យ៉ូអែល 3

3
ការ​វិនិច្ឆ័យ​ទោស​ប្រជា‌ជាតិ​នានា
1ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា:
«នៅ​គ្រា​នោះ គឺ​នៅ​ពេល​ដែល​យើង
ស្ដារ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម
ដូច​ដើម​ឡើង​វិញ
2យើង​នឹង​ប្រមូល​ប្រជា‌ជាតិ​ទាំង​អស់
ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​ជ្រលង​ភ្នំ​យេហូ‌សាផាត ។
នៅ​ទី​នោះ យើង​នឹង​វិនិច្ឆ័យ​ទោស​ពួក​គេ
ព្រោះ​តែ​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ
អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ
និង​ជា​ចំណែក​មត៌ក​របស់​យើង
ដោយ​កម្ចាត់‌កម្ចាយ​ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម
ជាតិ​សាសន៍​ទាំង‌ឡាយ។
យើង​ក៏​នឹង​វិនិច្ឆ័យ​ទោស​ពួក​គេ ព្រោះ​គេ
យក​ទឹក​ដី​របស់​យើង​ទៅ​បែង​ចែក​គ្នា​ដែរ។
3ពួក​គេ​យក​ប្រជា‌រាស្ត្រ​របស់​យើង
ទៅ​ចាប់​ឆ្នោត​ចែក​គ្នា
ពួក​គេ​យក​ក្មេង​ប្រុសៗ​ទៅ​បង់​ថ្លៃ​ស្រី​ពេស្យា
ពួក​គេ​លក់​ក្មេង​ស្រីៗ ដើម្បី​ទិញ​ស្រា​ផឹក។
4 រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​ក្រុង​ទីរ៉ុស
អ្នក​ក្រុង​ស៊ីដូន និង​អ្នក​ក្រុង​ទាំង​ប៉ុន្មាន
នៃ​ស្រុក​ភីលីស្ទីន
តើ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​អ្វី​យើង?
តើ​អ្នក​រាល់​គ្នា​ចង់​សង‌សឹក​នឹង​យើង​ឬ?
ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រឆាំង​នឹង​យើង
នោះ​យើង​ដាក់​ទោស​អ្នក​រាល់​គ្នា​យ៉ាង​ងាយ
ហើយ​យ៉ាង​ឆាប់​រហ័ស
តាម​អំពើ​ដែល​អ្នក​រាល់​គ្នា
ប្រព្រឹត្ត​ប្រឆាំង​នឹង​យើង។
5អ្នក​រាល់​គ្នា​បាន​យក​មាស និង​ប្រាក់​របស់​យើង
គឺ​អ្វីៗ​ដ៏​មាន​តម្លៃ
ទៅ​ទុក​នៅ​ក្នុង​វិហារ​របស់​អ្នក​រាល់​គ្នា។
6អ្នក​រាល់​គ្នា​បាន​លក់​ប្រជា‌ជន​ស្រុក​យូដា
និង​អ្នក​ក្រុង​យេរូ‌សាឡឹម ទៅ​ឲ្យ​ជន‌ជាតិ​ក្រិក
ដើម្បី​យក​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន។
7ប៉ុន្តែ យើង​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក
ដែល​អ្នក​រាល់​គ្នា​លក់​គេ​ទៅ​នោះ
ឲ្យ​វិល​ត្រឡប់​មក​វិញ។
យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា
តាម​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។
8យើង​នឹង​លក់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា
ទៅ​ឲ្យ​ប្រជា‌ជន​ស្រុក​យូដា
ហើយ​ប្រជា‌ជន​យូដា​នឹង​លក់​ពួក​គេ
ទៅ​ឲ្យ​អ្នក​ស្រុក​សេបា
ជា​ប្រជា‌ជាតិ​ដែល​នៅ​ស្រុក​ឆ្ងាយ»
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
9ចូរ​ប្រកាស​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ដូច​ត​ទៅ:
ចូរ​ញែក​ខ្លួន​ជា​សក្ការៈ ដើម្បី​ធ្វើ​សឹក!
ចូរ​ប្រមូល​ទាហាន​ដ៏​ពូកែ!
ចូរ​ឲ្យ​អ្នក​ចម្បាំង​ចេញ​ទៅ​សមរ‌ភូមិ!
10 ចូរ​យក​ផាល‌នង្គ័ល​មក​ដំ​ធ្វើ​ដាវ
ចូរ​យក​កណ្ដៀវ​មក​ដំ​ធ្វើ​ផ្លែ​លំពែង!
ចូរ​ឲ្យ​អ្នក​ទន់​ខ្សោយ​ពោល​ថា
“ខ្ញុំ​ជា​មនុស្ស​ខ្លាំង​ពូកែ!”។
11ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​អើយ
ចូរ​ប្រញាប់‌ប្រញាល់​នាំ​គ្នា​មក
ចូរ​ប្រមូល​ផ្ដុំ​គ្នា​នៅ​កន្លែង​តែ​មួយ!
ព្រះ‌អម្ចាស់​អើយ
សូម​ឲ្យ​កង‌ពល​របស់​ព្រះអង្គ​ចុះ​មក!។
12«ចូរ​ឲ្យ​ប្រជា‌ជាតិ​នានា​ក្រោក​ឡើង
ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជ្រលង​ភ្នំ​យេហូ‌សាផាត
ដ្បិត​យើង​នឹង​អង្គុយ​វិនិច្ឆ័យ​ទោស​ប្រជា‌ជាតិ
ទាំង​អស់​ដែល​នៅ​ជុំ‌វិញ ក្នុង​ជ្រលង​ភ្នំ​នោះ។
13 ស្រូវ​ទុំ​ហើយ ចូរ​នាំ​គ្នា​យក​កណ្ដៀវ​មក​ច្រូត!
ធុង​សម្រាប់​ជាន់​ផ្លែ​ទំពាំង‌បាយជូរ​ពេញ​ហើយ
ចូរ​នាំ​គ្នា​មក​ជាន់!
ធុង​ពេញ​ហៀរ​ទៅ​ដោយ​ទឹក​ទំពាំង‌បាយជូរ!
ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ច្រើន​ណាស់!»។
14មហា‌ជន​ដ៏​ច្រើន​ឥត​គណនា​នាំ​គ្នា​មក​ដល់
ជ្រលង​ភ្នំ​វិនិច្ឆ័យ​ទោស
ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ជិត​មក​ដល់
នៅ​ជ្រលង​ភ្នំ​វិនិច្ឆ័យ​ទោស​នេះ​ហើយ!
15ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ នឹង​ងងឹត​សូន្យ
រីឯ​ផ្កាយ​ទាំង‌ឡាយ​ក៏​បាត់​រស្មី​ដែរ។
16 ព្រះ‌អម្ចាស់​ស្រែក​គំរាម​ពី​ភ្នំ​ស៊ីយ៉ូន
ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​ពី​ក្រុង​យេរូ‌សាឡឹម
ផ្ទៃ​មេឃ និង​ផែនដី​ក៏​កក្រើក​រំពើក
តែ​ព្រះ‌អម្ចាស់​ការ‌ពារ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ
ព្រះអង្គ​ជា​ជម្រក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។
17«ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា
យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា
យើង​ស្ថិត​នៅ​លើ​ភ្នំ​ស៊ីយ៉ូន
ជា​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង
ក្រុង​យេរូ‌សាឡឹម​នឹង​បាន​វិសុទ្ធ
ហើយ​ជាតិ​សាសន៍​ដទៃ​លែង​មក​ឈ្លាន‌ពាន
ក្រុង​នេះ​ទៀត។
18នៅ​គ្រា​នោះ នឹង​មាន​ចម្ការ​ទំពាំង‌បាយជូរ
ពាស‌ពេញ​ភ្នំ ផ្ដល់​ទឹក​ទំពាំង‌បាយជូរ​ដ៏​ហូរ‌ហៀរ។
នៅ​តាម​ភ្នំ​តូចៗ​ក៏​មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន
ដែល​ផ្ដល់​ទឹក​ដោះ​ដ៏​ហូរ‌ហៀរ​ដែរ។
ទឹក​នឹង​ហូរ​សា​ជា​ថ្មី
នៅ​តាម​ជ្រោះ​ទាំង​ប៉ុន្មាន ក្នុង​ស្រុក​យូដា។
មាន​ប្រភព​ទឹក​មួយ​ហូរ​ចេញ
ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់
ទៅ​ស្រោច​ស្រព​ជ្រលង​ភ្នំ​ស៊ីទីម។
19ស្រុក​អេស៊ីប​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន
ស្រុក​អេដុម​នឹង​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន
ដ៏​ស្ងាត់​ជ្រងំ ព្រោះ​តែ​អំពើ​ឃោរ‌ឃៅ
ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​កូន​ចៅ​យូដា
ហើយ​បង្ហូរ​ឈាម​ប្រជា‌ជន​ស្លូត​ត្រង់
នៅ​ក្នុង​ស្រុក​របស់​គេ។
20រីឯ​ស្រុក​យូដា​នឹង​មាន​មនុស្ស​រស់​នៅ​រហូត​ត​ទៅ
ហើយ​ក្រុង​យេរូ‌សាឡឹម​ក៏​មាន​មនុស្ស​រស់​នៅ
អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ដែរ។
21យើង​នឹង​ចាត់​ទុក​ប្រជា‌ជន​នេះ
ថា​គ្មាន​ទោស​ទៀត​ឡើយ។
យើង​ជា​ព្រះ‌អម្ចាស់ នឹង​គង់​នៅ​ក្រុង​ស៊ីយ៉ូន»។

ទើបបានជ្រើសរើសហើយ៖

យ៉ូអែល 3: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល