ទំនុកតម្កើង 26

26
អធិស្ឋានសុំព្រះឲ្យរកយុត្តិធម៌
បទតម្កើង#26:0 បទតម្កើង―ជាពាក្យជំនួយ។​របស់​ដាវីឌ​។
1ព្រះយេហូវ៉ា​អើយ សូម​រកយុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង​!
ដ្បិត​ទូលបង្គំ​បាន​ដើរ​ក្នុង​សេចក្ដីគ្រប់លក្ខណ៍​របស់ទូលបង្គំ
ហើយ​បាន​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា ឥត​ងាករេ​ឡើយ​។
2ព្រះយេហូវ៉ា​អើយ
សូម​ពិសោធ​ទូលបង្គំ
សូម​សាកល្បង​ទូលបង្គំ
សូម​បន្សុទ្ធ​ចិត្ត និង​គំនិត​របស់ទូលបង្គំ​ផង​!
3ដោយសារ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅចំពោះ​ភ្នែក​ទូលបង្គំ
ដូច្នេះ​ទូលបង្គំ​ដើរ​ក្នុង​សេចក្ដីពិត​របស់ព្រះអង្គ​។
4ទូលបង្គំ​មិន​បាន​អង្គុយ​ជាមួយ​ពួក​មនុស្ស​នៃ​សេចក្ដីមិនពិត​ឡើយ
ក៏​មិន​ដើរចុះឡើង​ជាមួយ​ពួក​លាក់ពុត​ដែរ​។
5ទូលបង្គំ​ស្អប់​អង្គប្រជុំ​របស់​ពួក​ធ្វើអាក្រក់
ហើយ​ទូលបង្គំ​មិន​អង្គុយ​ជាមួយ​ពួកមនុស្ស​អាក្រក់​ឡើយ​។
6ព្រះយេហូវ៉ា​អើយ ទូលបង្គំ​លាង​ដៃ​ទូលបង្គំ​ដើម្បី​បញ្ជាក់អំពី​ភាពឥតទោស
ហើយ​ទូលបង្គំ​នឹង​ដើរជុំវិញ​អាសនា​របស់ព្រះអង្គ
7ដើម្បី​បន្លឺ​សំឡេង​នៃ​ការអរព្រះគុណ
និង​ដើម្បី​រៀបរាប់​អំពី​អស់ទាំង​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​!
8ព្រះយេហូវ៉ា​អើយ
ទូលបង្គំ​ស្រឡាញ់​ដំណាក់​ដែល​ព្រះអង្គ​គង់នៅ
និង​កន្លែង​ដែល​សិរីរុងរឿង​របស់ព្រះអង្គ​ស្ថិតនៅ​។
9សូម​កុំ​ប្រមូល​ព្រលឹង​របស់ទូលបង្គំ​ទៅ​ជាមួយ​ពួក​មនុស្សបាប
សូម​កុំ​ប្រមូល​ជីវិត​របស់ទូលបង្គំ​ទៅ​ជាមួយ​ពួក​មនុស្ស​បង្ហូរឈាម​ឡើយ​។
10នៅក្នុង​ដៃ​របស់ពួកគេ​មាន​គម្រោងអាក្រក់
ហើយ​ដៃស្ដាំ​របស់ពួកគេ​ពេញ​ដោយ​សំណូក​។
11រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ដើរ​ក្នុង​សេចក្ដីគ្រប់លក្ខណ៍​របស់ទូលបង្គំ​;
សូម​ប្រោសលោះ​ទូលបង្គំ ហើយ​មេត្តា​ដល់​ទូលបង្គំ​ផង​។
12ជើង​របស់ទូលបង្គំ​ឈរ​នៅ​កន្លែងរាបស្មើ
ទូលបង្គំ​នឹង​ថ្វាយពរ​ព្រះយេហូវ៉ា នៅក្នុង​អង្គប្រជុំ​៕

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 26: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល