១ របា‌ក្សត្រ 16:7-36

១ របា‌ក្សត្រ 16:7-36 គកស១៦

នៅ​ថ្ងៃ​នោះ ព្រះបាទ​ដាវីឌ​បាន​បង្គាប់​មុន​ដំបូង ឲ្យ​មាន​ការ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា តាម​រយៈ​អេសាភ និង​ពួក​បង‌ប្អូន​លោក​ថា៖ ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ចូរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ​ចុះ ចូរ​សម្ដែង​ពី​អស់​ទាំង​ការ​នៃ​ព្រះ‌អង្គ នៅ​កណ្ដាល​គ្រប់​ទាំង​សាសន៍ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អង្គ ចូរ​ច្រៀង​សរសើរ​ដល់​ព្រះ‌អង្គ​ចុះ ចូរ​នឹក​ថ្លែង​ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ ចូរ​មាន​ចិត្ត​រីក‌រាយ ដោយ​នូវ​ព្រះ‌នាម​បរិសុទ្ធ​របស់​ព្រះ‌អង្គ ចូរ​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា មាន​ចិត្ត​អរ​សប្បាយ​ឡើង ចូរ​សង្កិន​រក​ព្រះ‌យេហូវ៉ា និង​ឥទ្ធា‌នុភាព​របស់​ព្រះ‌អង្គ ចូរ​រក​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ជា‌និច្ច ចូរ​នឹក​ចាំ​ពី​អស់​ទាំង​ការ​អស្ចារ្យ ដែល​ព្រះ‌អង្គ​បាន​ធ្វើ គឺ​ពី​ការ​ចំឡែក​របស់​ព្រះ‌អង្គ និង​ពី​សេចក្ដី​យុត្តិ‌ធម៌​ដែល​ចេញ​ពី​ព្រះ‌ឧស្ឋ របស់​ព្រះ‌អង្គ​មក ឱ​ពូជ​ពង្ស​អ៊ីស្រា‌អែល ជា​ពួក​បម្រើ​របស់​ព្រះ‌អង្គ គឺ​ពួក​កូន​ចៅ​យ៉ាកុប ជា​ពួក​អ្នក​ជ្រើស‌រើស​របស់​ព្រះ‌អង្គ​អើយ ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា សេចក្ដី​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ នៅ​ពេញ‌ពាស​លើ​ផែនដី ចូរ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​របស់​ព្រះ‌អង្គ​ជា​ដរាប គឺ​ជា​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​បង្គាប់ ដល់​មនុស្ស​ទាំង​ពាន់​តំណ ជា​សេចក្ដី​សញ្ញា​ដែល​ព្រះ‌អង្គ​បាន​តាំង នឹង​លោក​អ័ប្រា‌ហាំ ហើយ​ជា​សេចក្ដី​សម្បថ ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹង​លោក​អ៊ីសាក ព្រម​ទាំង​បញ្ជាក់​សេចក្ដី​នោះ​ឯង​ទុក​ជា​ច្បាប់​ដល់​យ៉ាកុប ហើយ​ដល់​អ៊ីស្រា‌អែល សម្រាប់​ជា​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច ដោយ​ព្រះ‌បន្ទូល​ថា យើង​និង​ឲ្យ​ស្រុក​កាណាន​ដល់​ឯង ទុក​ជា​ចំណែក​មត៌ក​របស់​ឯង ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា​នៅ​គ្នា​តិច​នៅ​ឡើយ គឺ​មាន​គ្នា​តិច​ណាស់ ក៏​គ្រាន់​តែ​ស្នាក់​នៅ​ស្រុក​នេះ​ប៉ុណ្ណោះ​ផង គេ​ចេញ​ដំណើរ​ពី​នគរ​មួយ​ទៅ​នគរ​មួយ ហើយ​ពី​សាសន៍​មួយ​ដល់​សាសន៍​មួយ​ទៀត ព្រះ‌អង្គ​មិន​បើក​ឲ្យ​មនុស្ស​ណា​សង្កត់‌សង្កិន​គេ​ឡើយ ព្រះ‌អង្គ​បាន​បន្ទោស​ដល់​ទាំង​ពួក​ស្តេច​ដោយ​ព្រោះ​គេ​ផង ដោយ​ព្រះ‌បន្ទូល​ថា កុំ​ពាល់​ពួក​ដែល​យើង​បាន​ចាក់​ប្រេង​ឲ្យ​ឡើយ ក៏​កុំ​ឲ្យ​ធ្វើ​បាប​ដល់​ពួក​ហោរា​របស់​យើង​ដែរ ឱ​លោកីយ៍​ទាំង​មូល​អើយ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​សម្ដែង​ពី​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌អង្គ​រាល់ៗ​ថ្ងៃ ចូរ​ថ្លែង​ប្រាប់​ពី​សិរី‌ល្អ​របស់​ព្រះ‌អង្គ នៅ​ក្នុង​គ្រប់​ទាំង​នគរ ហើយ​ពី​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ធំ ក៏​គួរ​សរសើរ​ណាស់ ហើយ​គួរ​ស្ញែង​ខ្លាច​លើស​ជាង​អស់​ទាំង​ព្រះ ព្រោះ​អស់​ទាំង​ព្រះ​នៃ​សាសន៍​ដទៃ​សុទ្ធ​តែ​ជា​រូប​ទទេ តែ​ឯ​ព្រះ‌យេហូវ៉ា​វិញ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ ឯ​សេចក្ដី​រុងរឿង ហើយ​សិរី​លម្អ នោះ​នៅ​ចំពោះ​ព្រះ‌អង្គ ឥទ្ធា‌នុភាព និង​អំណរ​ក៏​នៅ​ទី​កន្លែង​របស់​ព្រះ‌អង្គ ឱ​អស់​ទាំង​សាសន៍​អើយ ចូរ​ទទួល​ថ្លែង​ពី​ព្រះ‌យេហូវ៉ា ចូរ​ទទួល​ថ្លែង​ប្រាប់​ថា ព្រះ‌យេហូវ៉ា​មាន​សិរី‌ល្អ និង​ព្រះ‌ចេស្តា ចូរ​ទទួល​ថ្លែង​ប្រាប់​ពី​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​សំណំ​នឹង​ព្រះ‌នាម​ព្រះ‌អង្គ ចូរ​នាំ​យក​តង្វាយ​មួយ​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​ថ្វាយ​បង្គំ​ដល់​ព្រះ‌អង្គ ដោយ​សិរី​លម្អ​នៃ​សេចក្ដី​បរិសុទ្ធ គ្រប់​ផែនដី​អើយ ចូរ​ភ័យ‌ញ័រ​នៅ​ចំពោះ​ព្រះ‌អង្គ​ចុះ ឯ​លោកីយ នោះ​ក៏​បាន​តាំង​ជា​មាំ‌មួន​ហើយ នឹង​កក្រើក​រញ្ជួយ​មិន​បាន​ឡើយ ចូរ​ឲ្យ​ផ្ទៃ​មេឃ​មាន​អំណរ ហើយ​ឲ្យ​ផែនដី​បាន​ត្រេក‌អរ​ឡើង ឲ្យ​បាន​ថ្លែង​នៅ​គ្រប់​ទាំង​សាសន៍​ថា ព្រះ‌យេហូវ៉ា​សោយ‌រាជ្យ ចូរ​ឲ្យ​សមុទ្រ និង​បណ្ដា​ដែល​នៅ​ក្នុង​នោះ​ទាំង​ប៉ុន្មាន បាន​ឮ​កង​រំពង​ឡើង ចូរ​ឲ្យ​ស្រែ​ចម្ការ និង​របស់​ដែល​មាន​នៅ​ទី​នោះ​ទាំង​ប៉ុន្មាន មាន​សេចក្ដី​រីក‌រាយ​អរ​សប្បាយ​ផង ចូរ​ឲ្យ​ដើម​ឈើ​នៅ​ព្រៃ​បញ្ចេញ​សូរ​យ៉ាង​សប្បាយ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​យាង​មក ដើម្បី​ជំនុំ​ជម្រះ​ផែនដី ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​ល្អ ព្រោះ​សេចក្ដី​សប្បុរស​របស់​ព្រះ‌អង្គ​នៅ​អស់​កល្ប​ជា‌និច្ច ចូរ​ទូល​ថា ឱ​ព្រះ​នៃ​សេចក្ដី​សង្គ្រោះ​នៃ​យើង​ខ្ញុំ​អើយ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង សូម​ប្រមូល​បំប្រួម​យើង​ខ្ញុំ ហើយ​ប្រោស​យើង​ខ្ញុំ ឲ្យ​រួច​ពី​ពួក​សាសន៍​ដទៃ ប្រយោជន៍​ឲ្យ​បាន​ពោល​ពាក្យ​អរ​ព្រះ‌គុណ ដល់​ព្រះ‌នាម​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​មាន​សេចក្ដី​រីក‌រាយ ក្នុង​សេចក្ដី​សរសើរ​តម្កើង​ដល់​ព្រះ‌អង្គ សូម​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ចាប់​តាំង​ពី​អស់​កល្ប ដរាប​ដល់​អស់​កល្ប​ជា‌និច្ច។ បន្ទាប់​មក ប្រជា​‌ជន​ទាំង​អស់​ក៏​ថា អាម៉ែន ហើយ​សរសើរ​តម្កើង​ដល់​ព្រះ‌យេហូវ៉ា។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ របា‌ក្សត្រ 16:7-36