ទំនុកតម្កើង 28

28
ព្រះជាកម្លាំងរបស់ខ្ញុំ
បទតម្កើង#28:0 បទតម្កើង―ជាពាក្យជំនួយ។​របស់​ដាវីឌ​។
1ព្រះយេហូវ៉ា​អើយ ទូលបង្គំ​ស្រែកហៅ​ព្រះអង្គ​!
ថ្មដា​នៃទូលបង្គំ​អើយ សូម​កុំ​នៅស្ងៀម​នឹង​ទូលបង្គំ​ឡើយ​!
ប្រសិនបើ​ព្រះអង្គ​នៅស្ងៀម​នឹង​ទូលបង្គំ
ទូលបង្គំ​នឹង​បាន​ដូចជា​ពួកដែល​ចុះទៅ​រណ្ដៅមរណៈ​មិនខាន​!
2សូម​សណ្ដាប់​សំឡេង​នៃ​ពាក្យអង្វរករ​របស់ទូលបង្គំ​ផង
ពេល​ទូលបង្គំ​ស្រែករកជំនួយ​ពី​ព្រះអង្គ
ពេល​ទូលបង្គំ​លើក​ដៃ​ឡើង​ឆ្ពោះទៅ​ទីវិសុទ្ធបំផុត​របស់ព្រះអង្គ​។
3សូម​កុំ​អូស​ទូលបង្គំ​ទៅ​ជាមួយ​ពួកមនុស្ស​អាក្រក់
ឬ​ជាមួយ​ពួក​ប្រព្រឹត្ត​អំពើទុច្ចរិត​ឡើយ
គឺ​ពួកដែល​និយាយ​សេចក្ដីសុខសាន្ត​ជាមួយ​អ្នកជិតខាង​របស់ខ្លួន
ប៉ុន្តែ​មាន​គំនិតអាក្រក់​ក្នុង​ចិត្ត​វិញ​។
4សូម​ធ្វើ​ដល់​ពួកគេ​តាម​ការប្រព្រឹត្ត​របស់ពួកគេ និង​តាម​សេចក្ដីអាក្រក់​នៃ​ទង្វើ​របស់ពួកគេ
សូម​ធ្វើ​ដល់​ពួកគេ​តាម​ទង្វើ​នៃ​ដៃ​របស់ពួកគេ គឺ​តបសង​ដល់​ពួកគេ​នូវ​អ្វីដែល​ពួកគេ​សមតែទទួល​!
5ដោយព្រោះ​ពួកគេ​មិនអើពើ​នឹង​កិច្ចការ​របស់​ព្រះយេហូវ៉ា ឬ​ស្នាព្រះហស្ត​របស់ព្រះអង្គ
ដូច្នេះ​ព្រះអង្គ​នឹង​រំលំ​ពួកគេ ហើយ​មិន​សង់​ពួកគេ​ឡើងវិញ​ឡើយ​!
6សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា
ដ្បិត​ព្រះអង្គ​បាន​សណ្ដាប់​សំឡេង​នៃ​ពាក្យអង្វរករ​របស់ខ្ញុំ​។
7ព្រះយេហូវ៉ា​ជា​កម្លាំង​របស់ខ្ញុំ និង​ជា​ខែល​របស់ខ្ញុំ​;
ចិត្ត​របស់ខ្ញុំ​ជឿទុកចិត្តលើ​ព្រះអង្គ ក៏​បាន​ទទួលជំនួយ
ដោយហេតុនេះ ចិត្ត​របស់ខ្ញុំ​លោតកញ្ឆេង
ខ្ញុំ​នឹង​អរព្រះគុណ​ព្រះអង្គ​ដោយ​ចម្រៀង​របស់ខ្ញុំ​។
8ព្រះយេហូវ៉ា​ជា​កម្លាំង​នៃ​ប្រជារាស្ត្រ#28:8 ប្រជារាស្ត្រ―ន័យត្រង់គឺ “ពួកគេ”។​របស់ព្រះអង្គ
និង​ជា​បន្ទាយ​នៃ​សេចក្ដីសង្គ្រោះ
ដល់​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ​។
9សូម​សង្គ្រោះ​ប្រជារាស្ត្រ​របស់ព្រះអង្គ ហើយ​ប្រទានពរ​ដល់​មរតក​របស់ព្រះអង្គ​ផង
សូម​ឃ្វាល​ពួកគេ ហើយ​បីត្រកង​ពួកគេ​ជារៀងរហូតតទៅ​៕

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 28: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល