គឺថ្ងៃនោះហើយដែលព្រះបាទដាវីឌបានចាត់លោកអេសាភ ព្រមទាំងបងប្អូនរបស់គាត់ ឲ្យប្រារព្ធពិធីលើកតម្កើងព្រះអម្ចាស់ជាលើកដំបូងបង្អស់។ «ចូរនាំគ្នាលើកតម្កើងព្រះអម្ចាស់ ចូរប្រកាសព្រះនាមព្រះអង្គ! ចូរថ្លែងអំពីស្នាព្រះហស្ដរបស់ព្រះអង្គ ប្រាប់ប្រជាជាតិនានា! ចូរច្រៀងតម្កើងព្រះអង្គ ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ! ចូររៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ! ចូរខ្ពស់មុខឡើង ព្រោះអ្នករាល់គ្នា ជាប្រជារាស្ត្ររបស់ព្រះដ៏វិសុទ្ធ! អស់អ្នកស្វែងរកព្រះអម្ចាស់អើយ ចូរសប្បាយចិត្តចុះ! ចូរស្វែងរកព្រះអម្ចាស់ប្រកបដោយព្រះចេស្ដា ចូរស្វែងរកព្រះភ័ក្ត្រព្រះអង្គ ឥតឈប់ឈរឡើយ! ចូរនឹកដល់ការអស្ចារ្យផ្សេងៗ ដែលព្រះអង្គបានធ្វើ ចូរនឹកដល់ឫទ្ធិបាដិហារិយ៍ និងការជំនុំជម្រះ ទាំងប៉ុន្មានដែលព្រះអង្គបានសម្រេច។ អ្នករាល់គ្នាជាពូជពង្សរបស់លោកអ៊ីស្រាអែល ដែលជាអ្នកបម្រើរបស់ព្រះអង្គ អ្នករាល់គ្នាជាកូនចៅរបស់លោកយ៉ាកុប ដែលព្រះអង្គបានជ្រើសរើស! មានតែព្រះអម្ចាស់ទេ ដែលជាព្រះរបស់យើង ព្រះអង្គគ្រប់គ្រងលើផែនដីទាំងមូល។ ចូរនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គជានិច្ច គឺជាព្រះបន្ទូលដែលនៅស្ថិតស្ថេរ រហូតដល់មួយពាន់តំណ គឺសម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយ លោកអប្រាហាំ ព្រមទាំងព្រះបន្ទូលដែលព្រះអង្គបានសន្យា ជាមួយលោកអ៊ីសាក។ ព្រះអង្គបានបញ្ជាក់សម្ពន្ធមេត្រីនេះ ជាមួយលោកយ៉ាកុប ទុកជាសម្ពន្ធមេត្រី អស់កល្បជានិច្ចជាមួយជនជាតិអ៊ីស្រាអែល។ គឺព្រះអង្គមានព្រះបន្ទូលថា: «យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នក ទុកជាចំណែកមត៌ក»។ នៅគ្រានោះ អ្នករាល់គ្នាជាក្រុមមួយដ៏តូច ដែលចូលមករស់នៅលើទឹកដីស្រុកកាណាន។ អ្នករាល់គ្នាធ្វើដំណើរពីស្រុកមួយទៅស្រុកមួយ ពីនគរមួយទៅនគរមួយទៀត។ ប៉ុន្តែ ព្រះអង្គមិនអនុញ្ញាតឲ្យនរណាម្នាក់ សង្កត់សង្កិនអ្នករាល់គ្នាទេ ដើម្បីការពារអ្នករាល់គ្នា ព្រះអង្គបានបន្ទោសស្ដេចនានាថា: «កុំប៉ះពាល់អស់អ្នកដែលយើងបានចាក់ប្រេង អភិសេកនេះឡើយ កុំធ្វើបាបព្យាការីរបស់យើងឲ្យសោះ!»។ មនុស្សនៅលើផែនដីទាំងមូលអើយ ចូរច្រៀងថ្វាយព្រះអម្ចាស់! ចូរប្រកាសជារៀងរាល់ថ្ងៃ អំពីការសង្គ្រោះរបស់ព្រះអង្គ។ ចូរប្រកាសអំពីសិរីរុងរឿងរបស់ព្រះអង្គ នៅក្នុងចំណោមប្រជាជាតិនានា ហើយប្រកាសអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ ព្រះអង្គ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់! ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម ដែលយើងត្រូវតែសរសើរតម្កើងអស់ពីចិត្ត ព្រះអង្គគួរជាទីស្ញែងខ្លាចជាងព្រះផងទាំងពួង។ ព្រះទាំងប៉ុន្មានរបស់សាសន៍នានា សុទ្ធតែឥតបានការអ្វីទាំងអស់ រីឯព្រះអម្ចាស់ ព្រះអង្គបានបង្កើតផ្ទៃមេឃ។ មានពន្លឺរស្មីចិញ្ចែងចិញ្ចាចចាំងចេញពី ព្រះភ័ក្ត្ររបស់ព្រះអង្គ ព្រះដំណាក់របស់ព្រះអង្គពោរពេញទៅដោយ ឫទ្ធិបារមី និងអំណរសប្បាយ។ ប្រជាជាតិទាំងឡាយអើយ ចូរនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់ ហើយថ្លែងអំពីឫទ្ធានុភាពរបស់ព្រះអង្គ ចូរលើកតម្កើងសិរីរុងរឿងនៃព្រះនាមរបស់ព្រះអម្ចាស់! ចូរនាំគ្នាយកតង្វាយចូលមកចំពោះព្រះភ័ក្ត្រ របស់ព្រះអង្គ! ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ! មនុស្សនៅលើផែនដីទាំងមូលអើយ ចូរញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គចុះ! ពិភពលោករឹងមាំ ឥតរង្គើសោះឡើយ ចូរឲ្យផ្ទៃមេឃមានអំណរសប្បាយ និងឲ្យផែនដីបានរីករាយដ៏លើសលុប! ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាថា ព្រះអម្ចាស់គ្រងរាជ្យ! ចូរឲ្យសមុទ្រ និងអ្វីៗនៅក្នុងសមុទ្រ បន្លឺសំឡេងយ៉ាងអឺងកង! ចូរឲ្យស្រែចម្ការ និងអ្វីៗនៅទីនោះ ត្រេកអរសប្បាយ! ចូរឲ្យព្រៃព្រឹក្សាទាំងប៉ុន្មានស្រែកហ៊ោ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់! ដ្បិតព្រះអង្គយាងមកគ្រប់គ្រងផែនដី។ ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! ចូរទូលព្រះអង្គថា: ព្រះសង្គ្រោះរបស់យើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលផ្ដុំយើងខ្ញុំ ហើយយកយើងខ្ញុំ ចេញពីចំណោមប្រជាជាតិនានា ដើម្បីឲ្យយើងខ្ញុំលើកតម្កើង ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ និងបានខ្ពស់មុខ ដោយសរសើរតម្កើងព្រះអង្គ! សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល តាំងពីដើមរៀងមក ហើយអស់កល្បតរៀងទៅ!»។ ពេលនោះ ប្រជាជនទាំងមូលឆ្លើយថា «អាម៉ែន សូមសរសើរតម្កើងព្រះជាម្ចាស់!»។
អាន ១ របាក្សត្រ 16
ស្ដាប់នូវ ១ របាក្សត្រ 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ របាក្សត្រ 16:7-36
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ