ទំនុកតម្កើង 33

33
សរសើរតម្កើងដល់ព្រះអាទិករ
1មនុស្ស​សុចរិត​អើយ ចូរ​ស្រែកហ៊ោសប្បាយ​ក្នុង​ព្រះយេហូវ៉ា​!
ដ្បិត​ការសរសើរតម្កើង​ពី​មនុស្ស​ទៀងត្រង់​ជា​ការសមគួរ​។
2ចូរ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា​ដោយ​ពិណហាប
ចូរ​ច្រៀងសរសើរតម្កើង​ព្រះអង្គ​ដោយ​ពិណបុរាណ​ខ្សែ​ដប់​!
3ចូរ​ច្រៀង​ចម្រៀង​ថ្មី​ថ្វាយ​ព្រះអង្គ
ចូរ​លេងភ្លេង​យ៉ាងស្ទាត់ជំនាញ​ដោយ​សម្រែកហ៊ោសប្បាយ​!
4ដ្បិត​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​ទៀងត្រង់
ហើយ​អស់ទាំង​កិច្ចការ​របស់ព្រះអង្គ​បានធ្វើ​ក្នុង​ភាពស្មោះត្រង់​។
5ព្រះអង្គ​ទ្រង់​ស្រឡាញ់​សេចក្ដីសុចរិត និង​សេចក្ដីយុត្តិធម៌​;
ផែនដី​បាន​ពេញ​ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះយេហូវ៉ា​។
6បណ្ដាមេឃ​ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា
ហើយ​អស់ទាំង​ពលបរិវារ​នៃមេឃ​ត្រូវបាន​បង្កើតឡើង​ដោយ​ខ្យល់ដង្ហើម​ពី​ព្រះឱស្ឋ​របស់ព្រះអង្គ​។
7ព្រះអង្គ​ប្រមូល​ទឹក​សមុទ្រ​ជា​គំនរ
ព្រះអង្គ​ដាក់​ទីជម្រៅ​នៅក្នុង​ឃ្លាំង​។
8ចូរឲ្យ​ផែនដី​ទាំងមូល​កោតខ្លាច​ព្រះយេហូវ៉ា
ចូរឲ្យ​អស់អ្នក​ដែល​រស់នៅ​ក្នុង​ពិភពលោក​ភិតភ័យ​នឹង​ព្រះអង្គ
9ដ្បិត​ព្រះអង្គ​បាន​មានបន្ទូល នោះក៏​កើតមាន
ព្រះអង្គ​បាន​បង្គាប់ នោះក៏​នៅស្ថិតស្ថេរ​។
10ព្រះយេហូវ៉ា​បាន​ធ្វើឲ្យ​ផែនការ​របស់​ប្រជាជាតិ​នានា​ខ្ទេចសូន្យ
ព្រះអង្គ​បាន​ធ្វើឲ្យ​គម្រោង​របស់​ប្រជាជន​ទាំងឡាយ​បរាជ័យ​។
11ដំបូន្មាន​របស់​ព្រះយេហូវ៉ា​នៅ​ជារៀងរហូត
អស់ទាំង​គម្រោង​ព្រះហឫទ័យ​របស់ព្រះអង្គ​នៅស្ថិតស្ថេរ​ពីជំនាន់មួយទៅជំនាន់មួយ​។
12មានពរ​ហើយ ប្រជាជាតិ​ដែល​ព្រះយេហូវ៉ា​ជា​ព្រះ​របស់ខ្លួន
ជា​ប្រជារាស្ត្រ​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​ទុកជា​មរតក​របស់​អង្គទ្រង់​!
13ព្រះយេហូវ៉ា​បាន​ទត​មើល​ពី​ស្ថានសួគ៌
ក៏​ទត​ឃើញ​មនុស្សលោក​ទាំងអស់​។
14ព្រះអង្គ​ទ្រង់​សង្កេតមើល​អស់អ្នក​ដែល​រស់នៅ​លើ​ផែនដី
ពី​ទី​គង់នៅ​របស់ព្រះអង្គ​។
15ព្រះអង្គ​សូន​ចិត្ត​ពួកគេ​ទាំងអស់គ្នា
ហើយ​ឈ្វេងយល់​អស់ទាំង​កិច្ចការ​របស់ពួកគេ​។
16ស្ដេច​មិន​ត្រូវបាន​សង្គ្រោះ​ដោយ​កងទ័ព​ច្រើន​ឡើយ
ហើយ​មនុស្ស​ខ្លាំងពូកែ​ក៏មិន​ត្រូវបាន​រំដោះឲ្យរួច​ដោយ​កម្លាំង​ដ៏ខ្លាំង​ដែរ​;
17ឯ​សេះ​ក៏​ឥតប្រយោជន៍​សម្រាប់​ការរួចជីវិត​ដែរ
វា​មិន​អាច​រំដោះ​បាន​ដោយ​កម្លាំង​ដ៏ខ្លាំង​របស់វា​ឡើយ​។
18មើល៍! ព្រះនេត្រ​របស់​ព្រះយេហូវ៉ា​នៅលើ​អ្នកដែល​កោតខ្លាច​ព្រះអង្គ
គឺ​នៅលើ​អ្នកដែល​រំពឹង​លើ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ
19ដើម្បី​រំដោះ​ព្រលឹង​របស់ពួកគេ​ពី​សេចក្ដីស្លាប់
និង​ដើម្បី​រក្សាជីវិត​របស់ពួកគេ​នៅពេល​មាន​ទុរ្ភិក្ស​។
20ព្រលឹង​របស់យើង​រង់ចាំ​ព្រះយេហូវ៉ា
ព្រះអង្គ​ជា​ជំនួយ​របស់យើង និង​ជា​ខែល​របស់យើង​។
21ដ្បិត​ចិត្ត​របស់យើង​អរសប្បាយ​ក្នុង​ព្រះអង្គ
យើង​បាន​ជឿទុកចិត្តលើ​ព្រះនាម​ដ៏វិសុទ្ធ​របស់ព្រះអង្គ​។
22ព្រះយេហូវ៉ា​អើយ
ដូចដែល​យើងខ្ញុំ​បាន​រំពឹង​លើ​ព្រះអង្គ
សូមឲ្យ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ស្ថិត​លើ​យើងខ្ញុំ​ផង​!​៕

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 33: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល