ទំនុកតម្កើង 3

3
សេចក្ដីសង្គ្រោះជារបស់ព្រះយេហូវ៉ា
បទតម្កើង​របស់​ដាវីឌ កាល​ទ្រង់​រត់គេច​ពី​អាប់សាឡំ​បុត្រ​របស់ទ្រង់​។
1ព្រះយេហូវ៉ា​អើយ បច្ចាមិត្ត​របស់ទូលបង្គំ​កើនចំនួនច្រើន​ណាស់ហ្ន៎​!
មនុស្ស​ជាច្រើន​បាន​ក្រោកឡើង​ប្រឆាំងនឹង​ទូលបង្គំ​!
2មនុស្ស​ជាច្រើន​និយាយ​អំពី​ព្រលឹង​របស់ទូលបង្គំ​ថា​៖
“គ្មាន​សេចក្ដីសង្គ្រោះ​ពី​ព្រះ សម្រាប់​វា​ឡើយ”។
សេឡា
3ប៉ុន្តែ​ព្រះយេហូវ៉ា​អើយ គឺ​ព្រះអង្គ​ហើយ
ជា​ខែល​បាំង​ជុំវិញ​ទូលបង្គំ
ជា​សិរីរុងរឿង​របស់ទូលបង្គំ
និង​ជា​អ្នកដែល​លើក​ក្បាល​ទូលបង្គំ​ឡើង​។
4ខ្ញុំ​ស្រែកហៅ​ព្រះយេហូវ៉ា​ដោយ​សំឡេង​របស់ខ្ញុំ
នោះ​ព្រះអង្គ​ក៏​ឆ្លើយ​មក​ខ្ញុំ​ពី​ភ្នំ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​។
សេឡា
5ខ្ញុំ​បាន​ដេក ហើយ​លង់លក់​ទៅ រួចក៏​ភ្ញាក់ឡើង
ដ្បិត​ព្រះយេហូវ៉ា​ទ្រទ្រង់​ខ្ញុំ​។
6ខ្ញុំ​មិន​ខ្លាច​បណ្ដាជន​រាប់ម៉ឺន​នាក់
ដែល​តាំងខ្លួន​ទាស់នឹង​ខ្ញុំ​ពី​គ្រប់ទិស​ឡើយ​។
7ព្រះយេហូវ៉ា​អើយ សូម​ក្រោកឡើង​!
ព្រះ​នៃទូលបង្គំ​អើយ សូម​សង្គ្រោះ​ទូលបង្គំ​ផង​!
មែនហើយ ព្រះអង្គ​បាន​វាយ​ពួក​សត្រូវ​ទាំងអស់​របស់ទូលបង្គំ​ត្រង់​ឆ្អឹងថ្គាម
ព្រះអង្គ​បាន​បំបាក់​ចង្កូម​របស់​មនុស្ស​អាក្រក់​។
8សេចក្ដីសង្គ្រោះ​ជារបស់​ព្រះយេហូវ៉ា​!
សូមឲ្យ​ព្រះពរ​របស់ព្រះអង្គ មាន​លើ​ប្រជារាស្ត្រ​របស់ព្រះអង្គ​៕
សេឡា

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 3: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល