លេវីវិន័យ 17

17
ភាព​វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល
កន្លែង​ដែល​ត្រូវ​ថ្វាយ​យញ្ញ‌បូជា
1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖ 2«ចូរ​ប្រាប់​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ ព្រម​ទាំង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ថា ព្រះ‌អម្ចាស់​បាន​បង្គាប់​ដូច​ត​ទៅ:
3ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល បើ​បុរស​ណា​ម្នាក់​ចង់​ចាក់​ក​គោ ចៀម ឬ​ពពែ​ក្នុង​ជំរំ ឬ​ក្រៅ​ជំរំ 4ត្រូវ​តែ​នាំ​សត្វ​នោះ​មក​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ដើម្បី​ថ្វាយ​ជា​តង្វាយ​ដល់​ព្រះអង្គ នៅ​មុខ​ព្រះ‌ពន្លា។ ប្រសិន​បើ​អ្នក​នោះ​មិន​ធ្វើ​ដូច្នេះ​ទេ ត្រូវ​ទារ​ឈាម​ដែល​គាត់​បាន​បង្ហូរ ដោយ​ដក​គាត់​ចេញ​ពី​ក្នុង​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។ 5ធ្វើ​ដូច្នេះ ដើម្បី​ឃាត់​ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​ឲ្យ​សម្លាប់​សត្វ​ធ្វើ​យញ្ញ‌បូជា នៅ​តាម​ទី​វាល។ គេ​ត្រូវ​នាំ​សត្វ​យក​មក​ជូន​បូជា‌ចារ្យ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​ថ្វាយ​ដល់​ព្រះ‌អម្ចាស់​ទុក​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ 6បូជា‌ចារ្យ​ត្រូវ​ប្រោះ​ឈាម​សត្វ​លើ​អាសនៈ​របស់​ព្រះ‌អម្ចាស់ នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ បូជា‌ចារ្យ​ត្រូវ​ដុត​ខ្លាញ់​សត្វ​នោះ ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់7ធ្វើ​ដូច្នេះ ពួក​គេ​នឹង​លែង​ក្បត់​យើង ដោយ​ថ្វាយ​យញ្ញ‌បូជា​ទៅ​ព្រះ​ក្លែង‌ក្លាយ ដែល​មាន​រូប​រាង​ដូច​ពពែ​ឈ្មោល​ទៀត​ហើយ។ នេះ​ជា​ច្បាប់​ដែល​ពួក​គេ និង​ពូជ‌ពង្ស​របស់​ពួក​គេ ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ។ 8ចូរ​ប្រាប់​ពួក​គេ​ថា ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ឬ​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ ប្រសិន​បើ​មាន​បុរស​ណា​ម្នាក់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​យញ្ញ‌បូជា​អ្វី​មួយ 9តែ​មិន​នាំ​សត្វ​នោះ​មក​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់​ទេ ត្រូវ​ដក​បុរស​នោះ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន»។
ការ​ហាម​ឃាត់​បរិភោគ​ឈាម
10 «ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ឬ​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ ប្រសិន​បើ​មាន​បុរស​ណា​ម្នាក់​បរិភោគ​ឈាម​អ្វី​ក៏​ដោយ យើង​នឹង​ដាក់​ទោស​អ្នក​ដែល​បរិភោគ​នោះ ហើយ​ដក​គេ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន 11 ដ្បិត​ជីវិត​របស់​សត្វ​លោក​ស្ថិត​នៅ​ក្នុង​ឈាម។ ហេតុ​នេះ​ហើយ​បាន​យើង​ឲ្យ​អ្នក​រាល់​គ្នា​បង្ហូរ​ឈាម​នៅ​លើ​អាសនៈ ដើម្បី​ធ្វើ​ពិធី​រំដោះ​បាប។ ឈាម​អាច​រំដោះ​បាប​បាន ព្រោះ​នៅ​ក្នុង​ឈាម​មាន​ជីវិត។ 12ហេតុ​នេះ យើង​ហាម​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា: ក្នុង​ចំណោម​អ្នក​រាល់​គ្នា និង​ជន​បរ‌ទេស​ដែល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​បរិភោគ​ឈាម​ជា​ដាច់​ខាត។ 13ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ ប្រសិន​បើ​នរណា​ម្នាក់​បរ​បាញ់​សត្វ​ចតុ‌ប្បាទ ឬ​សត្វ​ស្លាប​ណា​មួយ​ដែល​អាច​បរិភោគ​បាន គេ​ត្រូវ​សម្រក់​ឈាម​សត្វ​នោះ​លើ​ដី ហើយ​យក​ធូលី​ដី​លុប​ពី​លើ។ 14ជីវិត​របស់​សត្វ​លោក​ទាំង​អស់​ស្ថិត​នៅ​ក្នុង​ឈាម​របស់​ខ្លួន។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ហាម​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា “អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ឈាម​របស់​សត្វ​លោក​ណា​មួយ​ឡើយ ដ្បិត​ជីវិត​របស់​សត្វ​លោក​ទាំង​អស់​ស្ថិត​នៅ​ក្នុង​ឈាម​របស់​ខ្លួន។ អ្នក​ណា​បរិភោគ​ឈាម ត្រូវ​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន”។
15មនុស្ស​ទាំង​អស់​ក្នុង​ចំណោម​ម្ចាស់​ស្រុក ឬ​ជន​បរ‌ទេស ដែល​បរិភោគ​សត្វ​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​ព្រៃ​ហែក ត្រូវ​យក​ទឹក​លាង​សម្អាត​សម្លៀក‌បំពាក់ និង​រូប​កាយ​របស់​ខ្លួន គេ​នៅ​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច រួច​ទើប​បរិសុទ្ធ​ឡើង​វិញ។ 16ប្រសិន​បើ​គេ​មិន​លាង​សម្លៀក‌បំពាក់ និង​រូប​កាយ​របស់​ខ្លួន​ទេ គេ​មាន​កំហុស​ហើយ»។

ទើបបានជ្រើសរើសហើយ៖

លេវីវិន័យ 17: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល