ទំនុកតម្កើង 27

27
ព្រះជាបន្ទាយរបស់ខ្ញុំ
បទតម្កើង#27:0 បទតម្កើង―ជាពាក្យជំនួយ។​របស់​ដាវីឌ​។
1ព្រះយេហូវ៉ា​ជា​ពន្លឺ​របស់ខ្ញុំ និង​ជា​សេចក្ដីសង្គ្រោះ​របស់ខ្ញុំ
តើ​ខ្ញុំ​ត្រូវ​ខ្លាច​អ្នកណា​?
ព្រះយេហូវ៉ា​ជា​បន្ទាយ​នៃ​ជីវិត​ខ្ញុំ
តើ​ខ្ញុំ​ត្រូវ​ភ័យខ្លាច​អ្នកណា​?
2នៅពេល​ពួក​ធ្វើអាក្រក់ គឺ​បច្ចាមិត្ត និង​សត្រូវ​របស់ខ្ញុំ បាន​ចូលមកជិត​ដើម្បី​ស៊ី​សាច់​ខ្ញុំ
ពួកគេ​ក៏​បាន​ជំពប់ ហើយ​ដួល​ទៅ​។
3ទោះបីជា​កងទ័ព​បោះទ័ព​ទាស់នឹង​ខ្ញុំ​ក៏ដោយ ក៏​ចិត្ត​ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ​;
ទោះបីជា​មាន​ចម្បាំង​កើតឡើង​ទាស់នឹង​ខ្ញុំ​ក៏ដោយ ក៏​ខ្ញុំ​នៅតែ​ជឿជាក់​ដែរ​។
4ខ្ញុំ​បាន​ទូល​សុំ​សេចក្ដី​មួយ​ពី​ព្រះយេហូវ៉ា ជា​សេចក្ដីដែល​ខ្ញុំ​ស្វែងរក
គឺ​ឲ្យ​ខ្ញុំ​រស់នៅ​ក្នុង​ដំណាក់​របស់​ព្រះយេហូវ៉ា ក្នុង​អស់ទាំងថ្ងៃនៃជីវិត​របស់ខ្ញុំ
ដើម្បី​ផ្ចង់មើល​សោភ័ណភាព​របស់​ព្រះយេហូវ៉ា
និង​ដើម្បី​ស្វែងយល់​នៅក្នុង​ព្រះវិហារ​របស់ព្រះអង្គ​។
5ដ្បិត​នៅ​ថ្ងៃ​នៃ​មហន្តរាយ ព្រះអង្គ​នឹង​លាក់​ខ្ញុំ​ទុក​ក្នុង​ដំណាក់​របស់ព្រះអង្គ
ព្រះអង្គ​នឹង​បំពួន​ខ្ញុំ​ក្នុង​ទីលាក់កំបាំង​នៃ​ព្រះពន្លា​របស់ព្រះអង្គ
ព្រះអង្គ​នឹង​លើក​ខ្ញុំ​ឡើង​លើ​ថ្មដា​។
6ដោយហេតុនេះ ក្បាល​របស់ខ្ញុំ​អាច​ងើបឡើង​លើ​ពួក​សត្រូវ​របស់ខ្ញុំ​ដែលនៅ​ជុំវិញ​ខ្ញុំ
ហើយ​ខ្ញុំ​នឹង​ថ្វាយ​យញ្ញបូជា​នៅក្នុង​ព្រះពន្លា​របស់ព្រះអង្គ​ដោយ​សម្រែកហ៊ោសប្បាយ
ខ្ញុំ​នឹង​ច្រៀង គឺ​ច្រៀងសរសើរតម្កើង​ព្រះយេហូវ៉ា​។
7ព្រះយេហូវ៉ា​អើយ
សូម​សណ្ដាប់​សំឡេង​របស់ទូលបង្គំ នៅពេល​ទូលបង្គំ​ស្រែកហៅ​ផង​!
សូម​មេត្តា​ដល់​ទូលបង្គំ ហើយ​ឆ្លើយ​មក​ទូលបង្គំ​ផង​!
8ព្រះអង្គមានបន្ទូលថា​៖ “ចូរ​ស្វែងរក​មុខ​យើង”
ចិត្ត​របស់ទូលបង្គំ​ក៏​ទូល​ព្រះអង្គ​ថា​៖ “ព្រះយេហូវ៉ា​អើយ ទូលបង្គំ​នឹង​ស្វែងរក​ព្រះភក្ត្រ​របស់ព្រះអង្គ​!”។
9សូម​កុំ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​ទូលបង្គំ​ឡើយ
សូម​កុំ​បង្វែរ​បាវបម្រើ​របស់ព្រះអង្គ​ចេញ​ដោយ​ព្រះពិរោធ​ឡើយ​។
គឺ​ព្រះអង្គ​ហើយ ជា​ជំនួយ​របស់ទូលបង្គំ​!
ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់ទូលបង្គំ​អើយ
សូម​កុំ​ចាកចោល ឬ​បោះបង់ចោល​ទូលបង្គំ​ឡើយ​។
10ទោះបីជា​ឪពុក និង​ម្ដាយ​របស់ទូលបង្គំ​បោះបង់​ទូលបង្គំ​ចោល​ក៏ដោយ
ក៏​ព្រះយេហូវ៉ា​នឹង​ទទួល​ទូលបង្គំ​ដែរ​។
11ព្រះយេហូវ៉ា​អើយ សូម​ណែនាំ​ទូលបង្គំ​ក្នុង​មាគ៌ា​របស់ព្រះអង្គ​ផង​!
ដោយព្រោះ​ពួក​សត្រូវ​របស់ទូលបង្គំ សូម​ដឹកនាំ​ទូលបង្គំ​ក្នុង​ផ្លូវ​រាបស្មើ​ផង​។
12សូម​កុំ​ប្រគល់​ទូលបង្គំ​ទៅតាម​បំណង​របស់​ពួក​បច្ចាមិត្ត​ទូលបង្គំ​ឡើយ
ដ្បិត​ពួក​សាក្សី​ភូតភរ និង​ពួក​ដកដង្ហើមចេញ​ជា​សេចក្ដីឃោរឃៅ បាន​ក្រោកឡើង​ប្រឆាំងនឹង​ទូលបង្គំ​។
13ខ្ញុំ​ជឿ​ជាក់​ថា ខ្ញុំ​នឹង​ឃើញ​សេចក្ដីល្អ​របស់​ព្រះយេហូវ៉ា​នៅ​ស្ថានមនុស្សរស់#27:13 ខ្ញុំ​ជឿជាក់​ថា ខ្ញុំ​នឹង​ឃើញ​សេចក្ដីល្អរបស់​ព្រះយេហូវ៉ា​នៅ​ស្ថានមនុស្សរស់​―ឬ “ប្រសិនបើខ្ញុំមិនបានជឿថា ខ្ញុំនឹងឃើញសេចក្ដីល្អរបស់​ព្រះយេហូវ៉ានៅស្ថានមនុស្សរស់ នោះតើយ៉ាងណាទៅ!”។​។
14ចូរ​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា​!
ចូរ​មានកម្លាំង ហើយ​ឲ្យ​ចិត្ត​របស់អ្នក​ក្លាហានឡើង​!
ចូរ​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា​!​៕

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 27: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល