២ កូរិនថូស 11

11
លោក​ប៉ុល និង​សាវក​ក្លែង​ក្លាយ
1ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ទ្រាំ​នឹង​សេចក្តី​ចម្កួត​ជាមួយ​ខ្ញុំ​បន្តិច។ ចូរ​ទ្រាំ​ជាមួយ​ខ្ញុំ​ចុះ! 2ព្រោះ​ខ្ញុំ​ប្រចណ្ឌ​ចំពោះ​អ្នក​រាល់​គ្នា ដោយ​សេចក្តី​ប្រចណ្ឌ​របស់​ព្រះ ដ្បិត​ខ្ញុំ​បាន​ដណ្ដឹង​អ្នក​រាល់​គ្នា​សម្រាប់​ប្តី​តែ​មួយ​គត់ ដើម្បី​នាំ​អ្នក​រាល់​គ្នា ដូច​ជា​នាំ​ក្រមុំ​បរិសុទ្ធ យក​ទៅ​ថ្វាយ​ព្រះ‌គ្រីស្ទ។ 3ប៉ុន្តែ ខ្ញុំ​ខ្លាច​ក្រែង​គំនិត​របស់​អ្នក​រាល់​គ្នា បាន​វង្វេង​ចេញ​ពី​ចិត្ត​ស្មោះ​ត្រង់ និង​ចិត្ត​បរិសុទ្ធ​ចំពោះ​ព្រះ‌គ្រីស្ទ ដូច​ជា​សត្វ​ពស់​បាន​បញ្ឆោត​នាង​អេវ៉ា ដោយ​ឧបាយកល​របស់​វា​នោះ​ដែរ។ 4ដ្បិត​ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់ មក​ប្រកាស​អំពី​ព្រះ‌យេស៊ូវ​ណា​មួយ​ផ្សេង​ទៀត ក្រៅ​ពី​ព្រះ‌យេស៊ូវ​ដែល​យើង​បាន​ប្រកាស ឬ​ប្រសិន‌បើ​អ្នក​រាល់​គ្នា​ទទួល​វិញ្ញាណ​ណា​មួយ​ផ្សេង ក្រៅ​ពី​ព្រះ‌វិញ្ញាណ​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល ឬ​ដំណឹង​ល្អ​ណា​ផ្សេង ក្រៅ​ពី​ដំណឹង​ល្អ​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល នោះ​អ្នក​រាល់​គ្នា​ទ្រាំទ្រ​បាន​យ៉ាង​ស្រួល។ 5ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​គ្មាន​អ្វី​អន់​ជាង​មហា​សាវក ទាំង​នោះ​ឡើយ។ 6ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​ប្រសប់​ខាង​ពាក្យ​សម្ដី​ក៏​ដោយ ក៏​ខ្ញុំ​មិន​ខ្សត់​ខាង​ចំណេះ​ដឹង​នោះ​ដែរ ហើយក្នុង​គ្រប់​ការ​ទាំង​អស់ យើង​បាន​សម្ដែង​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ច្បាស់​គ្រប់​ជំពូក។
7កាល​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះ ប្រាប់​អ្នក​រាល់​គ្នា​ដោយ​ឥត​គិត​ថ្លៃ ទាំង​បន្ទាប​ខ្លួន​ខ្ញុំ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ថ្កើង​ឡើង តើ​នោះ​ឈ្មោះ​ថា​ខ្ញុំ​បាន​ធ្វើ​បាប​ឬ? 8ខ្ញុំ​បាន​បង្អត់​ក្រុម​ជំនុំ​ឯ​ទៀតៗ ដោយ​ទទួល​ប្រាក់​ឈ្នួល​ពី​គេ ដើម្បី​នឹង​បម្រើ​អ្នក​រាល់​គ្នា 9កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ហើយ​មាន​ការ​ខ្វះ​ខាត នោះ​ខ្ញុំ​មិន​បាន​ដាក់​បន្ទុក​លើ​អ្នក​ណា​ម្នាក់​ឡើយ ដ្បិត​ពួក​បង‌ប្អូន​ដែល​មក​ពី​ស្រុក​ម៉ា‌សេ‌ដូន បាន​ជួយ​ផ្គត់​ផ្គង់​អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ការ។ ដូច្នេះ ខ្ញុំ​បាន​ចៀស​វាង​មិន​ដាក់​បន្ទុក​លើ​អ្នក​រាល់​គ្នា​ក្នុង​ការ​អ្វី​ឡើយ ហើយ​នឹង​ចៀស​វាង​តទៅ​មុខ​ទៀត។ 10ខ្ញុំ​សូម​ប្រាប់ ដោយ​សេចក្តី​ពិត​របស់​ព្រះ‌គ្រីស្ទ​ដែល​នៅ​ក្នុង​ខ្ញុំ​ថា គ្មាន​អ្នក​ណា​អាច​នឹង​បំបាត់​សេចក្តី​អំនួត​របស់​ខ្ញុំ​នេះ នៅ​ក្នុង​ស្រុក​អាខៃ​បាន​ឡើយ។ 11ចុះ​តើ​ហេតុ​អ្វី? ដោយ​ព្រោះ​ខ្ញុំ​មិន​ស្រឡាញ់​អ្នក​រាល់​គ្នា​ឬ? ព្រះ​ជ្រាប​ហើយ​ថា​ខ្ញុំ​ស្រឡាញ់​អ្នក​រាល់​គ្នា!
12តែ​អ្វី​ដែល​ខ្ញុំ​ធ្វើ ខ្ញុំ​ក៏​នឹង​ធ្វើ​តទៅ​មុខ​ទៀត​ដែរ ដើម្បី​នឹង​ដក​ឱកាស​ចេញ​ពី​ពួក​អ្នក​ដែល​ចង់​បាន​ឱកាស​ដូច​យើង ដើម្បី​ឲ្យ​គេ​ទទួល​ស្គាល់​តាម​អ្វី​ដែល​គេ​អួត​នោះ។ 13ដ្បិត​មនុស្ស​បែប​នោះ​ជា​សាវក​ក្លែង‌ក្លាយ ជា​អ្នក​ធ្វើ​ការ​ឆបោក ដោយក្លែង​ខ្លួន​ធ្វើ​ជា​សាវក​របស់​ព្រះ‌គ្រីស្ទ។ 14សូមកុំ​ឆ្ងល់​អ្វី​ឡើយ! សូម្បី​តែ​អារក្ស​សាតាំង​ក៏​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​ដែរ។ 15ដូច្នេះ បើ​អ្នក​បម្រើ​របស់​វា​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​បម្រើ​សេចក្តី​សុចរិត នោះ​គ្មាន​អ្វី​ចម្លែក​ឡើយ។ ចុង​បញ្ចប់​របស់​គេ នឹង​បាន​ស្រប​តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។
ទុក្ខ​លំបាក​របស់​លោក​ប៉ុល​ក្នុង​ការ​បំពេញ​មុខ‌ងារ​ជា​សាវក
16ខ្ញុំ​សូម​ប្រាប់​ម្តង​ទៀត​ថា កុំ​ឲ្យ​អ្នក​ណា​ម្នាក់​យល់​ថា​ខ្ញុំ​ឆ្កួត​នោះ​ឡើយ តែ​បើ​អ្នក​រាល់​គ្នា​យល់​ថា​ខ្ញុំ​ឆ្កួត នោះ​ចូរ​ទទួល​ខ្ញុំ​ទុក​ដូច​ជា​មនុស្ស​ឆ្កួត​ទៅ​ចុះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​អួត​ខ្លួន​បន្តិច​ផង។ 17សេចក្តី​ដែល​ខ្ញុំ​និយាយ​នេះ មិន​មែន​និយាយ​តាម​ព្រះ‌អម្ចាស់​ទេ គឺ​និយាយ​ដូច​ជា​មនុស្ស​ល្ងង់​ខ្លៅ​វិញ ដោយ​យល់​ឃើញ​ថា ខ្ញុំ​មាន​ហេតុ​នឹង​អួត​ខ្លួន​បាន 18ហើយ​ដោយ​ព្រោះ​មាន​មនុស្ស​ជា​ច្រើន​អួត​ខ្លួន​តាម​សាច់​ឈាម នោះ​ខ្ញុំ​ក៏​អាច​នឹង​អួត​បាន​ដែរ។ 19ព្រោះ​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា ហើយ​ចេះ​ទ្រាំទ្រ​នឹង​មនុស្ស​ល្ងង់​ខ្លៅ​ដោយ​ស្ម័គ្រ​ពី​ចិត្ត! 20ដ្បិត​អ្នក​រាល់​គ្នា​ទ្រាំទ្រ​ឲ្យ​គេ​ជិះ​ជាន់ ស៊ី​សាច់ កេង​ប្រវ័ញ្ច លើក​តម្កើង​ខ្លួន ហើយ​ឲ្យ​គេ​ទះ​កំផ្លៀង​អ្នក​រាល់​គ្នា​ផង។ 21ខ្ញុំ​ត្រូវ​តែ​និយាយ​ទាំង​គួរ​ឲ្យ​ខ្មាស​ថា យើង​ខ្សោយ​ពេក​សម្រាប់​ការ​នេះ! ប៉ុន្តែ បើ​អ្នក​ណា​ម្នាក់​ហ៊ាន​អួត​ពី​អ្វី​មួយ នោះ​ខ្ញុំ​និយាយ​ដោយ​ល្ងង់​ខ្លៅ​ថា ខ្ញុំ​ក៏​ហ៊ាន​អួត​ពី​ការ​នោះ​ដែរ។ 22តើ​គេ​ជា​សាសន៍​ហេព្រើរ​ឬ? ខ្ញុំ​ក៏​ជា​សាសន៍​ហេព្រើរ​ដែរ។ តើ​គេ​ជា​សាសន៍​អ៊ីស្រា‌អែល​ឬ? ខ្ញុំ​ក៏​ជា​សាសន៍​អ៊ីស្រា‌អែល​ដែរ។ តើ​គេ​ជា​ពូជ​របស់​លោក​អ័ប្រា‌ហាំ​ឬ? ខ្ញុំ​ក៏​ជា​ពូជ​របស់​លោក​ដែរ។ 23តើ​គេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រីស្ទ​ឬ? ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​ឆ្កួត​ទៅ​ចុះ​ថា ខ្ញុំ​លើស​ជាង​អ្នក​ទាំង​នោះ​ទៅ​ទៀត។ ខ្ញុំ​ធ្វើ​ការ​នឿយ​ហត់​លើស​ជាង​គេ ខ្ញុំ​ជាប់​គុក​ច្រើន​ជាង​គេ ខ្ញុំ​ត្រូវ​រំពាត់​ហួស​ប្រមាណ ហើយ​សឹង​តែ​នឹង​ស្លាប់​ជា​ច្រើន​លើក។ 24សាសន៍​យូដា​បាន​វាយ​ខ្ញុំ​សែ​សិប​រំពាត់​ខ្វះ​មួយ ចំនួន​ប្រាំ​ដង ។ 25គេ​វាយ​ខ្ញុំ​នឹង​ដំបង​បី​ដង គេ​ចោល​ខ្ញុំ​នឹង​ថ្ម​ម្ដង ខ្ញុំ​ត្រូវ​លិច​សំពៅ​ម្តង ខ្ញុំ​អណ្ដែត​នៅ​ក្នុង​សមុទ្រ​អស់​មួយ​ថ្ងៃ​មួយ​យប់។ 26ជា​ញឹក​ញាប់ ពេល​ធ្វើ​ដំណើរ ខ្ញុំ​ជួប​នឹង​គ្រោះ​ថ្នាក់​នៅ​តាម​ទន្លេ គ្រោះ​ថ្នាក់​ដោយ​ចោរ​ប្លន់ គ្រោះ​ថ្នាក់​ដោយ​សាសន៍​របស់​ខ្ញុំ គ្រោះ​ថ្នាក់​ដោយ​សាសន៍​ដទៃ គ្រោះ​ថ្នាក់​ក្នុង​ទី​ក្រុង គ្រោះ​ថ្នាក់​ក្នុង​ទី​រហោ‌ស្ថាន គ្រោះ​ថ្នាក់​នៅ​ក្នុង​សមុទ្រ គ្រោះ​ថ្នាក់​ដោយ​ពួក​បង‌ប្អូន​ក្លែង‌ក្លាយ។ 27ខ្ញុំ​ត្រូវ​ធ្វើ​ការ​ទាំង​នឿយ​លំបាក ត្រូវ​អត់​ងងុយ​ជា​ញឹក​ញាប់ ត្រូវ​ស្រេក​ឃ្លាន ត្រូវ​អត់​អាហារ​ជា​ញឹក​ញាប់ ត្រូវ​រងា ហើយ​ត្រូវ​អាក្រាត​ទៀត​ផង។ 28ក្រៅ​ពី​ការ​ទាំង​នេះ មាន​បន្ទុក​រាល់​ថ្ងៃ​គ្រប​សង្កត់​ខ្ញុំ ដោយ​គិត​ដល់​ក្រុម​ជំនុំ​ទាំង​អស់។ 29អ្នក​ណា​ដែល​ខ្សោយ តើ​ខ្ញុំ​មិន​ខ្សោយ​ទេ​ឬ? អ្នក​ណា​ដែល​គេ​ធ្វើ​ឲ្យ​ជំពប់​ដួល តើ​ខ្ញុំ​មិន​ឈឺ​ឆ្អាល​ទេ​ឬ?
30ប្រសិន‌បើ​ត្រូវ​អួត​ខ្លួន នោះ​ខ្ញុំ​នឹង​អួត​ពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ។ 31ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ ដែល​មាន​ព្រះ‌ពរ​អស់​កល្ប​ជា‌និច្ច ទ្រង់​ជ្រាប​ថា ខ្ញុំ​មិន​កុហក​ទេ។ 32នៅ​ក្រុង​ដាម៉ាស លោក​ទេសា‌ភិបាល​របស់​ស្តេច​អើរេ‌តាស បាន​ដាក់​ទាហាន​ឲ្យ​ចាំ​យាម​ក្រុង​ដាម៉ាស ដើម្បី​ចាប់​ខ្ញុំ 33ប៉ុន្តែ គេ​បាន​ដាក់​ខ្ញុំ​ក្នុង​កញ្ជើ​មួយ សម្រូត​ចុះ​តាម​បង្អួច​កំផែង ឲ្យ​ខ្ញុំ​បាន​គេច​ផុត​ពី​កណ្តាប់​ដៃ​របស់​លោក ។

ទើបបានជ្រើសរើសហើយ៖

២ កូរិនថូស 11: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល