ទំនុកតម្កើង 36

36
សេចក្ដីអាក្រក់របស់មនុស្ស និងសេចក្ដីស្រឡាញ់របស់ព្រះ
បទតម្កើង​របស់​ដាវីឌ​បាវបម្រើ​របស់​ព្រះយេហូវ៉ា សម្រាប់​អ្នកដឹកនាំចម្រៀង​។
1នៅ​ក្នុងចិត្ត​របស់ខ្ញុំ មាន​ពាក្យថ្លែង​ជំទាស់នឹង​ការបំពាន​របស់​មនុស្ស​អាក្រក់​ថា#36:1 នៅ​ក្នុង​ចិត្ត​របស់ខ្ញុំ មានពាក្យថ្លែងជំទាស់នឹង​ការបំពានរបស់​មនុស្ស​អាក្រក់​ថា―ឬ “ការបំពានរបស់​មនុស្ស​អាក្រក់និយាយក្នុងចិត្តខ្លួនថា”។​៖
“គ្មាន​ការកោតខ្លាច​ព្រះ​សោះ នៅចំពោះ​ភ្នែក​របស់គេ
2ដ្បិត​គេ​បញ្ជោរ​ខ្លួនឯង​នៅក្នុង​ភ្នែក​របស់ខ្លួន
រហូតដល់​មិន​ឃើញ ហើយមិន​ស្អប់​អំពើទុច្ចរិត​របស់ខ្លួន​។
3ពាក្យសម្ដី​ពី​មាត់​របស់គេ ជា​សេចក្ដីទុច្ចរិត និង​សេចក្ដីបោកបញ្ឆោត
គេ​លែង​ប្រព្រឹត្តដោយប្រាជ្ញា និង​លែង​ប្រព្រឹត្តល្អ​ទៀត​ហើយ​។
4គេ​គិតគូរ​អំពើទុច្ចរិត​នៅលើ​គ្រែ​របស់ខ្លួន
គេ​ឈរ​ក្នុង​ផ្លូវ​មិន​ល្អ
គេ​មិន​បដិសេធ​ការ​អាក្រក់​ឡើយ”។
5ព្រះយេហូវ៉ា​អើយ
សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ដល់​ផ្ទៃមេឃ
សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​ដល់​ពពក​!
6សេចក្ដីសុចរិត​របស់ព្រះអង្គ​ប្រៀបដូចជា​ភ្នំ​នានា​ដ៏ធំឧត្ដម
សេចក្ដីយុត្តិធម៌​របស់ព្រះអង្គ​ប្រៀបដូចជា​ទីជម្រៅ​ដ៏មហិមា​។
ព្រះយេហូវ៉ា​អើយ ព្រះអង្គ​ទ្រង់​ជួយសង្គ្រោះ​មនុស្ស និង​សត្វ​!
7ឱ​ព្រះ​អើយ
សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​មានតម្លៃ​យ៉ាងណាហ្ន៎​!
មនុស្សលោក​ជ្រកកោន​នៅក្រោម​ម្លប់​នៃ​ស្លាប​របស់ព្រះអង្គ​។
8ពួកគេ​បាន​ស្កប់ស្កល់​ដោយ​ភាពបរិបូរ​នៃ​ដំណាក់​របស់ព្រះអង្គ
ព្រះអង្គ​ឲ្យ​ពួកគេ​ផឹក​ពី​ទឹកជ្រោះ​នៃ​សេចក្ដីរីករាយ​របស់ព្រះអង្គ​។
9ដ្បិត​ប្រភពទឹក​នៃ​ជីវិត​នៅនឹង​ព្រះអង្គ​;
នៅក្នុង​ពន្លឺ​របស់ព្រះអង្គ ទើប​យើង​ឃើញ​ពន្លឺ​។
10សូម​បន្ត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ដល់​អ្នកដែល​ស្គាល់​ព្រះអង្គ
សូម​បន្ត​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ដល់​អ្នកដែល​មាន​ចិត្ត​ទៀងត្រង់​ផង​។
11កុំឲ្យ​ជើង​របស់​មនុស្សមានអំនួត​មកដល់​ទូលបង្គំ​ឡើយ
ក៏​កុំឲ្យ​ដៃ​របស់​មនុស្ស​អាក្រក់​ធ្វើឲ្យ​ទូលបង្គំ​សាត់អណ្ដែត​ដែរ​។
12នៅ​ទីនោះ អ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​នឹង​ដួល​;
ពួកគេ​នឹង​ត្រូវបាន​ផ្ដួលរំលំ ហើយ​មិនអាច​ក្រោកឡើង​បានឡើយ​៕

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 36: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល