ទំនុកតម្កើង 5
5
ខែលរបស់មនុស្សសុចរិត
បទតម្កើងរបស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង ត្រូវលេងដោយខ្លុយ។
1ព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌នឹងពាក្យរបស់ទូលបង្គំផង
សូមយកចិត្តទុកដាក់នឹងសំឡេងថ្ងូររបស់ទូលបង្គំផង!
2ព្រះមហាក្សត្រនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ
សូមប្រុងស្ដាប់សូរសម្រែករបស់ទូលបង្គំផង
ដ្បិតទូលបង្គំអធិស្ឋានទៅព្រះអង្គ!
3ព្រះយេហូវ៉ាអើយ
នៅពេលព្រឹក ព្រះអង្គនឹងឮសំឡេងរបស់ទូលបង្គំ
នៅពេលព្រឹក ទូលបង្គំរៀបរាប់ទូល#5:3 រៀបរាប់ទូល―ន័យត្រង់គឺ “រៀបចំ”។ព្រះអង្គ ទាំងប្រុងស្មារតីផង។
4ដ្បិតព្រះអង្គមិនមែនជាព្រះដែលសព្វព្រះហឫទ័យនឹងសេចក្ដីអាក្រក់ទេ
សេចក្ដីទុច្ចរិតស្ថិតនៅជាមួយព្រះអង្គមិនបានឡើយ។
5មនុស្សព្រហើនឈរនៅចំពោះព្រះនេត្ររបស់ព្រះអង្គមិនបានឡើយ
ព្រះអង្គទ្រង់ស្អប់អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។
6ព្រះអង្គនឹងបំផ្លាញអ្នកដែលពោលពាក្យភូតភរ
ព្រះយេហូវ៉ាទ្រង់ស្អប់ខ្ពើមមនុស្សនៃការបង្ហូរឈាម និងការបោកបញ្ឆោត។
7រីឯទូលបង្គំវិញ ទូលបង្គំនឹងចូលទៅក្នុងដំណាក់របស់ព្រះអង្គ
ដោយភាពបរិបូរនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ
ទូលបង្គំនឹងក្រាបថ្វាយបង្គំឆ្ពោះទៅព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ
ដោយការកោតខ្លាចព្រះអង្គ។
8ព្រះយេហូវ៉ាអើយ
សូមដឹកនាំទូលបង្គំក្នុងសេចក្ដីសុចរិតរបស់ព្រះអង្គដោយព្រោះពួកសត្រូវរបស់ទូលបង្គំផង
សូមតម្រង់ផ្លូវរបស់ព្រះអង្គនៅមុខទូលបង្គំផង!
9ដ្បិតគ្មានអ្វីគួរឲ្យទុកចិត្តនៅក្នុងមាត់ពួកនោះឡើយ
ខាងក្នុងពួកគេមានតែសេចក្ដីអន្តរាយ
បំពង់កពួកគេជាផ្នូរដែលបើកចំហ
ពួកគេបញ្ជោរដោយអណ្ដាតរបស់ខ្លួន។
10ឱព្រះអើយ សូមធ្វើឲ្យពួកគេបានទទួលទោសផង!
សូមឲ្យពួកគេដួលដោយឧបាយកលរបស់ខ្លួន
សូមបណ្ដេញពួកគេចេញដោយសារតែការបំពានដ៏ច្រើនរបស់ពួកគេ
ដ្បិតពួកគេបានបះបោរនឹងព្រះអង្គ។
11រីឯអស់អ្នកដែលជ្រកកោនក្នុងព្រះអង្គ
សូមឲ្យពួកគេបានអរសប្បាយ
សូមឲ្យពួកគេច្រៀងដោយអំណរជារៀងរហូត។
សូមឲ្យព្រះអង្គឃុំគ្រងពួកគេ
ដើម្បីឲ្យអ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ អបអរក្នុងព្រះអង្គ
12ព្រះយេហូវ៉ាអើយ ដ្បិតព្រះអង្គតែងតែប្រទានពរមនុស្សសុចរិត
ព្រះអង្គហ៊ុមព័ទ្ធពួកគេដោយសេចក្ដីសន្ដោសដូចជាខែល៕
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 5: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative