អេម៉ុស 1

1
1 នេះ​ជា​ពាក្យ​របស់​លោក​អេម៉ុស ជា​អ្នក​ចិញ្ចឹម​សត្វ​នៅ​ភូមិ​ត្កូអា រៀប​រាប់​អំពី​និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​លោក​បាន​ឃើញ ស្ដី​អំពី​ស្រុក​អ៊ីស្រា‌អែល ពីរ​ឆ្នាំ​មុន​រញ្ជួយ​ផែនដី គឺ​នៅ​រជ្ជកាល​ព្រះ‌បាទ​អូសៀស​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​រជ្ជកាល​ព្រះ‌បាទ​យេរ៉ូ‌បោម បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ស្ដេច​ស្រុក​អ៊ីស្រា‌អែល។
2 លោក​មាន​ប្រសាសន៍​ថា:
ព្រះ‌អម្ចាស់​ស្រែក​គំរាម​ពី​ភ្នំ​ស៊ីយ៉ូន
ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​ពី​ក្រុង​យេរូ‌សាឡឹម
វាល​ស្មៅ​របស់​ពួក​គង្វាល​ក៏​ក្រៀម​ស្ងួត
ហើយ​កំពូល​ភ្នំ​កើមែល​ក៏​ហួត‌ហែង​អស់​ដែរ។
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​ស៊ីរី
3 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
«ដោយ​អ្នក​ក្រុង​ដាម៉ាស​បាន​ប្រព្រឹត្ត​អំពើ​បាប
ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង
យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ
ព្រោះ​ពួក​គេ​បាន​កិន​កម្ទេច​អ្នក​ស្រុក​កាឡាដ
នឹង​រនាស់​ដែក។
4ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ​វាំង
របស់​ស្ដេច​ហាសែល
ព្រម​ទាំង​ឆេះ​កម្ទេច​ប្រាសាទ​របស់
ស្ដេច​បេនហា‌ដាដ​ទៀត​ផង។
5យើង​នឹង​បំបាក់​រនុក​ទ្វារ​ក្រុង​ដាម៉ាស
យើង​នឹង​លុប​បំបាត់​ប្រជា‌ជន​ឲ្យ​អស់​ពី
ជ្រលង​ភ្នំ«ទុច្ចរិត»
ព្រម​ទាំង​ទម្លាក់​អ្នក​កាន់​កាប់​អំណាច
ឲ្យ​បាត់​អស់​ពី​ក្រុង«សប្បាយ»
ហើយ​អ្នក​ស្រុក​ស៊ីរី​នឹង​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​គៀរ»។
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​ភីលីស្ទីន
6 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
«ដោយ​អ្នក​ក្រុង​កាសា​បាន​ប្រព្រឹត្ត​អំពើ​បាប
ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង
យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ
ព្រោះ​ពួក​គេ​បាន​ចាប់​ប្រជា‌ជន​ទាំង​ភូមិៗ
យក​ទៅ​លក់​ឲ្យ​ជន‌ជាតិ​អេដុម។
7ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ
កំពែង​ក្រុង​កាសា
ព្រម​ទាំង​ឆេះ​កម្ទេច​ប្រាសាទ
របស់​ក្រុង​នោះ​ផង។
8យើង​នឹង​ដក​ប្រជា‌ជន​ទាំង​អស់
ចេញ​ពី​ក្រុង​អាស‌ដូឌ
ព្រម​ទាំង​ដក​អ្នក​កាន់​កាប់​អំណាច
ចេញ​ពី​ក្រុង​អាស្កា‌ឡូន។
យើង​នឹង​ប្រហារ​ក្រុង​អេក្រុន
ហើយ​អ្នក​ស្រុក​ភីលីស្ទីន​ដែល​នៅ​សេស‌សល់
នឹង​ត្រូវ​វិនាស»
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ក្រុង​ទីរ៉ុស
9 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
«ដោយ​អ្នក​ក្រុង​ទីរ៉ុស​បាន​ប្រព្រឹត្ត​អំពើ​បាប
ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង
យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ
ព្រោះ​ពួក​គេ​ប្រគល់​ប្រជា‌ជន​ទាំង​ភូមិៗ
ឲ្យ​ពួក​អេដុម​កៀរ​យក​ទៅ
ដោយ​ឥត​គោរព​សន្ធិ‌សញ្ញា
ដែល​ខ្លួន​បាន​ចុះ​ជា​មួយ​អ៊ីស្រា‌អែល​ឡើយ។
10ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ
កំពែង​ក្រុង​ទីរ៉ុស ព្រម​ទាំង​ឆេះ​កម្ទេច
ប្រាសាទ​របស់​ក្រុង​នោះ​ផង។
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​អេដុម
11 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:
ដោយ​អ្នក​ស្រុក​អេដុម​បាន​ប្រព្រឹត្ត​អំពើ​បាប
ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង
យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ
ព្រោះ​ពួក​គេ​បាន​ដេញ​ប្រហារ​បងប្អូន​របស់​ខ្លួន
ដោយ​មុខ​ដាវ ឥត​ត្រា​ប្រណី។
ពួក​គេ​គិត​តែ​ពី​បំផ្លាញ តាម​កំហឹង​របស់​ខ្លួន
ហើយ​ចង​គំនុំ​ឥត​ឈប់‌ឈរ​ឡើយ។
12ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ
ក្រុង​ថេម៉ាន ព្រម​ទាំង​ឆេះ​កម្ទេច​ប្រាសាទ
របស់​ក្រុង​បូសរ៉ា​ផង»។
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​អាំម៉ូន
13 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
«ដោយ​អ្នក​ស្រុក​អាំម៉ូន​បាន​ប្រព្រឹត្ត​អំពើ​បាប
ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង
យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ
ព្រោះ​ពួក​គេ​បាន​វះ​ពោះ​ស្ត្រី​មាន​គភ៌
នៅ​ស្រុក​កាឡាដ
ដើម្បី​វាត​ទឹក​ដី​របស់​ខ្លួន។
14ហេតុ​នេះ យើង​នឹង​បញ្ឆេះ​ភ្លើង
ដុត​កំពែង​ក្រុង​រ៉ាបាត
ព្រម​ទាំង​ដុត​កម្ទេច​ប្រាសាទ​របស់​ក្រុង​នោះ
នៅ​ថ្ងៃ​មាន​ចម្បាំង មាន​សម្រែក​សឹក​សង្គ្រាម
និង​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​យ៉ាង​ខ្លាំង។
15ស្ដេច និង​មេ​ដឹក​នាំ​របស់​ពួក​គេ
នឹង​ត្រូវ​ខ្មាំង​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក»
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់

ទើបបានជ្រើសរើសហើយ៖

អេម៉ុស 1: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល