ទំនុកតម្កើង 7
7
អធិស្ឋានសុំសេចក្ដីយុត្តិធម៌
ទំនុកស៊ីកាអុន#7:0 ទំនុកស៊ីកាអុន―ឬ “ចម្រៀងសាត់អណ្ដែត”។របស់ដាវីឌ ដែលច្រៀងទៅកាន់ព្រះយេហូវ៉ាអំពីរឿងគូសជាពូជពង្សបេនយ៉ាមីន។
1ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំបានជ្រកកោនក្នុងព្រះអង្គហើយ!
សូមសង្គ្រោះទូលបង្គំពីអស់អ្នកដែលតាមបៀតបៀនទូលបង្គំ
សូមរំដោះទូលបង្គំផង
2ក្រែងលោគេហែកព្រលឹងរបស់ទូលបង្គំដូចជាសិង្ហ គឺហែកជាដុំៗ
ហើយគ្មានអ្នកណារំដោះឲ្យរួចឡើយ។
3ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ
ប្រសិនបើទូលបង្គំបានធ្វើដូច្នេះ
ប្រសិនបើមានអំពើទុច្ចរិតនៅដៃទាំងពីររបស់ទូលបង្គំ
4ប្រសិនបើទូលបង្គំបានតបសងការអាក្រក់ដល់អ្នកដែលនៅសុខសាន្តជាមួយទូលបង្គំ
ឬប្លន់សត្រូវរបស់ទូលបង្គំដោយគ្មានហេតុផល
5នោះសូមឲ្យខ្មាំងសត្រូវដេញតាមព្រលឹងរបស់ទូលបង្គំ ហើយទាន់ចុះ!
សូមឲ្យគេជាន់ឈ្លីជីវិតទូលបង្គំនៅនឹងដី
ហើយសូមឲ្យគេចោលសិរីរុងរឿងរបស់ទូលបង្គំទៅក្នុងធូលីដីទៅ!
សេឡា
6ព្រះយេហូវ៉ាអើយ សូមក្រោកឡើងដោយព្រះពិរោធរបស់ព្រះអង្គផង!
សូមងើបឡើងទាស់នឹងសេចក្ដីក្ដៅក្រហាយរបស់សត្រូវទូលបង្គំ
សូមតើនឡើងសម្រាប់ទូលបង្គំផង!
ព្រះអង្គបានកំណត់ឲ្យមានការជំនុំជម្រះហើយ។
7សូមឲ្យសហគមន៍នៃជាតិសាសន៍នានាផ្ដុំគ្នានៅជុំវិញព្រះអង្គ
សូមព្រះអង្គយាងត្រឡប់ទៅស្ថានដ៏ខ្ពស់វិញ គឺពីលើពួកគេ។
8សូមព្រះយេហូវ៉ាជំនុំជម្រះបណ្ដាជនផង;
ព្រះយេហូវ៉ាអើយ សូមវិនិច្ឆ័យទូលបង្គំតាមសេចក្ដីសុចរិតរបស់ទូលបង្គំ
និងតាមសេចក្ដីគ្រប់លក្ខណ៍ដែលស្ថិតនៅក្នុងទូលបង្គំផង!
9សូមឲ្យការអាក្រក់របស់មនុស្សអាក្រក់បានបញ្ចប់ទៅ
ហើយសូមព្រះអង្គតាំងមនុស្សសុចរិតឡើង!
ព្រះដ៏សុចរិតយុត្តិធម៌អើយ
ព្រះអង្គជាអ្នកដែលពិសោធចិត្ត និងគំនិតរបស់មនុស្ស។
10ខែលរបស់ខ្ញុំនៅនឹងព្រះដែលសង្គ្រោះអ្នកដែលមានចិត្តទៀងត្រង់។
11ព្រះជាចៅក្រមដ៏សុចរិតយុត្តិធម៌
គឺជាព្រះដែលព្រះពិរោធនឹងមនុស្សអាក្រក់#7:11 នឹងមនុស្សអាក្រក់―ជាពាក្យជំនួយ។ជារៀងរាល់ថ្ងៃ។
12ប្រសិនបើអ្នកណាមិនបែរមកវិញទេ
ព្រះក៏សំលៀងដាវរបស់ព្រះអង្គ
ហើយយឹតធ្នូតម្រង់ទៅ។
13ព្រះអង្គបានរៀបចំទុកនូវអាវុធមរណៈសម្រាប់អង្គទ្រង់
ព្រមទាំងធ្វើឲ្យព្រួញរបស់ព្រះអង្គទៅជាព្រួញភ្លើងផង។
14មើល៍! មនុស្សអាក្រក់មានទម្ងន់ជាសេចក្ដីទុច្ចរិត
គឺមានផ្ទៃពោះជាសេចក្ដីអន្តរាយ
ហើយសម្រាលបានសេចក្ដីកុហក។
15គេបានជីករណ្ដៅ ហើយចូកដីចេញ
ប៉ុន្តែបានធ្លាក់ទៅក្នុងរណ្ដៅដែលខ្លួនធ្វើនោះ។
16សេចក្ដីអន្តរាយរបស់គេនឹងត្រឡប់មកលើក្បាលរបស់ខ្លួនវិញ
ហើយអំពើហិង្សារបស់គេក៏នឹងធ្លាក់មកលើក្រយៅក្បាលរបស់ខ្លួនដែរ។
17ខ្ញុំនឹងអរព្រះគុណព្រះយេហូវ៉ា ដោយសារតែសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ
ហើយច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះយេហូវ៉ាដ៏ខ្ពស់បំផុត៕
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 7: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative