ដែលទ្រង់កំសាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្ដីវេទនា ប្រយោជន៍ឲ្យយើងអាចនឹងកំសាន្តចិត្តអ្នកឯទៀត ក្នុងអស់ទាំងសេចក្ដីវេទនារបស់គេបានដែរ គឺដោយសារសេចក្ដីក្សាន្តនោះឯង ដែលព្រះបានកំសាន្តចិត្តយើងស្រេចហើយ ដ្បិតដូចជាសេចក្ដីទុក្ខលំបាករបស់ព្រះគ្រីស្ទ បានចំរើនឡើងដល់យើងរាល់គ្នាយ៉ាងណា នោះសេចក្ដីក្សាន្តចិត្តនៃយើងរាល់គ្នា ក៏ចំរើនដោយសារព្រះគ្រីស្ទបែបដូច្នោះដែរ ដូច្នេះ បើសិនជាយើងខ្ញុំកើតមានសេចក្ដីវេទនា នោះគឺសំរាប់ជាសេចក្ដីកំសាន្តចិត្ត នឹងសេចក្ដីសង្គ្រោះដល់អ្នករាល់គ្នា ជាសេចក្ដីដែលបានកើតមក ដោយការទ្រាំទ្រ នឹងសេចក្ដីទុក្ខលំបាកដដែល ដែលយើងខ្ញុំក៏រងទុក្ខដែរ ឬបើយើងមានសេចក្ដីក្សាន្ដ នោះក៏សំរាប់ជាសេចក្ដីកំសាន្ដចិត្តនឹងសេចក្ដីសង្គ្រោះដល់អ្នករាល់គ្នាដែរ ហើយយើងខ្ញុំមានសង្ឃឹមដល់អ្នករាល់គ្នាជាមាំមួនផង ដោយដឹងថា អ្នករាល់គ្នានឹងបានចំណែកក្នុងសេចក្ដីកំសាន្តចិត្ត ដូចជាបានចំណែកក្នុងការទុក្ខលំបាកនោះដែរ ដ្បិតបងប្អូនអើយ យើងខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹង ពីសេចក្ដីវេទនាដែលកើតឡើង ដល់យើងខ្ញុំនៅស្រុកអាស៊ីថា យើងខ្ញុំមានបន្ទុកយ៉ាងធ្ងន់ក្រៃលែង ហួសពីកំឡាំងនៃយើងខ្ញុំទៅទៀត ដល់ម៉្លេះបានជាយើងខ្ញុំអស់សង្ឃឹមនឹងនៅរស់ផង យើងខ្ញុំក៏មានសាន្តក្រមនៃសេចក្ដីស្លាប់ នៅក្នុងខ្លួនយើងខ្ញុំដែរ ដើម្បីមិនឲ្យយើងខ្ញុំទុកចិត្តដល់ខ្លួនឡើយ គឺឲ្យទុកចិត្តដល់ព្រះ ដែលទ្រង់ប្រោសឲ្យមនុស្សស្លាប់ បានរស់ឡើងនោះវិញ ទ្រង់បានប្រោសយើងខ្ញុំឲ្យរួចពីសេចក្ដីស្លាប់យ៉ាងសំបើមនោះហើយ ក៏ចេះតែប្រោសឲ្យរួចតទៅ ហើយយើងខ្ញុំសង្ឃឹមថា ទ្រង់នឹងប្រោសឲ្យរួចទៅមុខទៀតដែរ ដោយអ្នករាល់គ្នាខំប្រឹងជួយអង្វរជួសយើងខ្ញុំផង ដើម្បីឲ្យអំណោយទាននោះ ដែលបានប្រទានមកយើងខ្ញុំ ដោយសារមនុស្សជាច្រើន បានត្រឡប់ជាហេតុ ឲ្យមនុស្សជាច្រើនបានអរព្រះគុណ ដោយព្រោះយើងខ្ញុំ ដ្បិតសេចក្ដីអំនួតរបស់យើងខ្ញុំ នោះគឺជាសេចក្ដីបន្ទាល់របស់បញ្ញាចិត្តយើងខ្ញុំ ដែលសំដែងថា យើងខ្ញុំបានប្រព្រឹត្តក្នុងលោកីយនេះ ហើយដល់អ្នករាល់គ្នាលើសទៅទៀត ដោយសេចក្ដីបរិសុទ្ធ នឹងសេចក្ដីស្មោះត្រង់របស់ព្រះ មិនមែនដោយប្រាជ្ញាខាងសាច់ឈាមឡើយ គឺដោយព្រះគុណនៃព្រះវិញ យើងខ្ញុំមិនសរសេរសេចក្ដីណាផ្សេងទៀត ផ្ញើមកអ្នករាល់គ្នា ក្រៅពីសេចក្ដីដែលបានអានមើល នឹងយល់ព្រមហើយនោះទេ ហើយខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងយល់ព្រមតាមសេចក្ដីនោះឯង ដរាបដល់ចុងបំផុតដែរ ដូចជាអ្នករាល់គ្នាខ្លះបានយល់ព្រមហើយថា យើងខ្ញុំជាទីអំនួតរបស់អ្នករាល់គ្នា ដូចជាអ្នករាល់គ្នាក៏ជាទីអំនួតរបស់យើងខ្ញុំដែរ នៅថ្ងៃនៃព្រះអម្ចាស់យេស៊ូវ។ ដោយព្រោះខ្ញុំមានសេចក្ដីសង្ឃឹមនោះ បានជាខ្ញុំគិតនឹងមកឯអ្នករាល់គ្នាពីកាលមុន ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះគុណមួយលើកទៀត ហើយឲ្យខ្ញុំបានហួសទៅឯស្រុកម៉ាសេដូន ដោយសារអ្នករាល់គ្នា រួចសឹមត្រឡប់មកឯអ្នករាល់គ្នាវិញ ដើម្បីឲ្យអ្នករាល់គ្នាបានជួយដំណើរខ្ញុំ ទៅឯស្រុកយូដាផង ដូច្នេះ ដែលខ្ញុំសំរេចធ្វើយ៉ាងនោះ តើខ្ញុំបានប្រព្រឹត្តដោយចិត្តសាវ៉ាឬអី ឬការដែលខ្ញុំសំរេចនឹងធ្វើ តើបានសំរេចតាមសាច់ឈាមបានជាចួនកាលខ្ញុំថា «បាទ» ចួនកាលថា «ទេ» វិញឬអី រីឯព្រះ ទ្រង់ស្មោះត្រង់ បានជាពាក្យសំដីដែលយើងខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះមិនមែនថា «បាទ» ផង «ទេ» ផងឡើយ ដ្បិតព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ដែលយើងខ្ញុំ គឺខ្លួនខ្ញុំ ស៊ីលវ៉ាន នឹងធីម៉ូថេ បានប្រកាសប្រាប់ក្នុងពួកអ្នករាល់គ្នា ទ្រង់មិនមែនជា «បាទ» ផង «ទេ» ផងនោះទេ គឺមានតែ «បាទ» សុទ្ធនៅក្នុងទ្រង់ប៉ុណ្ណោះ ដ្បិតទោះបើមានសេចក្ដីសន្យារបស់ព្រះយ៉ាងណាក៏ដោយ ក៏នៅសុទ្ធតែជា «បាទ» ក្នុងទ្រង់ ហើយ «អាម៉ែន» ក្នុងទ្រង់ដែរ សំរាប់នឹងចំរើនសិរីល្អដល់ព្រះ ដោយសារយើងរាល់គ្នា
អាន ២ កូរិនថូស 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ កូរិនថូស 1:4-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ