អេសាយ 43:1-7

អេសាយ 43:1-7 គខប

ជន‌ជាតិ​អ៊ីស្រា‌អែល​ជា​កូន​ចៅ របស់​លោក​យ៉ាកុប​អើយ ឥឡូវ​នេះ ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត និង​សូន​អ្នក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​បាន​លោះ​អ្នក យើង​ក៏​បាន​ហៅ​អ្នក​ចំ​ឈ្មោះ ដើម្បី​ឲ្យ​អ្នក​ធ្វើ​ជា​ប្រជា‌ជន​របស់​យើង។ ប្រសិន​បើ​អ្នក​ឆ្លង​សមុទ្រ យើង​នៅ​ជា​មួយ​អ្នក ប្រសិន​បើ​អ្នក​ឆ្លង​ព្រែក អ្នក​មិន​លង់​ឡើយ។ ប្រសិន​បើ​អ្នក​ដើរ​កាត់​ភ្លើង អ្នក​មិន​រលាក​ទេ អណ្ដាត​ភ្លើង​ក៏​មិន​ឆាប‌ឆេះ​អ្នក​ដែរ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​ជា​ព្រះ​ដ៏វិសុទ្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ព្រះ‌សង្គ្រោះ​របស់​អ្នក។ យើង​បាន​ប្រគល់​ប្រជា‌ជន​អេស៊ីប​ឲ្យ​សត្រូវ ដើម្បី​លោះ​អ្នក យើង​ក៏​បាន​ប្រគល់​ស្រុក​អេត្យូ‌ពី និង​ស្រុក​សេបា ជា​ថ្នូរ​ឲ្យ​គេ ដើម្បី​លោះ​អ្នក​ដែរ។ យើង​ប្រគល់​មនុស្ស​ជា​ច្រើន​ឲ្យ​គេ​ជំនួស​អ្នក គឺ​យើង​ក៏​ប្រគល់​ប្រជា‌ជន​ផ្សេងៗ​ឲ្យ​គេ ជា​ថ្នូរ​លោះ​អ្នក ដ្បិត​យើង​ចាត់​ទុក​ថា​អ្នក​មាន​តម្លៃ​ដ៏​លើស‌លុប ហើយ​យើង​ស្រឡាញ់​អ្នក​ថែម​ទៀត​ផង។ កុំ​ភ័យ​ខ្លាច​អ្វី! យើង​នៅ​ជា​មួយ​អ្នក យើង​នឹង​នាំ​កូន​ចៅ​របស់​អ្នក​ពី​ស្រុក​ខាង​កើត ឲ្យ​វិល​ត្រឡប់​មក​វិញ ហើយ​ប្រមូល​ពូជ‌ពង្ស​របស់​អ្នក ពី​ស្រុក​ខាង​លិច ឲ្យ​វិល​មក​វិញ​ដែរ។ យើង​នឹង​បញ្ជា​ដល់​ស្រុក​ខាង​ជើង ឲ្យ​ប្រគល់​កូន​ចៅ​របស់​អ្នក​មក​យើង​វិញ យើង​នឹង​បញ្ជា​ដល់​ស្រុក​ខាង​ត្បូង មិន​ឲ្យ​ឃាត់​គេ​ទៀត​ឡើយ។ យើង​នឹង​ប្រាប់​ស្រុក​ទាំង​នោះ​ឲ្យ​ប្រមូល កូន​ប្រុស​កូន​ស្រី​របស់​យើង​ដែល​ស្ថិត​នៅ​ស្រុក ឆ្ងាយ​ដាច់​ស្រយាល​នៃ​ផែនដី​មក​វិញ គឺ​អស់​អ្នក​ដែល​យក​ឈ្មោះ​យើង​ធ្វើ​ជា​ត្រកូល ជា​អស់​អ្នក​ដែល​យើង​បាន​សូន និង​បង្កើត ដើម្បី​បង្ហាញ​សិរី‌រុងរឿង​របស់​យើង។