១ របាក្សត្រ 16:7-36

១ របាក្សត្រ 16:7-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គឺ​ថ្ងៃ​នោះ​ហើយ​ដែល​ព្រះ‌បាទ​ដាវីឌ​បាន​ចាត់​លោក​អេសាភ ព្រម​ទាំង​បងប្អូន​របស់​គាត់ ឲ្យ​ប្រារព្ធ​ពិធី​លើក​តម្កើង​ព្រះ‌អម្ចាស់​ជា​លើក​ដំបូង​បង្អស់។ «ចូរ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ ចូរ​ប្រកាស​ព្រះ‌នាម​ព្រះអង្គ! ចូរ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ប្រាប់​ប្រជា‌ជាតិ​នានា! ចូរ​ច្រៀង​តម្កើង​ព្រះអង្គ ចូរ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ! ចូរ​រៀប​រាប់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ! ចូរ​ខ្ពស់​មុខ​ឡើង ព្រោះ​អ្នក​រាល់​គ្នា ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ​ដ៏វិសុទ្ធ! អស់​អ្នក​ស្វែង​រក​ព្រះ‌អម្ចាស់​អើយ ចូរ​សប្បាយ​ចិត្ត​ចុះ! ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា ចូរ​ស្វែង​រក​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ឥត​ឈប់​ឈរ​ឡើយ! ចូរ​នឹក​ដល់​ការ​អស្ចារ្យ​ផ្សេងៗ ដែល​ព្រះអង្គ​បាន​ធ្វើ ចូរ​នឹក​ដល់​ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ការ​ជំនុំ​ជម្រះ ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​សម្រេច។ អ្នក​រាល់​គ្នា​ជា​ពូជ‌ពង្ស​របស់​លោក​អ៊ីស្រា‌អែល ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​លោក​យ៉ាកុប ដែល​ព្រះអង្គ​បាន​ជ្រើស​រើស! មាន​តែ​ព្រះ‌អម្ចាស់​ទេ ដែល​ជា​ព្រះ​របស់​យើង ព្រះអង្គ​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល។ ចូរ​នឹក​ដល់​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ​ជានិច្ច គឺ​ជា​ព្រះ‌បន្ទូល​ដែល​នៅ​ស្ថិត‌ស្ថេរ រហូត​ដល់​មួយ​ពាន់​តំណ គឺ​សម្ពន្ធ‌មេត្រី​ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ លោក​អប្រាហាំ ព្រម​ទាំង​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ជា​មួយ​លោក​អ៊ីសាក។ ព្រះអង្គ​បាន​បញ្ជាក់​សម្ពន្ធ‌មេត្រី​នេះ ជា​មួយ​លោក​យ៉ាកុប ទុក​ជា​សម្ពន្ធ‌មេត្រី អស់‌កល្ប​ជានិច្ច​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល។ គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: «យើង​នឹង​ប្រគល់​ស្រុក​កាណាន​ឲ្យ​អ្នក ទុក​ជា​ចំណែក​មត៌ក»។ នៅ​គ្រា​នោះ អ្នក​រាល់​គ្នា​ជា​ក្រុម​មួយ​ដ៏​តូច ដែល​ចូល​មក​រស់​នៅ​លើ​ទឹក​ដី​ស្រុក​កាណាន។ អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ពី​នគរ​មួយ​ទៅ​នគរ​មួយ​ទៀត។ ប៉ុន្តែ ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់ សង្កត់‌សង្កិន​អ្នក​រាល់​គ្នា​ទេ ដើម្បី​ការ‌ពារ​អ្នក​រាល់​គ្នា ព្រះអង្គ​បាន​បន្ទោស​ស្ដេច​នានា​ថា: «កុំ​ប៉ះ‌ពាល់​អស់​អ្នក​ដែល​យើង​បាន​ចាក់​ប្រេង អភិសេក​នេះ​ឡើយ កុំ​ធ្វើ​បាប​ព្យាការី​របស់​យើង​ឲ្យ​សោះ!»។ មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់! ចូរ​ប្រកាស​ជា​រៀង​រាល់​ថ្ងៃ អំពី​ការ​សង្គ្រោះ​របស់​ព្រះអង្គ។ ចូរ​ប្រកាស​អំពី​សិរី‌រុងរឿង​របស់​ព្រះអង្គ នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ហើយ​ប្រកាស​អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់ ព្រះអង្គ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់! ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម ដែល​យើង​ត្រូវ​តែ​សរសើរ​តម្កើង​អស់​ពី​ចិត្ត ព្រះអង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច​ជាង​ព្រះ​ផង​ទាំង​ពួង។ ព្រះ​ទាំង​ប៉ុន្មាន​របស់​សាសន៍​នានា សុទ្ធ​តែ​ឥត​បាន​ការ​អ្វី​ទាំង​អស់ រីឯ​ព្រះ‌អម្ចាស់ ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ។ មាន​ពន្លឺ​រស្មី​ចិញ្ចែង‌ចិញ្ចាច​ចាំង​ចេញ​ពី ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ ព្រះ‌ដំណាក់​របស់​ព្រះអង្គ​ពោរ‌ពេញ​ទៅ​ដោយ ឫទ្ធិ‌បារមី និង​អំណរ​សប្បាយ។ ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌អម្ចាស់ ហើយ​ថ្លែង​អំពី​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ ចូរ​លើក​តម្កើង​សិរី‌រុងរឿង​នៃ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់! ចូរ​នាំ​គ្នា​យក​តង្វាយ​ចូល​មក​ចំពោះ​ព្រះ‌ភ័ក្ត្រ របស់​ព្រះអង្គ! ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ នៅ​ពេល​ព្រះអង្គ​សម្តែង​ភាព​វិសុទ្ធ​របស់​ព្រះអង្គ! មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយ ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ចុះ! ពិភព​លោក​រឹង‌មាំ ឥត​រង្គើ​សោះ​ឡើយ ចូរ​ឲ្យ​ផ្ទៃ​មេឃ​មាន​អំណរ​សប្បាយ និង​ឲ្យ​ផែនដី​បាន​រីក‌រាយ​ដ៏​លើស‌លុប! ចូរ​ប្រកាស​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ថា ព្រះ‌អម្ចាស់​គ្រង​រាជ្យ! ចូរ​ឲ្យ​សមុទ្រ និង​អ្វីៗ​នៅ​ក្នុង​សមុទ្រ បន្លឺ​សំឡេង​យ៉ាង​អឺង‌កង! ចូរ​ឲ្យ​ស្រែ​ចម្ការ និង​អ្វីៗ​នៅ​ទី​នោះ ត្រេក​អរ​សប្បាយ! ចូរ​ឲ្យ​ព្រៃ​ព្រឹក្សា​ទាំង​ប៉ុន្មាន​ស្រែក​ហ៊ោ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់! ដ្បិត​ព្រះអង្គ​យាង​មក​គ្រប់‌គ្រង​ផែនដី។ ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​សប្បុរស ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ចូរ​ទូល​ព្រះអង្គ​ថា: ព្រះ‌សង្គ្រោះ​របស់​យើង​ខ្ញុំ​អើយ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង សូម​ប្រមូល​ផ្ដុំ​យើង​ខ្ញុំ ហើយ​យក​យើង​ខ្ញុំ ចេញ​ពី​ចំណោម​ប្រជា‌ជាតិ​នានា ដើម្បី​ឲ្យ​យើង​ខ្ញុំ​លើក​តម្កើង ព្រះ‌នាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គ និង​បាន​ខ្ពស់​មុខ ដោយ​សរសើរ​តម្កើង​ព្រះអង្គ! សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល តាំង​ពី​ដើម​រៀង​មក ហើយ​អស់‌កល្ប​ត​រៀង​ទៅ!»។ ពេល​នោះ ប្រជា‌ជន​ទាំង​មូល​ឆ្លើយ​ថា «អាម៉ែន សូម​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់!»។

១ របាក្សត្រ 16:7-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​នោះ ព្រះបាទ​ដាវីឌ​បាន​បង្គាប់​មុន​ដំបូង ឲ្យ​មាន​ការ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា តាម​រយៈ​អេសាភ និង​ពួក​បង‌ប្អូន​លោក​ថា៖ ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ចូរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ​ចុះ ចូរ​សម្ដែង​ពី​អស់​ទាំង​ការ​នៃ​ព្រះ‌អង្គ នៅ​កណ្ដាល​គ្រប់​ទាំង​សាសន៍ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អង្គ ចូរ​ច្រៀង​សរសើរ​ដល់​ព្រះ‌អង្គ​ចុះ ចូរ​នឹក​ថ្លែង​ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ ចូរ​មាន​ចិត្ត​រីក‌រាយ ដោយ​នូវ​ព្រះ‌នាម​បរិសុទ្ធ​របស់​ព្រះ‌អង្គ ចូរ​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា មាន​ចិត្ត​អរ​សប្បាយ​ឡើង ចូរ​សង្កិន​រក​ព្រះ‌យេហូវ៉ា និង​ឥទ្ធា‌នុភាព​របស់​ព្រះ‌អង្គ ចូរ​រក​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ជា‌និច្ច ចូរ​នឹក​ចាំ​ពី​អស់​ទាំង​ការ​អស្ចារ្យ ដែល​ព្រះ‌អង្គ​បាន​ធ្វើ គឺ​ពី​ការ​ចំឡែក​របស់​ព្រះ‌អង្គ និង​ពី​សេចក្ដី​យុត្តិ‌ធម៌​ដែល​ចេញ​ពី​ព្រះ‌ឧស្ឋ របស់​ព្រះ‌អង្គ​មក ឱ​ពូជ​ពង្ស​អ៊ីស្រា‌អែល ជា​ពួក​បម្រើ​របស់​ព្រះ‌អង្គ គឺ​ពួក​កូន​ចៅ​យ៉ាកុប ជា​ពួក​អ្នក​ជ្រើស‌រើស​របស់​ព្រះ‌អង្គ​អើយ ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា សេចក្ដី​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ នៅ​ពេញ‌ពាស​លើ​ផែនដី ចូរ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​របស់​ព្រះ‌អង្គ​ជា​ដរាប គឺ​ជា​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​បង្គាប់ ដល់​មនុស្ស​ទាំង​ពាន់​តំណ ជា​សេចក្ដី​សញ្ញា​ដែល​ព្រះ‌អង្គ​បាន​តាំង នឹង​លោក​អ័ប្រា‌ហាំ ហើយ​ជា​សេចក្ដី​សម្បថ ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹង​លោក​អ៊ីសាក ព្រម​ទាំង​បញ្ជាក់​សេចក្ដី​នោះ​ឯង​ទុក​ជា​ច្បាប់​ដល់​យ៉ាកុប ហើយ​ដល់​អ៊ីស្រា‌អែល សម្រាប់​ជា​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច ដោយ​ព្រះ‌បន្ទូល​ថា យើង​និង​ឲ្យ​ស្រុក​កាណាន​ដល់​ឯង ទុក​ជា​ចំណែក​មត៌ក​របស់​ឯង ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា​នៅ​គ្នា​តិច​នៅ​ឡើយ គឺ​មាន​គ្នា​តិច​ណាស់ ក៏​គ្រាន់​តែ​ស្នាក់​នៅ​ស្រុក​នេះ​ប៉ុណ្ណោះ​ផង គេ​ចេញ​ដំណើរ​ពី​នគរ​មួយ​ទៅ​នគរ​មួយ ហើយ​ពី​សាសន៍​មួយ​ដល់​សាសន៍​មួយ​ទៀត ព្រះ‌អង្គ​មិន​បើក​ឲ្យ​មនុស្ស​ណា​សង្កត់‌សង្កិន​គេ​ឡើយ ព្រះ‌អង្គ​បាន​បន្ទោស​ដល់​ទាំង​ពួក​ស្តេច​ដោយ​ព្រោះ​គេ​ផង ដោយ​ព្រះ‌បន្ទូល​ថា កុំ​ពាល់​ពួក​ដែល​យើង​បាន​ចាក់​ប្រេង​ឲ្យ​ឡើយ ក៏​កុំ​ឲ្យ​ធ្វើ​បាប​ដល់​ពួក​ហោរា​របស់​យើង​ដែរ ឱ​លោកីយ៍​ទាំង​មូល​អើយ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​សម្ដែង​ពី​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌អង្គ​រាល់ៗ​ថ្ងៃ ចូរ​ថ្លែង​ប្រាប់​ពី​សិរី‌ល្អ​របស់​ព្រះ‌អង្គ នៅ​ក្នុង​គ្រប់​ទាំង​នគរ ហើយ​ពី​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ធំ ក៏​គួរ​សរសើរ​ណាស់ ហើយ​គួរ​ស្ញែង​ខ្លាច​លើស​ជាង​អស់​ទាំង​ព្រះ ព្រោះ​អស់​ទាំង​ព្រះ​នៃ​សាសន៍​ដទៃ​សុទ្ធ​តែ​ជា​រូប​ទទេ តែ​ឯ​ព្រះ‌យេហូវ៉ា​វិញ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ ឯ​សេចក្ដី​រុងរឿង ហើយ​សិរី​លម្អ នោះ​នៅ​ចំពោះ​ព្រះ‌អង្គ ឥទ្ធា‌នុភាព និង​អំណរ​ក៏​នៅ​ទី​កន្លែង​របស់​ព្រះ‌អង្គ ឱ​អស់​ទាំង​សាសន៍​អើយ ចូរ​ទទួល​ថ្លែង​ពី​ព្រះ‌យេហូវ៉ា ចូរ​ទទួល​ថ្លែង​ប្រាប់​ថា ព្រះ‌យេហូវ៉ា​មាន​សិរី‌ល្អ និង​ព្រះ‌ចេស្តា ចូរ​ទទួល​ថ្លែង​ប្រាប់​ពី​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​សំណំ​នឹង​ព្រះ‌នាម​ព្រះ‌អង្គ ចូរ​នាំ​យក​តង្វាយ​មួយ​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​ថ្វាយ​បង្គំ​ដល់​ព្រះ‌អង្គ ដោយ​សិរី​លម្អ​នៃ​សេចក្ដី​បរិសុទ្ធ គ្រប់​ផែនដី​អើយ ចូរ​ភ័យ‌ញ័រ​នៅ​ចំពោះ​ព្រះ‌អង្គ​ចុះ ឯ​លោកីយ នោះ​ក៏​បាន​តាំង​ជា​មាំ‌មួន​ហើយ នឹង​កក្រើក​រញ្ជួយ​មិន​បាន​ឡើយ ចូរ​ឲ្យ​ផ្ទៃ​មេឃ​មាន​អំណរ ហើយ​ឲ្យ​ផែនដី​បាន​ត្រេក‌អរ​ឡើង ឲ្យ​បាន​ថ្លែង​នៅ​គ្រប់​ទាំង​សាសន៍​ថា ព្រះ‌យេហូវ៉ា​សោយ‌រាជ្យ ចូរ​ឲ្យ​សមុទ្រ និង​បណ្ដា​ដែល​នៅ​ក្នុង​នោះ​ទាំង​ប៉ុន្មាន បាន​ឮ​កង​រំពង​ឡើង ចូរ​ឲ្យ​ស្រែ​ចម្ការ និង​របស់​ដែល​មាន​នៅ​ទី​នោះ​ទាំង​ប៉ុន្មាន មាន​សេចក្ដី​រីក‌រាយ​អរ​សប្បាយ​ផង ចូរ​ឲ្យ​ដើម​ឈើ​នៅ​ព្រៃ​បញ្ចេញ​សូរ​យ៉ាង​សប្បាយ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​យាង​មក ដើម្បី​ជំនុំ​ជម្រះ​ផែនដី ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​ល្អ ព្រោះ​សេចក្ដី​សប្បុរស​របស់​ព្រះ‌អង្គ​នៅ​អស់​កល្ប​ជា‌និច្ច ចូរ​ទូល​ថា ឱ​ព្រះ​នៃ​សេចក្ដី​សង្គ្រោះ​នៃ​យើង​ខ្ញុំ​អើយ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង សូម​ប្រមូល​បំប្រួម​យើង​ខ្ញុំ ហើយ​ប្រោស​យើង​ខ្ញុំ ឲ្យ​រួច​ពី​ពួក​សាសន៍​ដទៃ ប្រយោជន៍​ឲ្យ​បាន​ពោល​ពាក្យ​អរ​ព្រះ‌គុណ ដល់​ព្រះ‌នាម​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​មាន​សេចក្ដី​រីក‌រាយ ក្នុង​សេចក្ដី​សរសើរ​តម្កើង​ដល់​ព្រះ‌អង្គ សូម​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ចាប់​តាំង​ពី​អស់​កល្ប ដរាប​ដល់​អស់​កល្ប​ជា‌និច្ច។ បន្ទាប់​មក ប្រជា​‌ជន​ទាំង​អស់​ក៏​ថា អាម៉ែន ហើយ​សរសើរ​តម្កើង​ដល់​ព្រះ‌យេហូវ៉ា។

១ របាក្សត្រ 16:7-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ថ្ងៃ​នោះ​ឯង ដាវីឌ​បាន​បង្គាប់​មុន​ដំបូង ឲ្យ​មាន​ការ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ‌សារ​អេសាភ នឹង​ពួក​បង​ប្អូន​លោក​ថា ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ចូរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់​ចុះ ចូរ​សំដែង​ពី​អស់​ទាំង​ការ​នៃ​ទ្រង់ នៅ​កណ្តាល​គ្រប់​ទាំង​សាសន៍ ចូរ​ច្រៀង​ថ្វាយ​ទ្រង់ ចូរ​ច្រៀង​សរសើរ​ដល់​ទ្រង់​ចុះ ចូរ​នឹក​ថ្លែង​ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់ ចូរ​មាន​ចិត្ត​រីក‌រាយ ដោយ​នូវ​ព្រះ‌នាម​បរិសុទ្ធ​របស់​ទ្រង់ ចូរ​ឲ្យ​អស់​អ្នក ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា មាន​ចិត្ត​អរ​សប្បាយ​ឡើង ចូរ​សង្កិន​រក​ព្រះ‌យេហូវ៉ា នឹង​ឥទ្ធា‌នុភាព​របស់​ទ្រង់ ចូរ​រក​ព្រះ‌ភ័ក្ត្រ​ទ្រង់​ជានិច្ច ចូរ​នឹក​ចាំ​ពី​អស់​ទាំង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​ធ្វើ គឺ​ពី​ការ​ចំឡែក​របស់​ទ្រង់ នឹង​ពី​សេចក្ដី​យុត្តិ‌ធម៌​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក ឱ​អ្នក​រាល់​គ្នា​ជា​ពូជ​ពង្ស​អ៊ីស្រាអែល ជា​ពួក​បំរើ​ទ្រង់ គឺ​ពួក​កូន​ចៅ​យ៉ាកុប ជា​ពួក​អ្នក​ជ្រើស‌រើស​របស់​ទ្រង់​អើយ ទ្រង់​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា សេចក្ដី​បញ្ញត្ត​ទាំង​ប៉ុន្មាន​នៃ​ទ្រង់ នៅ​ពេញ‌ពាស​លើ​ផែនដី ចូរ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​របស់​ទ្រង់​ជា​ដរាប គឺ​ជា​ព្រះ‌បន្ទូល ដែល​ទ្រង់​បាន​បង្គាប់​ដល់​មនុស្ស​ទាំង​ពាន់​ដំណ ជា​សេចក្ដី​សញ្ញា ដែល​ទ្រង់​បាន​តាំង​នឹង​អ័ប្រា‌ហាំ ហើយ​ជា​សេចក្ដី​សំបថ ដែល​ទ្រង់​បាន​ស្បថ​នឹង​អ៊ីសាក ព្រម​ទាំង​បញ្ជាក់​សេចក្ដី​នោះ​ឯង ទុក​ជា​ច្បាប់​ដល់​យ៉ាកុប ហើយ​ដល់​អ៊ីស្រាអែល សំរាប់​ជា​សញ្ញា​ដ៏​នៅ​អស់‌កល្ប​ជានិច្ច ដោយ​បន្ទូល​ថា អញនឹង​ឲ្យ​ស្រុក​កាណាន​ដល់​ឯង ទុក​ជា​ចំណែក​មរដក​របស់​ឯង ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា​នៅ​គ្នា​តិច​នៅ​ឡើយ គឺ​មាន​គ្នា​តិច​ណាស់ ក៏​គ្រាន់​តែ​ស្នាក់​នៅ​ស្រុក​នេះ​ប៉ុណ្ណោះ​ផង គេ​ចេញ​ដំណើរ​ពី​នគរ​១​ទៅ​នគរ​១ ហើយ​ពី​សាសន៍១​ដល់​សាសន៍១​ទៀត ទ្រង់​មិន​បើក​ឲ្យ​មនុស្ស​ណា​សង្កត់‌សង្កិន​គេ​ឡើយ ទ្រង់​បាន​បន្ទោស​ដល់​ទាំង​ពួក​ស្តេច​ដោយ​ព្រោះ​គេ​ផង ដោយ​បន្ទូល​ថា កុំ​ពាល់​ពួក​ដែល​អញ​បាន​ចាក់​ប្រេង​ឲ្យ​ឡើយ ក៏​កុំ​ឲ្យ​ធ្វើ​បាប​ដល់​ពួក​ហោរា​របស់​អញ​ដែរ ឱ​លោកីយ​ទាំង​មូល​អើយ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​សំដែង​ពី​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​រាល់ៗ​ថ្ងៃ ចូរ​ថ្លែង​ប្រាប់​ពី​សិរី‌ល្អ​នៃ​ទ្រង់ នៅ​ក្នុង​គ្រប់​ទាំង​នគរ ហើយ​ពី​ការ​អស្ចារ្យ​របស់​ទ្រង់ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ធំ ក៏​គួរ​សរសើរ​ណាស់ ហើយ​គួរ​ស្ញែង​ខ្លាច​លើស​ជាង​អស់​ទាំង​ព្រះ ពី​ព្រោះ​អស់​ទាំង​ព្រះ​នៃ​សាសន៍​ដទៃ សុទ្ធ​តែ​ជា​រូប​ទទេ តែ​ឯ​ព្រះ‌យេហូវ៉ា​វិញ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ ឯ​សេចក្ដី​រុងរឿង ហើយ​សិរី​លំអ នោះ​នៅ​ចំពោះ​ទ្រង់ ឥទ្ធា‌នុភាពនឹង​សេចក្ដី​អំណរ​ក៏​នៅ​ទី​កន្លែង​របស់​ទ្រង់ ឱ​អស់​ទាំង​សាសន៍​អើយ ចូរ​ទទួល​ថ្លែង​ពី​ព្រះ‌យេហូវ៉ា ចូរ​ទទួល​ថ្លែង​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សិរី‌ល្អ នឹង​ព្រះ‌ចេស្តា ចូរ​ទទួល​ថ្លែង​ប្រាប់​ពី​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​សំណំ​នឹង​ព្រះ‌នាម​ទ្រង់ ចូរ​នាំ​យក​ដង្វាយ​១​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​ថ្វាយ‌បង្គំ​ដល់​ទ្រង់ ដោយ​សិរី​លំអ​នៃ​សេចក្ដី​បរិសុទ្ធ គ្រប់​ផែនដី​អើយ ចូរ​ភ័យ‌ញ័រ​នៅ​ចំពោះ​ទ្រង់​ចុះ ឯ​លោកីយ នោះ​ក៏​បាន​តាំង​ជា​មាំ‌មួន​ហើយ នឹង​កក្រើក​រញ្ជួយ​មិន​បាន​ឡើយ ចូរ​ឲ្យ​ផ្ទៃ​មេឃ​មាន​សេចក្ដី​អំណរ ហើយ​ឲ្យ​ផែនដី​បាន​ត្រេក‌អរ​ឡើង ឲ្យ​បាន​ថ្លែង​នៅ​គ្រប់​ទាំង​សាសន៍​ថា ព្រះ‌យេហូវ៉ា​ទ្រង់​សោយ‌រាជ្យ ចូរ​ឲ្យ​សមុទ្រ នឹង​បណ្តា​ដែល​នៅ​ក្នុង​នោះ​ទាំង​ប៉ុន្មាន បាន​ឮ​កង​រំពង​ឡើង ចូរ​ឲ្យ​ស្រែ​ចំការ នឹង​របស់​ដែល​មាន​នៅ​ទី​នោះ​ទាំង​ប៉ុន្មាន មាន​សេចក្ដី​រីក‌រាយ​អរ​សប្បាយ​ផង ចូរ​ឲ្យ​ដើម​ឈើ​នៅ​ព្រៃ​បញ្ចេញ​សូរ​យ៉ាង​សប្បាយ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​យាង​មក ដើម្បី​ជំនុំ‌ជំនះ​ផែនដី ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​ល្អ ពី​ព្រោះ​សេចក្ដី​សប្បុរស​នៃ​ទ្រង់​នៅ​អស់‌កល្ប​ជានិច្ច ចូរ​ទូល​ថា ឱ​ព្រះ​នៃ​សេចក្ដី​សង្គ្រោះ​នៃ​យើង​ខ្ញុំ​អើយ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង សូម​ប្រមូល​បំប្រួម​យើង​ខ្ញុំ ហើយ​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ពួក​សាសន៍​ដទៃ ប្រយោជន៍​ឲ្យ​បាន​ពោល​ពាក្យ​អរ​ព្រះ‌គុណ ដល់​ព្រះ‌នាម​បរិសុទ្ធ​នៃ​ទ្រង់ ហើយ​មាន​សេចក្ដី​រីក‌រាយ ក្នុង​សេចក្ដី​សរសើរ​ដំកើងដល់​ទ្រង់ សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ចាប់​តាំង​ពី​អស់‌កល្ប ដរាប​ដល់​អស់‌កល្ប​ជានិច្ច។ ស្រេច​ហើយ បណ្តាជន​ទាំង​អស់​គ្នា​ក៏​ទទួល​ឡើង​ថា អាម៉ែន ហើយ​ក៏​សរសើរ​ដំកើងដល់​ព្រះ‌យេហូវ៉ា​ដែរ។