លូកា 8
8
ស្ត្រីៗដែលបម្រើព្រះយេស៊ូវ
1ក្រោយមកមិនយូរប៉ុន្មាន ព្រះយេស៊ូវយាងចុះឡើងតាមទីក្រុង និងភូមិនានា ទាំងប្រកាស និងផ្សាយដំណឹងល្អនៃអាណាចក្ររបស់ព្រះ។ សាវ័ក#8:1 សាវ័ក―ជាពាក្យជំនួយ។ទាំងដប់ពីរនាក់នៅជាមួយព្រះអង្គ 2ហើយមានស្ត្រីមួយចំនួនដែលធ្លាប់ត្រូវបានប្រោសឲ្យជាពីវិញ្ញាណអាក្រក់ និងជំងឺផ្សេងៗក៏នៅជាមួយដែរ គឺម៉ារាហៅថាអ្នកម៉ាក់ដាឡា ដែលមានអារក្សប្រាំពីរចេញពីនាង 3យ៉ូអាន់ណាប្រពន្ធរបស់ឃូសាដែលជាចៅហ្វាវាំងរបស់ហេរ៉ូឌ និងស៊ូសាណា ព្រមទាំងស្ត្រីឯទៀតជាច្រើនដែលបម្រើព្រះយេស៊ូវ និងពួកសិស្ស#8:3 ព្រះយេស៊ូវ និងពួកសិស្ស―ន័យត្រង់គឺ “ពួកគេ”; ឯកសារបុរាណខ្លះថា “ព្រះអង្គ”។ដោយធនធានរបស់ខ្លួន។
ពាក្យឧបមាអំពីអ្នកសាបព្រោះ
4ពេលនោះ មានហ្វូងមនុស្សមួយក្រុមធំបានផ្ដុំគ្នា ហើយមានមនុស្សពីទីក្រុងនានាមករកព្រះយេស៊ូវ ព្រះអង្គក៏មានបន្ទូលនឹងពួកគេជាពាក្យឧបមាថា៖ 5“មានអ្នកសាបព្រោះម្នាក់ចេញទៅសាបព្រោះគ្រាប់ពូជរបស់ខ្លួន។ នៅពេលគាត់កំពុងសាបព្រោះ គ្រាប់ពូជខ្លះធ្លាក់នៅក្បែរផ្លូវ ត្រូវគេដើរជាន់ ហើយបក្សាបក្សីនៅលើអាកាសក៏មកស៊ីអស់។ 6គ្រាប់ពូជខ្លះទៀតធ្លាក់លើថ្ម ពេលដុះឡើង វាក៏ក្រៀមស្វិតទៅ ដោយសារគ្មានសំណើម។ 7គ្រាប់ពូជខ្លះទៀតធ្លាក់ក្នុងកណ្ដាលគុម្ពបន្លា មែកបន្លាក៏លូតលាស់ជាមួយ ហើយរួបរឹតវា។ 8រីឯគ្រាប់ពូជខ្លះទៀតធ្លាក់លើដីល្អ ពេលដុះឡើង វាក៏បង្កើតផលមួយជាមួយរយ”។ នៅពេលមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះយេស៊ូវទ្រង់ស្រែកឡើងថា៖“អ្នកដែលមានត្រចៀកស្ដាប់ ចូរស្ដាប់ចុះ!”។
ហេតុដែលព្រះយេស៊ូវទ្រង់ប្រើពាក្យឧបមា
9បន្ទាប់មក ពួកសិស្សរបស់ព្រះយេស៊ូវទូលសួរព្រះអង្គអំពីអត្ថន័យរបស់ពាក្យឧបមានេះ។ 10ព្រះអង្គមានបន្ទូលថា៖“អាថ៌កំបាំងនៃអាណាចក្ររបស់ព្រះបានប្រទានឲ្យអ្នករាល់គ្នាយល់ហើយ រីឯអ្នកដទៃ គឺមកជាពាក្យឧបមាវិញ ដើម្បីឲ្យ
‘ពួកគេមើល ប៉ុន្តែមិនឃើញ;
ពួកគេស្ដាប់ ប៉ុន្តែមិនយល់’។ # 8:10 《អេសាយ》 6:9។
ការបកស្រាយពាក្យឧបមាអំពីអ្នកសាបព្រោះ
11 “ពាក្យឧបមានេះមានន័យដូចតទៅ: គ្រាប់ពូជជាព្រះបន្ទូលរបស់ព្រះ។ 12គ្រាប់ពូជដែលនៅក្បែរផ្លូវ គឺអ្នកដែលបានឮ រួចមារក៏មកឆក់យកព្រះបន្ទូលពីចិត្តរបស់ពួកគេទៅ ដើម្បីកុំឲ្យពួកគេជឿ ហើយបានសង្គ្រោះឡើយ។ 13គ្រាប់ពូជដែលនៅលើថ្ម គឺអ្នកដែលនៅពេលឮហើយ ក៏ទទួលយកព្រះបន្ទូលដោយអំណរ ប៉ុន្តែពួកគេគ្មានឫសទេ ពួកគេជឿតែមួយរយៈប៉ុណ្ណោះហើយកាលណាមានការសាកល្បង ពួកគេក៏ដកខ្លួនចេញ។ 14គ្រាប់ពូជដែលធ្លាក់ក្នុងគុម្ពបន្លា គឺអ្នកដែលបានឮ ប៉ុន្តែក្នុងដំណើរជីវិត#8:14 ជីវិត―ជាពាក្យជំនួយ។ពួកគេត្រូវបានរួបរឹតដោយកង្វល់ ទ្រព្យសម្បត្តិ និងការសប្បាយនៃការរស់នៅ ដូច្នេះពួកគេមិនបង្កើតផលពេញលក្ខណៈឡើយ។ 15គ្រាប់ពូជដែលនៅក្នុងដីល្អ គឺអ្នកដែលនៅពេលឮព្រះបន្ទូលដោយចិត្តល្អទៀងត្រង់ ក៏កាន់ខ្ជាប់នូវព្រះបន្ទូលនោះ ព្រមទាំងបង្កើតផលដោយការស៊ូទ្រាំ។
ពាក្យឧបមាអំពីចង្កៀង
16 “គ្មានអ្នកណាអុជចង្កៀង ហើយគ្របនឹងភាជនៈ ឬដាក់ក្រោមគ្រែឡើយ គឺគេដាក់លើជើងចង្កៀងវិញ ដើម្បីឲ្យអស់អ្នកដែលចូលមកឃើញពន្លឺនោះ។ 17ដ្បិតគ្មានការសម្ងាត់អ្វីដែលមិនត្រូវបានសម្ដែងឡើយ ហើយក៏គ្មានអាថ៌កំបាំងអ្វីដែលមិនត្រូវបានដឹង និងមិនត្រូវបានលាតត្រដាងដែរ។ 18ដូច្នេះ ចូរយកចិត្តទុកដាក់ចំពោះរបៀបដែលអ្នករាល់គ្នាស្ដាប់ចុះ ដ្បិតអ្នកណាក៏ដោយដែលមាន នឹងប្រទានឲ្យអ្នកនោះថែមទៀត ប៉ុន្តែអ្នកណាក៏ដោយដែលគ្មាន សូម្បីតែអ្វីដែលអ្នកនោះគិតថាមានក៏នឹងត្រូវបានដកយកពីអ្នកនោះដែរ”។
សាច់ញាតិដ៏ពិត
19បន្ទាប់មក ម្ដាយ និងប្អូនៗរបស់ព្រះយេស៊ូវបានមករកព្រះអង្គ ប៉ុន្តែពួកគេមិនអាចចូលទៅជិតព្រះអង្គបានទេ ដោយសារតែហ្វូងមនុស្ស។ 20មានគេទូលព្រះអង្គថា៖ “ម្ដាយ និងប្អូនៗរបស់លោកកំពុងឈរនៅខាងក្រៅ ចង់ជួបលោក”។
21ប៉ុន្តែព្រះអង្គមានបន្ទូលតបនឹងពួកគេថា៖“ម្ដាយរបស់ខ្ញុំ និងបងប្អូនរបស់ខ្ញុំ គឺអ្នកទាំងនេះដែលស្ដាប់ព្រះបន្ទូលរបស់ព្រះ ហើយប្រព្រឹត្តតាម”។
ខ្យល់ និងរលកស្ដាប់បង្គាប់
22នៅគ្រានោះ មានថ្ងៃមួយដែលព្រះយេស៊ូវយាងចុះទូកជាមួយពួកសិស្ស ហើយមានបន្ទូលនឹងពួកគេថា៖“យើងនាំគ្នាឆ្លងទៅត្រើយម្ខាងបឹង”។ ពួកគេក៏ចេញទូកទៅ។ 23ខណៈដែលពួកគេកំពុងធ្វើដំណើរតាមទូក ព្រះអង្គក៏ផ្ទំលក់។ ពេលនោះ មានខ្យល់ព្យុះបក់មកលើបឹង ទឹកក៏លិចចូលពេញទូក ហើយពួកគេស្ថិតក្នុងភាពគ្រោះថ្នាក់។ 24ពួកសិស្សក៏ចូលទៅជិត ហើយដាស់ព្រះអង្គឡើងដោយទូលថា៖ “លោកគ្រូ! លោកគ្រូ! យើងខ្ញុំកំពុងវិនាសហើយ!”។ ព្រះអង្គក៏តើនឡើង ស្ដីឲ្យខ្យល់ និងរលក។ ពេលនោះ ខ្យល់ និងរលកក៏ឈប់ ហើយមានភាពស្ងប់ស្ងាត់។ 25ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“តើជំនឿរបស់អ្នករាល់គ្នានៅឯណា?”។
ពួកគេក៏ភ្ញាក់ផ្អើលទាំងភ័យខ្លាច ហើយនិយាយគ្នាទៅវិញទៅមកថា៖ “ចុះតើលោកនេះជានរណា? លោកបញ្ជាសូម្បីតែខ្យល់ និងទឹក ហើយវាក៏ស្ដាប់បង្គាប់លោកដែរ!”។
ដេញអារក្សនៅគេរ៉ាស៊ីន
26ព្រះយេស៊ូវ និងពួកសិស្សជិះទូកមកដល់តំបន់របស់ជនជាតិគេរ៉ាស៊ីន#8:26 គេរ៉ាស៊ីន―ឯកសារបុរាណខ្លះថា “កាដារ៉ា”។ ដែលនៅទល់មុខកាលីឡេ។ 27នៅពេលព្រះយេស៊ូវយាងឡើងលើគោក មានបុរសម្នាក់ពីទីក្រុងនោះដែលមានអារក្សចូលបានមកជួបព្រះអង្គ។ ជាយូរណាស់មកហើយ បុរសនោះមិនបានស្លៀកសម្លៀកបំពាក់ ហើយមិនបានរស់នៅក្នុងផ្ទះទេ គឺរស់នៅតាមរូងផ្នូរវិញ។ 28នៅពេលឃើញព្រះយេស៊ូវ គាត់ក៏ក្រាបចុះនៅមុខព្រះអង្គទាំងស្រែកឡើង ហើយទូលដោយសំឡេងយ៉ាងខ្លាំងថា៖ “ព្រះយេស៊ូវព្រះបុត្រារបស់ព្រះដ៏ខ្ពស់បំផុតអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងទូលបង្គំ? ទូលបង្គំទូលអង្វរព្រះអង្គ សូមកុំធ្វើទុក្ខទូលបង្គំឡើយ!”។ 29ដ្បិតព្រះអង្គបានបង្គាប់វិញ្ញាណអសោចឲ្យចេញពីបុរសនោះ។ កន្លងមក អារក្សបានធ្វើទុក្ខគាត់ជាច្រើនលើក ទោះបីជាគាត់ត្រូវគេដាក់ច្រវាក់ និងខ្នោះ ហើយត្រូវគេយាមក៏ដោយ ក៏ប៉ុន្តែគាត់បានផ្ដាច់ចំណងទាំងនោះចេញ ហើយត្រូវអារក្សបណ្ដេញទៅទីរហោស្ថាន។
30ព្រះយេស៊ូវទ្រង់សួរគាត់ថា៖“តើអ្នកឈ្មោះអ្វី?”។
គាត់ទូលឆ្លើយថា៖ “កងទ័ព” ដ្បិតមានអារក្សជាច្រើនបានចូលក្នុងគាត់។ 31អារក្សទាំងនោះទូលអង្វរព្រះយេស៊ូវ កុំឲ្យព្រះអង្គបញ្ជាពួកវាឲ្យទៅក្នុងរណ្ដៅគ្មានបាតឡើយ។
32នៅទីនោះ មានជ្រូកមួយហ្វូងធំកំពុងរកស៊ីតាមភ្នំ។ អារក្សទាំងនោះទូលអង្វរព្រះយេស៊ូវ ឲ្យព្រះអង្គអនុញ្ញាតឲ្យពួកវាចូលក្នុងជ្រូកទាំងនោះ ព្រះយេស៊ូវក៏អនុញ្ញាតឲ្យពួកវា។ 33ពួកអារក្សក៏ចេញពីបុរសនោះ ហើយចូលក្នុងជ្រូកទាំងនោះ។ ពេលនោះ ហ្វូងជ្រូកបានបោលចុះតាមចំណោតភ្នំទៅក្នុងបឹង ហើយលង់ទឹកងាប់អស់ទៅ។ 34នៅពេលឃើញការដែលបានកើតឡើង ពួកអ្នកចិញ្ចឹមជ្រូកក៏រត់គេច ហើយទៅ#8:34 ឯកសារបុរាណខ្លះគ្មាន “ទៅ”។ប្រាប់រឿងនេះនៅក្នុងទីក្រុង និងនៅតាមភូមិ។ 35គេក៏នាំគ្នាចេញមកមើលអ្វីដែលបានកើតឡើង។ ពួកគេមករកព្រះយេស៊ូវ ហើយឃើញបុរសដែលអារក្សបានចេញនោះ កំពុងអង្គុយនៅទៀបព្រះបាទាព្រះយេស៊ូវ ដោយមានស្លៀកសម្លៀកបំពាក់ និងដឹងស្មារតី ក៏ធ្វើឲ្យពួកគេខ្លាច។ 36ពួកអ្នកដែលឃើញក៏ប្រាប់ពួកគេអំពីរបៀបដែលបុរសអារក្សចូលនោះត្រូវបានប្រោសឲ្យជា។ 37ប្រជាជនទាំងអស់នៅតំបន់ជុំវិញគេរ៉ាស៊ីន#8:37 គេរ៉ាស៊ីន―ឯកសារបុរាណខ្លះថា “កាដារ៉ា”។ ក៏ទូលអង្វរព្រះអង្គឲ្យចាកចេញពីពួកគេ ពីព្រោះមានសេចក្ដីភ័យខ្លាចយ៉ាងខ្លាំងកើតមានដល់ពួកគេ។ ដូច្នេះ ព្រះយេស៊ូវក៏ជិះទូកត្រឡប់ទៅវិញ។
38បុរសដែលអារក្សបានចេញនោះ ទូលអង្វរព្រះយេស៊ូវឲ្យគាត់បាននៅជាមួយព្រះអង្គ ប៉ុន្តែព្រះអង្គទ្រង់ឲ្យគាត់ទៅវិញ ដោយមានបន្ទូលថា៖ 39“ចូរត្រឡប់ទៅផ្ទះរបស់អ្នកវិញ ហើយរៀបរាប់ថាព្រះបានធ្វើយ៉ាងណាដល់អ្នក”។ គាត់ក៏ចេញទៅ ហើយប្រកាសនៅទីក្រុងទាំងមូលថាព្រះយេស៊ូវបានធ្វើយ៉ាងណា#8:39 យ៉ាងណា―ឬ “អ្វី”។ដល់គាត់។
ក្មេងស្រីរស់ឡើងវិញ និងស្ត្រីបានជា
40នៅពេលព្រះយេស៊ូវយាងត្រឡប់មកវិញ ហ្វូងមនុស្សក៏ទទួលស្វាគមន៍ព្រះអង្គ ដ្បិតពួកគេទាំងអស់គ្នាកំពុងរង់ចាំព្រះអង្គ។ 41ពេលនោះ មើល៍! មានបុរសម្នាក់ឈ្មោះយ៉ៃរ៉ុស ជាមេគ្រប់គ្រងសាលាប្រជុំបានមក។ គាត់ក្រាបទៀបព្រះបាទារបស់ព្រះយេស៊ូវ ហើយទូលអង្វរព្រះអង្គឲ្យយាងទៅផ្ទះរបស់គាត់ 42ពីព្រោះគាត់មានកូនស្រីតែមួយអាយុប្រមាណដប់ពីរឆ្នាំ នាងជិតស្លាប់ហើយ។
ខណៈដែលព្រះយេស៊ូវកំពុងយាងទៅ មានហ្វូងមនុស្សប្រជ្រៀតព្រះអង្គ។ 43មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ នាងបានចំណាយបា្រក់ចិញ្ចឹមជីវិតទាំងអស់របស់នាងទៅលើគ្រូពេទ្យ#8:43 ឯកសារបុរាណខ្លះគ្មាន “នាងបានចំណាយបា្រក់ចិញ្ចឹមជីវិតទាំងអស់របស់នាងទៅលើគ្រូពេទ្យ”។ ប៉ុន្តែគ្មានអ្នកណាអាចព្យាបាលនាងឲ្យជាបានឡើយ។ 44នាងបានចូលមកជិតពីខាងក្រោយ ហើយពាល់ជាយព្រះពស្ត្ររបស់ព្រះអង្គ។ រំពេចនោះ ជំងឺធ្លាក់ឈាមរបស់នាងក៏បាត់។
45ព្រះយេស៊ូវមានបន្ទូលថា៖“នរណាពាល់ខ្ញុំ?”។
នៅពេលទាំងអស់គ្នាបដិសេធ ពេត្រុស#8:45 ឯកសារបុរាណខ្លះបន្ថែម “និងអ្នកដែលនៅជាមួយគាត់”។ក៏ទូលថា៖ “លោកគ្រូ មនុស្សជាច្រើនកំពុងចោមរោម ហើយប្រជ្រៀតលោក!#8:45 ឯកសារបុរាណខ្លះបន្ថែម “តើលោកនៅតែនិយាយថា: ‘នរណាពាល់ខ្ញុំ?’ ឬ?”។”។
46ប៉ុន្តែព្រះយេស៊ូវមានបន្ទូលថា៖“មានអ្នកណាម្នាក់ពាល់ខ្ញុំ ដ្បិតខ្ញុំដឹងថា មានចេស្ដាបានចេញពីខ្ញុំ”។ 47ស្ត្រីនោះឃើញថាលាក់មិនជិត ក៏មកទាំងភ័យញ័រ ហើយក្រាបចុះនៅចំពោះព្រះអង្គ ទូលនៅមុខប្រជាជនទាំងអស់អំពីហេតុផលដែលនាងបានពាល់ព្រះអង្គ និងរបៀបដែលនាងត្រូវបានប្រោសឲ្យជាក្នុងមួយរំពេច។ 48ព្រះយេស៊ូវមានបន្ទូលនឹងនាងថា៖“កូនស្រីអើយ#8:48 ឯកសារបុរាណខ្លះបន្ថែម “ចូរមានទឹកចិត្តឡើង!”។ជំនឿរបស់នាងបានសង្គ្រោះនាងហើយ ចូរទៅដោយសុខសាន្តចុះ”។
49ខណៈដែលព្រះអង្គកំពុងមានបន្ទូលនៅឡើយ មានម្នាក់មកពីផ្ទះ#8:49 ផ្ទះ―ជាពាក្យជំនួយ។អ្នកគ្រប់គ្រងសាលាប្រជុំ ប្រាប់ថា#8:49 ប្រាប់ថា―ឯកសារបុរាណខ្លះថា “ប្រាប់គាត់ថា”។៖ “កូនស្រីរបស់លោកស្លាប់ហើយ កុំរំខានលោកគ្រូទៀតអី”។
50ប៉ុន្តែព្រះយេស៊ូវបានឮដូច្នេះ ក៏មានបន្ទូលនឹងយ៉ៃរ៉ុសថា៖“កុំខ្លាចឡើយ! ចូរគ្រាន់តែជឿប៉ុណ្ណោះ នោះនាងនឹងបានជាសះស្បើយ”។ 51នៅពេលមកដល់ផ្ទះនោះ ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាចូលទៅជាមួយព្រះអង្គឡើយ លើកលែងតែពេត្រុស យ៉ូហាន យ៉ាកុប និងឪពុកម្ដាយរបស់កូននោះប៉ុណ្ណោះ។ 52រីឯគេទាំងអស់គ្នាក៏យំសោកគក់ទ្រូងដោយសារតែក្មេងនោះ ប៉ុន្តែព្រះយេស៊ូវមានបន្ទូលថា៖“កុំយំឡើយ! ក្មេងនេះមិនបានស្លាប់ទេ គឺនាងកំពុងដេកលក់ទេតើ”។
53ពួកគេក៏សើចចំអកដាក់ព្រះអង្គ ដោយដឹងថានាងបានស្លាប់ហើយ។ 54ប៉ុន្តែព្រះអង្គបាន#8:54 ឯកសារបុរាណខ្លះបន្ថែម “ឲ្យពួកគេទាំងអស់គ្នាចេញ រួច”។ កាន់ដៃនាង ហើយស្រែកឡើងថា៖“កូនអើយ ចូរក្រោកឡើង!”។ 55វិញ្ញាណរបស់នាងក៏ត្រឡប់មកវិញ ហើយនាងក្រោកឡើងភ្លាម។ ព្រះយេស៊ូវទ្រង់បង្គាប់ឲ្យគេឲ្យអាហារនាងហូប។ 56ឪពុកម្ដាយរបស់នាងភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែព្រះយេស៊ូវទ្រង់បង្គាប់ពួកគេមិនឲ្យប្រាប់អ្នកណាអំពីការដែលបានកើតឡើងនោះឡើយ៕
ទើបបានជ្រើសរើសហើយ៖
លូកា 8: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative