១ របាក្សត្រ 16
16
ហិបសញ្ញានៅក្នុងត្រសាល
1គេយកហិបនៃព្រះមកដាក់នៅកណ្ដាលត្រសាល ដែលព្រះបាទដាវីឌបានដំឡើងទុក រួចក៏ថ្វាយតង្វាយដុត និងតង្វាយមេត្រី នៅចំពោះព្រះ។ 2កាលព្រះបាទដាវីឌបានថ្វាយតង្វាយដុត និងតង្វាយមេត្រីទាំងនោះរួចហើយ ទ្រង់ក៏ប្រទានពរដល់ប្រជាជន ដោយនូវព្រះនាមព្រះយេហូវ៉ា។ 3រួចទ្រង់ចែកនំបុ័ងមួយដុំ សាច់មួយដុំ និងផ្លែទំពាំងបាយជូរមួយផែន ឲ្យដល់សាសន៍អ៊ីស្រាអែលគ្រប់ៗគ្នា ទាំងប្រុសទាំងស្រី។
4ទ្រង់ក៏តម្រូវពួកលេវីខ្លះ ឲ្យធ្វើការងារនៅចំពោះហិបនៃព្រះយេហូវ៉ា ដើម្បីរំឭក អរព្រះគុណ ហើយសរសើរដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល 5គឺអេសាភជាមេ ហើយបន្ទាប់មក មានសាការី យីអែល សេមីរ៉ាម៉ូត យេហ៊ីអែល ម៉ាធិធា អេលាប បេណាយ៉ា អូបិឌ-អេដុម និងយីអែល សុទ្ធតែកាន់ពិណ និងស៊ុង ហើយអេសាភជាអ្នកវាយឈិងឲ្យឮរងំ 6ឯបេណាយ៉ា និងយ៉ាហាសៀល ជាពួកសង្ឃ ក៏ផ្លុំត្រែជានិច្ច នៅចំពោះហិបនៃសេចក្ដីសញ្ញារបស់ព្រះ។
ទំនុកអព្រះគុណរបស់ព្រះបាទដាវីឌ
7នៅថ្ងៃនោះ ព្រះបាទដាវីឌបានបង្គាប់មុនដំបូង ឲ្យមានការអរព្រះគុណដល់ព្រះយេហូវ៉ា តាមរយៈអេសាភ និងពួកបងប្អូនលោកថា៖
8ចូរអរព្រះគុណដល់ព្រះយេហូវ៉ា
ចូរអំពាវនាវដល់ព្រះនាមព្រះអង្គចុះ
ចូរសម្ដែងពីអស់ទាំងការនៃព្រះអង្គ
នៅកណ្ដាលគ្រប់ទាំងសាសន៍
9ចូរច្រៀងថ្វាយព្រះអង្គ
ចូរច្រៀងសរសើរដល់ព្រះអង្គចុះ
ចូរនឹកថ្លែងពីអស់ទាំងការអស្ចារ្យរបស់ព្រះអង្គ
10ចូរមានចិត្តរីករាយ
ដោយនូវព្រះនាមបរិសុទ្ធរបស់ព្រះអង្គ
ចូរឲ្យអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា
មានចិត្តអរសប្បាយឡើង
11ចូរសង្កិនរកព្រះយេហូវ៉ា
និងឥទ្ធានុភាពរបស់ព្រះអង្គ
ចូររកព្រះភក្ត្រព្រះអង្គជានិច្ច
12ចូរនឹកចាំពីអស់ទាំងការអស្ចារ្យ
ដែលព្រះអង្គបានធ្វើ គឺពីការចំឡែករបស់ព្រះអង្គ
និងពីសេចក្ដីយុត្តិធម៌ដែលចេញពីព្រះឧស្ឋ
របស់ព្រះអង្គមក
13ឱពូជពង្សអ៊ីស្រាអែល ជាពួកបម្រើរបស់ព្រះអង្គ
គឺពួកកូនចៅយ៉ាកុប
ជាពួកអ្នកជ្រើសរើសរបស់ព្រះអង្គអើយ
14ព្រះអង្គជាព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា
សេចក្ដីបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះអង្គ
នៅពេញពាសលើផែនដី
15ចូរនឹកចាំពីសេចក្ដីសញ្ញារបស់ព្រះអង្គជាដរាប
គឺជាព្រះបន្ទូល ដែលព្រះអង្គបានបង្គាប់
ដល់មនុស្សទាំងពាន់តំណ
16ជាសេចក្ដីសញ្ញាដែលព្រះអង្គបានតាំង
នឹងលោកអ័ប្រាហាំ ហើយជាសេចក្ដីសម្បថ
ដែលព្រះអង្គបានស្បថនឹងលោកអ៊ីសាក
17ព្រមទាំងបញ្ជាក់សេចក្ដីនោះឯងទុកជាច្បាប់ដល់យ៉ាកុប
ហើយដល់អ៊ីស្រាអែល
សម្រាប់ជាសញ្ញាដ៏នៅអស់កល្បជានិច្ច
18ដោយព្រះបន្ទូលថា យើងនិងឲ្យស្រុកកាណានដល់ឯង
ទុកជាចំណែកមត៌ករបស់ឯង
19ក្នុងកាលដែលអ្នករាល់គ្នានៅគ្នាតិចនៅឡើយ
គឺមានគ្នាតិចណាស់
ក៏គ្រាន់តែស្នាក់នៅស្រុកនេះប៉ុណ្ណោះផង
20គេចេញដំណើរពីនគរមួយទៅនគរមួយ
ហើយពីសាសន៍មួយដល់សាសន៍មួយទៀត
21ព្រះអង្គមិនបើកឲ្យមនុស្សណាសង្កត់សង្កិនគេឡើយ
ព្រះអង្គបានបន្ទោសដល់ទាំងពួកស្តេចដោយព្រោះគេផង
22ដោយព្រះបន្ទូលថា
កុំពាល់ពួកដែលយើងបានចាក់ប្រេងឲ្យឡើយ
ក៏កុំឲ្យធ្វើបាបដល់ពួកហោរារបស់យើងដែរ
23ឱលោកីយ៍ទាំងមូលអើយ
ចូរច្រៀងថ្វាយព្រះយេហូវ៉ាចុះ
ហើយសម្ដែងពីសេចក្ដីសង្គ្រោះរបស់ព្រះអង្គរាល់ៗថ្ងៃ
24ចូរថ្លែងប្រាប់ពីសិរីល្អរបស់ព្រះអង្គ
នៅក្នុងគ្រប់ទាំងនគរ ហើយពីការអស្ចារ្យរបស់ព្រះអង្គ
នៅកណ្ដាលអស់ទាំងសាសន៍
25ដ្បិតព្រះយេហូវ៉ាជាធំ ក៏គួរសរសើរណាស់
ហើយគួរស្ញែងខ្លាចលើសជាងអស់ទាំងព្រះ
26ព្រោះអស់ទាំងព្រះនៃសាសន៍ដទៃសុទ្ធតែជារូបទទេ
តែឯព្រះយេហូវ៉ាវិញ ព្រះអង្គបានបង្កើតផ្ទៃមេឃ
27ឯសេចក្ដីរុងរឿង ហើយសិរីលម្អ
នោះនៅចំពោះព្រះអង្គ ឥទ្ធានុភាព
និងអំណរក៏នៅទីកន្លែងរបស់ព្រះអង្គ
28ឱអស់ទាំងសាសន៍អើយ ចូរទទួលថ្លែងពីព្រះយេហូវ៉ា
ចូរទទួលថ្លែងប្រាប់ថា ព្រះយេហូវ៉ាមានសិរីល្អ និងព្រះចេស្តា
29ចូរទទួលថ្លែងប្រាប់ពីសិរីល្អនៃព្រះយេហូវ៉ា
ឲ្យសំណំនឹងព្រះនាមព្រះអង្គ
ចូរនាំយកតង្វាយមួយមកនៅចំពោះព្រះយេហូវ៉ាចុះ
ហើយថ្វាយបង្គំដល់ព្រះអង្គ ដោយសិរីលម្អនៃសេចក្ដីបរិសុទ្ធ
30គ្រប់ផែនដីអើយ ចូរភ័យញ័រនៅចំពោះព្រះអង្គចុះ
ឯលោកីយ នោះក៏បានតាំងជាមាំមួនហើយ
នឹងកក្រើករញ្ជួយមិនបានឡើយ
31ចូរឲ្យផ្ទៃមេឃមានអំណរ
ហើយឲ្យផែនដីបានត្រេកអរឡើង
ឲ្យបានថ្លែងនៅគ្រប់ទាំងសាសន៍ថា
ព្រះយេហូវ៉ាសោយរាជ្យ
32ចូរឲ្យសមុទ្រ និងបណ្ដាដែលនៅក្នុងនោះទាំងប៉ុន្មាន
បានឮកងរំពងឡើង ចូរឲ្យស្រែចម្ការ
និងរបស់ដែលមាននៅទីនោះទាំងប៉ុន្មាន
មានសេចក្ដីរីករាយអរសប្បាយផង
33ចូរឲ្យដើមឈើនៅព្រៃបញ្ចេញសូរយ៉ាងសប្បាយ
នៅចំពោះព្រះយេហូវ៉ា ដ្បិតព្រះអង្គយាងមក
ដើម្បីជំនុំជម្រះផែនដី
34ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ
ព្រោះសេចក្ដីសប្បុរសរបស់ព្រះអង្គនៅអស់កល្បជានិច្ច
35ចូរទូលថា ឱព្រះនៃសេចក្ដីសង្គ្រោះនៃយើងខ្ញុំអើយ
សូមជួយសង្គ្រោះយើងខ្ញុំផង
សូមប្រមូលបំប្រួមយើងខ្ញុំ ហើយប្រោសយើងខ្ញុំ
ឲ្យរួចពីពួកសាសន៍ដទៃ ប្រយោជន៍ឲ្យបានពោលពាក្យអរព្រះគុណ
ដល់ព្រះនាមបរិសុទ្ធរបស់ព្រះអង្គ
ហើយមានសេចក្ដីរីករាយ
ក្នុងសេចក្ដីសរសើរតម្កើងដល់ព្រះអង្គ
36សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា
ជាព្រះនៃសាសន៍អ៊ីស្រាអែល ចាប់តាំងពីអស់កល្ប
ដរាបដល់អស់កល្បជានិច្ច។
បន្ទាប់មក ប្រជាជនទាំងអស់ក៏ថា អាម៉ែន ហើយសរសើរតម្កើងដល់ព្រះយេហូវ៉ា។
ការថ្វាយបង្គំទៀងទាត់
37ព្រះបាទដាវីឌទុកឲ្យអេសាភ និងបងប្អូនលោកនៅចំពោះហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ឲ្យបានធ្វើការងារនៅទីនោះ តាមដែលត្រូវការរាល់តែថ្ងៃជានិច្ច 38ហើយក៏មានអូបិឌ-អេដុម ព្រមទាំងបងប្អូនរបស់លោក ចំនួនហុកសិបប្រាំបីនាក់ ឯអូបិឌ-អេដុម ជាកូនយេឌូថិន និងហូសា ឲ្យធ្វើជាឆ្មាំទ្វារ។ 39ចំណែកសង្ឃសាដុក និងពួកសង្ឃដែលជាបងប្អូនរបស់លោកបានតាំងឲ្យនៅមុខរោងឧបោសថនៃព្រះយេហូវ៉ា ដែលនៅលើទីខ្ពស់ ត្រង់គីបៀន 40ដើម្បីថ្វាយតង្វាយដល់ព្រះយេហូវ៉ា នៅលើអាសនា ដែលសម្រាប់តង្វាយដុត រាល់ព្រឹក រាល់ល្ងាចជានិច្ច តាមគ្រប់ទាំងសេចក្ដីដែលបានចែងទុកមកក្នុងក្រឹត្យវិន័យព្រះយេហូវ៉ា ដែលព្រះអង្គបានបង្គាប់ដល់ពួកអ៊ីស្រាអែល។ 41មានទាំងហេម៉ាន និងយេឌូថិននៅជាមួយដែរ ព្រមទាំងពួកអ្នកឯទៀត ដែលបានតម្រូវដោយឈ្មោះ ដើម្បីអរព្រះគុណដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្ដីសប្បុរសព្រះអង្គនៅអស់កល្បជានិច្ច។ 42ហេម៉ាន និងយេឌូថិន មានត្រែ និងឈិង សម្រាប់ពួកអ្នកភ្លេង និងប្រដាប់ឯទៀតសម្រាប់ប្រកបភ្លេងថ្វាយព្រះ ហើយពួកកូនចៅយេឌូថិន នៅត្រង់មាត់ទ្វារ។ 43រួចបណ្ដាជនក៏វិលទៅផ្ទះគេរៀងខ្លួនទៅ ហើយព្រះបាទដាវីឌក៏ត្រឡប់ទៅ ដើម្បីឲ្យពរដល់ពួកញាតិវង្សរបស់ព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
១ របាក្សត្រ 16: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies