អេសាយ 43
43
ព្រះអម្ចាស់នឹងរំដោះជនជាតិអ៊ីស្រាអែល
1ជនជាតិអ៊ីស្រាអែលជាកូនចៅ
របស់លោកយ៉ាកុបអើយ
ឥឡូវនេះ ព្រះអម្ចាស់ដែលបានបង្កើត
និងសូនអ្នក ទ្រង់មានព្រះបន្ទូលថា៖
កុំភ័យខ្លាចអ្វីឡើយ
ដ្បិតយើងបានលោះអ្នក
យើងក៏បានហៅអ្នកចំឈ្មោះ
ដើម្បីឲ្យអ្នកធ្វើជាប្រជាជនរបស់យើង។
2ប្រសិនបើអ្នកឆ្លងសមុទ្រ យើងនៅជាមួយអ្នក
ប្រសិនបើអ្នកឆ្លងព្រែក អ្នកមិនលង់ឡើយ។
ប្រសិនបើអ្នកដើរកាត់ភ្លើង អ្នកមិនរលាកទេ
អណ្ដាតភ្លើងក៏មិនឆាបឆេះអ្នកដែរ
3ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក
យើងជាព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល
ជាព្រះសង្គ្រោះរបស់អ្នក។
យើងបានប្រគល់ប្រជាជនអេស៊ីបឲ្យសត្រូវ
ដើម្បីលោះអ្នក
យើងក៏បានប្រគល់ស្រុកអេត្យូពី
និងស្រុកសេបា
ជាថ្នូរឲ្យគេ ដើម្បីលោះអ្នកដែរ។
4យើងប្រគល់មនុស្សជាច្រើនឲ្យគេជំនួសអ្នក
គឺយើងក៏ប្រគល់ប្រជាជនផ្សេងៗឲ្យគេ
ជាថ្នូរលោះអ្នក
ដ្បិតយើងចាត់ទុកថាអ្នកមានតម្លៃដ៏លើសលុប
ហើយយើងស្រឡាញ់អ្នកថែមទៀតផង។
5កុំភ័យខ្លាចអ្វី! យើងនៅជាមួយអ្នក
យើងនឹងនាំកូនចៅរបស់អ្នកពីស្រុកខាងកើត
ឲ្យវិលត្រឡប់មកវិញ
ហើយប្រមូលពូជពង្សរបស់អ្នក
ពីស្រុកខាងលិច ឲ្យវិលមកវិញដែរ។
6យើងនឹងបញ្ជាដល់ស្រុកខាងជើង
ឲ្យប្រគល់កូនចៅរបស់អ្នកមកយើងវិញ
យើងនឹងបញ្ជាដល់ស្រុកខាងត្បូង
មិនឲ្យឃាត់គេទៀតឡើយ។
យើងនឹងប្រាប់ស្រុកទាំងនោះឲ្យប្រមូល
កូនប្រុសកូនស្រីរបស់យើងដែលស្ថិតនៅស្រុក
ឆ្ងាយដាច់ស្រយាលនៃផែនដីមកវិញ
7គឺអស់អ្នកដែលយកឈ្មោះយើងធ្វើជាត្រកូល
ជាអស់អ្នកដែលយើងបានសូន និងបង្កើត
ដើម្បីបង្ហាញសិរីរុងរឿងរបស់យើង។
អ៊ីស្រាអែលជាសាក្សីរបស់ព្រះអម្ចាស់
8ចូរនាំប្រជាជននោះចេញមក
ពួកគេមានភ្នែក តែមើលមិនឃើញ
មានត្រចៀក តែស្ដាប់មិនឮ។
9ចូរឲ្យប្រជាជាតិទាំងអស់មកជួបជុំគ្នា
ឲ្យប្រជាជនទាំងឡាយមកប្រមូលផ្ដុំគ្នា
ក្នុងចំណោមព្រះរបស់ពួកគេ
តើមានព្រះណាបានប្រាប់
ដំណឹងជាមុនអំពីហេតុការណ៍ទាំងនេះ?
តើព្រះណាបានប្រាប់ឲ្យយើងដឹង
អំពីព្រឹត្តិការណ៍ដើមដំបូង?
ឲ្យព្រះទាំងនោះរកសាក្សី
និងបង្ហាញភស្ដុតាងមក
ដើម្បីឲ្យអ្នកឯទៀតឮ រួចពោលថា
ពាក្យសម្ដីរបស់ព្រះនោះត្រឹមត្រូវមែន។
10 ព្រះអម្ចាស់មានព្រះបន្ទូលថា:
អ្នករាល់គ្នានេះហើយជាសាក្សីរបស់យើង
អ្នករាល់គ្នានេះហើយជាអ្នកបម្រើរបស់យើង។
យើងបានជ្រើសរើសអ្នករាល់គ្នា
ដើម្បីឲ្យអ្នករាល់គ្នាដឹងឮ និងជឿលើយើង
ព្រមទាំងយល់ថា មានតែយើងនេះទេ
ជាព្រះជាម្ចាស់។
នៅមុនយើងគ្មានព្រះណាទេ
នៅក្រោយយើងក៏គ្មានព្រះណាទៀតដែរ។
11មានតែយើងទេជាព្រះអម្ចាស់
ក្រៅពីយើង គ្មានព្រះសង្គ្រោះណាទៀតឡើយ
12មានតែយើងទេ
ដែលប្រាប់អ្នករាល់គ្នាឲ្យដឹង
និងសង្គ្រោះអ្នករាល់គ្នា
រីឯព្រះដទៃទៀតមិនបានធ្វើបែបនេះ
ក្នុងចំណោមអ្នករាល់គ្នាឡើយ។
ដូច្នេះ អ្នករាល់គ្នាជាសាក្សីរបស់យើង
ហើយយើងជាព្រះជាម្ចាស់
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
13អំណើះតទៅ យើងចង់ឲ្យអ្នករាល់គ្នាដឹងថា
មានតែយើងទេដែលពិតជាព្រះអម្ចាស់
គ្មាននរណាអាចរំដោះពីកណ្ដាប់ដៃ
របស់យើងបានទេ
អ្វីៗដែលយើងធ្វើរួចហើយ
គ្មាននរណាអាចផ្លាស់ប្ដូរបានជាដាច់ខាត។
14 ព្រះអម្ចាស់ដែលបានលោះអ្នករាល់គ្នា
គឺព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
មានព្រះបន្ទូលដូចតទៅ:
ដោយយល់ដល់អ្នករាល់គ្នា
យើងនឹងចាត់ទ័ពឲ្យទៅវាយក្រុងបាប៊ីឡូន
ដើម្បីរំលំអំណាចរបស់ពួកគេ។
ពេលនោះ ជនជាតិខាល់ដេនឹងរត់ខ្ចាត់ខ្ចាយ
ដោយជិះសំពៅ
ជាកន្លែងដែលពួកគេធ្លាប់ហ៊ោសប្បាយ។
15យើងជាព្រះអម្ចាស់
ជាព្រះដ៏វិសុទ្ធរបស់អ្នករាល់គ្នា
យើងជាព្រះមហាក្សត្រដែលបាន
បង្កើតអ្នករាល់គ្នា។
ផ្លូវថ្មីនៅក្នុងវាលរហោស្ថាន
16 ព្រះអម្ចាស់ដែលបានញែកសមុទ្រធ្វើផ្លូវមួយ
គឺធ្វើផ្លូវតូចនៅកណ្ដាលមហាសាគរ
17ព្រះអង្គដែលបានប្រមូលកងទ័ព
មានរទេះចម្បាំង កងពលសេះ
ព្រមទាំងទាហានដ៏អង់អាច
ព្រះអង្គដែលធ្វើឲ្យពួកគេបរាជ័យ
ក្រោកពុំរួច
គឺពួកគេរលត់ទៅ ដូចចង្កៀងអស់ប្រេង
ព្រះអង្គមានព្រះបន្ទូលថា:
18កុំគិតអំពីព្រឹត្តិការណ៍ដែលកើតមាន
នៅគ្រាដើមដំបូងនោះធ្វើអ្វី
កុំនឹកនាអំពីហេតុការណ៍ដែលកើតមាន
នៅបុរាណកាលដែរ។
19បន្តិចទៀត យើងនឹងធ្វើឲ្យមាន
ព្រឹត្តិការណ៍ថ្មីកើតឡើង
ព្រឹត្តិការណ៍នោះកំពុងពន្លកចេញមក
តើអ្នករាល់គ្នាមិនឃើញទេឬ?
យើងនឹងធ្វើផ្លូវមួយក្នុងវាលរហោស្ថាន
ព្រមទាំងធ្វើឲ្យមានទន្លេហូរ
នៅវាលហួតហែងទៀតផង។
20សត្វព្រៃទាំងឡាយ
គឺមានឆ្កែព្រៃ និងត្មាតជាដើម
នឹងនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់យើង
ដ្បិតយើងធ្វើឲ្យមានទឹក
ក្នុងវាលរហោស្ថាន
និងធ្វើឲ្យមានទន្លេហូរកាត់វាលហួតហែង
ដើម្បីផ្ដល់ទឹកឲ្យប្រជាជន
ដែលយើងបានជ្រើសរើស
21គឺប្រជាជនដែលយើងបានបង្កើតសម្រាប់យើង
ដើម្បីសរសើរតម្កើងយើង។
22ពូជពង្សយ៉ាកុបអើយ
អ្នកពុំបានហៅរកយើងទេ
អ៊ីស្រាអែលអើយ
អ្នកនឿយណាយនឹងបម្រើយើង។
23អ្នកយកកូនចៀមមកដុតទាំងមូលធ្វើយញ្ញបូជា
តែមិនមែនថ្វាយយើងទេ
អ្នកធ្វើយញ្ញបូជា
តែមិនបានបន្ថែមសិរីរុងរឿងរបស់យើងទេ។
យើងមិនបានបង្ខិតបង្ខំ
អ្នកឲ្យយកតង្វាយមកឲ្យយើង
យើងក៏មិនបានឲ្យអ្នក
នឿយហត់ដុតធូបដែរ។
24អ្នកយកប្រាក់ទៅទិញគ្រឿងក្រអូប
តែមិនមែនសម្រាប់យើងទេ
ហើយអ្នកយកខ្លាញ់សត្វធ្វើយញ្ញបូជា
តែមិនមែនដើម្បីចម្អែតយើងឡើយ។
ផ្ទុយទៅវិញ ដោយសារអំពើបាបរបស់អ្នក
អ្នកបែរជាបង្ខិតបង្ខំយើង
ឲ្យធ្វើជាខ្ញុំបម្រើរបស់អ្នកទៅវិញ
អ្នកបានធ្វើឲ្យយើងនឿយណាយ
ដោយសារអំពើអាក្រក់របស់អ្នក។
25ប៉ុន្តែ ដោយយើងមានចិត្តសប្បុរស
និងដោយយល់ដល់នាមរបស់យើង
យើងយល់ព្រមលើកលែងទោសឲ្យអ្នក
យើងនឹងមិននឹកនាដល់អំពើបាប
របស់អ្នកទៀតឡើយ។
26ចូររៀបរាប់ប្រាប់យើងមកមើល!
យើងទាំងពីរនឹងវិនិច្ឆ័យរកខុសត្រូវជាមួយគ្នា
ចូរនិយាយការពារខ្លួន
ដើម្បីបញ្ជាក់ថា អ្នកពិតជាគ្មានទោស!
27យ៉ាកុបជាបុព្វបុរសរបស់អ្នក
បានប្រព្រឹត្តអំពើបាប
ហើយពួកតំណាងរបស់អ្នក
ក៏បានបះបោរប្រឆាំងនឹងយើងដែរ។
28ហេតុនេះហើយបានជាយើងបន្ទាបបន្ថោក
មេដឹកនាំព្រះវិហារ
យើងឲ្យគេបំផ្លាញកូនចៅយ៉ាកុប
យើងឲ្យគេប្រមាថមើលងាយ
ប្រជាជនអ៊ីស្រាអែល។
ទើបបានជ្រើសរើសហើយ៖
អេសាយ 43: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.