ទំនុកតម្កើង 34
34
ព្រះទ្រង់រំដោះមនុស្សសុចរិត
បទតម្កើង#34:0 បទតម្កើង―ជាពាក្យជំនួយ។របស់ដាវីឌ នៅគ្រាដែលគាត់ធ្វើពុតជាវិកលចរិតនៅមុខអ័ប៊ីម្ម៉ាឡិច ធ្វើឲ្យអ័ប៊ីម្ម៉ាឡិចបណ្ដេញគាត់ចេញ គាត់ក៏ចាកចេញទៅ។
1ខ្ញុំនឹងថ្វាយពរព្រះយេហូវ៉ាគ្រប់ពេលវេលា
ពាក្យសរសើរតម្កើងព្រះអង្គនៅក្នុងមាត់ខ្ញុំជានិច្ច។
2ព្រលឹងរបស់ខ្ញុំនឹងអួតអំពីព្រះយេហូវ៉ា;
សូមឲ្យមនុស្សតូចទាបបានឮ ហើយអរសប្បាយដែរ។
3ចូរលើកតម្កើងព្រះយេហូវ៉ាជាមួយខ្ញុំ!
យើងនាំគ្នាលើកព្រះនាមរបស់ព្រះអង្គឡើងជាមួយគ្នា!
4ខ្ញុំបានស្វែងរកព្រះយេហូវ៉ា នោះព្រះអង្គក៏ឆ្លើយនឹងខ្ញុំ
ហើយរំដោះខ្ញុំពីអស់ទាំងការភិតភ័យរបស់ខ្ញុំ។
5អ្នកដែលរំពឹងមើលទៅព្រះអង្គ ក៏ភ្លឺចែងចាំង
ហើយមុខរបស់គេមិនអៀនខ្មាសឡើយ។
6ខ្ញុំដែលជាមនុស្សរងទុក្ខម្នាក់នេះ បានស្រែកហៅ
នោះព្រះយេហូវ៉ាក៏បានសណ្ដាប់ ហើយសង្គ្រោះខ្ញុំ#34:6 ខ្ញុំ―ន័យត្រង់គឺ “គាត់”។ពីអស់ទាំងទុក្ខវេទនារបស់ខ្ញុំ។
7ទូតសួគ៌របស់ព្រះយេហូវ៉ាបោះទ័ពជុំវិញអ្នកដែលកោតខ្លាចព្រះអង្គ
ហើយរំដោះពួកគេ។
8ចូរភ្លក់មើលឲ្យដឹងថាព្រះយេហូវ៉ាទ្រង់ល្អ!
មានពរហើយ មនុស្សដែលជ្រកកោនក្នុងព្រះអង្គ!
9វិសុទ្ធជនរបស់ព្រះយេហូវ៉ាអើយ ចូរកោតខ្លាចព្រះអង្គ!
ដ្បិតអ្នកដែលកោតខ្លាចព្រះអង្គគ្មានភាពខ្វះខាតឡើយ។
10សិង្ហស្ទាវក៏ខ្វះខាត ហើយឃ្លានដែរ
រីឯអ្នកដែលស្វែងរកព្រះយេហូវ៉ា នឹងមិនខ្វះអ្វីដែលល្អឡើយ។
11កូនរាល់គ្នាអើយ ចូរមក ហើយស្ដាប់តាមខ្ញុំចុះ!
ខ្ញុំនឹងបង្រៀនអ្នករាល់គ្នាអំពីការកោតខ្លាចព្រះយេហូវ៉ា។
12តើមនុស្សណាចង់បានជីវិត ហើយស្រឡាញ់អាយុវែង
ដើម្បីឲ្យខ្លួនបានឃើញសេចក្ដីល្អ?
13ចូរឲ្យអ្នកនោះ#34:13 អ្នកនោះ―ន័យត្រង់គឺ “អ្នក”។ទប់អណ្ដាតរបស់ខ្លួនពីការនិយាយអាក្រក់
ហើយទប់បបូរមាត់របស់ខ្លួនពីការនិយាយសេចក្ដីបោកបញ្ឆោត។
14ចូរបែរចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អវិញ
ចូរស្វែងរកសន្តិភាព ហើយដេញតាមវា។
15ព្រះនេត្ររបស់ព្រះយេហូវ៉ានៅលើមនុស្សសុចរិត
ហើយព្រះកាណ៌របស់ព្រះអង្គនៅនឹងសម្រែករបស់ពួកគេ។
16ព្រះភក្ត្ររបស់ព្រះយេហូវ៉ាទាស់នឹងមនុស្សដែលធ្វើអាក្រក់
ដើម្បីកាត់ការនឹកចាំអំពីពួកគេចេញពីផែនដី។
17នៅពេលមនុស្សសុចរិតស្រែកឡើង ព្រះយេហូវ៉ាក៏សណ្ដាប់
ហើយរំដោះពួកគេពីអស់ទាំងទុក្ខវេទនារបស់ពួកគេ។
18ព្រះយេហូវ៉ានៅជិតអ្នកដែលបែកខ្ទេចក្នុងចិត្ត
ហើយព្រះអង្គទ្រង់សង្គ្រោះអ្នកដែលមានវិប្បដិសារីខាងឯវិញ្ញាណ។
19មនុស្សសុចរិតរងការធ្វើទុក្ខជាច្រើន
ប៉ុន្តែព្រះយេហូវ៉ាទ្រង់រំដោះគេពីគ្រប់សេចក្ដីទាំងនោះ
20ក៏ថែរក្សាអស់ទាំងឆ្អឹងគេ
គឺគ្មានឆ្អឹងណាមួយត្រូវបានបំបាក់ឡើយ។
21សេចក្ដីអាក្រក់ធ្វើឲ្យមនុស្សអាក្រក់ត្រូវបានសម្លាប់
ហើយពួកដែលស្អប់មនុស្សសុចរិត នឹងត្រូវទទួលទោស។
22ព្រះយេហូវ៉ាទ្រង់ប្រោសលោះព្រលឹងរបស់បាវបម្រើព្រះអង្គ;
អស់អ្នកដែលជ្រកកោនក្នុងព្រះអង្គ នឹងមិនត្រូវទទួលទោសឡើយ៕
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 34: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative