ទំនុកតម្កើង 26
26
អធិស្ឋានសុំព្រះឲ្យរកយុត្តិធម៌
បទតម្កើង#26:0 បទតម្កើង―ជាពាក្យជំនួយ។របស់ដាវីឌ។
1ព្រះយេហូវ៉ាអើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង!
ដ្បិតទូលបង្គំបានដើរក្នុងសេចក្ដីគ្រប់លក្ខណ៍របស់ទូលបង្គំ
ហើយបានជឿទុកចិត្តលើព្រះយេហូវ៉ា ឥតងាករេឡើយ។
2ព្រះយេហូវ៉ាអើយ
សូមពិសោធទូលបង្គំ
សូមសាកល្បងទូលបង្គំ
សូមបន្សុទ្ធចិត្ត និងគំនិតរបស់ទូលបង្គំផង!
3ដោយសារសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅចំពោះភ្នែកទូលបង្គំ
ដូច្នេះទូលបង្គំដើរក្នុងសេចក្ដីពិតរបស់ព្រះអង្គ។
4ទូលបង្គំមិនបានអង្គុយជាមួយពួកមនុស្សនៃសេចក្ដីមិនពិតឡើយ
ក៏មិនដើរចុះឡើងជាមួយពួកលាក់ពុតដែរ។
5ទូលបង្គំស្អប់អង្គប្រជុំរបស់ពួកធ្វើអាក្រក់
ហើយទូលបង្គំមិនអង្គុយជាមួយពួកមនុស្សអាក្រក់ឡើយ។
6ព្រះយេហូវ៉ាអើយ ទូលបង្គំលាងដៃទូលបង្គំដើម្បីបញ្ជាក់អំពីភាពឥតទោស
ហើយទូលបង្គំនឹងដើរជុំវិញអាសនារបស់ព្រះអង្គ
7ដើម្បីបន្លឺសំឡេងនៃការអរព្រះគុណ
និងដើម្បីរៀបរាប់អំពីអស់ទាំងកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ!
8ព្រះយេហូវ៉ាអើយ
ទូលបង្គំស្រឡាញ់ដំណាក់ដែលព្រះអង្គគង់នៅ
និងកន្លែងដែលសិរីរុងរឿងរបស់ព្រះអង្គស្ថិតនៅ។
9សូមកុំប្រមូលព្រលឹងរបស់ទូលបង្គំទៅជាមួយពួកមនុស្សបាប
សូមកុំប្រមូលជីវិតរបស់ទូលបង្គំទៅជាមួយពួកមនុស្សបង្ហូរឈាមឡើយ។
10នៅក្នុងដៃរបស់ពួកគេមានគម្រោងអាក្រក់
ហើយដៃស្ដាំរបស់ពួកគេពេញដោយសំណូក។
11រីឯទូលបង្គំវិញ ទូលបង្គំនឹងដើរក្នុងសេចក្ដីគ្រប់លក្ខណ៍របស់ទូលបង្គំ;
សូមប្រោសលោះទូលបង្គំ ហើយមេត្តាដល់ទូលបង្គំផង។
12ជើងរបស់ទូលបង្គំឈរនៅកន្លែងរាបស្មើ
ទូលបង្គំនឹងថ្វាយពរព្រះយេហូវ៉ា នៅក្នុងអង្គប្រជុំ៕
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 26: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative