អេម៉ុស 1
1
1 នេះជាពាក្យរបស់លោកអេម៉ុស ជាអ្នកចិញ្ចឹមសត្វនៅភូមិត្កូអា រៀបរាប់អំពីនិមិត្តហេតុអស្ចារ្យដែលលោកបានឃើញ ស្ដីអំពីស្រុកអ៊ីស្រាអែល ពីរឆ្នាំមុនរញ្ជួយផែនដី គឺនៅរជ្ជកាលព្រះបាទអូសៀសស្ដេចស្រុកយូដា ត្រូវនឹងរជ្ជកាលព្រះបាទយេរ៉ូបោម បុត្ររបស់ព្រះបាទយ៉ូអាស ស្ដេចស្រុកអ៊ីស្រាអែល។
2 លោកមានប្រសាសន៍ថា:
ព្រះអម្ចាស់ស្រែកគំរាមពីភ្នំស៊ីយ៉ូន
ព្រះអង្គបន្លឺព្រះសូរសៀងពីក្រុងយេរូសាឡឹម
វាលស្មៅរបស់ពួកគង្វាលក៏ក្រៀមស្ងួត
ហើយកំពូលភ្នំកើមែលក៏ហួតហែងអស់ដែរ។
ព្រះបន្ទូលប្រឆាំងនឹងស្រុកស៊ីរី
3 ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ដោយអ្នកក្រុងដាម៉ាសបានប្រព្រឹត្តអំពើបាប
ផ្ទួនៗគ្នាជាច្រើនដង
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេបានកិនកម្ទេចអ្នកស្រុកកាឡាដ
នឹងរនាស់ដែក។
4ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះវាំង
របស់ស្ដេចហាសែល
ព្រមទាំងឆេះកម្ទេចប្រាសាទរបស់
ស្ដេចបេនហាដាដទៀតផង។
5យើងនឹងបំបាក់រនុកទ្វារក្រុងដាម៉ាស
យើងនឹងលុបបំបាត់ប្រជាជនឲ្យអស់ពី
ជ្រលងភ្នំ«ទុច្ចរិត»
ព្រមទាំងទម្លាក់អ្នកកាន់កាប់អំណាច
ឲ្យបាត់អស់ពីក្រុង«សប្បាយ»
ហើយអ្នកស្រុកស៊ីរីនឹងត្រូវគេកៀរយកទៅជាឈ្លើយនៅស្រុកគៀរ»។
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្រះបន្ទូលប្រឆាំងនឹងស្រុកភីលីស្ទីន
6 ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ដោយអ្នកក្រុងកាសាបានប្រព្រឹត្តអំពើបាប
ផ្ទួនៗគ្នាជាច្រើនដង
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេបានចាប់ប្រជាជនទាំងភូមិៗ
យកទៅលក់ឲ្យជនជាតិអេដុម។
7ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ
កំពែងក្រុងកាសា
ព្រមទាំងឆេះកម្ទេចប្រាសាទ
របស់ក្រុងនោះផង។
8យើងនឹងដកប្រជាជនទាំងអស់
ចេញពីក្រុងអាសដូឌ
ព្រមទាំងដកអ្នកកាន់កាប់អំណាច
ចេញពីក្រុងអាស្កាឡូន។
យើងនឹងប្រហារក្រុងអេក្រុន
ហើយអ្នកស្រុកភីលីស្ទីនដែលនៅសេសសល់
នឹងត្រូវវិនាស»
នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
ព្រះបន្ទូលប្រឆាំងនឹងក្រុងទីរ៉ុស
9 ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ដោយអ្នកក្រុងទីរ៉ុសបានប្រព្រឹត្តអំពើបាប
ផ្ទួនៗគ្នាជាច្រើនដង
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេប្រគល់ប្រជាជនទាំងភូមិៗ
ឲ្យពួកអេដុមកៀរយកទៅ
ដោយឥតគោរពសន្ធិសញ្ញា
ដែលខ្លួនបានចុះជាមួយអ៊ីស្រាអែលឡើយ។
10ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ
កំពែងក្រុងទីរ៉ុស ព្រមទាំងឆេះកម្ទេច
ប្រាសាទរបស់ក្រុងនោះផង។
ព្រះបន្ទូលប្រឆាំងនឹងស្រុកអេដុម
11 ព្រះអម្ចាស់មានព្រះបន្ទូលថា:
ដោយអ្នកស្រុកអេដុមបានប្រព្រឹត្តអំពើបាប
ផ្ទួនៗគ្នាជាច្រើនដង
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេបានដេញប្រហារបងប្អូនរបស់ខ្លួន
ដោយមុខដាវ ឥតត្រាប្រណី។
ពួកគេគិតតែពីបំផ្លាញ តាមកំហឹងរបស់ខ្លួន
ហើយចងគំនុំឥតឈប់ឈរឡើយ។
12ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ
ក្រុងថេម៉ាន ព្រមទាំងឆេះកម្ទេចប្រាសាទ
របស់ក្រុងបូសរ៉ាផង»។
ព្រះបន្ទូលប្រឆាំងនឹងស្រុកអាំម៉ូន
13 ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ដោយអ្នកស្រុកអាំម៉ូនបានប្រព្រឹត្តអំពើបាប
ផ្ទួនៗគ្នាជាច្រើនដង
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេបានវះពោះស្ត្រីមានគភ៌
នៅស្រុកកាឡាដ
ដើម្បីវាតទឹកដីរបស់ខ្លួន។
14ហេតុនេះ យើងនឹងបញ្ឆេះភ្លើង
ដុតកំពែងក្រុងរ៉ាបាត
ព្រមទាំងដុតកម្ទេចប្រាសាទរបស់ក្រុងនោះ
នៅថ្ងៃមានចម្បាំង មានសម្រែកសឹកសង្គ្រាម
និងមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង។
15ស្ដេច និងមេដឹកនាំរបស់ពួកគេ
នឹងត្រូវខ្មាំងចាប់យកទៅជាឈ្លើយសឹក»
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ទើបបានជ្រើសរើសហើយ៖
អេម៉ុស 1: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.