លូកា 9

9
ចាត់សាវ័កដប់ពីរនាក់
1ព្រះយេស៊ូវ​ទ្រង់​ហៅ​សាវ័ក#9:1 សាវ័ក―ជាពាក្យជំនួយ។​ទាំង​ដប់ពីរ​នាក់​មក ហើយ​ប្រទាន​មហិទ្ធិឫទ្ធិ និង​សិទ្ធិអំណាច​លើ​អារក្ស​ទាំងអស់​ដល់​ពួកគេ ដើម្បី​ប្រោស​រោគា​ឲ្យជា​។ 2ព្រះអង្គ​បាន​ចាត់​ពួកគេ​ឲ្យទៅ ដើម្បី​ប្រកាស​អាណាចក្រ​របស់​ព្រះ និង​ដើម្បី​ប្រោស​អ្នកជំងឺ​ឲ្យជា​។
3ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“កុំ​យក​អ្វី​សម្រាប់​ការធ្វើដំណើរ កុំ​យក​ឈើច្រត់ ថង់យាម នំប៉័ង ឬ​កាក់ប្រាក់​ឡើយ ហើយក៏​កុំ​យក​អាវ#9:3 អាវ―ឬ “អាវខាងក្នុង”។ម្នាក់ពីរៗ​ដែរ​។ 4អ្នករាល់គ្នា​ចូលទៅ​ក្នុង​ផ្ទះ​ណាក៏ដោយ ចូរ​ស្នាក់នៅ​ផ្ទះនោះ ហើយ​ចេញ​ពីទីនោះ​ទៅ​ទៀត​ចុះ​។ 5រីឯ​អ្នកណាក៏ដោយដែល​មិន​ទទួល​អ្នករាល់គ្នា នៅពេល​ចាកចេញ​ពី​ទីក្រុង​នោះ ចូរ​រលាស់​ធូលី​ចេញ​ពី​ជើង​របស់អ្នករាល់គ្នា ទុកជា​ទីបន្ទាល់​ទាស់នឹង​ពួកគេ”។ 6សាវ័កទាំងដប់ពីរនាក់​ក៏​ចេញទៅ ដើរចុះឡើង​តាម​ភូមិ​នានា ទាំង​ផ្សាយដំណឹងល្អ និង​ប្រោស​គេ​ឲ្យជា នៅ​គ្រប់ទីកន្លែង​។
ហេរ៉ូឌចង់ជួបព្រះយេស៊ូវ
7ស្ដេចត្រាញ់​ហេរ៉ូឌ​បាន​ឮ​អំពី​ការ​ទាំងអស់​ដែល​បាន​កើតឡើង ក៏​វល់ព្រះទ័យ ពីព្រោះ​មាន​អ្នកខ្លះ​និយាយថា​៖ “យ៉ូហាន​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ហើយ”។ 8អ្នកខ្លះ​ថា​៖ “អេលីយ៉ា​បាន​លេចមក”។ អ្នកខ្លះទៀត​ថា​៖ “ព្យាការី​សម័យបុរាណ​ម្នាក់​បាន​រស់ឡើងវិញ”។ 9រីឯ​ហេរ៉ូឌ​មានរាជឱង្ការថា​៖ “យើង​បាន​កាត់ក្បាល​យ៉ូហាន​ហើយ ចុះ​អ្នកនេះ​ដែល​យើង​ឮ​ហេតុការណ៍​ទាំងនេះ​អំពី​គាត់ ជា​នរណា​?” ដូច្នេះ ហេរ៉ូឌ​ក៏​ចង់​ជួប​ព្រះយេស៊ូវ​។
នំប៉័ងប្រាំ និងត្រីពីរ
10នៅពេល​ពួក​សាវ័ក​ត្រឡប់មកវិញ ពួកគេ​រៀបរាប់ប្រាប់​ព្រះយេស៊ូវ​អំពី​អ្វីៗដែល​ពួកគេ​បាន​ធ្វើ​។ បន្ទាប់មក ព្រះយេស៊ូវ​ក៏​នាំ​ពួកគេ​បណ្ដោះខ្លួន​ទៅ#9:10 ឯកសារបុរាណខ្លះបន្ថែម “កន្លែងស្ងាត់ដាច់ពីគេរបស់”។​ទីក្រុង​មួយ​ដែល​គេ​ហៅថា​បេតសៃដា តែក្រុមពួកគេ​។ 11ប៉ុន្តែ​នៅពេល​ប្រជាជន​បាន​ដឹង គេ​ក៏​ទៅតាម​ព្រះអង្គ​។ ព្រះយេស៊ូវ​ទ្រង់​ទទួលស្វាគមន៍​ពួកគេ ទាំង​មានបន្ទូល​នឹង​ពួកគេ​អំពី​អាណាចក្រ​របស់​ព្រះ ហើយ​អ្នក​ដែល​ត្រូវការ​ការប្រោសឲ្យជា ព្រះអង្គ​ក៏​ប្រោស​គេ​ឲ្យជា​។
12លុះ​ថ្ងៃ​ជិត​លិច​ហើយ សាវ័ក​ទាំង​ដប់ពីរ​នាក់​ក៏​ចូលមកជិត ទូល​ព្រះអង្គ​ថា​៖ “សូម​ឲ្យ​ហ្វូងមនុស្ស​ទៅវិញ​ទៅ ដើម្បីឲ្យ​ពួកគេ​ទៅ​តាម​ស្រុកភូមិ​នានា​នៅ​ជុំវិញ រ​ក​កន្លែងស្នាក់នៅ និង​ស្បៀងអាហារ ពីព្រោះ​យើង​នៅ​ទីនេះ​ក្នុង​កន្លែង​ស្ងាត់ដាច់ពីគេ”។
13ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ចូរ​អ្នករាល់គ្នា​ឲ្យ​អ្វី​ដល់​ពួកគេ​ហូប​ចុះ”។
ពួកសិស្ស​ទូលថា​៖ “យើងខ្ញុំ​មាន​តែ​នំប៉័ង​ប្រាំ និង​ត្រី​ពីរ​ប៉ុណ្ណោះ លុះត្រាតែ​យើងខ្ញុំ​ទៅ​ទិញ​អាហារ​សម្រាប់​ប្រជាជន​ទាំងអស់​នេះ”។ 14នៅទីនោះ មាន​មនុស្សប្រុស​ប្រមាណ​ប្រាំពាន់​នាក់។
ព្រះអង្គ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖“ចូរឲ្យ​គេ​អង្គុយ​ជា​ក្រុម‍ៗ មួយ​ក្រុម​ៗ​មានគ្នា​ប្រមាណ​ហាសិប​នាក់ចុះ”។ 15ពួកគេ​ក៏​ធ្វើ​ដូច្នោះ គឺ​ឲ្យ​ទាំងអស់គ្នា​អង្គុយ‍ចុះ​។ 16នៅពេល​យក​នំប៉័ង​ប្រាំ និង​ត្រី​ពីរ​នោះ ព្រះយេស៊ូ​វ​ទ្រង់​ងើយ​មើល​ទៅ​មេឃ ហើយ​ប្រទានពរ រួច​កាច់​ប្រទាន​ដល់​ពួក​សិស្ស ដើម្បីឲ្យ​ពួកគេ​ចែក​ឲ្យ​ហ្វូងមនុស្ស​។ 17ពួកគេ​ទាំងអស់គ្នា​បាន​ហូប​ឆ្អែត​។ បន្ទាប់មក ពួកគេ​ប្រមូល​បំណែក​ដែល​សេសសល់​បាន​ដប់ពីរ​កន្ត្រក​។
ពេត្រុសទទួលស្គាល់ព្រះយេស៊ូវជាព្រះគ្រីស្ទ
18កាលមួយមានកើតឡើងដូច្នេះ​: នៅពេល​ព្រះយេស៊ូវ​កំពុង​អធិស្ឋាន​តែព្រះអង្គឯង ពួក​សិស្ស​របស់ព្រះអង្គ​ក៏​នៅជាមួយ​ព្រះអង្គ ហើយ​ព្រះអង្គ​មានបន្ទូល​សួរ​ពួកគេ​ថា​៖“តើ​ហ្វូងមនុស្ស​និយាយថា​ខ្ញុំ​ជា​នរណា​?”។
19ពួកគេ​ទូល​ឆ្លើយ​ថា​៖ “គេ​ថា​ជា​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះ​ថា​ជា​អេលីយ៉ា ហើយ​អ្នកខ្លះទៀត​ថា​ជា​ព្យាការី​សម័យបុរាណ​ម្នាក់​បាន​រស់ឡើងវិញ”។
20ព្រះអង្គ​ទ្រង់​សួរ​ពួកគេ​ថា​៖“ចុះ​អ្នករាល់គ្នា​វិញ តើ​អ្នករាល់គ្នា​ថា​ខ្ញុំ​ជា​នរណា​?”។
ពេត្រុស​ទូល​ឆ្លើយ​ថា​៖ “លោក​ជា​ព្រះ​គ្រីស្ទ​របស់​ព្រះ​!”។
ប្រាប់ជាមុនអំពីការសុគត និងការរស់ឡើងវិញ
21បន្ទាប់មក ព្រះយេស៊ូវ​ក៏​ហាម​ពួកគេ ដោយ​បង្គាប់​មិន​ឲ្យ​ប្រាប់​ការនេះ​ដល់​អ្នកណាឡើយ​។ 22ព្រះអង្គ​មានបន្ទូល​ទៀត​ថា​៖“កូនមនុស្ស​ត្រូវតែ​រងទុក្ខ​ជាច្រើន ហើយ​ត្រូវ​ពួក​ចាស់ទុំ ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​បដិសេធ រួច​ត្រូវ​គេ​សម្លាប់ ហើយ​នៅ​ថ្ងៃ​ទីបី​លោក​នឹង​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ”។
លីឈើឆ្កាងរបស់ខ្លួន
23ព្រះយេស៊ូវ​មានបន្ទូល​នឹង​គេ​ទាំងអស់គ្នា​ថា​៖“ប្រសិនបើ​អ្នកណា​ចង់​មកតាម​ខ្ញុំ ចូរឲ្យ​អ្នកនោះ​បដិសេធ​ខ្លួនឯង ហើយ​លី​ឈើឆ្កាង​របស់​ខ្លួន​ជា​រៀងរាល់ថ្ងៃ#9:23 ឯកសារបុរាណខ្លះគ្មាន “ជារៀងរាល់ថ្ងៃ”។មកតាម​ខ្ញុំ​ចុះ​។ 24ដ្បិត​អ្នកណាក៏ដោយដែល​ចង់​រក្សា#9:24 រក្សា―ន័យត្រង់គឺ “សង្គ្រោះ”។ជីវិត​របស់​ខ្លួន អ្នកនោះ​នឹង​បាត់​ជីវិត រីឯ​អ្នកណាក៏ដោយដែល​បាត់​ជីវិត​របស់​ខ្លួន​ដោយសារតែ​ខ្ញុំ អ្នកនោះ​នឹង​រក្សា​ជីវិត​វិញ​។ 25ជាការពិត ការ​ដែល​មនុស្ស​ម្នាក់​បាន​ពិភពលោក​ទាំងមូល ប៉ុន្តែ​បាត់បង់​ឬ​អន្តរាយ​ខ្លួន តើ​មានប្រយោជន៍​អ្វី​ដល់​អ្នក​នោះ​? 26ដូច្នេះ អ្នកណាក៏ដោយដែល​អៀនខ្មាស​ដោយព្រោះ​ខ្ញុំ និង​ពាក្យ​របស់ខ្ញុំ កូនមនុស្ស​ក៏​នឹង​អៀនខ្មាស​ដោយព្រោះ​អ្នកនោះ​ដែរ នៅពេល​កូនមនុស្ស​មក​ប្រកបដោយ​សិរីរុងរឿង​របស់​លោក សិរីរុងរឿង​របស់​ព្រះ​បិតា និង​សិរីរុងរឿង​របស់​បណ្ដា​ទូតសួគ៌​ដ៏វិសុទ្ធ​។ 27ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជាប្រាកដ​ថា មាន​អ្នកខ្លះ​ដែល​កំពុង​ឈរ​នៅ​ទីនេះ នឹង​មិន​ភ្លក់​សេចក្ដីស្លាប់​សោះឡើយ រហូតដល់​បាន​ឃើញ​អាណាចក្រ​របស់​ព្រះ”។
ព្រះយេស៊ូវប្ដូររូបរាង
28ប្រមាណជា​ប្រាំបី​ថ្ងៃ​ក្រោយពី​ថ្លែង​ព្រះបន្ទូល​ទាំងនេះ ព្រះយេស៊ូវ​ទ្រង់​យក​ពេត្រុស យ៉ូហាន និង​យ៉ាកុប​ទៅ​ជាមួយ ហើយ​យាង​ឡើងទៅ​លើ​ភ្នំ​មួយ ដើម្បី​អធិស្ឋាន។ 29ខណៈដែល​ព្រះអង្គ​កំពុង​អធិស្ឋាន សណ្ឋាន​ព្រះភក្ត្រ​របស់​ព្រះអង្គ​ក៏​ផ្លាស់ប្រែ ហើយ​ព្រះពស្ត្រ​របស់​ព្រះអង្គ​ក៏​បញ្ចេញ​ពន្លឺ​ស។ 30ពេលនោះ មើល៍! មាន​មនុស្ស​ពីរ​នាក់​កំពុង​សន្ទនា​ជាមួយ​ព្រះយេស៊ូវ គឺ​ម៉ូសេ និង​អេលីយ៉ា​។ 31លោកទាំងពីរ​បាន​លេចមក​ក្នុង​រស្មីរុងរឿង ហើយ​និយាយ​អំពី​ការចាកចេញ​របស់​ព្រះយេស៊ូវ​ដែល​រៀបនឹង​សម្រេច​នៅ​យេរូសាឡិម​។
32ពេត្រុស និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​គាត់​កំពុង​ដេកលង់លក់​។ ប៉ុន្តែ​នៅពេល​ភ្ញាក់ឡើង ពួកគេ​ក៏​ឃើញ​រស្មីរុងរឿង​របស់​ព្រះយេស៊ូវ និង​មនុស្ស​ពីរ​នាក់​ដែល​កំពុង​ឈរជាមួយ​ព្រះអង្គ​។ 33នៅពេល​លោកទាំងពីរនោះ​កំពុងតែ​ចាកចេញ​ពី​ព្រះយេស៊ូវ ពេត្រុស​ទូល​ព្រះអង្គ​ថា​៖ “លោកគ្រូ ជា​ការល្អ​ណាស់​ដែល​ពួកយើង​នៅ​ទីនេះ​! សូមឲ្យ​យើងខ្ញុំ​សង់​រោង​បី មួយ​សម្រាប់​លោក មួយ​សម្រាប់​ម៉ូសេ និង​មួយ​សម្រាប់​អេលីយ៉ា”។ គាត់​មិន​ដឹងថា​គាត់​កំពុង​និយាយ​អ្វី​ទេ​។
34ខណៈដែល​គាត់​កំពុង​ទូល​សេចក្ដីទាំងនេះ​នៅឡើយ មាន​ពពក​គ្របពីលើ​ពួកគេ​។ នៅពេល​ចូល​ក្នុង​ពពក​នោះ ពួកគេ​ក៏​ភ័យខ្លាច​។ 35ពេលនោះ មាន​សំឡេង​មួយ​មក​ពី​ពពក​នោះ​ថា៖
“នេះ​ជា​បុត្រ​របស់យើង​ដែល​យើង​បាន​ជ្រើសរើស#9:35 នេះ​ជាបុត្ររបស់​យើង​ដែលយើងបាន​ជ្រើសរើស―ឯកសារបុរាណខ្លះថា “នេះ​ជាបុត្រដ៏ជាទី​ស្រឡាញ់​របស់​យើង”។
ចូរ​ស្ដាប់តាម​ព្រះអង្គ​ចុះ!”។
36បន្ទាប់ពី​មាន​សំឡេង​នោះ ពួកសិស្ស​ឃើញ​តែ​ព្រះយេស៊ូវ​ប៉ុណ្ណោះ​។ នៅ​គ្រានោះ ពួកគេ​នៅស្ងៀម មិន​បាន​ប្រាប់​អ្វី​ដែល​ពួកគេ​ឃើញដល់​អ្នកណាឡើយ​។
អំណាចនៃជំនឿ
37នៅ​ថ្ងៃ​បន្ទាប់ ពេល​ពួកគេ​ចុះមក​ពី​ភ្នំ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​មក​ជួប​ព្រះយេស៊ូវ​។ 38ពេលនោះ មើល៍! មាន​បុរស​ម្នាក់​ក្នុងចំណោម​ហ្វូងមនុស្ស ស្រែកឡើង​ថា​៖ “លោកគ្រូ​អើយ​! ខ្ញុំ​សូមអង្វរ​លោក​ឲ្យ​ប្រោសប្រណី​ដល់​កូនប្រុស​របស់ខ្ញុំ​ផង ពីព្រោះ​វា​ជា​កូនប្រុស​តែមួយ​របស់ខ្ញុំ​។ 39ដ្បិត មើល៍! មាន​វិញ្ញាណ​អាក្រក់​ធ្វើទុក្ខ​វា ហើយ​ស្រាប់តែ​ស្រែកឡើង រួច​ធ្វើឲ្យ​វា​ប្រកាច់ប្រកិន​បែកពពុះមាត់​។ វិញ្ញាណនោះ​ធ្វើឲ្យ​កូនខ្ញុំ​ជាំ​ពេញខ្លួន ហើយ​មិនព្រម​ចេញ​ពី​ខ្លួន​វា​ឡើយ​។ 40ដូច្នេះ ខ្ញុំ​បាន​សុំ​ពួក​សិស្ស​របស់លោក​ឲ្យ​ដេញ​វិញ្ញាណនោះ​ចេញ ប៉ុន្តែ​ពួកគេ​ធ្វើមិនបានទេ”។
41ព្រះយេស៊ូវ​មានបន្ទូល​តប​ថា៖“‍ឱ ជំនាន់​ឥតជំនឿ និង​វៀចវេរ​អើយ! តើឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា និង​ទ្រាំ​នឹង​អ្នករាល់គ្នា​ដល់ពេលណា​? ចូរ​នាំ​កូន​របស់អ្នក​មក​ទីនេះ​!”។
42ខណៈដែល​កូននោះ​កំពុង​ដើរចូលមក​នៅឡើយ អារក្ស​បាន​ផ្ដួល​វា ហើយ​ធ្វើឲ្យ​វា​ប្រកាច់ប្រកិន​។ ព្រះយេស៊ូវ​ក៏​ស្ដីឲ្យ​វិញ្ញាណអសោច​នោះ ហើយ​ប្រោស​ក្មេង​នោះ​ឲ្យជា រួច​ប្រគល់​វា​ឲ្យ​ឪពុក​វិញ​។ 43មនុស្ស​ទាំងអស់​ក៏​ស្ងើច​ចំពោះ​អានុភាព​របស់​ព្រះ‍។
ប្រាប់ជាមុនម្ដងទៀតអំពីការសុគត
នៅពេល​ពួកគេ​ទាំងអស់គ្នា​កំពុង​ភ្ញាក់ផ្អើល​នឹង​អស់ទាំង​កិច្ចការ​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ ព្រះអង្គ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖ 44“ចូរ​អ្នករាល់គ្នា​ចងចាំ​ពាក្យ​ទាំងនេះ​ទុក​ក្នុង​ត្រចៀក​របស់អ្នករាល់គ្នា​ចុះ គឺ​កូនមនុស្ស​រៀបនឹង​ត្រូវគេ​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​មនុស្ស​ហើយ”។
45ប៉ុន្តែ​ពួកសិស្ស​មិនយល់​ព្រះបន្ទូល​នេះ​ទេ ពីព្រោះ​ព្រះបន្ទូលនេះ​ត្រូវបាន​លាក់បាំង​ពី​ពួកគេ ដើម្បីកុំឲ្យ​យល់​អត្ថន័យ​ឡើយ ហើយ​ពួកគេ​ក៏​មិនហ៊ាន​ទូល​សួរ​ព្រះអង្គ​អំពី​ព្រះបន្ទូល​នេះ​ដែរ។
អ្នកណាធំជាង
46មាន​ការប្រកែក​គ្នា​កើតឡើង​ក្នុងចំណោម​ពួកសិស្ស​ថា អ្នកណា​ធំជាង​ក្នុង​ពួកគេ​។ 47នៅពេល​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​គំនិត​ក្នុង​ចិត្ត​របស់​ពួកគេ ព្រះអង្គ​ក៏​យក​ក្មេង​ម្នាក់​មក ឲ្យឈរ​នៅក្បែរ​អង្គទ្រង់ 48ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា៖“អ្នកណាក៏ដោយដែល​ទទួល​ក្មេង​នេះ​ក្នុង​នាម​របស់ខ្ញុំ គឺ​ទទួល​ខ្ញុំ រីឯ​អ្នកណាក៏ដោយដែល​ទទួល​ខ្ញុំ គឺ​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក ដ្បិត​អ្នក​ដែល​តូចជាង​ក្នុងចំណោម​អ្នកទាំងអស់គ្នា អ្នកនោះ​គឺ​អ្នកធំ”។
ក្នុងព្រះនាមព្រះយេស៊ូវ
49យ៉ូហាន​ទូល​តប​ថា​៖ “លោកគ្រូ យើងខ្ញុំ​បាន​ឃើញ​ម្នាក់​កំពុង​ដេញ​អារក្ស​ក្នុង​នាម​របស់លោក យើងខ្ញុំ​ក៏​ព្យាយាម​ហាមឃាត់​គាត់ ពីព្រោះ​គាត់​មិន​បាន​មកតាម​លោក​ជាមួយ​យើងខ្ញុំ​ទេ”។
50ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“កុំ​ឃាត់​គាត់​ឡើយ ដ្បិត​អ្នកដែល​មិន​ប្រឆាំងនឹង​អ្នករាល់គ្នា គឺ​នៅ​ខាង​អ្នករាល់គ្នា​ហើយ#9:50 ដ្បិត​អ្នក​ដែលមិន​ប្រឆាំង​នឹង​អ្នក​រាល់គ្នា គឺនៅ​ខាង​អ្នក​រាល់គ្នា​ហើយ―ឯកសារបុរាណខ្លះថា “ដ្បិត​អ្នក​ដែលមិន​ប្រឆាំង​នឹង​យើង គឺនៅ​ខាង​យើង​ហើយ”។”។
ការធ្វើដំណើរទៅយេរូសាឡិម
51លុះ​ជិតដល់​ថ្ងៃ​នៃ​ការយាងឡើងទៅ​ស្ថានសួគ៌​របស់​ព្រះយេស៊ូវ ព្រះអង្គ​ក៏​តាំងព្រះទ័យ​យាង​ទៅ​យេរូសាឡិម​។ 52ព្រះអង្គ​ទ្រង់​ចាត់​អ្នកនាំសារ​ឲ្យទៅ​ខាងមុខ​ព្រះអង្គ ពួកគេ​ក៏​ចេញទៅ ហើយ​ចូលទៅ​ក្នុង​ភូមិ​មួយ​របស់​ជនជាតិសាម៉ារី ដើម្បី​រៀបចំ​សម្រាប់​ព្រះអង្គ 53ប៉ុន្តែ​អ្នកភូមិនោះ​មិន​ទទួល​ព្រះអង្គ​ទេ ពីព្រោះ​ព្រះអង្គ​យាង​តម្រង់​ទៅ​យេរូសាឡិម​។ 54នៅពេល​ឃើញ​ដូច្នេះ យ៉ាកុប និង​យ៉ូហាន​ដែល​ជា​សិស្ស​ក៏​ទូលថា​៖ “ព្រះអម្ចាស់​អើយ តើ​ព្រះអង្គ​ចង់ឲ្យ​យើងខ្ញុំ​ហៅ​ភ្លើង​ឲ្យ​ធ្លាក់​ពី​លើមេឃ​មក​បំផ្លាញ​ពួកគេ​ចោល#9:54 ឯកសារបុរាណខ្លះបន្ថែម “ដូចដែលអេលីយ៉ាបានធ្វើ”។​ឬទេ​?”។
55ប៉ុន្តែ​ព្រះយេស៊ូវ​បាន​ងាកមក ស្ដីបន្ទោស​ពួកគេ#9:55-56 ឯកសារបុរាណខ្លះបន្ថែម “ថា៖ ‘អ្នក​រាល់គ្នា​មិន​ដឹង​ថាខ្លួនអ្នករាល់គ្នាមានវិញ្ញាណបែបណាទេ។ 56ជាការពិត កូនមនុស្ស​បានមក​មិនមែន​ដើម្បី​បំផ្លាញជីវិតទេ គឺដើម្បីសង្គ្រោះវិញ’”។​។ 56បន្ទាប់មក ពួកគេ​ក៏​ចេញទៅ​ភូមិ​ផ្សេងទៀត​។
ទៅតាមព្រះយេស៊ូវ
57ខណៈដែល​ពួកគេ​កំពុង​ធ្វើដំណើរ​តាមផ្លូវ មាន​ម្នាក់​ទូល​ព្រះយេស៊ូវ​ថា៖ “#9:57 ឯកសារបុរាណខ្លះបន្ថែម “ព្រះអម្ចាស់អើយ”។​ទីណាក៏ដោយដែល​ព្រះអង្គ​យាង​ទៅ ទូលបង្គំ​នឹង​ទៅតាម​ព្រះអង្គ”។
58ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​គាត់​ថា៖“កញ្ជ្រោង​មាន​រូង ហើយ​បក្សាបក្សីនៅលើអាកាស​ក៏​មាន​សម្បុក​ដែរ រីឯ​កូនមនុស្ស​វិញ គ្មាន​កន្លែង​កើយ​ក្បាល​ឡើយ”។
59ព្រះអង្គ​មានបន្ទូល​នឹង​ម្នាក់ទៀត​ថា៖“ចូរ​មកតាម​ខ្ញុំ​!”។
អ្នកនោះ​ទូលថា​៖ “ព្រះអម្ចាស់​អើយ សូម​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ទៅ​បញ្ចុះសព​ឪពុក​របស់ទូលបង្គំ​ជាមុនសិន”។
60ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“ទុកឲ្យ​មនុស្សស្លាប់​បញ្ចុះ​មនុស្សស្លាប់​គ្នាគេ​ទៅ រីឯ​អ្នក​វិញ ចូរ​ទៅ​ប្រកាស​អាណាចក្រ​របស់​ព្រះ”។
61មាន​ម្នាក់ទៀត​ទូលថា​៖ “ព្រះអម្ចាស់​អើយ ទូលបង្គំ​នឹង​ទៅតាម​ព្រះអង្គ ប៉ុន្តែ​សូម​អនុញ្ញាតឲ្យ​ទូលបង្គំ​ទៅ​លា​អ្នកផ្ទះ​របស់ទូលបង្គំ​ជាមុនសិន”។
62ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​គាត់​ថា៖“អ្នកណា​ដែល​បាន​ដាក់ដៃកាន់​នង្គ័ល ហើយ​បែរទៅ​មើល​អ្វីៗ​នៅ​ខាងក្រោយ អ្នកនោះ​មិន​ស័ក្ដិសម​នឹង​អាណាចក្រ​របស់​ព្រះ​ឡើយ”៕

ទើបបានជ្រើសរើសហើយ៖

លូកា 9: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល