ទំនុកតម្កើង 36
36
សេចក្ដីអាក្រក់របស់មនុស្ស និងសេចក្ដីស្រឡាញ់របស់ព្រះ
បទតម្កើងរបស់ដាវីឌបាវបម្រើរបស់ព្រះយេហូវ៉ា សម្រាប់អ្នកដឹកនាំចម្រៀង។
1នៅក្នុងចិត្តរបស់ខ្ញុំ មានពាក្យថ្លែងជំទាស់នឹងការបំពានរបស់មនុស្សអាក្រក់ថា#36:1 នៅក្នុងចិត្តរបស់ខ្ញុំ មានពាក្យថ្លែងជំទាស់នឹងការបំពានរបស់មនុស្សអាក្រក់ថា―ឬ “ការបំពានរបស់មនុស្សអាក្រក់និយាយក្នុងចិត្តខ្លួនថា”។៖
“គ្មានការកោតខ្លាចព្រះសោះ នៅចំពោះភ្នែករបស់គេ
2ដ្បិតគេបញ្ជោរខ្លួនឯងនៅក្នុងភ្នែករបស់ខ្លួន
រហូតដល់មិនឃើញ ហើយមិនស្អប់អំពើទុច្ចរិតរបស់ខ្លួន។
3ពាក្យសម្ដីពីមាត់របស់គេ ជាសេចក្ដីទុច្ចរិត និងសេចក្ដីបោកបញ្ឆោត
គេលែងប្រព្រឹត្តដោយប្រាជ្ញា និងលែងប្រព្រឹត្តល្អទៀតហើយ។
4គេគិតគូរអំពើទុច្ចរិតនៅលើគ្រែរបស់ខ្លួន
គេឈរក្នុងផ្លូវមិនល្អ
គេមិនបដិសេធការអាក្រក់ឡើយ”។
5ព្រះយេហូវ៉ាអើយ
សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គដល់ផ្ទៃមេឃ
សេចក្ដីស្មោះត្រង់របស់ព្រះអង្គដល់ពពក!
6សេចក្ដីសុចរិតរបស់ព្រះអង្គប្រៀបដូចជាភ្នំនានាដ៏ធំឧត្ដម
សេចក្ដីយុត្តិធម៌របស់ព្រះអង្គប្រៀបដូចជាទីជម្រៅដ៏មហិមា។
ព្រះយេហូវ៉ាអើយ ព្រះអង្គទ្រង់ជួយសង្គ្រោះមនុស្ស និងសត្វ!
7ឱព្រះអើយ
សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គមានតម្លៃយ៉ាងណាហ្ន៎!
មនុស្សលោកជ្រកកោននៅក្រោមម្លប់នៃស្លាបរបស់ព្រះអង្គ។
8ពួកគេបានស្កប់ស្កល់ដោយភាពបរិបូរនៃដំណាក់របស់ព្រះអង្គ
ព្រះអង្គឲ្យពួកគេផឹកពីទឹកជ្រោះនៃសេចក្ដីរីករាយរបស់ព្រះអង្គ។
9ដ្បិតប្រភពទឹកនៃជីវិតនៅនឹងព្រះអង្គ;
នៅក្នុងពន្លឺរបស់ព្រះអង្គ ទើបយើងឃើញពន្លឺ។
10សូមបន្តសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គដល់អ្នកដែលស្គាល់ព្រះអង្គ
សូមបន្តសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គដល់អ្នកដែលមានចិត្តទៀងត្រង់ផង។
11កុំឲ្យជើងរបស់មនុស្សមានអំនួតមកដល់ទូលបង្គំឡើយ
ក៏កុំឲ្យដៃរបស់មនុស្សអាក្រក់ធ្វើឲ្យទូលបង្គំសាត់អណ្ដែតដែរ។
12នៅទីនោះ អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតនឹងដួល;
ពួកគេនឹងត្រូវបានផ្ដួលរំលំ ហើយមិនអាចក្រោកឡើងបានឡើយ៕
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 36: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative