យេរេមា 48
48
ព្រះបន្ទូលស្ដីអំពីជនជាតិម៉ូអាប់
1 នេះជាព្រះបន្ទូលស្ដីអំពីជនជាតិម៉ូអាប់។
ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់
ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖
«អ្នកដែលរស់នៅលើភ្នំនេបូ ត្រូវវេទនា
ដ្បិតភ្នំនេះវិនាសហិនហោចហើយ!
ក្រុងគារយ៉ាថែមត្រូវអាម៉ាស់
ព្រោះត្រូវខ្មាំងវាយយកបាន
បន្ទាយរបស់គេក៏ត្រូវអាម៉ាស់ និងរលំដែរ។
2ស្រុកម៉ូអាប់បាត់បង់កេរ្តិ៍ឈ្មោះ
នៅក្រុងហេសបូន ខ្មាំងសត្រូវគិតគូរគ្នាថា
“ទៅ! យើងនាំគ្នាលុបក្រុងនេះឲ្យបាត់ពី
ចំណោមប្រជាជាតិទាំងឡាយ!”
រីឯក្រុងម៉ាដម៉េនក៏ដូច្នោះដែរ
អ្នកនឹងត្រូវកម្ទេចឲ្យទៅជាទីស្ងាត់ជ្រងំ
ហើយដាវតាមប្រហារអ្នកពីក្រោយ។
3មានសម្រែកលាន់ឮឡើងពីក្រុងហូរ៉ូណែម
ដែលត្រូវគេកម្ទេច និងបំផ្លាញទាំងស្រុង។
4ស្រុកម៉ូអាប់បែកហើយ
សម្រែកប្រជាជនក៏លាន់ឮឡើងដែរ។
5ពួកគេនាំគ្នាឡើងទៅក្រុងលូគិត ទាំងយំសោក
បច្ចាមិត្តរបស់ពួកគេចុះទៅកាន់
ក្រុងហូរ៉ូណែម ទាំងស្រែកហ៊ោ។
6ចូរនាំគ្នារត់គេច ដើម្បីឲ្យបានរួចជីវិត
ហើយទៅរស់នៅតាមវាលរហោស្ថាន
ដូចគុម្ពបន្លា!។
7ម៉ូអាប់អើយ ហេតុការណ៍នេះកើតមានដូច្នេះ
មកពីអ្នកទុកចិត្តលើស្នាដៃ
និងលើទ្រព្យសម្បត្តិរបស់ខ្លួន
អ្នកនឹងត្រូវខ្មាំងវាយយកបាន
រីឯកេម៉ូសជាព្រះរបស់អ្នក
ក៏ត្រូវគេចាប់យកទៅជាឈ្លើយសឹក
ជាមួយពួកបូជាចារ្យ និងពួកមន្ត្រីដែរ។
8មេបំផ្លាញនឹងចូលទៅក្នុងក្រុងនីមួយៗ
គ្មានក្រុងណាមួយគេចផុតឡើយ
អ្វីៗនៅតាមជ្រលងភ្នំ និងនៅតាមវាលទំនាប
នឹងត្រូវវិនាសអន្តរាយទាំងអស់។
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9ចូររៀបចំផ្នូរឲ្យម៉ូអាប់ទៅ
ដ្បិតស្រុកនេះត្រូវអន្តរាយហើយ!
ក្រុងទាំងឡាយនៅស្រុកម៉ូអាប់នឹងត្រូវ
កម្ទេចឲ្យវិនាសហិនហោច
គ្មានប្រជាជនរស់នៅទៀតឡើយ។
10អ្នកណាបំពេញកិច្ចការរបស់ព្រះអម្ចាស់
ដោយខ្ជីខ្ជា គឺពុំបានធ្វើឲ្យដាវរបស់ខ្លួន
ប្រឡាក់ជោកទៅដោយឈាមទេ
អ្នកនោះត្រូវបណ្ដាសាជាពុំខាន!
11តាំងពីក្មេងរៀងមក ម៉ូអាប់ពុំដែលមានកង្វល់
អ្វីទាល់តែសោះ
គេសម្រាកយ៉ាងស្រួល ឥតដែលមាននរណា
ដឹកយកទៅជាឈ្លើយសឹកឡើយ។
គេប្រៀបដូចជាស្រាដែលគ្មាននរណាផ្ទេរទៅ
ដបផ្សេងទេ តែស្ថិតនៅក្នុងដបដដែល
ហើយរក្សារសជាតិដើម ឥតដូរសោះ។
12ហេតុនេះ នៅគ្រាខាងមុខ យើងនឹងចាត់មនុស្សឲ្យមកផ្ទេរម៉ូអាប់ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- អ្នកទាំងនោះនឹងចាក់ម៉ូអាប់ចេញពីដប ហើយបំបែកពាងរបស់ពួកគេចោល។ 13ម៉ូអាប់មុខជាខកចិត្តនឹងកេម៉ូស ជាព្រះរបស់ខ្លួន ដូចជនជាតិអ៊ីស្រាអែលខកចិត្តនឹងបេតអែល ជាទីពឹងផ្អែករបស់ពួកគេដែរ។
14អ្នកស្រុកម៉ូអាប់អើយ ហេតុដូចម្ដេចបានជា
អ្នករាល់គ្នាហ៊ានពោលថា
“យើងខ្ញុំជាទាហានដ៏ខ្លាំងពូកែ
យើងខ្ញុំជាពូជអ្នកចម្បាំង” ដូច្នេះ?
15មេបំផ្លាញស្រុកម៉ូអាប់ឡើងទៅ
វាយសម្រុកក្រុងនានានៅស្រុកនោះ
យុវជនដ៏ខ្លាំងពូកែរបស់ពួកគេ
នឹងត្រូវខ្មាំងយកទៅសម្លាប់នៅទីសត្តឃាត។
- នេះជាព្រះបន្ទូលរបស់ព្រះមហាក្សត្រដែល
មាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។
16មហន្តរាយរបស់ម៉ូអាប់ជិតមកដល់ហើយ
ទុក្ខវេទនារបស់ពួកគេនៅជិតបង្កើយ។
17ប្រជាជនទាំងឡាយដែលនៅជិតខាង
ហើយស្គាល់ឈ្មោះម៉ូអាប់យ៉ាងច្បាស់អើយ
ចូរនាំគ្នាមកជួយរំលែកទុក្ខម៉ូអាប់
ដោយពោលថា “ហេតុអ្វីបានជាមហាអំណាច
ត្រូវរលំបែបនេះ?”។
18ប្រជាជនក្រុងឌីបូនអើយ
ចូរលះបង់ភាពរុងរឿងរបស់ខ្លួន
ហើយអង្គុយនៅលើដីហួតហែងទៅ
ដ្បិតមេបំផ្លាញស្រុកម៉ូអាប់កំពុងតែ
ឡើងមកវាយអ្នក
គេនឹងបំផ្លាញកំពែងដ៏រឹងមាំរបស់អ្នក។
19ប្រជាជនក្រុងអារ៉ូអ៊ើរអើយ
ចូរទៅឈរនៅតាមផ្លូវ ហើយចាំឃ្លាំមើលទៅ
ចូរសាកសួរអ្នកដែលរត់រួចខ្លួនថា
តើមានហេតុការណ៍អ្វីកើតឡើង?
20ម៉ូអាប់ត្រូវអាម៉ាស់ ដ្បិតស្រុកនេះរលំហើយ
ចូរនាំគ្នាស្រែកឲ្យអស់ទំហឹង
ចូរប្រកាសនៅតាមស្ទឹងអើណូនថា
ស្រុកម៉ូអាប់វិនាសហិនហោចហើយ!
21ការវិនិច្ឆ័យទោសមកដល់ស្រុកនៅតំបន់វាលទំនាបហើយ គឺក្រុងហូឡូន ក្រុងយ៉ាហាស និងក្រុងមេផាត 22ក្រុងឌីបូន ក្រុងនេបូ ក្រុងបេត-ឌីប្លាថែម 23ក្រុងគារយ៉ាថែម ក្រុងបេតកាមូល ក្រុងបេតមេយ៉ូន 24ក្រុងកេរីយ៉ុត ក្រុងបូសរ៉ា ក្រុងទាំងប៉ុន្មាននៃស្រុកម៉ូអាប់ ទាំងជិតទាំងឆ្ងាយ។
25អំណាចរបស់ម៉ូអាប់ត្រូវរលំ
ហើយកម្លាំងរបស់គេក៏ធ្លាក់ទន់ខ្សោយដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
26ចូរបង្អកម៉ូអាប់ឲ្យស្រវឹងទៅ ព្រោះគេបានបះបោរប្រឆាំងនឹងព្រះអម្ចាស់ ម៉ូអាប់កំពុងននៀលក្នុងកំអួតរបស់ខ្លួន ហើយត្រូវមនុស្សម្នាសើចចំអកឲ្យ។ 27ម៉ូអាប់អើយ ពីមុនអ្នកធ្លាប់សើចចំអកឲ្យអ៊ីស្រាអែល អ្នកងក់ក្បាលឡកឡឺយ ធ្វើហាក់ដូចជាអ៊ីស្រាអែលស្ថិតនៅក្នុងចំណោមចោរដែលគេចាប់បាន។
28ប្រជាជនស្រុកម៉ូអាប់អើយ
ចូរនាំគ្នាបោះបង់ចោលទីក្រុង
ហើយទៅរស់នៅតាមក្រហែងថ្ម
ដូចសត្វព្រាប
ធ្វើសំបុកនៅកន្លៀតថ្មតាមមាត់រូងភ្នំ!
29យើងបានឮគេនិយាយថា
ម៉ូអាប់មានអំនួតខ្លាំងពន់ពេកណាស់
គេវាយឫក ព្រហើន ប្រកាន់ខ្លួន
និងមានចិត្តឆ្មើងឆ្មៃខ្លាំងណាស់»។
30 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងស្គាល់ឫករបស់ម៉ូអាប់ ហើយអ្វីៗដែលគេនិយាយអួតអាង គ្មានបានការទេ អ្វីៗដែលគេធ្វើ ក៏គ្មានបានការដែរ»។
31ហេតុនេះហើយបានជាយើងយំ
ហើយសោកសង្រេងស្រណោះម៉ូអាប់ទាំងមូល
ព្រមទាំងថ្ងូរ ព្រោះតែអ្នកស្រុកគារ-ហារ៉ាសែត។
32ចម្ការទំពាំងបាយជូរនៅស៊ីបម៉ាអើយ
យើងនឹងយំស្រណោះអ្នក
ជាងយំស្រណោះអ្នកក្រុងយ៉ាស៊ើរទៅទៀត
មែករបស់អ្នកលូតហួសសមុទ្រ
ហើយហួសយ៉ាស៊ើរ។
ប៉ុន្តែ មេបំផ្លាញបានកម្ទេចភោគផល
និងផ្លែទំពាំងបាយជូររបស់អ្នក។
33អំណរសប្បាយ និងការរីករាយចេញបាត់
ពីចម្ការទំពាំងបាយជូរ និងពីស្រុកម៉ូអាប់។
យើងក៏ធ្វើឲ្យលែងមានស្រានៅក្នុងធុង
ហើយក៏លែងមាននរណាជាន់ផ្លែទំពាំងបាយជូរ
ទាំងស្រែកយ៉ាងសប្បាយទៀតដែរ
ផ្ទុយទៅវិញ មានតែសម្រែកវេទនាប៉ុណ្ណោះ។
34សម្រែករបស់អ្នកក្រុងហេសបូន លាន់ឮទៅដល់ក្រុងអេឡាឡេ គេបន្លឺសំឡេងឮរហូតទៅដល់ក្រុងយ៉ាហាស់។ សម្រែករបស់ពួកគេលាន់ឮពីក្រុងសូអារ រហូតដល់ក្រុងអេក្លាត-សេលីស៊ីយ៉ា ដ្បិតប្រភពទឹកនៅនីមរីមរីងស្ងួតអស់។
35«យើងនឹងលែងឲ្យមានជនជាតិម៉ូអាប់ឡើងទៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដើម្បីដុតគ្រឿងក្រអូបបូជាព្រះរបស់ខ្លួនទៀតហើយ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
36ហេតុនេះបានជាយើងស្រណោះស្រណោកជនជាតិម៉ូអាប់ ហើយយើងក៏ស្រណោះស្រណោកអ្នកក្រុងគារ-ហារ៉ាសែតដែរ ដ្បិតអ្វីៗដែលពួកគេខំសន្សំត្រូវវិនាសអស់។ 37ពួកគេកោរសក់ កោរពុកមាត់ទាំងអស់គ្នា ហើយឆូតដៃរបស់ខ្លួនគ្រប់ៗគ្នា ព្រមទាំងស្លៀកបាវកាន់ទុក្ខផង។ 38នៅតាមដំបូលផ្ទះទាំងអស់ និងនៅតាមផ្លូវមានឮសូរតែសំណោកកាន់ទុក្ខ ព្រោះយើងបានបំបែកម៉ូអាប់ ដូចថូដែលគេលែងពេញចិត្ត -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 39ចូរនាំគ្នាស្រែកយំទៅ ព្រោះម៉ូអាប់រលំហើយ! ម៉ូអាប់ងាកមុខចេញដោយអាម៉ាស់ ប្រជាជាតិទាំងអស់នៅជុំវិញ នាំគ្នាសើចចំអកឲ្យម៉ូអាប់ ព្រមទាំងស្រឡាំងកាំងទៀតផង»។
40 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «សត្រូវមកវាយប្រហារស្រុកម៉ូអាប់ ដូចខ្លែងសំកាំងស្លាប រេពីលើ។
41គេវាយយកបានក្រុងកេរីយ៉ូត
ព្រមទាំងរំលំកំពែងដ៏រឹងមាំទៀតផង។
នៅថ្ងៃនោះ ចិត្តរបស់ទាហានដ៏អង់អាច
នៃជនជាតិម៉ូអាប់នឹងឈឺចុកចាប់
ដូចស្ត្រីហៀបនឹងសម្រាលកូន។
42ម៉ូអាប់នឹងត្រូវវិនាស
លែងមានឈ្មោះជាប្រជាជនមួយទៀតហើយ
ព្រោះគេបានលើកខ្លួនឡើង
ប្រឆាំងនឹងព្រះអម្ចាស់។
43ប្រជាជនស្រុកម៉ូអាប់អើយ
អ្នករាល់គ្នាមុខតែភ័យខ្លាច ធ្លាក់រណ្ដៅ
និងជាប់អន្ទាក់ជាមិនខាន!
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
44អ្នកដែលរត់គេចពីការភ័យខ្លាចនឹងធ្លាក់រណ្ដៅ
អ្នកដែលឡើងពីរណ្ដៅ នឹងជាប់អន្ទាក់
ដ្បិតយើងធ្វើឲ្យឆ្នាំ
ដែលត្រូវដាក់ទោសម៉ូអាប់ មកដល់ហើយ!
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
45ជនភៀសខ្លួនដែលអស់កម្លាំងរត់មកជ្រក
នៅហេសបូន ជាក្រុងដែលស្ដេចស៊ីហុន
ធ្លាប់គ្រប់គ្រងកាលពីដើម
តែមានភ្លើងឆាបឆេះកណ្ដាលក្រុង
ហើយឆេះរាលដាលទៅដល់ព្រំប្រទល់
និងតាមកំពូលភ្នំរបស់ស្រុកម៉ូអាប់
ដែលជាពូជអ្នកចម្បាំងនេះ។
46ជនជាតិម៉ូអាប់អើយ អ្នកវេទនាហើយ
ប្រជាជនដែលគោរពព្រះកេម៉ូស
ត្រូវអន្តរាយជាមិនខាន
ដ្បិតកូនប្រុសកូនស្រីរបស់អ្នក
ត្រូវគេកៀរយកទៅជាឈ្លើយ។
47ប៉ុន្តែ នៅគ្រាចុងក្រោយ
យើងនឹងស្ដារស្រុកម៉ូអាប់ឡើងវិញ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ការវិនិច្ឆ័យទោសជនជាតិម៉ូអាប់ចប់តែត្រឹមណេះ។
ទើបបានជ្រើសរើសហើយ៖
យេរេមា 48: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.