ទំនុកតម្កើង 22
22
ពីទុក្ខវេទនារហូតដល់ការសរសើរ
បទតម្កើងរបស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង ត្រូវលេងតាមទំនុកភ្លេងក្ដាន់ញីនៅពេលព្រឹក។
1ព្រះរបស់ទូលបង្គំ! ព្រះរបស់ទូលបង្គំអើយ!
ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោល?
ហេតុអ្វីបានជាព្រះអង្គនៅឆ្ងាយពីការសង្គ្រោះទូលបង្គំ
ហើយនៅឆ្ងាយពីពាក្យថ្ងូររបស់ទូលបង្គំដូច្នេះ?
2ព្រះនៃទូលបង្គំអើយ
ទូលបង្គំស្រែកហៅនៅពេលថ្ងៃ ប៉ុន្តែព្រះអង្គមិនឆ្លើយសោះ
ហើយនៅពេលយប់ ក៏ទូលបង្គំគ្មានភាពធូរស្បើយដែរ!
3ប៉ុន្តែព្រះអង្គជាអង្គដ៏វិសុទ្ធ
ដែលគង់លើបល្ល័ង្កនៃពាក្យសរសើរតម្កើងរបស់អ៊ីស្រាអែល។
4ដូនតារបស់យើងខ្ញុំបានជឿទុកចិត្តលើព្រះអង្គ;
ពួកគាត់បានជឿទុកចិត្ត នោះព្រះអង្គក៏រំដោះពួកគាត់
5ពួកគាត់បានស្រែកយំទៅកាន់ព្រះអង្គ នោះពួកគាត់ត្រូវបានរំដោះ
ពួកគាត់បានជឿទុកចិត្តលើព្រះអង្គ នោះពួកគាត់មិនបានអាម៉ាស់មុខឡើយ។
6រីឯទូលបង្គំវិញ ទូលបង្គំជាដង្កូវ គឺមិនមែនជាមនុស្សទេ;
ទូលបង្គំជាទីត្មះតិះដៀលរបស់មនុស្សជាតិ ហើយត្រូវបណ្ដាជនមើលងាយ។
7អស់អ្នកដែលឃើញទូលបង្គំ សើចចំអកដាក់ទូលបង្គំ;
ពួកគេពេបមាត់ ហើយគ្រវីក្បាល ទាំងនិយាយថា៖
8“វាបានទុកចិត្តលើព្រះយេហូវ៉ា ទុកឲ្យព្រះអង្គស្រោចស្រង់វាទៅ!
ដោយសារព្រះអង្គសព្វព្រះហឫទ័យនឹងវា ដូច្នេះទុកឲ្យព្រះអង្គរំដោះវាទៅ!”។
9យ៉ាងណាមិញ គឺព្រះអង្គហើយ ដែលយកទូលបង្គំចេញពីផ្ទៃម្ដាយមក
គឺព្រះអង្គហើយ ដែលធ្វើឲ្យទូលបង្គំមានការទុកចិត្ត នៅទ្រូងម្ដាយរបស់ទូលបង្គំ។
10ទូលបង្គំត្រូវបានផ្ទុកផ្ដាក់នឹងព្រះអង្គតាំងពីកំណើត;
ព្រះអង្គជាព្រះរបស់ទូលបង្គំតាំងពីទូលបង្គំនៅក្នុងផ្ទៃម្ដាយមកម៉្លេះ។
11សូមកុំគង់នៅឆ្ងាយពីទូលបង្គំ
ដ្បិតទុក្ខវេទនាមកជិតទូលបង្គំ ហើយគ្មានអ្នកណាជួយឡើយ!
12គោឈ្មោលជាច្រើនបានព័ទ្ធជុំវិញទូលបង្គំ
គោបានៃបាសានបានឡោមព័ទ្ធទូលបង្គំ។
13ពួកវាហាមាត់ដាក់ទូលបង្គំ
ដូចសិង្ហដែលហែកស៊ី ទាំងគ្រហឹម។
14ទូលបង្គំត្រូវបានច្រូចចេញដូចជាទឹក
ហើយឆ្អឹងទាំងអស់របស់ទូលបង្គំក៏សណ្ដកចេញ;
ចិត្តរបស់ទូលបង្គំដូចក្រមួន វារលាយនៅក្នុងខ្លួនទូលបង្គំ។
15កម្លាំងរបស់ទូលបង្គំបានរីងស្ងួតដូចអំបែង
អណ្ដាតទូលបង្គំនៅជាប់នឹងក្រអូមមាត់;
ព្រះអង្គបានដាក់ទូលបង្គំនៅក្នុងធូលីនៃសេចក្ដីស្លាប់។
16ដ្បិតហ្វូងឆ្កែបានព័ទ្ធជុំវិញទូលបង្គំ
ហ្វូងមនុស្សដែលធ្វើអាក្រក់បានឡោមព័ទ្ធទូលបង្គំ
ហើយចាក់ទម្លុះដៃ និងជើងរបស់ទូលបង្គំ#22:16 ហើយចាក់ទម្លុះដៃ និងជើងរបស់ទូលបង្គំ―ឯកសារបុរាណខ្លះថា “ពួកគេនៅនឹងដៃ និងជើងរបស់ទូលបង្គំដូចសិង្ហ”។។
17ទូលបង្គំអាចរាប់ឆ្អឹងទាំងអស់របស់ទូលបង្គំបាន;
ពួកគេចេះតែសម្លឹង និងមើលទូលបង្គំ។
18ពួកគេចែកសម្លៀកបំពាក់របស់ទូលបង្គំក្នុងចំណោមពួកគេ
ហើយចាប់ឆ្នោតយកអាវរបស់ទូលបង្គំ។
19រីឯព្រះអង្គវិញ ព្រះយេហូវ៉ាអើយ សូមកុំគង់នៅឆ្ងាយឡើយ!
ឱកម្លាំងនៃទូលបង្គំអើយ សូមប្រញាប់យាងមកជួយទូលបង្គំផង!
20សូមរំដោះព្រលឹងរបស់ទូលបង្គំពីដាវ
សូមរំដោះដួងជីវិតរបស់ទូលបង្គំពីកណ្ដាប់ដៃពួកឆ្កែ
21សូមសង្គ្រោះទូលបង្គំពីមាត់សិង្ហ និងពីស្នែងគោព្រៃផង។
ព្រះអង្គបានឆ្លើយតបនឹងទូលបង្គំហើយ។
22ទូលបង្គំនឹងប្រកាសព្រះនាមរបស់ព្រះអង្គដល់បងប្អូនរបស់ទូលបង្គំ
ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ នៅកណ្ដាលចំណោមអង្គប្រជុំ។
23អស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ាអើយ ចូរសរសើរតម្កើងព្រះអង្គ!
ពូជពង្សទាំងអស់របស់យ៉ាកុបអើយ ចូរលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គ!
ពូជពង្សទាំងអស់របស់អ៊ីស្រាអែលអើយ ចូរភិតភ័យនៅចំពោះព្រះអង្គ!
24ដ្បិតព្រះអង្គមិនបានមើលងាយ
មិនបានស្អប់ខ្ពើមទុក្ខវេទនារបស់មនុស្សរងទុក្ខ
ហើយក៏មិនបានលាក់ព្រះភក្ត្ររបស់ព្រះអង្គពីពួកគេឡើយ
ផ្ទុយទៅវិញ នៅពេលពួកគេស្រែករកជំនួយពីព្រះអង្គ ព្រះអង្គក៏សណ្ដាប់ពួកគេ។
25ពាក្យសរសើរតម្កើងរបស់ទូលបង្គំនៅក្នុងអង្គប្រជុំដ៏ធំ គឺមកពីព្រះអង្គ;
ទូលបង្គំនឹងលាបំណន់ដែលទូលបង្គំបានបន់
នៅចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ។
26មនុស្សតូចទាបនឹងហូបឆ្អែត
មនុស្សដែលស្វែងរកព្រះយេហូវ៉ានឹងសរសើរតម្កើងព្រះអង្គ។
សូមឲ្យចិត្តរបស់អ្នករាល់គ្នាមានជីវិតរស់ជារៀងរហូត!
27អស់ទាំងចុងបំផុតនៃផែនដីនឹងនឹកចាំអំពីព្រះយេហូវ៉ា ហើយត្រឡប់មករកព្រះអង្គវិញ
អស់ទាំងពូជសាសន៍នៃប្រជាជាតិនានានឹងថ្វាយបង្គំនៅចំពោះព្រះអង្គ។
28ដ្បិតព្រះរាជ្យគឺជារបស់ព្រះយេហូវ៉ា
ហើយព្រះអង្គទ្រង់គ្រប់គ្រងលើប្រជាជាតិនានា។
29អស់អ្នកដែលចម្រុងចម្រើននៅលើផែនដីនឹងបានហូប ព្រមទាំងថ្វាយបង្គំផង
អស់អ្នកដែលចុះទៅក្នុងធូលីដី គឺអស់អ្នកដែលមិនអាចរក្សាព្រលឹងរបស់ខ្លួន នឹងលុតជង្គង់នៅចំពោះព្រះអង្គ។
30ពូជពង្សជំនាន់ក្រោយនឹងបម្រើព្រះអង្គ
សេចក្ដីអំពីព្រះអម្ចាស់នឹងត្រូវបានថ្លែងដល់ជំនាន់ក្រោយ។
31ពួកគេនឹងមកប្រកាសសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គដល់ប្រជាជនដែលមិនទាន់កើតមកថា
ព្រះអង្គបានធ្វើការនេះ៕
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 22: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative