២ កូរិន‌ថូស 1

1
1សំបុត្រ​ប៉ុល​ខ្ញុំ ជា​សាវក​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ តាម​បំណង​ព្រះ‌ហឫទ័យ​ព្រះ នឹង​ធីម៉ូថេ ជា​ពួក​បង​ប្អូន ផ្ញើ​មក​ពួក​ជំនុំ​នៃ​ព្រះ ដែល​នៅ​ក្រុង​កូរិន‌ថូស ព្រម​ទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា ដែល​នៅ​គ្រប់​ក្នុង​ស្រុក​អាខៃ 2សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត​មក​អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។
3សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា គឺ​ជា​ព្រះវរ‌បិតា​ដ៏​មាន​សេចក្ដី​មេត្តា‌ករុណា ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក 4ដែល​ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្ដី​វេទនា ប្រយោជន៍​ឲ្យ​យើង​អាច​នឹង​កំសាន្ត​ចិត្ត​អ្នក​ឯ​ទៀត ក្នុង​អស់​ទាំង​សេចក្ដី​វេទនា​របស់​គេ​បាន​ដែរ គឺ​ដោយ‌សារ​សេចក្ដី​ក្សាន្ត​នោះ​ឯង ដែល​ព្រះ​បាន​កំសាន្ត​ចិត្ត​យើង​ស្រេច​ហើយ 5ដ្បិត​ដូច​ជា​សេចក្ដី​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រីស្ទ បាន​ចំរើន​ឡើង​ដល់​យើង​រាល់​គ្នា​យ៉ាង​ណា នោះ​សេចក្ដី​ក្សាន្ត​ចិត្ត​នៃ​យើង​រាល់​គ្នា ក៏​ចំរើន​ដោយ‌សារ​ព្រះ‌គ្រីស្ទ​បែប​ដូច្នោះ​ដែរ 6ដូច្នេះ បើ​សិន​ជា​យើង​ខ្ញុំ​កើត​មាន​សេចក្ដី​វេទនា នោះ​គឺ​សំរាប់​ជា​សេចក្ដី​កំសាន្ត​ចិត្ត នឹង​សេចក្ដី​សង្គ្រោះ​ដល់​អ្នក​រាល់​គ្នា ជា​សេចក្ដី​ដែល​បាន​កើត​មក ដោយ​ការ​ទ្រាំ‌ទ្រ នឹង​សេចក្ដី​ទុក្ខ​លំបាក​ដដែល ដែល​យើង​ខ្ញុំ​ក៏​រង​ទុក្ខ​ដែរ ឬ​បើ​យើង​មាន​សេចក្ដី​ក្សាន្ដ នោះ​ក៏​សំរាប់​ជា​សេចក្ដី​កំសាន្ដ​ចិត្ត​នឹង​សេចក្ដី​សង្គ្រោះ​ដល់​អ្នក​រាល់​គ្នា​ដែរ ហើយ​យើង​ខ្ញុំ​មាន​សង្ឃឹម​ដល់​អ្នក​រាល់​គ្នា​ជា​មាំ‌មួន​ផង 7ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​បាន​ចំណែក​ក្នុង​សេចក្ដី​កំសាន្ត​ចិត្ត ដូច​ជា​បាន​ចំណែក​ក្នុង​ការ​ទុក្ខ​លំបាក​នោះ​ដែរ 8ដ្បិត​បង​ប្អូន​អើយ យើង​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ពី​សេចក្ដី​វេទនា​ដែល​កើត​ឡើង ដល់​យើង​ខ្ញុំ​នៅ​ស្រុក​អាស៊ី​ថា យើង​ខ្ញុំ​មាន​បន្ទុក​យ៉ាង​ធ្ងន់​ក្រៃ‌លែង ហួស​ពី​កំឡាំង​នៃ​យើង​ខ្ញុំ​ទៅ​ទៀត ដល់​ម៉្លេះ​បាន​ជា​យើង​ខ្ញុំ​អស់​សង្ឃឹម​នឹង​នៅ​រស់​ផង 9យើង​ខ្ញុំ​ក៏​មាន​សាន្ត​ក្រម​នៃ​សេចក្ដី​ស្លាប់ នៅ​ក្នុង​ខ្លួន​យើង​ខ្ញុំ​ដែរ ដើម្បី​មិន​ឲ្យ​យើង​ខ្ញុំ​ទុក​ចិត្ត​ដល់​ខ្លួន​ឡើយ គឺ​ឲ្យ​ទុក​ចិត្ត​ដល់​ព្រះ ដែល​ទ្រង់​ប្រោស​ឲ្យ​មនុស្ស​ស្លាប់ បាន​រស់​ឡើង​នោះ​វិញ 10ទ្រង់​បាន​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​យ៉ាង​សំបើម​នោះ​ហើយ ក៏​ចេះ​តែ​ប្រោស​ឲ្យ​រួច​ត​ទៅ ហើយ​យើង​ខ្ញុំ​សង្ឃឹម​ថា ទ្រង់​នឹង​ប្រោស​ឲ្យ​រួច​ទៅ​មុខ​ទៀត​ដែរ 11ដោយ​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ជួយ​អង្វរ​ជួស​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​អំណោយ​ទាន​នោះ ដែល​បាន​ប្រទាន​មក​យើង​ខ្ញុំ ដោយ‌សារ​មនុស្ស​ជា​ច្រើន បាន​ត្រឡប់​ជា​ហេតុ ឲ្យ​មនុស្ស​ជា​ច្រើន​បាន​អរ​ព្រះ‌គុណ ដោយ​ព្រោះ​យើង​ខ្ញុំ 12ដ្បិត​សេចក្ដី​អំនួត​របស់​យើង​ខ្ញុំ នោះ​គឺ​ជា​សេចក្ដី​បន្ទាល់​របស់​បញ្ញា​ចិត្ត​យើង​ខ្ញុំ ដែល​សំដែង​ថា យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ក្នុង​លោកីយ​នេះ ហើយ​ដល់​អ្នក​រាល់​គ្នា​លើស​ទៅ​ទៀត ដោយ​សេចក្ដី​បរិសុទ្ធ នឹង​សេចក្ដី​ស្មោះ‌ត្រង់​របស់​ព្រះ មិន​មែន​ដោយ​ប្រាជ្ញា​ខាង​សាច់​ឈាម​ឡើយ គឺ​ដោយ​ព្រះ‌គុណ​នៃ​ព្រះ​វិញ 13យើង​ខ្ញុំ​មិន​សរសេរ​សេចក្ដី​ណា​ផ្សេង​ទៀត ផ្ញើ​មក​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្ដី​ដែល​បាន​អាន​មើល នឹង​យល់​ព្រម​ហើយ​នោះ​ទេ ហើយ​ខ្ញុំ​សង្ឃឹម​ថា អ្នក​រាល់​គ្នា​នឹង​យល់​ព្រម​តាម​សេចក្ដី​នោះ​ឯង ដរាប​ដល់​ចុង​បំផុត​ដែរ 14ដូច​ជា​អ្នក​រាល់​គ្នា​ខ្លះ​បាន​យល់​ព្រម​ហើយ​ថា យើង​ខ្ញុំ​ជា​ទី​អំនួត​របស់​អ្នក​រាល់​គ្នា ដូច​ជា​អ្នក​រាល់​គ្នា​ក៏​ជា​ទី​អំនួត​របស់​យើង​ខ្ញុំ​ដែរ នៅ​ថ្ងៃ​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ។
15ដោយ​ព្រោះ​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​នោះ បាន​ជា​ខ្ញុំ​គិត​នឹង​មក​ឯ​អ្នក​រាល់​គ្នា​ពី​កាល​មុន ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌គុណ​មួយ​លើក​ទៀត 16ហើយ​ឲ្យ​ខ្ញុំ​បាន​ហួស​ទៅ​ឯ​ស្រុក​ម៉ាសេដូន ដោយ‌សារ​អ្នក​រាល់​គ្នា រួច​សឹម​ត្រឡប់​មក​ឯ​អ្នក​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជួយ​ដំណើរ​ខ្ញុំ ទៅ​ឯ​ស្រុក​យូដា​ផង 17ដូច្នេះ ដែល​ខ្ញុំ​សំរេច​ធ្វើ​យ៉ាង​នោះ តើ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​សាវ៉ា​ឬ​អី ឬ​ការ​ដែល​ខ្ញុំ​សំរេច​នឹង​ធ្វើ តើ​បាន​សំរេច​តាម​សាច់​ឈាម​បាន​ជា​ចួន‌កាល​ខ្ញុំ​ថា «បាទ» ចួន‌កាល​ថា «ទេ» វិញ​ឬ​អី 18រីឯ​ព្រះ ទ្រង់​ស្មោះ‌ត្រង់ បាន​ជា​ពាក្យ​សំដី​ដែល​យើង​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា នោះ​មិន​មែន​ថា «បាទ» ផង «ទេ» ផង​ឡើយ 19ដ្បិត​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​យើង​ខ្ញុំ គឺ​ខ្លួន​ខ្ញុំ ស៊ីលវ៉ាន នឹង​ធីម៉ូថេ បាន​ប្រកាស​ប្រាប់​ក្នុង​ពួក​អ្នក​រាល់​គ្នា ទ្រង់​មិន​មែន​ជា «បាទ» ផង «ទេ» ផង​នោះ​ទេ គឺ​មាន​តែ «បាទ» សុទ្ធ​នៅ​ក្នុង​ទ្រង់​ប៉ុណ្ណោះ 20ដ្បិត​ទោះ​បើ​មាន​សេចក្ដី​សន្យា​របស់​ព្រះ​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​សុទ្ធ​តែ​ជា «បាទ» ក្នុង​ទ្រង់ ហើយ «អាម៉ែន» ក្នុង​ទ្រង់​ដែរ សំរាប់​នឹង​ចំរើន​សិរី‌ល្អ​ដល់​ព្រះ ដោយ‌សារ​យើង​រាល់​គ្នា 21រីឯ​អ្នក​ដែល​តាំង​យើង​ខ្ញុំ ឲ្យ​ខ្ជាប់‌ខ្ជួន​ក្នុង​ព្រះ‌គ្រីស្ទ ជា​មួយ​នឹង​អ្នក​រាល់​គ្នា ហើយ​ដែល​ចាក់​ប្រេង​ឲ្យ​យើង នោះ​គឺ​ជា​ព្រះ 22ទ្រង់​ក៏​បាន​ដៅ​ចំណាំ​យើង​រាល់​គ្នា ហើយ​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​មក​បញ្ចាំ​ចិត្ត​យើង​រាល់​គ្នា​ផង។
23ខ្ញុំ​សូម​យក​ព្រះ​ធ្វើ​ជា​សាក្សី​ពី​ចិត្ត​ខ្ញុំ​ថា ដែល​ខ្ញុំ​មិន​ទាន់​មក​ឯ​ក្រុង​កូរិន‌ថូស នោះ​គឺ​ដោយ​ប្រណី​ដល់​អ្នក​រាល់​គ្នា​ទេ 24មិន​មែន​ថា យើង​ខ្ញុំ​ធ្វើ​ជា​ម្ចាស់​លើ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ទេ គឺ​ធ្វើ​ជា​គូ‌កន ជួយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្ដី​អំណរ​វិញ ដ្បិត​អ្នក​រាល់​គ្នា​កំពុង​ឈរ​ហើយ ដោយ‌សារ​សេចក្ដី​ជំនឿ។

ទើបបានជ្រើសរើសហើយ៖

២ កូរិន‌ថូស 1: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ