ទំនុកតម្កើង 69
69
ទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គណាស់
បទពីសៀវភៅរបស់គ្រូចម្រៀង។ បទ «ផ្កាម្លិះ»។ ទំនុករបស់ស្ដេចដាវីឌ។
1ឱព្រះជាម្ចាស់អើយ
សូមសង្គ្រោះទូលបង្គំផង
ទឹកឡើងដល់ច្រមុះទូលបង្គំ ហើយ!។
2ទូលបង្គំកាន់តែផុងខ្លួនទៅៗ
ពុំមានអ្វីដែលទូលបង្គំអាចតោងបានឡើយ
ទូលបង្គំលិចចុះទៅក្នុងទឹក
ហើយទឹកក៏ហូរនាំយកទូលបង្គំទៅ។
3ទូលបង្គំលែងមានកម្លាំងស្រែកហៅ
ឲ្យគេជួយទៀតហើយ
ព្រោះទូលបង្គំស្រែករហូតដល់ស្ងួតបំពង់ក
ឱព្រះនៃទូលបង្គំអើយ
ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គរហូតដល់ផ្សាភ្នែក។
4 អ្នកដែលស្អប់ទូលបង្គំដោយឥតមូលហេតុ
មានគ្នាច្រើនជាងសក់ក្បាល
របស់ទូលបង្គំទៅទៀត
ពួកមេបំផ្លាញទាំងនោះមានកម្លាំងខ្លាំងណាស់
ពួកគេរកព្យាបាទទូលបង្គំទាំងយល់ច្រឡំ
តើឲ្យទូលបង្គំសងទៅគេវិញដូចម្ដេចកើត
បើទូលបង្គំមិនបានយករបស់នោះសោះ!
5ឱព្រះជាម្ចាស់អើយ ព្រះអង្គជ្រាបនូវអំពើលេលា
របស់ទូលបង្គំស្រាប់ហើយ
ទោសពៃរ៍របស់ទូលបង្គំ
ពុំអាចលាក់កំបាំងនឹងព្រះអង្គទេ។
6ឱព្រះអម្ចាស់ ឱព្រះអម្ចាស់នៃពិភពទាំងមូលអើយ
សូមកុំឲ្យអស់អ្នកដែលផ្ញើជីវិត
លើព្រះអង្គត្រូវអាម៉ាស់ ព្រោះតែទូលបង្គំ
ឱព្រះនៃជនជាតិអ៊ីស្រាអែលអើយ
សូមកុំឲ្យអស់អ្នកដែលស្វែងរកព្រះអង្គ
ត្រូវបាក់មុខ ព្រោះតែទូលបង្គំ!
7ដ្បិតទូលបង្គំទ្រាំទ្រឲ្យគេជេរប្រមាថ
ទូលបង្គំសុខចិត្តអាម៉ាស់មុខ ព្រោះតែព្រះអង្គ។
8ញាតិសន្ដានរបស់ទូលបង្គំចាត់ទុកទូលបង្គំ
ដូចជនដទៃ
បងប្អូនបង្កើតរបស់ទូលបង្គំចាត់ទុកទូលបង្គំ
ដូចជនបរទេស។
9 មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គ
បានជាគេប្រហារជីវិតទូលបង្គំ
ពាក្យត្មះតិះដៀលរបស់អស់អ្នក
ដែលតិះដៀលព្រះអង្គបានធ្លាក់មកលើទូលបង្គំ។
10ទូលបង្គំយំសោកទាំងតមអាហារ
ដែលធ្វើឲ្យមនុស្សម្នារឹតតែ
ជេរប្រមាថទូលបង្គំថែមទៀត។
11ទូលបង្គំស្លៀកសម្លៀកបំពាក់កាន់ទុក្ខ
ហើយពួកគេនាំគ្នាយករឿងទូលបង្គំ
ទៅលេងសើច។
12គេនាំគ្នានិយាយដើមទូលបង្គំ
នៅតាមទីសាធារណៈ
ហើយមនុស្សប្រមឹកនាំគ្នាយករឿង
ទូលបង្គំទៅច្រៀងឡកឡឺយ។
13ឱព្រះអម្ចាស់អើយ
ទូលបង្គំអង្វររកព្រះអង្គ
ឥឡូវនេះ ជាពេលដែលគាប់ព្រះហឫទ័យ
ព្រះអង្គហើយ
ឱព្រះជាម្ចាស់អើយ
ដោយព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏ធំធេង
ព្រះអង្គពិតជាសង្គ្រោះទូលបង្គំមិនខាន
សូមឆ្លើយតបមកទូលបង្គំផង!។
14សូមរំដោះទូលបង្គំឲ្យរួចពីភក់ជ្រាំនេះ
កុំឲ្យទូលបង្គំផុងខ្លួនទៀតឡើយ!
សូមឲ្យទូលបង្គំបានរួចផុត
ពីកណ្ដាប់ដៃរបស់អស់អ្នកដែលស្អប់ទូលបង្គំ
សូមយកទូលបង្គំចេញពីទឹកដ៏ជ្រៅនេះផង!
15សូមកុំឲ្យចរន្តទឹកនេះ
អាចហូរនាំយកទូលបង្គំទៅបានឡើយ
សូមកុំឲ្យទឹកដ៏ជ្រៅនេះ
កួចយកទូលបង្គំឲ្យលិចលង់
ហើយក៏សូមកុំឲ្យអណ្ដូងនេះ
ឃុំ ទូលបង្គំទុកបានដែរ!
16 ព្រះអម្ចាស់អើយ
ដោយព្រះអង្គមានព្រះហឫទ័យសប្បុរស និងមេត្តាករុណា
សូមឆ្លើយតបមកទូលបង្គំ
ដោយព្រះហឫទ័យអាណិតមេត្តាដ៏ធំធេង
សូមងាកមកទតមើលទូលបង្គំផង!
17សូមកុំលាក់ព្រះភ័ក្ត្រនឹងទូលបង្គំ
ដែលជាអ្នកបម្រើរបស់ព្រះអង្គឡើយ
សូមមេត្តាឆ្លើយតបមកទូលបង្គំជាប្រញាប់
ដ្បិតទូលបង្គំកំពុងតែមានអាសន្ន!
18សូមយាងមកជិតទូលបង្គំ
ហើយលោះជីវិតទូលបង្គំ
សូមរំដោះទូលបង្គំឲ្យរួចពីកណ្ដាប់ដៃ
របស់ខ្មាំងសត្រូវផង!
19ដ្បិតព្រះអង្គជ្រាបហើយថា
ទូលបង្គំត្រូវគេជេរប្រមាថ
ត្រូវអាម៉ាស់ និងបាត់បង់កិត្តិយស
ព្រះអង្គទតឃើញបច្ចាមិត្តទាំងប៉ុន្មាន
របស់ទូលបង្គំស្រាប់ហើយ។
20ពាក្យជេរប្រមាថរបស់ពួកគេបានធ្វើឲ្យ
ទូលបង្គំមានចិត្តខ្លោចផ្សា និងគ្រាំគ្រា
ទូលបង្គំសង្ឃឹមថានឹងមានគេអាណិតទូលបង្គំ
តែគ្មាននរណាម្នាក់អាណិតសោះ!
ទូលបង្គំសង្ឃឹមថានឹងមានគេរំលែកទុក្ខទូលបង្គំ
តែរកមិនបានឡើយ!
21 ពួកគេដាក់ថ្នាំបំពុលនៅក្នុង
ម្ហូបអាហាររបស់ទូលបង្គំ
ហើយនៅពេលទូលបង្គំស្រេកទឹក
គេបែរជាយកទឹកខ្មេះ
មកឲ្យទូលបង្គំទៅវិញ។
22 សូមឲ្យតុ និងពិធីជប់លៀង
ដ៏សក្ការៈរបស់ពួកគេ
ក្លាយទៅជាអន្ទាក់នាំពួកគេឲ្យវិនាស!
23សូមឲ្យភ្នែករបស់គេត្រឡប់
ទៅជាងងឹតមើលអ្វីលែងឃើញ
ហើយសូមឲ្យគេកោងខ្នងរហូតតទៅ!
24សូមព្រះអង្គធ្វើទោសពួកគេយ៉ាងធ្ងន់
ហើយសូមធ្វើទារុណកម្មពួកគេ
ឥតត្រាប្រណីឡើយ។
25 សូមឲ្យលំនៅរបស់គេក្លាយទៅជាទីស្ងាត់ជ្រងំ
ហើយសូមកុំឲ្យមាននរណារស់នៅ
ក្នុងផ្ទះរបស់ពួកគេទៀតឡើយ!
26ដ្បិតពួកគេតាមព្យាបាទអស់អ្នក
ដែលព្រះអង្គបានដាក់ទោសរួចហើយ
ពួកគេធ្វើឲ្យអស់អ្នកដែលព្រះអង្គបានវាយ
ឲ្យរបួសនោះ រឹងរឹតតែឈឺចាប់ថែមទៀត។
27សូមព្រះអង្គកត់ត្រាទុកនូវកំហុសរបស់ពួកគេ
សូមកុំអត់ទោសឲ្យពួកគេឡើយ!
28 សូមលុបឈ្មោះពួកគេចេញពីបញ្ជីជីវិត
សូមកុំរាប់ពួកគេចូលទៅ
ក្នុងចំណោមមនុស្សឲ្យសោះ ។
29ចំពោះទូលបង្គំ ទូលបង្គំជាមនុស្សកម្សត់ទុគ៌ត
និងឈឺចុកចាប់ ឱព្រះជាម្ចាស់អើយ!
សូមសង្គ្រោះទូលបង្គំ
សូមលើកទូលបង្គំឡើងវិញផង។
30ខ្ញុំនឹងច្រៀងសរសើរតម្កើង
ព្រះនាមព្រះជាម្ចាស់
ខ្ញុំនឹងប្រកាសអំពីភាពថ្កុំថ្កើង
រុងរឿងរបស់ព្រះអង្គ ទាំងកោតសរសើរ។
31ការលើកតម្កើងបែបនេះ
គាប់ព្រះហឫទ័យព្រះអម្ចាស់
ជាងការថ្វាយគោឈ្មោល
ឬថ្វាយគោឡើងកទៅទៀត។
32ពេលមនុស្សទុគ៌តឃើញព្រះអង្គរំដោះខ្ញុំដូច្នេះ
គេនឹងមានអំណរសប្បាយ។
អស់អ្នកដែលស្វែងរកព្រះជាម្ចាស់អើយ
សូមឲ្យអ្នករាល់គ្នាមានអាយុវែង!
33ដ្បិតព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់
ពាក្យរបស់មនុស្សកម្សត់ទុគ៌ត
ហើយនៅពេលប្រជារាស្ត្ររបស់ព្រះអង្គ
ជាប់ឃុំឃាំង ព្រះអង្គមិនបំភ្លេចគេឡើយ។
34សូមឲ្យផ្ទៃមេឃ និងផែនដី
សរសើរតម្កើងព្រះអង្គ
ហើយសូមឲ្យសមុទ្រទាំងឡាយ
និងអ្វីៗដែលរស់នៅក្នុងសមុទ្រ
សរសើរតម្កើងព្រះអង្គដែរ
35ដ្បិតព្រះជាម្ចាស់នឹងសង្គ្រោះក្រុងស៊ីយ៉ូន
ព្រះអង្គនឹងសង់ក្រុងទាំងឡាយ
នៅស្រុកយូដាឡើងវិញ
ប្រជាជននឹងរស់នៅក្នុងស្រុក
ហើយនឹងកាន់កាប់ទឹកដីជាកម្មសិទ្ធិសាជាថ្មី។
36ពូជពង្សអ្នកបម្រើរបស់ព្រះអង្គ
នឹងទទួលទឹកដីជាមត៌ក
ហើយអស់អ្នកដែលស្រឡាញ់ព្រះនាមព្រះអង្គ
នឹងតាំងទីលំនៅលើទឹកដីនោះ!
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 69: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.