យេរេមា 49
49
ព្រះបន្ទូលស្ដីអំពីជនជាតិអាំម៉ូន
1 នេះជាព្រះបន្ទូលស្ដីអំពីជនជាតិអាំម៉ូន។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«តើអ៊ីស្រាអែលគ្មានកូនតពូជទេឬ?
ហេតុអ្វីបានជាព្រះម៉ូឡុកមកកាន់កាប់ទឹកដី
កាដដូច្នេះ?
ហេតុអ្វីបានប្រជាជនរបស់ព្រះម៉ូឡុក
មករស់នៅក្នុងក្រុងនានានៃស្រុកកាដ?
2ហេតុនេះ នៅគ្រាខាងមុខ
យើងនឹងឲ្យសង្គ្រាមកើតមានដល់
ជនជាតិអាំម៉ូននៅក្រុងរ៉ាបាត់
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ក្រុងនោះនឹងក្លាយទៅជាទីស្មសាន
ហើយក្រុងទាំងឡាយដែលនៅជុំវិញនឹងត្រូវ
វិនាសដោយភ្លើង។
ពេលនោះ អ៊ីស្រាអែលនឹងយកទឹកដីដែល
ជនជាតិអាំម៉ូនដណ្ដើមទៅនោះបានមកវិញ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
3អ្នកក្រុងហេសបូនអើយ ចូរស្រែកយ៉ាងខ្លាំងទៅ
ដ្បិតក្រុងអៃវិនាសសូន្យហើយ!
អ្នកក្រុងទាំងឡាយដែលនៅជុំវិញរ៉ាបាតអើយ
ចូរស្រែកទ្រហោយំ ចូរនាំគ្នាស្លៀកបាវកាន់ទុក្ខ
ចូររត់ទៅរត់មក តាមបណ្ដោយកំពែងក្រុង
ដ្បិតម៉ូឡុកជាព្រះរបស់អ្នករាល់គ្នា
ត្រូវគេចាប់យកទៅជាឈ្លើយ
ជាមួយពួកបូជាចារ្យ និងពួកមន្ត្រី។
4ប្រជាជនដែលបះបោរអើយ
ហេតុដូចម្ដេចបានជាអ្នកអួតខ្លួនអំពីជ្រលងភ្នំ
របស់អ្នកដូច្នេះ?
ជ្រលងភ្នំនេះជិតវិនាសអន្តរាយហើយ។
អ្នកទុកចិត្តលើទ្រព្យសម្បត្តិរបស់ខ្លួន
ដោយពោលថា
“តើនរណាហ៊ានមកវាយប្រហារខ្ញុំ?”។
5យើងនឹងធ្វើឲ្យភយន្តរាយពីគ្រប់ទិសទី
កើតមានដល់អ្នក
- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់នៃ
ពិភពទាំងមូល។
អ្នករាល់គ្នាត្រូវខ្ចាត់ខ្ចាយ ម្នាក់ៗរត់ប្រាសអាយុ
គ្មាននរណាប្រមូលផ្ដុំអ្នករាល់គ្នាឡើងវិញទេ។
6ប៉ុន្តែ ក្រោយមក
យើងនឹងស្ដារស្រុកអាំម៉ូនឡើងវិញ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្រះបន្ទូលស្ដីអំពីជនជាតិអេដុម
7 នេះជាព្រះបន្ទូលស្ដីអំពីស្រុកអេដុម។
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«តើនៅក្រុងថេម៉ានលែងមានប្រាជ្ញាហើយឬ?
តើប្រជាជននៅក្រុងនេះបាត់បង់
គំនិតយោបល់អស់ហើយឬ?
តើពួកគេអាប់ប្រាជ្ញាឬ?
8អ្នកក្រុងដេដាន់អើយ
ចូរនាំគ្នារត់ ចូរចាកចេញពីទីនេះ
ចូរនាំគ្នាពួនក្នុងរូងភ្នំទៅ!
ដ្បិតយើងនឹងធ្វើឲ្យមហន្តរាយកើតមាន
ដល់ពូជពង្សរបស់អេសាវ
គឺដល់ពេលយើងវិនិច្ឆ័យទោសគេហើយ។
9ប្រសិនបើពួកបេះផ្លែទំពាំងបាយជូរ
មកដល់ស្រុកអ្នក
គេមិនទុកឲ្យមានផ្លែនៅសល់ឡើយ។
ប្រសិនបើពួកចោរចូលប្លន់អ្នកនៅពេលយប់
គេនឹងយកអ្វីៗដែលគេអាចយកបាន។
10យើងនឹងយកអ្វីៗទាំងអស់ចេញពីអេសាវ
យើងនឹងបើកកកាយកន្លែងដែលគេពួន
គឺគេពុំអាចពួនតទៅទៀតបានឡើយ។
ពូជពង្ស បងប្អូន ព្រមទាំងអ្នកជិតខាងរបស់គេ
នឹងត្រូវអន្តរាយ។
គ្មាននៅសល់នរណាម្នាក់ពោលថា:
11“កុំព្រួយបារម្ភនឹងកូនអ្នកដែលនៅកំព្រាឡើយ
ខ្ញុំនឹងចិញ្ចឹមពួកវា
ប្រពន្ធរបស់អ្នកដែលនៅមេម៉ាយ
ក៏អាចទុកចិត្តលើខ្ញុំដែរ”»។
12 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អស់អ្នកដែលមិនត្រូវផឹកពីពែងនៃទុក្ខលំបាកនេះ ក៏យើងដាក់ទោសឲ្យផឹកដែរ។ ចុះអ្នកវិញ តើអ្នកស្មានថាអាចរួចខ្លួនឬ? ទេ អ្នកពុំអាចរួចខ្លួនបានឡើយ អ្នកត្រូវតែផឹក! 13យើងសុំស្បថក្នុងនាមយើងផ្ទាល់ថា ក្រុងបូសរ៉ានឹងត្រូវវិនាសអន្តរាយក្លាយទៅជាទីស្មសាន និងជាគំនរបាក់បែក។ ប្រជាជនឯទៀតៗនឹងយកឈ្មោះក្រុងនេះទៅជេរប្រមាថ និងដាក់បណ្ដាសាគ្នា។ ក្រុងឯទៀតៗដែលនៅជុំវិញក្រុងបូសរ៉ា នឹងក្លាយទៅជាគំនរបាក់បែករហូតតទៅ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
14 ព្រះអម្ចាស់ប្រទានដំណឹងមកខ្ញុំ
ព្រះអង្គចាត់អ្នកនាំពាក្យម្នាក់ឲ្យទៅ
ប្រកាសហៅប្រជាជាតិនានាថា
ចូរប្រមូលគ្នាមកប្រហារស្រុកអេដុម
ចូរក្រោកឡើង វាយលុកស្រុកនេះទៅ!
15«អេដុមអើយ យើងនឹងធ្វើឲ្យអ្នកក្លាយទៅ
ជាប្រជាជាតិមួយតូចជាងគេ
ជាប្រជាជាតិដែលមនុស្សលោកមើលងាយ។
16ចិត្តអួតអាងរបស់អ្នកបញ្ឆោតខ្លួនឯង
តែគ្មាននរណាខ្លាចអ្នក ដូចអ្នកនឹកស្មាននោះទេ
អ្នករស់នៅតាមក្រហែងថ្ម និងនៅតាមកំពូលភ្នំ
ប៉ុន្តែ ទោះបីអ្នកលើកទ្រនំរបស់អ្នក
ឲ្យខ្ពស់ដូចទ្រនំសត្វឥន្ទ្រីក្ដី
ក៏យើងនឹងច្រានអ្នកឲ្យធ្លាក់ចុះដល់ដីដែរ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
17«ស្រុកអេដុមនឹងវិនាសហិនហោច អស់អ្នកដែលដើរក្បែរនោះនឹងព្រឺសម្បុរ ហើយស្រឡាំងកាំង ដោយឃើញសំណល់បាក់បែកទាំងប៉ុន្មាន។ 18 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ស្រុកអេដុមប្រៀបបាននឹងក្រុងសូដុម និងក្រុងកូម៉ូរ៉ា ព្រមទាំងក្រុងឯទៀតៗនៅជុំវិញ ដែលត្រូវវិនាសអន្តរាយ គឺនឹងគ្មានប្រជាជនរស់នៅ ហើយក៏គ្មានមនុស្សណាមកជ្រកអាស្រ័យនៅដែរ។
19សត្វសិង្ហលោតចេញពីមាត់ទន្លេយ័រដាន់
ចូលទៅក្នុងគុម្ពោតព្រៃរហ័សយ៉ាងណា
យើងក៏នឹងធ្វើឲ្យប្រជាជនរត់ចេញពី
ស្រុកអេដុមរហ័សយ៉ាងនោះដែរ។
យើងនឹងតែងតាំងអ្នកគ្រប់គ្រងដែលយើងបាន
ជ្រើសរើសឲ្យគ្រប់គ្រងលើស្រុកនេះ។
តើមាននរណាអាចផ្ទឹមស្មើនឹងយើង?
តើនរណាហ៊ានប្ដឹងយើង?
តើអ្នកដឹកនាំណាអាចប្រឆាំងនឹងយើង?»។
20ហេតុនេះ ចូរនាំគ្នាស្ដាប់អំពីការដែល
ព្រះអម្ចាស់សម្រេចធ្វើចំពោះស្រុកអេដុម
និងគម្រោងការដែលព្រះអង្គគ្រោងទុក
ដើម្បីដាក់ទោសអ្នកក្រុងថេម៉ាន!
សត្រូវពិតជានាំអ្នកស្រុកនេះចេញទៅ
ដូចកូនចៀមដែលគេកៀរយកទៅ
ព្រមទាំងបំផ្លាញស្រុកភូមិរបស់ពួកគេ
ឲ្យហិនហោចទៀតផង។
21ពេលស្រុកអេដុមរលំ ផែនដីក៏កក្រើក
សម្រែករបស់គេលាន់ឮរហូតដល់សមុទ្រកក់។
22សត្រូវមកវាយប្រហារ
ដូចខ្លែងសំកាំងស្លាបលើក្រុងបូសរ៉ា
នៅថ្ងៃនោះ ចិត្តរបស់ទាហានដ៏អង់អាច
នៃជនជាតិអេដុម នឹងឈឺចុកចាប់
ដូចស្ត្រីហៀបនឹងសម្រាលកូន»។
ព្រះបន្ទូលស្ដីអំពីក្រុងដាម៉ាស
23 នេះជាព្រះបន្ទូលស្ដីអំពីក្រុងដាម៉ាស។
«អ្នកក្រុងហាម៉ាត់ និងអ្នកក្រុងអើផាត
ត្រូវអាម៉ាស់ ដ្បិតពួកគេទទួលដំណឹងមិនល្អ
ពួកគេញ័ររន្ធត់យ៉ាងខ្លាំង
ពួកគេអន្ទះអន្ទែងដូចទឹកសមុទ្រពុះកញ្ជ្រោល
គ្មាននរណាអាចធ្វើឲ្យស្ងប់បានឡើយ។
24អ្នកក្រុងដាម៉ាសធ្លាក់ទឹកចិត្ត
ហើយបែរក្រោយ ដើម្បីរត់គេចខ្លួន
ពួកគេភ័យតក់ស្លុតឈឺចុកចាប់
អន្ទះអន្ទែងដូចស្ត្រីហៀបនឹងសម្រាលកូន។
25តើក្រុងដ៏ល្បីល្បាញ ក្រុងដ៏សប្បាយនេះ
ត្រូវគេបោះបង់ចោលមែនឬ?
26នៅថ្ងៃនោះ ពួកយុវជនដួលស្លាប់នៅតាមផ្លូវ
ទាហានទាំងអស់ក៏បាត់បង់ជីវិតដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
27យើងនឹងដុតកំពែងក្រុងដាម៉ាស
ហើយភ្លើងនោះនឹងឆេះបំផ្លាញវិមានរបស់
ស្ដេចបេនហាដាដ»។
ព្រះបន្ទូលស្ដីអំពីស្រុកកេដារ
28នេះជាព្រះបន្ទូលស្ដីអំពីស្រុកកេដារ និងនគរទាំងប៉ុន្មាននៅហាសោរ ដែលព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន វាយយកបាន។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ចូរក្រោកឡើង ទៅវាយលុកស្រុកកេដារ
ចូរកម្ទេចពួកអ្នកស្រុកខាងកើតនោះ
ឲ្យអន្តរាយទៅ!
29ចូរដណ្ដើមយកជំរំ និងហ្វូងសត្វរបស់ពួកគេ
ព្រមទាំងយកក្រណាត់ដ៏ក្រាស់ៗ
អីវ៉ាន់ និងហ្វូងអូដ្ឋរបស់ពួកគេដែរ។
ចូរស្រែកដាក់ពួកគេថា
ការព្រឺខ្លាចស្ថិតនៅគ្រប់ទីកន្លែង!
30អ្នកស្រុកហាសោរអើយ
ចូរនាំគ្នារត់គេចខ្លួនយ៉ាងលឿន
ហើយពួនក្នុងរូងភ្នំទៅ!
ដ្បិតនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន
បានសម្រេចរៀបចំគម្រោងការវាយប្រហារ
អ្នករាល់គ្នាហើយ។
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
31ចូរក្រោកឡើងទៅវាយលុកប្រជាជាតិ
ដែលរស់នៅយ៉ាងសុខសាន្ត គ្មានកង្វល់អ្វី
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
ដ្បិតទីលំនៅរបស់គេ គ្មានទ្វារ គ្មានរនុកទេ
គេរស់នៅដាច់តែឯង។
32ខ្មាំងសត្រូវនឹងដណ្ដើមយកហ្វូងអូដ្ឋរបស់ពួកគេ
ព្រមទាំងរឹបអូសយកហ្វូងសត្វដ៏ច្រើន
របស់ពួកគេ ទុកជាជយភណ្ឌទៀតផង។
យើងនឹងកម្ចាត់ប្រជាជនដែលកោរជើងសក់
ឲ្យខ្ចាត់ខ្ចាយទៅគ្រប់ទិសតំបន់
យើងនឹងធ្វើឲ្យទុក្ខវេទនាពីគ្រប់ទិសទី
កើតមានដល់ពួកគេ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
33ស្រុកហាសោរនឹងក្លាយទៅជាជម្រករបស់ឆ្កែព្រៃ
ជាទីស្មសានរហូតតទៅ
គឺនឹងគ្មានប្រជាជនរស់នៅ
ហើយក៏គ្មានមនុស្សណាមកជ្រកអាស្រ័យ
នៅទៀតដែរ»។
ព្រះបន្ទូលស្ដីអំពីស្រុកអេឡាំ
34នៅដើមរជ្ជកាលព្រះបាទសេដេគា ជាស្ដេចស្រុកយូដា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមា ស្ដីអំពីស្រុកអេឡាំដូចតទៅ:
35 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«យើងកាច់បំបាក់ធ្នូ ជាអាវុធដ៏ល្បីល្បាញ
របស់ជនជាតិអេឡាំ។
36យើងនឹងធ្វើឲ្យខ្យល់ទាំងបួនទិស
បក់មកលើស្រុកអេឡាំ
យើងឲ្យខ្យល់ទាំងនោះកម្ចាត់ពួកគេ
ខ្ចាត់ខ្ចាយទៅគ្រប់ទិសទី
ជនជាតិអេឡាំទៅនៅក្នុងចំណោម
ប្រជាជាតិទាំងអស់ ឥតចន្លោះណាមួយឡើយ។
37យើងនឹងធ្វើឲ្យជនជាតិអេឡាំញ័ររន្ធត់
នៅចំពោះមុខខ្មាំងសត្រូវ និងនៅចំពោះមុខ
អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។
យើងនឹងនាំទុក្ខវេទនាមកលើពួកគេ
ដោយកំហឹងដ៏ខ្លាំងក្លារបស់យើង
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
យើងនឹងឲ្យដាវទៅតាមប្រហារពួកគេ
រហូតទាល់តែប្រល័យជីវិតពួកគេ
អស់គ្មានសល់។
38យើងនឹងមកគ្រងរាជ្យលើស្រុកអេឡាំ
យើងនឹងប្រហារជីវិតស្ដេច និងនាម៉ឺនរបស់ពួកគេ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់-
39ប៉ុន្តែ នៅគ្រាក្រោយ
យើងនឹងស្ដារស្រុកអេឡាំឡើងវិញ»។
ទើបបានជ្រើសរើសហើយ៖
យេរេមា 49: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.