២ កូរិនថូស 1:4-20

២ កូរិនថូស 1:4-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះអង្គ​សម្រាល​ទុក្ខ​យើង នៅ​ពេល​យើង​មាន​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង ដើម្បី​ឲ្យ​យើង​អាច​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​មាន​ទុក្ខ​វេទនា ព្រោះ​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​យើង​ផ្ទាល់​បាន​ធូរ​ស្បើយ​រួច​ហើយ​ដែរ។ យើង​រួម​ទុក្ខ​លំបាក​ផ្សេងៗ​ជា​មួយ​ព្រះ‌គ្រិស្ត​កាន់​តែ​ច្រើន​យ៉ាង​ណា យើង​ក៏​បាន​ធូរ​ស្រាល​ពី​ទុក្ខ​តាម​រយៈ​ព្រះ‌គ្រិស្ត​កាន់​តែ​ច្រើន​យ៉ាង​នោះ​ដែរ។ បើ​យើង​ត្រូវ​រង​ទុក្ខ​វេទនា គឺ​ដើម្បី​ឲ្យ​ព្រះអង្គ​សម្រាល​ទុក្ខ និង​សង្គ្រោះ​បងប្អូន។ បើ​យើង​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត​ហើយ​នោះ គឺ​ដើម្បី​ឲ្យ​បងប្អូន​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត ធ្វើ​ឲ្យ​បងប្អូន​អាច​ស៊ូ‌ទ្រាំ​នឹង​ទុក្ខ​លំបាក​ផ្សេងៗ​ដូច​យើង​ដែរ។ ដូច្នេះ កាល​ណា​យើង​គិត​ពី​បងប្អូន យើង​មាន​សង្ឃឹម​យ៉ាង​មុត‌មាំ​ដោយ​ដឹង​ថា បងប្អូន​រង​ទុក្ខ​លំបាក​រួម​ជា​មួយ​យើង​យ៉ាង​ណា បងប្អូន​ក៏​នឹង​បាន​ធូរ​ស្រាល រួម​ជា​មួយ​យើង​យ៉ាង​នោះ​ដែរ។ បងប្អូន​អើយ យើង​ចង់​ឲ្យ​បងប្អូន​ជ្រាប​យ៉ាង​ច្បាស់​អំពី​ទុក្ខ​វេទនា ដែល​កើត​មាន​ដល់​យើង នៅ​ស្រុក​អាស៊ី​នេះ។ យើង​បាន​រង​ទុក្ខ​យ៉ាង​ខ្លាំង​ហួស​ពី​កម្លាំង​ដែល​យើង​អាច​ទ្រាំ​បាន រហូត​ដល់​យើង​អស់​សង្ឃឹម​ថា​នឹង​រស់​រាន​មាន​ជីវិត​ត​ទៅ​មុខ​ទៀត​ផង។ យើង​នឹក​ក្នុង​ចិត្ត​ថា គេ​នឹង​ដាក់​ទោស​យើង​ដល់​ស្លាប់។ រឿង​នេះ​កើត​ឡើង ដើម្បី​កុំ​ឲ្យ​យើង​ពឹង​ផ្អែក​លើ​ខ្លួន​ឯង គឺ​ពឹង​ផ្អែក​លើ​ព្រះ‌ជាម្ចាស់ ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ ព្រះអង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​ការ​ស្លាប់​ដ៏​សែន​វេទនា​នេះ ហើយ​ព្រះអង្គ​ក៏​នឹង​រំដោះ​យើង​ត​ទៅ​មុខ​ទៀត​ដែរ។ ពិត​មែន​ហើយ យើង​សង្ឃឹម​ថា ព្រះអង្គ​នឹង​រំដោះ​យើង​ទៀត​ជា​មិន​ខាន។ រីឯ​បងប្អូន​វិញ បងប្អូន​ក៏​បាន​ជួយ​យើង ដោយ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់។ ហេតុ​នេះ ព្រះអង្គ​ប្រោស‌ប្រណី​ដល់​យើង ដោយ​មាន​គ្នា​ច្រើន​ទូល‌អង្វរ ហើយ​ក៏​នឹង​មាន​គ្នា​ជា​ច្រើន​អរ​ព្រះ‌គុណ​ព្រះអង្គ​អំពី​យើង​ដែរ។ សតិ​សម្បជញ្ញៈ​របស់​យើង​បាន​បញ្ជាក់​ប្រាប់​យើង​ថា ឥរិយា‌បថ​ដែល​យើង​ប្រកាន់​យក​ក្នុង​លោក​នេះ​ពិត​ជា​ត្រូវ​មែន ជា​ពិសេស របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​បងប្អូន​ដោយ​ចិត្ត​ស្មោះ​សរ និង​ដោយ​សុទ្ធ​ចិត្ត​ចេញ​មក​ពី​ព្រះ‌ជាម្ចាស់។ យើង​មិន​បាន​ធ្វើ​តាម​ប្រាជ្ញា​របស់​លោកីយ៍​ទេ តែ​ធ្វើ​តាម​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​វិញ ត្រង់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​បាន​ខ្ពស់​មុខ។ យើង​មិន​សរសេរ​សេចក្ដី​ណា​ផ្សេង​ទៀត​មក​ជូន​បងប្អូន ក្រៅ​ពី​សេចក្ដី​ដែល​បងប្អូន​អាន និង​យល់​ស្រាប់​ហើយ​នោះ​ឡើយ។ ខ្ញុំ​សង្ឃឹម​ថា​បងប្អូន​មុខ​ជា​យល់​សេចក្ដី​នេះ​ជាក់​ច្បាស់​សព្វ​គ្រប់​មិន​ខាន ដូច​បងប្អូន​យល់​មួយ​ផ្នែក​រួច​មក​ហើយ​ថា យើង​បាន​ធ្វើ​ឲ្យ​បងប្អូន​ខ្ពស់​មុខ ហើយ​បងប្អូន​ក៏​នឹង​ធ្វើ​ឲ្យ​យើង​ខ្ពស់​មុខ នៅ​ថ្ងៃ​ព្រះ‌អម្ចាស់‌យេស៊ូ​នៃ​យើង​ទ្រង់​យាង​មក​នោះ​ដែរ។ ដោយ​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​ដ៏​មុត‌មាំ​នេះ​ហើយ បាន​ជា​ខ្ញុំ​មាន​បំណង​ចង់​មក​រក​បងប្អូន​ជា​មុន​សិន ដើម្បី​ឲ្យ​ព្រះ‌ជាម្ចាស់​ប្រោស‌ប្រណី​បងប្អូន​សា​ជា​ថ្មី​ម្ដង​ទៀត។ បន្ទាប់​មក ខ្ញុំ​នឹង​ចាក​ចេញ​ពី​បងប្អូន​ឆ្ពោះ​ទៅ​ស្រុក​ម៉ាសេ‌ដូន ហើយ​វិល​ពី​ស្រុក​ម៉ាសេ‌ដូន​មក​រក​បងប្អូន​វិញ ដើម្បី​ឲ្យ​បងប្អូន​ជួយ​ខ្ញុំ​បន្ត​ដំណើរ​ទៅ​ស្រុក​យូដា​ទៀត។ ខ្ញុំ​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ តើ​ខ្ញុំ​សម្រេច​ដោយ​ឥត​បើ​គិត​ឬ? ឬ​មួយ​គម្រោង‌ការ​របស់​ខ្ញុំ​កើត​មក​ពី​គំនិត​លោកីយ៍ បាន​ជា​ខ្ញុំ​និយាយ​បាត​ដៃ​ជា​ខ្នង​ដៃ ដូច្នេះ? មាន​ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់​ហើយ យើង​មិន​និយាយ​មក​កាន់​បងប្អូន ដោយ​ពោល​ពាក្យ​ប្រែ‌ប្រួល​បាត​ដៃ​ជា​ខ្នង​ដៃ​នោះ​ទេ ដ្បិត​ព្រះគ្រិស្ត‌យេស៊ូ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ដែល​យើង​ប្រកាស គឺ​ទាំង​ខ្ញុំ ទាំង​លោក​ស៊ីលវ៉ាន និង​លោក​ធីម៉ូថេ ប្រកាស​ក្នុង​ចំណោម​បងប្អូន​នោះ ព្រះអង្គ​មិន​ប្រែ‌ប្រួល​បាត​ដៃ​ជា​ខ្នង​ដៃ​សោះ​ឡើយ នៅ​ក្នុង​ព្រះអង្គ​មាន​តែ​ពាក្យ​សច្ចៈ​ប៉ុណ្ណោះ។ ព្រះ‌គ្រិស្ត​បាន​ធ្វើ​ឲ្យ​ព្រះ‌បន្ទូល​សន្យា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់​បាន​សម្រេច​សព្វ​គ្រប់​ទាំង​អស់។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ពោល​ពាក្យ«អាម៉ែន*»ទៅ​កាន់​ព្រះ‌ជាម្ចាស់ តាម​រយៈ​ព្រះ‌គ្រិស្ត ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ។

ចែក​រំលែក
អាន ២ កូរិនថូស 1

២ កូរិនថូស 1:4-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ជា​ព្រះ​ដែល​កម្សាន្ត​ចិត្ត​ក្នុង​គ្រប់​ទាំង​ទុក្ខ​វេទនា​របស់​យើង ដើម្បី​ឲ្យ​យើង​អាច​កម្សាន្ត​ចិត្ត​អស់​អ្នក​ដែល​កំពុង​ជួប​ទុក្ខ​វេទនា ដោយ​សារ​ការ​កម្សាន្ត​ចិត្ត​ដែល​ខ្លួន​យើង​ផ្ទាល់​បាន​ទទួល​ពី​ព្រះ។ ដ្បិត​ដូច​ដែល​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រីស្ទ បាន​ចម្រើន​ឡើង​ដល់​យើង​យ៉ាង​ណា នោះ​ការ​កម្សាន្ត​ចិត្ត​របស់​យើង ក៏​ចម្រើន​ឡើង​តាម​រយៈ​ព្រះ‌គ្រីស្ទ​យ៉ាង​នោះ​ដែរ។ ដូច្នេះ បើ​យើង​ខ្ញុំ​ត្រូវ​រង​ទុក្ខ​វេទនា នោះ​គឺ​សម្រាប់​ជា​ការ​កម្សាន្ត​ចិត្ត និង​ការ​សង្គ្រោះ​ដល់​អ្នក​រាល់​គ្នា។ បើ​យើង​បាន​ទទួល​ការ​កម្សាន្ត​ចិត្ត គឺ​សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ការ​កម្សាន្ត​ចិត្ត ពេល​អ្នក​រាល់​គ្នា​ទ្រាំ‌ទ្រ​យ៉ាង​អត់‌ធ្មត់​នឹង​ទុក្ខ​លំបាក​ផ្សេងៗ ដែល​យើង​ក៏​មាន​ទុក្ខ​លំបាក​ដូច​គ្នា។ យើង​សង្ឃឹម​ដល់​អ្នក​រាល់​គ្នា​យ៉ាង​មុត​មាំ ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​រួម​ចំណែក​ក្នុង​ទុក្ខ​លំបាក​ជាមួយ​យើង​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ក៏​នឹង​រួម​ចំណែក​ក្នុង​ការ​កម្សាន្ត​ចិត្ត​ជាមួយ​យើង​យ៉ាង​នោះដែរ។ ដ្បិត​បង‌ប្អូន​អើយ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់ ពី​ទុក្ខ​វេទនា​ដែល​កើត​មាន​ដល់​យើង​នៅ​ស្រុក​អាស៊ី​ថា យើង​មាន​បន្ទុក​យ៉ាង​ធ្ងន់​ក្រៃ​លែង ហួស​ពី​កម្លាំង​របស់​យើង​ទៅ​ទៀត រហូត​ដល់​យើង​អស់​សង្ឃឹម​ថា​នឹង​នៅ​រស់​ទៀត​ផង។ យើង​ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា យើង​ខ្ញុំ​មាន​ទោស​ប្រហារ​ជីវិត​ជាប់​ខ្លួន ដើម្បី​កុំ​ឲ្យ​យើង​ខ្ញុំ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង គឺ​ពឹង​ផ្អែក​លើ​ព្រះ ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​នោះ​វិញ។ ព្រះ‌អង្គ​ដែល​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​ការ​ស្លាប់​យ៉ាង​សម្បើម​នោះ ទ្រង់​នឹង​នៅ​តែ​រំដោះ​យើង​តទៅ​ទៀត។ យើង​សង្ឃឹម​លើ​ព្រះ‌អង្គ​ថា ព្រះ‌អង្គ​នឹង​រំដោះ​យើង​ទៀត​ជា​មិន​ខាន ដោយ​អ្នក​រាល់​គ្នា​ក៏​ចូល​រួម​ជួយ​យើង​ដោយ​ការ​អធិស្ឋាន​ដែរ។ ហេតុ​នោះ មនុស្ស​ជា​ច្រើន​នឹង​អរ​ព្រះ‌គុណ​ជំនួស​យើង ដោយ​ព្រោះ​អំណោយ​ទាន​ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង តាម​រយៈ​សេចក្ដី​អធិស្ឋាន​របស់​មនុស្ស​ជា​ច្រើន។ ដ្បិត​អំនួត​របស់​យើង ជា​បន្ទាល់​ចេញ​ពី​មន‌សិការ​របស់​យើង បញ្ជាក់​ថា យើង​បាន​ប្រព្រឹត្ត​នៅ​ក្នុង​លោកីយ៍​នេះ ហើយ​ជា​ពិសេស​ចំពោះ​អ្នក​រាល់​គ្នា ដោយ​សេចក្តី​បរិសុទ្ធ និង​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ មិន​មែន​ដោយ​ប្រាជ្ញា​ខាង​សាច់​ឈាម​ឡើយ គឺ​ដោយ​ព្រះ‌គុណ​របស់​ព្រះ​វិញ។ ដ្បិត​យើង​មិន​សរសេរ​សេចក្តី​ណា​ផ្សេង ក្រៅ​ពី​សេចក្តី​ដែល​អ្នក​រាល់​គ្នា​អាច​អាន និង​អាច​យល់​បាន​នោះ​ឡើយ។ ខ្ញុំ​សង្ឃឹម​ថា អ្នក​រាល់​គ្នា​នឹង​យល់​សព្វ​គ្រប់ រហូត​ដល់​ចុង​បញ្ចប់​មិន​ខាន ដូច​អ្នក​រាល់​គ្នា​បាន​យល់​ខ្លះ​ហើយ​ថា នៅ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់‌យេស៊ូវ យើង​ជាទី​អំនួត​របស់​អ្នក​រាល់​គ្នា ដូច​ជា​អ្នក​រាល់​គ្នា​ក៏​ជា​ទី​អំនួត​របស់​យើង​ដែរ។ ដោយ​ព្រោះ​ខ្ញុំ​មាន​ទំនុក​ចិត្ត​នឹង​ការ​នេះ​ហើយ បាន​ជា​ខ្ញុំ​ចង់​មក​ជួប​អ្នក​រាល់​គ្នា​ជា​មុន ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌គុណ​ទ្វេ​ដង។ ខ្ញុំ​ចង់​ជួប​អ្នក​រាល់​គ្នា​នៅ​តាម​ផ្លូវ​ទៅ​ស្រុក​ម៉ា‌សេ‌ដូន ហើយ​ត្រឡប់​ពី​ស្រុក​ម៉ា‌សេ‌ដូន មក​រក​អ្នក​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បញ្ជូន​ខ្ញុំ​បន្ត​ទៅ​ស្រុក​យូដា។ ពេល​ខ្ញុំ​សម្រេច​ធ្វើ​ដូច្នេះ តើ​ខ្ញុំ​មាន​ចិត្ត​សាវា​ឬ? ឬ​មួយ​គម្រោង​ការ​របស់​ខ្ញុំ​សម្រេច​តាម​សាច់​ឈាម បាន​ជា​ខ្ញុំ​និយាយ​ថា «បាទៗ» និង «ទេៗ» ក្នុង​ពេល​តែ​មួយ​ដូច្នេះ? ប៉ុន្តែ ព្រះ‌ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ត្រង់ ពាក្យ​សម្ដី​របស់​យើង​មក​កាន់​អ្នក​រាល់​គ្នា មិន​មែន «បាទ» ផង «ទេ» ផង​នោះ​ឡើយ។ ដ្បិត​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដែល​យើង​បាន​ប្រកាស​ពី​ព្រះ‌អង្គ គឺ​ទាំង​ខ្ញុំ ទាំង​លោក​ស៊ីល‌វ៉ាន ទាំង​ធីម៉ូថេ បាន​ប្រកាស​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ព្រះ‌អង្គ​មិន​មែន «បាទ» ផង «ទេ» ផង​នោះ​ឡើយ នៅ​ក្នុង​ព្រះ‌អង្គ មាន​តែ «បាទ» ប៉ុណ្ណោះ។ ដ្បិត​នៅ​ក្នុង​ព្រះ‌អង្គ គ្រប់​ទាំង​សេចក្តី​សន្យា​របស់​ព្រះ សុទ្ធ​តែ «បាទ» ទាំង‌អស់។ ហេតុ​នេះ​ហើយ​បាន​ជា​តាម​រយៈ​ព្រះ‌អង្គ យើង​ពោល​ថា «អាម៉ែន» សម្រាប់​ជា​សិរី​ល្អ​របស់​ព្រះ។

ចែក​រំលែក
អាន ២ កូរិនថូស 1

២ កូរិនថូស 1:4-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដែល​ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្ដី​វេទនា ប្រយោជន៍​ឲ្យ​យើង​អាច​នឹង​កំសាន្ត​ចិត្ត​អ្នក​ឯ​ទៀត ក្នុង​អស់​ទាំង​សេចក្ដី​វេទនា​របស់​គេ​បាន​ដែរ គឺ​ដោយ‌សារ​សេចក្ដី​ក្សាន្ត​នោះ​ឯង ដែល​ព្រះ​បាន​កំសាន្ត​ចិត្ត​យើង​ស្រេច​ហើយ ដ្បិត​ដូច​ជា​សេចក្ដី​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រីស្ទ បាន​ចំរើន​ឡើង​ដល់​យើង​រាល់​គ្នា​យ៉ាង​ណា នោះ​សេចក្ដី​ក្សាន្ត​ចិត្ត​នៃ​យើង​រាល់​គ្នា ក៏​ចំរើន​ដោយ‌សារ​ព្រះ‌គ្រីស្ទ​បែប​ដូច្នោះ​ដែរ ដូច្នេះ បើ​សិន​ជា​យើង​ខ្ញុំ​កើត​មាន​សេចក្ដី​វេទនា នោះ​គឺ​សំរាប់​ជា​សេចក្ដី​កំសាន្ត​ចិត្ត នឹង​សេចក្ដី​សង្គ្រោះ​ដល់​អ្នក​រាល់​គ្នា ជា​សេចក្ដី​ដែល​បាន​កើត​មក ដោយ​ការ​ទ្រាំ‌ទ្រ នឹង​សេចក្ដី​ទុក្ខ​លំបាក​ដដែល ដែល​យើង​ខ្ញុំ​ក៏​រង​ទុក្ខ​ដែរ ឬ​បើ​យើង​មាន​សេចក្ដី​ក្សាន្ដ នោះ​ក៏​សំរាប់​ជា​សេចក្ដី​កំសាន្ដ​ចិត្ត​នឹង​សេចក្ដី​សង្គ្រោះ​ដល់​អ្នក​រាល់​គ្នា​ដែរ ហើយ​យើង​ខ្ញុំ​មាន​សង្ឃឹម​ដល់​អ្នក​រាល់​គ្នា​ជា​មាំ‌មួន​ផង ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​បាន​ចំណែក​ក្នុង​សេចក្ដី​កំសាន្ត​ចិត្ត ដូច​ជា​បាន​ចំណែក​ក្នុង​ការ​ទុក្ខ​លំបាក​នោះ​ដែរ ដ្បិត​បង​ប្អូន​អើយ យើង​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ពី​សេចក្ដី​វេទនា​ដែល​កើត​ឡើង ដល់​យើង​ខ្ញុំ​នៅ​ស្រុក​អាស៊ី​ថា យើង​ខ្ញុំ​មាន​បន្ទុក​យ៉ាង​ធ្ងន់​ក្រៃ‌លែង ហួស​ពី​កំឡាំង​នៃ​យើង​ខ្ញុំ​ទៅ​ទៀត ដល់​ម៉្លេះ​បាន​ជា​យើង​ខ្ញុំ​អស់​សង្ឃឹម​នឹង​នៅ​រស់​ផង យើង​ខ្ញុំ​ក៏​មាន​សាន្ត​ក្រម​នៃ​សេចក្ដី​ស្លាប់ នៅ​ក្នុង​ខ្លួន​យើង​ខ្ញុំ​ដែរ ដើម្បី​មិន​ឲ្យ​យើង​ខ្ញុំ​ទុក​ចិត្ត​ដល់​ខ្លួន​ឡើយ គឺ​ឲ្យ​ទុក​ចិត្ត​ដល់​ព្រះ ដែល​ទ្រង់​ប្រោស​ឲ្យ​មនុស្ស​ស្លាប់ បាន​រស់​ឡើង​នោះ​វិញ ទ្រង់​បាន​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​យ៉ាង​សំបើម​នោះ​ហើយ ក៏​ចេះ​តែ​ប្រោស​ឲ្យ​រួច​ត​ទៅ ហើយ​យើង​ខ្ញុំ​សង្ឃឹម​ថា ទ្រង់​នឹង​ប្រោស​ឲ្យ​រួច​ទៅ​មុខ​ទៀត​ដែរ ដោយ​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ជួយ​អង្វរ​ជួស​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​អំណោយ​ទាន​នោះ ដែល​បាន​ប្រទាន​មក​យើង​ខ្ញុំ ដោយ‌សារ​មនុស្ស​ជា​ច្រើន បាន​ត្រឡប់​ជា​ហេតុ ឲ្យ​មនុស្ស​ជា​ច្រើន​បាន​អរ​ព្រះ‌គុណ ដោយ​ព្រោះ​យើង​ខ្ញុំ ដ្បិត​សេចក្ដី​អំនួត​របស់​យើង​ខ្ញុំ នោះ​គឺ​ជា​សេចក្ដី​បន្ទាល់​របស់​បញ្ញា​ចិត្ត​យើង​ខ្ញុំ ដែល​សំដែង​ថា យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ក្នុង​លោកីយ​នេះ ហើយ​ដល់​អ្នក​រាល់​គ្នា​លើស​ទៅ​ទៀត ដោយ​សេចក្ដី​បរិសុទ្ធ នឹង​សេចក្ដី​ស្មោះ‌ត្រង់​របស់​ព្រះ មិន​មែន​ដោយ​ប្រាជ្ញា​ខាង​សាច់​ឈាម​ឡើយ គឺ​ដោយ​ព្រះ‌គុណ​នៃ​ព្រះ​វិញ យើង​ខ្ញុំ​មិន​សរសេរ​សេចក្ដី​ណា​ផ្សេង​ទៀត ផ្ញើ​មក​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្ដី​ដែល​បាន​អាន​មើល នឹង​យល់​ព្រម​ហើយ​នោះ​ទេ ហើយ​ខ្ញុំ​សង្ឃឹម​ថា អ្នក​រាល់​គ្នា​នឹង​យល់​ព្រម​តាម​សេចក្ដី​នោះ​ឯង ដរាប​ដល់​ចុង​បំផុត​ដែរ ដូច​ជា​អ្នក​រាល់​គ្នា​ខ្លះ​បាន​យល់​ព្រម​ហើយ​ថា យើង​ខ្ញុំ​ជា​ទី​អំនួត​របស់​អ្នក​រាល់​គ្នា ដូច​ជា​អ្នក​រាល់​គ្នា​ក៏​ជា​ទី​អំនួត​របស់​យើង​ខ្ញុំ​ដែរ នៅ​ថ្ងៃ​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ។ ដោយ​ព្រោះ​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​នោះ បាន​ជា​ខ្ញុំ​គិត​នឹង​មក​ឯ​អ្នក​រាល់​គ្នា​ពី​កាល​មុន ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌គុណ​មួយ​លើក​ទៀត ហើយ​ឲ្យ​ខ្ញុំ​បាន​ហួស​ទៅ​ឯ​ស្រុក​ម៉ាសេដូន ដោយ‌សារ​អ្នក​រាល់​គ្នា រួច​សឹម​ត្រឡប់​មក​ឯ​អ្នក​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជួយ​ដំណើរ​ខ្ញុំ ទៅ​ឯ​ស្រុក​យូដា​ផង ដូច្នេះ ដែល​ខ្ញុំ​សំរេច​ធ្វើ​យ៉ាង​នោះ តើ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​សាវ៉ា​ឬ​អី ឬ​ការ​ដែល​ខ្ញុំ​សំរេច​នឹង​ធ្វើ តើ​បាន​សំរេច​តាម​សាច់​ឈាម​បាន​ជា​ចួន‌កាល​ខ្ញុំ​ថា «បាទ» ចួន‌កាល​ថា «ទេ» វិញ​ឬ​អី រីឯ​ព្រះ ទ្រង់​ស្មោះ‌ត្រង់ បាន​ជា​ពាក្យ​សំដី​ដែល​យើង​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា នោះ​មិន​មែន​ថា «បាទ» ផង «ទេ» ផង​ឡើយ ដ្បិត​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​យើង​ខ្ញុំ គឺ​ខ្លួន​ខ្ញុំ ស៊ីលវ៉ាន នឹង​ធីម៉ូថេ បាន​ប្រកាស​ប្រាប់​ក្នុង​ពួក​អ្នក​រាល់​គ្នា ទ្រង់​មិន​មែន​ជា «បាទ» ផង «ទេ» ផង​នោះ​ទេ គឺ​មាន​តែ «បាទ» សុទ្ធ​នៅ​ក្នុង​ទ្រង់​ប៉ុណ្ណោះ ដ្បិត​ទោះ​បើ​មាន​សេចក្ដី​សន្យា​របស់​ព្រះ​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​សុទ្ធ​តែ​ជា «បាទ» ក្នុង​ទ្រង់ ហើយ «អាម៉ែន» ក្នុង​ទ្រង់​ដែរ សំរាប់​នឹង​ចំរើន​សិរី‌ល្អ​ដល់​ព្រះ ដោយ‌សារ​យើង​រាល់​គ្នា

ចែក​រំលែក
អាន ២ កូរិនថូស 1

២ កូរិនថូស 1:4-20

២ កូរិនថូស 1:4-20 គខប២ កូរិនថូស 1:4-20 គខប