អេសាយ 43:1-7
ជនជាតិអ៊ីស្រាអែលជាកូនចៅ របស់លោកយ៉ាកុបអើយ ឥឡូវនេះ ព្រះអម្ចាស់ដែលបានបង្កើត និងសូនអ្នក ទ្រង់មានព្រះបន្ទូលថា៖ កុំភ័យខ្លាចអ្វីឡើយ ដ្បិតយើងបានលោះអ្នក យើងក៏បានហៅអ្នកចំឈ្មោះ ដើម្បីឲ្យអ្នកធ្វើជាប្រជាជនរបស់យើង។ ប្រសិនបើអ្នកឆ្លងសមុទ្រ យើងនៅជាមួយអ្នក ប្រសិនបើអ្នកឆ្លងព្រែក អ្នកមិនលង់ឡើយ។ ប្រសិនបើអ្នកដើរកាត់ភ្លើង អ្នកមិនរលាកទេ អណ្ដាតភ្លើងក៏មិនឆាបឆេះអ្នកដែរ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងជាព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល ជាព្រះសង្គ្រោះរបស់អ្នក។ យើងបានប្រគល់ប្រជាជនអេស៊ីបឲ្យសត្រូវ ដើម្បីលោះអ្នក យើងក៏បានប្រគល់ស្រុកអេត្យូពី និងស្រុកសេបា ជាថ្នូរឲ្យគេ ដើម្បីលោះអ្នកដែរ។ យើងប្រគល់មនុស្សជាច្រើនឲ្យគេជំនួសអ្នក គឺយើងក៏ប្រគល់ប្រជាជនផ្សេងៗឲ្យគេ ជាថ្នូរលោះអ្នក ដ្បិតយើងចាត់ទុកថាអ្នកមានតម្លៃដ៏លើសលុប ហើយយើងស្រឡាញ់អ្នកថែមទៀតផង។ កុំភ័យខ្លាចអ្វី! យើងនៅជាមួយអ្នក យើងនឹងនាំកូនចៅរបស់អ្នកពីស្រុកខាងកើត ឲ្យវិលត្រឡប់មកវិញ ហើយប្រមូលពូជពង្សរបស់អ្នក ពីស្រុកខាងលិច ឲ្យវិលមកវិញដែរ។ យើងនឹងបញ្ជាដល់ស្រុកខាងជើង ឲ្យប្រគល់កូនចៅរបស់អ្នកមកយើងវិញ យើងនឹងបញ្ជាដល់ស្រុកខាងត្បូង មិនឲ្យឃាត់គេទៀតឡើយ។ យើងនឹងប្រាប់ស្រុកទាំងនោះឲ្យប្រមូល កូនប្រុសកូនស្រីរបស់យើងដែលស្ថិតនៅស្រុក ឆ្ងាយដាច់ស្រយាលនៃផែនដីមកវិញ គឺអស់អ្នកដែលយកឈ្មោះយើងធ្វើជាត្រកូល ជាអស់អ្នកដែលយើងបានសូន និងបង្កើត ដើម្បីបង្ហាញសិរីរុងរឿងរបស់យើង។
អេសាយ 43:1-7