យេរេមា 47

47
ព្រះ‌បន្ទូល​ស្ដី​អំពី​ជន‌ជាតិ​ភីលីស្ទីន
1 នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​មក​កាន់​លោក​យេរេមា ស្ដី​អំពី​ជន‌ជាតិ​ភីលីស្ទីន មុន​ពេល​ព្រះ‌ចៅ​ផារ៉ោន​មក​វាយ​ក្រុង​កាសា។
2 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
«មាន​ទឹក​ជន់​ឡើង​នៅ​ទិស​ខាង​ជើង
ហើយ​ក្លាយ​ទៅ​ជា​ទន្លេ​ហូរ​យ៉ាង​ខ្លាំង
លិច​ស្រុក និង​អ្វីៗ​ដែល​នៅ​ក្នុង​ស្រុក
លិច​ក្រុង​នានា និង​ប្រជា‌ជន​នៅ​ក្នុង​ក្រុង។
មនុស្ស‌ម្នា​នាំ​គ្នា​ស្រែក
អ្នក​ស្រុក​ទាំង​មូល​បន្លឺ​សំឡេង​យ៉ាង​រន្ធត់
3ព្រោះ​ឮ​ស្នូរ​សន្ធឹក​ជើង​សេះ
និង​សន្ធឹក​កង់​រទេះ​ចម្បាំង​លាន់​ឮ​យ៉ាង​ទ្រហឹង
អឹង‌អាប់​ដូច​ផ្គរ‌លាន់។
ដោយ​អស់​កម្លាំង​ពេក ឪពុក​លែង​ងាក​មើល
មក​កូន​របស់​ខ្លួន​ទៀត។
4ថ្ងៃ​ដែល​ស្រុក​ភីលីស្ទីន​ត្រូវ​ហិន‌ហោច
បាន​មក​ដល់​ហើយ!
ថ្ងៃ​នោះ អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន
លែង​មាន​នរណា​អាច​ជួយ​ទៀត​ឡើយ
ដ្បិត​ព្រះ‌អម្ចាស់​កម្ទេច​ស្រុក​ភីលីស្ទីន
គឺ​ពួក​អ្នក​ដែល​នៅ​សេស‌សល់​ពី​កោះ​កាប់‌ថោរ។
5ក្រុង​កាសា​គ្មាន​នៅ​សល់​អ្វី​សោះ
ក្រុង​អាស្កា‌ឡូន​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ។
អ្នក​ស្រុក​វាល​ទំនាប ​ដែល​នៅ​សេស‌សល់​អើយ
តើ​អ្នក​នៅ​តែ​ឆូត​សាច់​របស់​ខ្លួន
ដល់​កាល​ណា​ទៀត?
6អ្នក​រាល់​គ្នា​ពោល​ថា “ដាវ​របស់​ព្រះ‌អម្ចាស់​អើយ
ដល់​ពេល​ណា​ទើប​សម្រាក?
ចូរ​ចូល​ទៅ​ក្នុង​ស្រោម​វិញ
ហើយ​សម្រាក​ឲ្យ​ស្ងៀម​ទៅ!”
7បើ​ព្រះ‌អម្ចាស់​ចេញ​បញ្ជា​ឲ្យ​វា​ទៅ​ប្រហារ
ក្រុង​អាស្កា‌ឡូន
និង​តំបន់​តាម​មាត់​សមុទ្រ​ហើយ​នោះ
តើ​ឲ្យ​ដាវ​នៅ​ស្ងៀម​ដូច​ម្ដេច​បាន?
វា​ត្រូវ​តែ​តម្រង់​ទៅ​រក​ទី​នោះ!»។

ទើបបានជ្រើសរើសហើយ៖

យេរេមា 47: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល