ទំនុកតម្កើង 35
35
អធិស្ឋានសុំជ័យជម្នះលើសត្រូវ
បទតម្កើង#35:0 បទតម្កើង―ជាពាក្យជំនួយ។របស់ដាវីឌ។
1ព្រះយេហូវ៉ាអើយ
សូមតតាំងនឹងពួកអ្នកតតាំងនឹងទូលបង្គំផង!
សូមតយុទ្ធនឹងពួកអ្នកតយុទ្ធនឹងទូលបង្គំផង!
2សូមចាប់យកខែលតូច និងខែលធំ
ហើយក្រោកឡើងដើម្បីជួយទូលបង្គំផង!
3សូមហូតលំពែង និងដែកពួយ ដើម្បីតទល់នឹងពួកដែលតាមបៀតបៀនទូលបង្គំផង!
សូមមានបន្ទូលនឹងព្រលឹងរបស់ទូលបង្គំថា៖ “យើងជាសេចក្ដីសង្គ្រោះរបស់អ្នក!”។
4សូមឲ្យពួកដែលស្វែងរកព្រលឹងរបស់ទូលបង្គំ បានអាម៉ាស់មុខ និងអៀនខ្មាស
សូមឲ្យពួកដែលគិតគូរការអាក្រក់ទាស់នឹងទូលបង្គំ បានថយទៅវិញ ហើយទទួលការអាប់យស។
5សូមឲ្យពួកគេបានដូចជាអង្កាមនៅចំពោះខ្យល់
ទាំងមានទូតសួគ៌របស់ព្រះយេហូវ៉ាដេញពួកគេចេញផង។
6សូមឲ្យផ្លូវរបស់ពួកគេទៅជាងងឹត ហើយរអិល
ទាំងមានទូតសួគ៌របស់ព្រះយេហូវ៉ាដេញតាមពួកគេផង។
7ដ្បិតពួកគេបានបង្កប់សំណាញ់ក្នុងរណ្ដៅ ដើម្បីចាប់ទូលបង្គំដោយគ្មានមូលហេតុ
ពួកគេបានជីករណ្ដៅ ដើម្បីចាប់ព្រលឹងរបស់ទូលបង្គំដោយគ្មានមូលហេតុ។
8សូមឲ្យការហិនវិនាសមកលើពួកគេដោយមិនដឹងខ្លួន
សូមឲ្យសំណាញ់ដែលខ្លួនពួកគេបានបង្កប់ ចាប់ពួកគេជាប់
សូមឲ្យពួកគេធ្លាក់ទៅក្នុងអន្ទាក់នោះរហូតដល់ហិនវិនាស។
9នោះព្រលឹងរបស់ទូលបង្គំនឹងត្រេកអរក្នុងព្រះយេហូវ៉ា
ហើយរីករាយក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។
10អស់ទាំងឆ្អឹងទូលបង្គំនឹងនិយាយថា៖
“ព្រះយេហូវ៉ាអើយ
តើនរណាដូចព្រះអង្គដែលរំដោះមនុស្សទ័លក្រពីអ្នកដែលខ្លាំងជាងខ្លួនអ្នកនោះ
គឺរំដោះមនុស្សទ័លក្រ និងមនុស្សខ្វះខាតពីអ្នកដែលប្លន់ពួកគេ?”។
11ពួកសាក្សីព្យាបាទក្រោកឡើង
សាកសួរអំពីរឿងដែលខ្ញុំមិនដឹង។
12ពួកគេតបសងការអាក្រក់ដល់ខ្ញុំ ស្នងនឹងការល្អ
ធ្វើឲ្យព្រលឹងរបស់ខ្ញុំឯកោ។
13ចំណែកឯខ្ញុំវិញ កាលពួកគេឈឺ
ខ្ញុំស្លៀកសម្លៀកបំពាក់ជាក្រណាត់ធ្មៃ
ខ្ញុំបានធ្វើទុក្ខព្រលឹងរបស់ខ្ញុំដោយការតមអាហារ
ហើយខ្ញុំបានអធិស្ឋានក្នុងចិត្តខ្ញុំម្ដងហើយម្ដងទៀត#35:13 ខ្ញុំបានអធិស្ឋានក្នុងចិត្តខ្ញុំម្ដងហើយម្ដងទៀត―ន័យត្រង់គឺ “សេចក្ដីអធិស្ឋានរបស់ខ្ញុំ ត្រឡប់មកក្នុងចិត្តខ្ញុំវិញ”។។
14ខ្ញុំបានទៅណេះទៅណោះដើម្បីពួកគេ
ហាក់ដូចជាពួកគេជាមិត្តសម្លាញ់ ឬបងប្អូនរបស់ខ្ញុំ;
ខ្ញុំបានឱនចុះដោយយំសោក ដូចជាកាន់ទុក្ខចំពោះម្ដាយ។
15ប៉ុន្តែកាលខ្ញុំជំពប់ ពួកគេក៏ផ្ដុំគ្នាអរសប្បាយ;
ពួកអ្នកវាយប្រហារបានផ្ដុំគ្នាទាស់នឹងខ្ញុំ ដោយខ្ញុំមិនបានដឹងខ្លួន
ហើយហែកខ្ញុំឥតឈប់ឈរ;
16ពួកគេសង្កៀតធ្មេញដាក់ខ្ញុំ
ដូចជាមនុស្សចំអកឡកឡឺយដែលមិនគោរពព្រះនៅក្នុងពិធីជប់លៀង។
17ព្រះអម្ចាស់អើយ តើព្រះអង្គគ្រាន់តែទតមើលដល់ពេលណាទៀត?
សូមសង្គ្រោះព្រលឹងរបស់ទូលបង្គំពីការបំផ្លាញរបស់ពួកគេ
សូមសង្គ្រោះដួងជីវិតរបស់ទូលបង្គំពីសិង្ហស្ទាវផង។
18ទូលបង្គំនឹងអរព្រះគុណព្រះអង្គនៅក្នុងអង្គប្រជុំដ៏ធំ
ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គនៅកណ្ដាលចំណោមប្រជាជនដ៏ច្រើន។
19កុំឲ្យពួកអ្នកដែលធ្វើជាសត្រូវនឹងទូលបង្គំដោយឥតហេតុ បានអរសប្បាយលើទូលបង្គំ
កុំឲ្យពួកអ្នកដែលស្អប់ទូលបង្គំដោយគ្មានមូលហេតុ បានមិចភ្នែកឡើយ។
20ដ្បិតពួកគេមិននិយាយសន្តិភាពឡើយ
គឺគិតគូរពាក្យបោកបញ្ឆោតទាស់នឹងអ្នកដែលរស់នៅដោយស្ងប់ស្ងៀមក្នុងស្រុកវិញ។
21ពួកគេបើកមាត់ធំដាក់ទូលបង្គំ ដោយនិយាយថា៖
“ហាសហា! ហាសហា! ភ្នែកយើងបានឃើញហើយ!”។
22ព្រះយេហូវ៉ាអើយ
ព្រះអង្គបានទតឃើញហើយ សូមកុំនៅស្ងៀមឡើយ!
ព្រះអម្ចាស់អើយ សូមកុំគង់នៅឆ្ងាយពីទូលបង្គំឡើយ!
23ព្រះនៃទូលបង្គំ ព្រះអម្ចាស់នៃទូលបង្គំអើយ
សូមតើនឡើង សូមក្រោកឡើង
ដើម្បីសាលក្រមបំភ្លឺភាពត្រឹមត្រូវសម្រាប់ទូលបង្គំ
និងដើម្បីរឿងក្ដីរបស់ទូលបង្គំផង!
24ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ
សូមរកយុត្តិធម៌ឲ្យទូលបង្គំ ដោយសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គផង!
កុំឲ្យពួកគេបានអរសប្បាយលើទូលបង្គំឡើយ
25កុំឲ្យពួកគេពោលក្នុងចិត្តថា៖
“ហាសហា! ដូចបំណងយើងហើយ!”។
កុំឲ្យពួកគេពោលថា៖ “យើងបានលេបវាហើយ!”។
26សូមឲ្យពួកអ្នកដែលអរសប្បាយនឹងមហន្តរាយរបស់ទូលបង្គំ
ត្រូវបានធ្វើឲ្យអាម៉ាស់មុខ ហើយទទួលការអាប់យសជាមួយគ្នា។
សូមឲ្យពួកអ្នកដែលលើកខ្លួនឡើងទាស់នឹងទូលបង្គំ
ត្រូវបានស្លៀកពាក់ឲ្យដោយនូវសេចក្ដីអាម៉ាស់ និងភាពអាប់យស។
27សូមឲ្យអ្នកដែលចង់ឃើញការរាប់ជាសុចរិតដល់ទូលបង្គំ បានស្រែកហ៊ោ និងអរសប្បាយ។
សូមឲ្យពួកគេនិយាយជានិច្ចថា៖
“សូមលើកតម្កើងព្រះយេហូវ៉ា!
ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីសុខសាន្តរបស់បាវបម្រើព្រះអង្គ”។
28អណ្ដាតរបស់ទូលបង្គំនឹងថ្លែងអំពីសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ
ហើយសរសើរតម្កើងព្រះអង្គវាល់ព្រឹកវាល់ល្ងាច!៕
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 35: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative