នេះជាពាក្យរបស់លោកអេម៉ុស ជាអ្នកចិញ្ចឹមសត្វនៅភូមិត្កូអា រៀបរាប់អំពីនិមិត្តហេតុអស្ចារ្យដែលលោកបានឃើញ ស្ដីអំពីស្រុកអ៊ីស្រាអែល ពីរឆ្នាំមុនរញ្ជួយផែនដី គឺនៅរជ្ជកាលព្រះបាទអូសៀសស្ដេចស្រុកយូដា ត្រូវនឹងរជ្ជកាលព្រះបាទយេរ៉ូបោម បុត្ររបស់ព្រះបាទយ៉ូអាស ស្ដេចស្រុកអ៊ីស្រាអែល។
លោកមានប្រសាសន៍ថា:
ព្រះអម្ចាស់ស្រែកគំរាមពីភ្នំស៊ីយ៉ូន
ព្រះអង្គបន្លឺព្រះសូរសៀងពីក្រុងយេរូសាឡឹម
វាលស្មៅរបស់ពួកគង្វាលក៏ក្រៀមស្ងួត
ហើយកំពូលភ្នំកើមែលក៏ហួតហែងអស់ដែរ។