លេវីវិន័យ 17
17
ភាពវិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
កន្លែងដែលត្រូវថ្វាយយញ្ញបូជា
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖ 2«ចូរប្រាប់អើរ៉ុន និងកូនប្រុសរបស់គាត់ ព្រមទាំងជនជាតិអ៊ីស្រាអែលទាំងមូលថា ព្រះអម្ចាស់បានបង្គាប់ដូចតទៅ:
3ក្នុងចំណោមកូនចៅអ៊ីស្រាអែល បើបុរសណាម្នាក់ចង់ចាក់កគោ ចៀម ឬពពែក្នុងជំរំ ឬក្រៅជំរំ 4ត្រូវតែនាំសត្វនោះមកត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់ ដើម្បីថ្វាយជាតង្វាយដល់ព្រះអង្គ នៅមុខព្រះពន្លា។ ប្រសិនបើអ្នកនោះមិនធ្វើដូច្នេះទេ ត្រូវទារឈាមដែលគាត់បានបង្ហូរ ដោយដកគាត់ចេញពីក្នុងចំណោមប្រជាជនរបស់ខ្លួន។ 5ធ្វើដូច្នេះ ដើម្បីឃាត់ជនជាតិអ៊ីស្រាអែលមិនឲ្យសម្លាប់សត្វធ្វើយញ្ញបូជា នៅតាមទីវាល។ គេត្រូវនាំសត្វយកមកជូនបូជាចារ្យនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់ ហើយថ្វាយដល់ព្រះអម្ចាស់ទុកជាយញ្ញបូជាមេត្រីភាព។ 6បូជាចារ្យត្រូវប្រោះឈាមសត្វលើអាសនៈរបស់ព្រះអម្ចាស់ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ បូជាចារ្យត្រូវដុតខ្លាញ់សត្វនោះ ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ 7ធ្វើដូច្នេះ ពួកគេនឹងលែងក្បត់យើង ដោយថ្វាយយញ្ញបូជាទៅព្រះក្លែងក្លាយ ដែលមានរូបរាងដូចពពែឈ្មោលទៀតហើយ។ នេះជាច្បាប់ដែលពួកគេ និងពូជពង្សរបស់ពួកគេ ត្រូវកាន់រហូតតទៅ ឥតប្រែប្រួលឡើយ។ 8ចូរប្រាប់ពួកគេថា ក្នុងចំណោមកូនចៅអ៊ីស្រាអែល ឬជនបរទេសដែលរស់នៅជាមួយពួកគេ ប្រសិនបើមានបុរសណាម្នាក់ថ្វាយតង្វាយដុតទាំងមូល ឬយញ្ញបូជាអ្វីមួយ 9តែមិននាំសត្វនោះមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់ ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់ទេ ត្រូវដកបុរសនោះចេញពីចំណោមប្រជាជនរបស់ខ្លួន»។
ការហាមឃាត់បរិភោគឈាម
10 «ក្នុងចំណោមកូនចៅអ៊ីស្រាអែល ឬជនបរទេសដែលរស់នៅជាមួយពួកគេ ប្រសិនបើមានបុរសណាម្នាក់បរិភោគឈាមអ្វីក៏ដោយ យើងនឹងដាក់ទោសអ្នកដែលបរិភោគនោះ ហើយដកគេចេញពីចំណោមប្រជាជនរបស់ខ្លួន 11 ដ្បិតជីវិតរបស់សត្វលោកស្ថិតនៅក្នុងឈាម។ ហេតុនេះហើយបានយើងឲ្យអ្នករាល់គ្នាបង្ហូរឈាមនៅលើអាសនៈ ដើម្បីធ្វើពិធីរំដោះបាប។ ឈាមអាចរំដោះបាបបាន ព្រោះនៅក្នុងឈាមមានជីវិត។ 12ហេតុនេះ យើងហាមជនជាតិអ៊ីស្រាអែលថា: ក្នុងចំណោមអ្នករាល់គ្នា និងជនបរទេសដែលនៅជាមួយអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់បរិភោគឈាមជាដាច់ខាត។ 13ក្នុងចំណោមជនជាតិអ៊ីស្រាអែល និងជនបរទេសដែលរស់នៅជាមួយពួកគេ ប្រសិនបើនរណាម្នាក់បរបាញ់សត្វចតុប្បាទ ឬសត្វស្លាបណាមួយដែលអាចបរិភោគបាន គេត្រូវសម្រក់ឈាមសត្វនោះលើដី ហើយយកធូលីដីលុបពីលើ។ 14ជីវិតរបស់សត្វលោកទាំងអស់ស្ថិតនៅក្នុងឈាមរបស់ខ្លួន។ ហេតុនេះហើយបានជាយើងហាមជនជាតិអ៊ីស្រាអែលថា “អ្នករាល់គ្នាមិនត្រូវបរិភោគឈាមរបស់សត្វលោកណាមួយឡើយ ដ្បិតជីវិតរបស់សត្វលោកទាំងអស់ស្ថិតនៅក្នុងឈាមរបស់ខ្លួន។ អ្នកណាបរិភោគឈាម ត្រូវដកអ្នកនោះចេញពីចំណោមប្រជាជនរបស់ខ្លួន”។
15មនុស្សទាំងអស់ក្នុងចំណោមម្ចាស់ស្រុក ឬជនបរទេស ដែលបរិភោគសត្វងាប់ដោយជំងឺ ឬដោយសត្វព្រៃហែក ត្រូវយកទឹកលាងសម្អាតសម្លៀកបំពាក់ និងរូបកាយរបស់ខ្លួន គេនៅមិនបរិសុទ្ធរហូតដល់ល្ងាច រួចទើបបរិសុទ្ធឡើងវិញ។ 16ប្រសិនបើគេមិនលាងសម្លៀកបំពាក់ និងរូបកាយរបស់ខ្លួនទេ គេមានកំហុសហើយ»។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 17: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.