គ្រប់ជំពូក។ កាលខ្ញុំប្រកាសដំណឹងល្អរបស់ព្រះ ប្រាប់អ្នករាល់គ្នាដោយឥតគិតថ្លៃ ទាំងបន្ទាបខ្លួនខ្ញុំដើម្បីឲ្យអ្នករាល់គ្នាបានថ្កើងឡើង តើនោះឈ្មោះថាខ្ញុំបានធ្វើបាបឬ? ខ្ញុំបានបង្អត់ក្រុមជំនុំឯទៀតៗ ដោយទទួលប្រាក់ឈ្នួលពីគេ ដើម្បីនឹងបម្រើអ្នករាល់គ្នា កាលខ្ញុំនៅជាមួយអ្នករាល់គ្នា ហើយមានការខ្វះខាត នោះខ្ញុំមិនបានដាក់បន្ទុកលើអ្នកណាម្នាក់ឡើយ ដ្បិតពួកបងប្អូនដែលមកពីស្រុកម៉ាសេដូន បានជួយផ្គត់ផ្គង់អ្វីៗដែលខ្ញុំត្រូវការ។ ដូច្នេះ ខ្ញុំបានចៀសវាងមិនដាក់បន្ទុកលើអ្នករាល់គ្នាក្នុងការអ្វីឡើយ ហើយនឹងចៀសវាងតទៅមុខទៀត។ ខ្ញុំសូមប្រាប់ ដោយសេចក្តីពិតរបស់ព្រះគ្រីស្ទដែលនៅក្នុងខ្ញុំថា គ្មានអ្នកណាអាចនឹងបំបាត់សេចក្តីអំនួតរបស់ខ្ញុំនេះ នៅក្នុងស្រុកអាខៃបានឡើយ។ ចុះតើហេតុអ្វី? ដោយព្រោះខ្ញុំមិនស្រឡាញ់អ្នករាល់គ្នាឬ? ព្រះជ្រាបហើយថាខ្ញុំស្រឡាញ់អ្នករាល់គ្នា! តែអ្វីដែលខ្ញុំធ្វើ ខ្ញុំក៏នឹងធ្វើតទៅមុខទៀតដែរ ដើម្បីនឹងដកឱកាសចេញពីពួកអ្នកដែលចង់បានឱកាសដូចយើង ដើម្បីឲ្យគេទទួលស្គាល់តាមអ្វីដែលគេអួតនោះ។ ដ្បិតមនុស្សបែបនោះជាសាវកក្លែងក្លាយ ជាអ្នកធ្វើការឆបោក ដោយក្លែងខ្លួនធ្វើជាសាវករបស់ព្រះគ្រីស្ទ។ សូមកុំឆ្ងល់អ្វីឡើយ! សូម្បីតែអារក្សសាតាំងក៏ក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ។ ដូច្នេះ បើអ្នកបម្រើរបស់វាក្លែងខ្លួនធ្វើជាអ្នកបម្រើសេចក្តីសុចរិត នោះគ្មានអ្វីចម្លែកឡើយ។ ចុងបញ្ចប់របស់គេ នឹងបានស្របតាមអំពើដែលគេបានប្រព្រឹត្ត។ ខ្ញុំសូមប្រាប់ម្តងទៀតថា កុំឲ្យអ្នកណាម្នាក់យល់ថាខ្ញុំឆ្កួតនោះឡើយ តែបើអ្នករាល់គ្នាយល់ថាខ្ញុំឆ្កួត នោះចូរទទួលខ្ញុំទុកដូចជាមនុស្សឆ្កួតទៅចុះ ដើម្បីឲ្យខ្ញុំបានអួតខ្លួនបន្តិចផង។ សេចក្តីដែលខ្ញុំនិយាយនេះ មិនមែននិយាយតាមព្រះអម្ចាស់ទេ គឺនិយាយដូចជាមនុស្សល្ងង់ខ្លៅវិញ ដោយយល់ឃើញថា ខ្ញុំមានហេតុនឹងអួតខ្លួនបាន ហើយដោយព្រោះមានមនុស្សជាច្រើនអួតខ្លួនតាមសាច់ឈាម នោះខ្ញុំក៏អាចនឹងអួតបានដែរ។ ព្រោះអ្នករាល់គ្នាមានប្រាជ្ញា ហើយចេះទ្រាំទ្រនឹងមនុស្សល្ងង់ខ្លៅដោយស្ម័គ្រពីចិត្ត! ដ្បិតអ្នករាល់គ្នាទ្រាំទ្រឲ្យគេជិះជាន់ ស៊ីសាច់ កេងប្រវ័ញ្ច លើកតម្កើងខ្លួន ហើយឲ្យគេទះកំផ្លៀងអ្នករាល់គ្នាផង។ ខ្ញុំត្រូវតែនិយាយទាំងគួរឲ្យខ្មាសថា យើងខ្សោយពេកសម្រាប់ការនេះ! ប៉ុន្តែ បើអ្នកណាម្នាក់ហ៊ានអួតពីអ្វីមួយ នោះខ្ញុំនិយាយដោយល្ងង់ខ្លៅថា ខ្ញុំក៏ហ៊ានអួតពីការនោះដែរ។ តើគេជាសាសន៍ហេព្រើរឬ? ខ្ញុំក៏ជាសាសន៍ហេព្រើរដែរ។ តើគេជាសាសន៍អ៊ីស្រាអែលឬ? ខ្ញុំក៏ជាសាសន៍អ៊ីស្រាអែលដែរ។ តើគេជាពូជរបស់លោកអ័ប្រាហាំឬ? ខ្ញុំក៏ជាពូជរបស់លោកដែរ។ តើគេជាអ្នកបម្រើរបស់ព្រះគ្រីស្ទឬ? ខ្ញុំនិយាយដូចជាមនុស្សឆ្កួតទៅចុះថា ខ្ញុំលើសជាងអ្នកទាំងនោះទៅទៀត។ ខ្ញុំធ្វើការនឿយហត់លើសជាងគេ ខ្ញុំជាប់គុកច្រើនជាងគេ ខ្ញុំត្រូវរំពាត់ហួសប្រមាណ ហើយសឹងតែនឹងស្លាប់ជាច្រើនលើក។ សាសន៍យូដាបានវាយខ្ញុំសែសិបរំពាត់ខ្វះមួយ ចំនួនប្រាំដង ។ គេវាយខ្ញុំនឹងដំបងបីដង គេចោលខ្ញុំនឹងថ្មម្ដង ខ្ញុំត្រូវលិចសំពៅម្តង ខ្ញុំអណ្ដែតនៅក្នុងសមុទ្រអស់មួយថ្ងៃមួយយប់។ ជាញឹកញាប់ ពេលធ្វើដំណើរ ខ្ញុំជួបនឹងគ្រោះថ្នាក់នៅតាមទន្លេ គ្រោះថ្នាក់ដោយចោរប្លន់ គ្រោះថ្នាក់ដោយសាសន៍របស់ខ្ញុំ គ្រោះថ្នាក់ដោយសាសន៍ដទៃ គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់ក្នុងទីរហោស្ថាន គ្រោះថ្នាក់នៅក្នុងសមុទ្រ គ្រោះថ្នាក់ដោយពួកបងប្អូនក្លែងក្លាយ។ ខ្ញុំត្រូវធ្វើការទាំងនឿយលំបាក ត្រូវអត់ងងុយជាញឹកញាប់ ត្រូវស្រេកឃ្លាន ត្រូវអត់អាហារជាញឹកញាប់ ត្រូវរងា ហើយត្រូវអាក្រាតទៀតផង។ ក្រៅពីការទាំងនេះ មានបន្ទុករាល់ថ្ងៃគ្របសង្កត់ខ្ញុំ ដោយគិតដល់ក្រុមជំនុំទាំងអស់។ អ្នកណាដែលខ្សោយ តើខ្ញុំមិនខ្សោយទេឬ? អ្នកណាដែលគេធ្វើឲ្យជំពប់ដួល តើខ្ញុំមិនឈឺឆ្អាលទេឬ? ប្រសិនបើត្រូវអួតខ្លួន នោះខ្ញុំនឹងអួតពីភាពទន់ខ្សោយរបស់ខ្ញុំ។ ព្រះ ជាព្រះវរបិតារបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលមានព្រះពរអស់កល្បជានិច្ច ទ្រង់ជ្រាបថា ខ្ញុំមិនកុហកទេ។ នៅក្រុងដាម៉ាស លោកទេសាភិបាលរបស់ស្តេចអើរេតាស បានដាក់ទាហានឲ្យចាំយាមក្រុងដាម៉ាស ដើម្បីចាប់ខ្ញុំ ប៉ុន្តែ គេបានដាក់ខ្ញុំក្នុងកញ្ជើមួយ សម្រូតចុះតាមបង្អួចកំផែង ឲ្យខ្ញុំបានគេចផុតពីកណ្តាប់ដៃរបស់លោក ។
អាន ២ កូរិនថូស 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ កូរិនថូស 11:4-33
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ