ទំនុកតម្កើង 70

70
ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​សង្គ្រោះ​ទូលបង្គំ
បទ​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។ សម្រាប់​ពិធី​រំឭក។
1ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​យាង​មក​រំដោះ​ទូលបង្គំ​ផង!
ព្រះ‌អម្ចាស់​អើយ
សូម​យាង​មក​សង្គ្រោះ​ទូលបង្គំ​ជា​ប្រញាប់!
2សូម​ឲ្យ​អស់​អ្នក​ដែល​ប៉ុន‌ប៉ង
ព្យាបាទ​ជីវិត​ទូលបង្គំ
ត្រូវ​អាប់​ឱន និង​អាម៉ាស់​មុខ!
សូម​ឲ្យ​អស់​អ្នក​ដែល​ចង់​ធ្វើ​ឲ្យ​ទូលបង្គំ
វេទនា ត្រូវ​ដក​ខ្លួន​ថយ និង​បាក់​មុខ!
3សូម​ឲ្យ​អស់​អ្នក​ដែល​សើច​ចំអក​ដាក់​ទូលបង្គំ
ត្រូវ​បរា‌ជ័យ ទាំង​បាត់​បង់​កិត្តិយស!
4រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ​វិញ
សូម​ឲ្យ​គេ​បាន​សប្បាយ​រីក‌រាយ
រួម​ជា​មួយ​ព្រះអង្គ
សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់
ការ​សង្គ្រោះ​របស់​ព្រះអង្គ
អាច​ថ្លែង​ឥត​ឈប់​ឈរ​ថា
«សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់!»
5ឱ​ព្រះ‌ជាម្ចាស់​អើយ
ទូលបង្គំ​ជា​មនុស្ស​កម្សត់​ទុគ៌ត
សូម​ប្រោស‌ប្រណី​ដល់​ទូលបង្គំ​ផង!
ព្រះអង្គ​តែងតែ​សង្គ្រោះ និង​រំដោះ​ទូលបង្គំ
ឱ​ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​កុំ​បង្អង់​ឡើយ!

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 70: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល