លូកា 7

7
ជំនឿរបស់មេទាហានលើមួយរយនាក់
1នៅពេល​ព្រះយេស៊ូវ​បាន​បញ្ចប់​ព្រះបន្ទូល​ទាំងអស់​នេះ​ដល់​ប្រជាជន​ដែល​កំពុងស្ដាប់#7:1 ដល់​ប្រជាជន​ដែល​កំពុងស្ដាប់―ន័យត្រង់គឺ “ក្នុងត្រចៀករបស់ប្រជាជន”។​ហើយ ព្រះអង្គ​ក៏​យាង​ចូលទៅ​កាពើណិម​។ 2ពេលនោះ បាវបម្រើ​របស់​មេទាហានលើមួយរយនាក់​ម្នាក់​ជិត​ស្លាប់​ដោយ​មានជំងឺ​។ បាវបម្រើនេះ​ជា​អ្នកដែល​មេទាហាន​ឲ្យតម្លៃ​ណាស់​។ 3នៅពេល​ឮ​អំពី​ព្រះយេស៊ូវ មេទាហានលើមួយរយនាក់នោះ​ក៏​ចាត់​ពួក​ចាស់ទុំ​របស់​ជនជាតិយូដា​ឲ្យទៅ​រក​ព្រះអង្គ ដោយ​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​យាង​មក​ប្រោស​បាវបម្រើ​របស់​លោក​ឲ្យជា​។ 4ពួកគេ​មកដល់​ព្រះយេស៊ូវ ហើយ​ទទូច​អង្វរ​ព្រះអង្គ​ថា​៖ “គាត់​ជា​មនុស្ស​ដែល​ស័ក្ដិសម​នឹង​ឲ្យ​លោក​ព្រម​នឹង​ការនេះ 5ពីព្រោះ​គាត់​ស្រឡាញ់​ប្រជាជាតិ​របស់យើង ថែមទាំង​បាន​សាងសង់​សាលាប្រជុំ​ឲ្យ​យើង​ទៀតផង”។ 6ដូច្នេះ ព្រះយេស៊ូវ​ក៏​យាង​ទៅ​ជាមួយ​ពួកគេ​។ ពេល​ព្រះអង្គ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​នោះ មេទាហានលើមួយរយនាក់​ក៏​ចាត់​ពួក​មិត្តភក្ដិ​ឲ្យមក​ទូល​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់​អើយ កុំឲ្យ​រំខាន​ព្រះអង្គ ដ្បិត​ទូលបង្គំ​មិន​ស័ក្ដិសម​នឹង​ទទួល​ព្រះអង្គ​មក​ក្រោម​ដំបូល​ផ្ទះ​របស់ទូលបង្គំ​ទេ​។ 7ហេតុនេះហើយបានជា​ទូលបង្គំ​មិន​ចាត់ទុកថា​ខ្លួនទូលបង្គំ​ស័ក្ដិសម​នឹង​មក​ជួប​ព្រះអង្គ​ឡើយ​។ ប៉ុន្តែ​សូម​ព្រះអង្គ​មានបន្ទូល​មួយ​ព្រះឱស្ឋ​ប៉ុណ្ណោះ នោះ​អ្នកបម្រើ​របស់ទូលបង្គំ​នឹង​ជាសះស្បើយ​។ 8តាមពិត ទូលបង្គំ​ក៏​ជា​មនុស្ស​នៅ​ក្រោម​អំណាច​គេ ហើយ​មាន​ទាហាន​នៅ​ក្រោម​ទូលបង្គំ​ដែរ​។ ទូលបង្គំ​ប្រាប់​ម្នាក់​ថា​: ‘ទៅ’ គេ​ក៏​ទៅ​; ប្រាប់​ម្នាក់ទៀត​ថា​: ‘មក’ គេ​ក៏​មក​; ហើយ​ប្រាប់​បាវបម្រើ​របស់ទូលបង្គំ​ថា​: ‘ធ្វើ​ការនេះ’ គេ​ក៏​ធ្វើ”។
9នៅពេល​បាន​ឮ​ពាក្យ​ទាំងនេះ ព្រះយេស៊ូវ​ទ្រង់​ស្ងើច​នឹង​លោក ក៏​ងាកទៅ​រក​ហ្វូងមនុស្ស​ដែល​មកតាម​ព្រះអង្គ ហើយ​មានបន្ទូលថា​៖“ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ខ្ញុំ​មិនដែល​ឃើញ​ជំនឿ​ខ្លាំងបែបនេះ​ក្នុង​អ៊ីស្រាអែល​ឡើយ”។ 10ពួក​អ្នក​ដែល​ត្រូវបាន​ចាត់ឲ្យមក​បាន​ត្រឡប់ទៅ​ផ្ទះ​វិញ ក៏​ឃើញ​បាវបម្រើ#7:10 ឯកសារបុរាណខ្លះបន្ថែម “ដែលឈឺ”។​នោះ​មានសុខភាពល្អ​ឡើងវិញ​។
កូនរបស់ស្ត្រីមេម៉ាយត្រូវបានលើកឲ្យរស់ឡើងវិញ
11នៅ​ថ្ងៃ​បន្ទាប់ ព្រះយេស៊ូវ​យាង​ទៅ​ទីក្រុង​មួយ​ដែល​គេ​ហៅថា​ណាអ៊ីន​។ ពួក​សិស្ស#7:11 ឯកសារបុរាណខ្លះបន្ថែម “ជាច្រើន”។​របស់​ព្រះអង្គ និង​ហ្វូងមនុស្ស​មួយក្រុម​ធំ​ក៏​ទៅជាមួយ​ព្រះអង្គ​ដែរ​។ 12នៅពេល​ព្រះអង្គ​យាង​មកជិត​ទ្វារ​ក្រុង មើល៍! មាន​មនុស្ស​ស្លាប់​ម្នាក់​ជា​កូនប្រុស​តែមួយ​របស់​ម្ដាយ​ដែល​ជា​ស្ត្រីមេម៉ាយ ត្រូវបាន​សែងចេញ​មក ហើយ​មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​ពី​ទីក្រុង​នោះ នៅ​ជាមួយ​គាត់​ដែរ​។ 13កាល​ព្រះអម្ចាស់​បាន​ឃើញ​ស្ត្រីមេម៉ាយនោះ ព្រះអង្គ​មានព្រះទ័យអាណិតអាសូរ​ចំពោះ​គាត់ ក៏​មានបន្ទូល​នឹង​គាត់​ថា​៖“កុំ​យំ​ឡើយ​!”។ 14ព្រះយេស៊ូវ​យាង​ចូលទៅជិត​ពាល់​ក្ដារមឈូស រីឯ​ពួក​អ្នក​សែង​ក៏​ឈប់​។ ព្រះអង្គ​មានបន្ទូលថា​៖“អ្នកកំលោះ​អើយ ខ្ញុំ​ប្រាប់​អ្នក​ថា ចូរ​ក្រោកឡើង​!”។
15មនុស្សស្លាប់​នោះ​ក៏​ក្រោកអង្គុយ ហើយ​ចាប់ផ្ដើម​និយាយ​។ ព្រះយេស៊ូវ​ប្រគល់​គាត់​ឲ្យ​ម្ដាយ​របស់​គាត់​វិញ​។ 16សេចក្ដីភ័យខ្លាច​បាន​កើតមាន​ដល់​មនុស្ស​ទាំងអស់ ហើយ​ពួកគេ​ក៏​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ដោយ​និយាយ​ថា​៖ “ព្យាការី​ដ៏ធំឧត្ដម​បាន​លេចឡើង​ក្នុងចំណោម​យើង​ហើយ​!” ហើយ​ថា​៖ “ព្រះ​បាន​យាង​មករក​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ហើយ​!”។ 17ដំណឹង​នេះ​អំពី​ព្រះយេស៊ូវ​បាន​សាយចេញទៅ​ទូទាំង​យូឌា និង​តំបន់ជុំវិញ​ទាំងមូល​។
ស្ដីអំពីយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក
18ពួក​សិស្ស​របស់​យ៉ូហាន​បាន​ប្រាប់​យ៉ូហាន​អំពី​ការ​ទាំងអស់​នេះ​។ យ៉ូហាន​ក៏​ហៅ​សិស្ស​ពីរ​នាក់​របស់​គាត់​មក 19ហើយ​ចាត់​ពួកគេ​ឲ្យទៅ​រក​ព្រះអម្ចាស់#7:19 ព្រះអម្ចាស់―ឯកសារបុរាណខ្លះថា “ព្រះយេស៊ូវ”។ ដោយ​ទូល​សួរថា​៖ “តើ​លោក​ជា​ព្រះអង្គ​ដែល​ត្រូវ​យាង​មក ឬ​យើងខ្ញុំ​ត្រូវតែ​រង់ចាំ​អ្នកផ្សេងទៀត​?”។
20អ្នក​ទាំងពីរ​ក៏​មកដល់​ព្រះអង្គ ហើយ​ទូលថា​៖ “យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក​បាន​ចាត់​យើងខ្ញុំ​ឲ្យមក​សួរ​លោក​ថា​: ‘តើ​លោក​ជា​ព្រះអង្គ​ដែល​ត្រូវ​យាង​មក ឬ​យើងខ្ញុំ​ត្រូវតែ​រង់ចាំ​អ្នកផ្សេងទៀត?’”។
21នៅ​ពេល​នោះ#7:21 នៅ​ពេល​នោះ―ឯកសារបុរាណខ្លះថា “នៅពេលដដែលនោះ”។ ព្រះយេស៊ូវ​បាន​ប្រោស​មនុស្ស​ជាច្រើន​ឲ្យជា​ពី​រោគា ការឈឺចុកចាប់​ផ្សេងៗ និង​វិញ្ញាណអាក្រក់ ព្រមទាំង​ប្រោស​មនុស្ស​ខ្វាក់ភ្នែក​ជាច្រើន​ឲ្យ​មើលឃើញ​ផង​។ 22ដូច្នេះ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“ចូរ​ទៅ​ប្រាប់​យ៉ូហាន​អំពី​អ្វីៗដែល​អ្នករាល់គ្នា​បាន​ឃើញ និង​បាន​ឮ គឺ​មនុស្ស​ខ្វាក់ភ្នែក​មើលឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្សឃ្លង់​បានបរិសុទ្ធ មនុស្ស​ថ្លង់​ស្ដាប់ឮ មនុស្សស្លាប់​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ហើយ​មនុស្សក្រីក្រ​បាន​ឮដំណឹងល្អ​។ 23មានពរ​ហើយ អ្នកណាក៏ដោយដែល​មិន​ជំពប់ដួល​ដោយសារតែ​ខ្ញុំ”។ 24នៅពេល​ពួក​អ្នកនាំសារ​របស់​យ៉ូហាន​ចេញទៅ​ហើយ ព្រះអង្គ​ក៏​ចាប់ផ្ដើម​មានបន្ទូល​នឹង​ហ្វូងមនុស្ស​អំពី​យ៉ូហាន​ថា​៖“តើ​អ្នករាល់គ្នា​ចេញទៅ​មើល​អ្វី​នៅ​ទីរហោស្ថាន? ទៅ​មើល​ដើមត្រែង​យោលយោក​ដោយ​ខ្យល់​ឬ​? 25បើមិនដូច្នេះ តើ​អ្នករាល់គ្នា​ចេញទៅ​មើល​អ្វី​? ទៅ​មើល​មនុស្ស​ដែល​ដណ្ដប់​ដោយ​សម្លៀកបំពាក់​ទន់​ៗ​ឬ? មើល៍! អ្នក​ដែល​ស្លៀក​សម្លៀកបំពាក់​ល្អរុងរឿង ហើយ​រស់នៅ​ក្នុង​ភាពប្រណិត គេ​នៅ​ក្នុង​វាំង​ទេ​។ 26ដូច្នេះ តើ​អ្នករាល់គ្នា​ចេញទៅ​មើល​អ្វី​? ទៅ​មើល​ព្យាការី​ឬ​? មែនហើយ​! ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា គាត់​ប្រសើរជាង​ព្យាការី​ទៅទៀត​។ 27គឺ​អ្នកនេះ​ហើយ ដែល​មាន​សរសេរ​ទុកមក​អំពី​គាត់​ថា​:
‘មើល៍! យើង​ចាត់​ទូត​របស់យើង​ឲ្យទៅ​ខាងមុខ​អ្នក
ដែល​នឹង​រៀបចំ​ផ្លូវ​របស់អ្នក​នៅមុខ​អ្នក’។ # 7:27 《ម៉ាឡាគី》 3:1។
28 ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ក្នុងចំណោម​មនុស្ស​ដែលកើត​ពី​ស្ត្រី​មក គ្មានអ្នកណា # 7:28 គ្មាន​អ្នកណា―ឯកសារបុរាណខ្លះថា “គ្មាន​ព្យាការីណា”។ ធំជាង​យ៉ូហាន # 7:28 យ៉ូហាន―ឯកសារបុរាណខ្លះថា “យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក”។ នោះ​ទេ​; ប៉ុន្តែ​អ្នកតូច​ជាងគេ​នៅក្នុង​អាណាចក្រ​របស់​ព្រះ ក៏​ធំជាង​យ៉ូហាន​ទៅទៀត”។
29នៅពេល​ឮ​ដូច្នេះ ប្រជាជន​ទាំងអស់​និង​ពួក​អ្នកទារពន្ធ ក៏​ទទួលស្គាល់ថា​ព្រះ​ទ្រង់​សុចរិតយុត្តិធម៌ ដោយ​បាន​ទទួលពិធីជ្រមុជទឹក​ដោយ​ពិធីជ្រមុជ​របស់​យ៉ូហាន 30រីឯ​ពួកផារិស៊ី និង​ពួក​អ្នកច្បាប់ ក៏​បដិសេធ​គម្រោង​របស់​ព្រះ​សម្រាប់​ខ្លួនពួកគេ ដោយ​មិន​ទទួលពិធីជ្រមុជទឹក​ពី​យ៉ូហាន​។
ជំនាន់មិនអើពើ
31ព្រះអម្ចាស់​មានបន្ទូល​ទៀត​ថា​៖#7:31 ឯកសារបុរាណខ្លះគ្មាន “ព្រះអម្ចាស់មានបន្ទូលទៀតថា៖”។“តើ​ខ្ញុំ​នឹង​ប្រៀបប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅនឹង​អ្វី​? តើ​ពួកគេ​ប្រៀបដូចជា​អ្វី​? 32គឺ​ប្រៀបដូចជា​ក្មេង​ៗ​អង្គុយ​តាម​ផ្សារ ដែល​ស្រែកដាក់​គ្នាទៅវិញទៅមក​ថា​:
‘ពួកយើង​ផ្លុំខ្លុយ​ឲ្យ​ពួកឯង
តែ​ពួកឯង​មិន​បាន​រាំ​ទេ​;
ពួកយើង​ស្មូត្រ​បទទំនួញ
តែ​ពួកឯង​ក៏​មិន​បាន​យំសោក​ដែរ’។
33 ដ្បិត​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក​បាន​មក ទាំង​មិន​ហូប​នំប៉័ង ទាំង​មិន​ផឹក​ស្រាទំពាំងបាយជូរ​ផង អ្នករាល់គ្នា​ក៏​និយាយថា​: ‘គាត់​មានអារក្សចូល​!’ 34រីឯ​កូនមនុស្ស​បាន​មក ទាំង​ហូប​ទាំង​ផឹក អ្នករាល់គ្នា​ក៏​ថា​: ‘មើល៍! មនុស្ស​ល្មោភស៊ី និង​ល្មោភផឹក ជា​មិត្តភក្ដិ​របស់​អ្នកទារពន្ធ និង​មនុស្សបាប​!’។ 35ប៉ុន្តែ​ប្រាជ្ញា​ត្រូវបាន​បញ្ជាក់ថាសុចរិត ដោយ​កូន​ទាំងអស់​របស់​វា”។
លើកលែងទោសច្រើន, ស្រឡាញ់ច្រើន
36មាន​ម្នាក់​ក្នុង​ពួកផារិស៊ី បាន​អញ្ជើញ​ព្រះយេស៊ូវ​ទៅ​សោយ​ជាមួយ​គាត់ ព្រះអង្គ​ក៏​យាង​ចូលទៅ​ក្នុង​ផ្ទះ​របស់​ពួកផារិស៊ី​នោះ ហើយ​រួមតុអាហារ​ជាមួយ​គាត់​។ 37ពេលនោះ មើល៍! មាន​ស្ត្រី​ម្នាក់​នៅ​ទីក្រុង​នោះ​ដែល​ជា​មនុស្សបាប នៅពេល​នាង​ដឹង​ថា ព្រះយេស៊ូវ​គង់នៅតុអាហារ​ក្នុង​ផ្ទះ​របស់​ពួកផារិស៊ី​នោះ នាង​ក៏​យក​ដបថ្មកែវ​ដែល​មាន​ប្រេងក្រអូប​មក 38ឈរ​ពី​ខាងក្រោយ នៅទៀប​ព្រះបាទា​របស់​ព្រះអង្គ​ទាំង​យំ ហើយ​ចាប់ផ្ដើម​ធ្វើឲ្យ​ព្រះបាទា​របស់​ព្រះអង្គ​ទទឹក​ដោយ​ទឹកភ្នែក រួច​ជូត​ដោយ​សក់​ក្បាល​របស់​ខ្លួន ព្រមទាំង​ថើប​ព្រះបាទា​របស់​ព្រះអង្គ ហើយ​លាប​ប្រេងក្រអូប​ទៀតផង​។
39ពួកផារិស៊ី​ម្នាក់​នោះ​ដែល​អញ្ជើញ​ព្រះអង្គ​ឃើញ​ដូច្នេះ ក៏​និយាយ​ក្នុងចិត្ត​ថា​៖ “បើសិន​អ្នកនេះ​ជា​ព្យាការី​មែន គាត់​មុខជា​ដឹង​ថា ស្ត្រី​ដែល​កំពុង​ពាល់​គាត់​ជា​អ្នកណា ហើយ​ជា​មនុស្ស​បែបណា​មិនខាន ដ្បិត​នាង​ជា​មនុស្សបាប”។
40ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា​៖“ស៊ីម៉ូន​អើយ ខ្ញុំ​មាន​រឿងមួយ​ប្រាប់​អ្នក”។
ស៊ីម៉ូន​ក៏​ទូលថា​៖ “លោកគ្រូ សូម​និយាយ​មក​ចុះ”។
41 “មាន​កូនបំណុល​ពីរ​នាក់​ជំពាក់​មេបំណុល​ម្នាក់​។ ម្នាក់​ជំពាក់​ប្រាំរយ​ឌេណារី # 7:41 ឌេណារី―លុយកាក់ធ្វើពីប្រាក់របស់រ៉ូម៉ាំង។ 1ឌេណារី=ថ្លៃឈ្នួល1ថ្ងៃ។ ម្នាក់ទៀត​ជំពាក់​ហាសិប​ឌេណារី​។ 42ដោយសារ​ពួកគេ​មិន​អាច​សង​បាន គាត់​ក៏​លើកលែង​ឲ្យ​អ្នក​ទាំងពីរ​។ ដូច្នេះ តើ​នរណា​ក្នុង​ពួកគេ​នឹង​ស្រឡាញ់​ម្ចាស់បំណុល​ជាង​?”។
43ស៊ីម៉ូន​ទូល​ឆ្លើយ​ថា​៖ “ខ្ញុំ​គិតថា គឺ​អ្នកដែល​ម្ចាស់បំណុល​លើកលែង​ឲ្យ​ច្រើនជាង”។
ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“អ្នក​ពិចារណា​ត្រូវ​ហើយ”។ 44បន្ទាប់មក ព្រះយេស៊ូវ​ទ្រង់​ងាកទៅ​ស្ត្រី​នោះ ហើយ​មានបន្ទូល​នឹង​ស៊ីម៉ូន​ថា​៖“តើ​អ្នក​ឃើញ​ស្ត្រី​នេះ​ទេ​? ខ្ញុំ​បាន​ចូលមក​ក្នុង​ផ្ទះ​របស់អ្នក ហើយ​អ្នក​មិន​បាន​ឲ្យ​ទឹក​ដល់​ខ្ញុំ​ដើម្បី​លាង​ជើង​ទេ រីឯ​នាង​វិញ នាង​បាន​ធ្វើឲ្យ​ជើង​ខ្ញុំ​ទទឹក​ដោយ​ទឹកភ្នែក ហើយ​ជូត​ដោយ​សក់​របស់​នាង​ទៀត​។ 45អ្នក​មិន​បាន​ថើប​ខ្ញុំ​ទេ រីឯ​នាង​វិញ នាង​ចេះតែ​ថើប​ជើង​ខ្ញុំ​ឥត​ឈប់ តាំងពី​ខ្ញុំ​បាន​ចូលមក​។ 46អ្នក​មិន​បាន​លាប​ប្រេង​លើ​ក្បាល​ខ្ញុំ​ទេ រីឯ​នាង​វិញ នាង​បាន​លាប​ប្រេងក្រអូប​លើ​ជើង​ខ្ញុំ​។ 47ដោយហេតុនេះ ខ្ញុំ​ប្រាប់​អ្នក​ថា បាប​ជាច្រើន​របស់​នាង​ត្រូវបាន​លើកលែងទោស​ហើយ ដូច្នេះហើយបានជា​នាង​ស្រឡាញ់​ច្រើន​។ ប៉ុន្តែ​អ្នកដែល​ត្រូវបាន​លើកលែងទោស​ឲ្យ​តិច ក៏​ស្រឡាញ់​តិច​ដែរ”។ 48រួច​ព្រះយេស៊ូ​វ​មានបន្ទូល​នឹង​នាង​ថា​៖“បាប​របស់នាង​ត្រូវបាន​លើកលែងទោស​ហើយ”។
49ពួក​អ្នក​ដែល​រួមតុអាហារ​ជាមួយ​ក៏​ចាប់ផ្ដើម​និយាយ​ក្នុងចិត្ត​ថា​៖ “តើ​អ្នកនេះ​ជា​នរណា ដែល​សូម្បីតែ​បាប​ក៏​លើកលែងទោស​បាន​ដូច្នេះ​?”។
50តែ​ព្រះអង្គ​មានបន្ទូល​នឹង​ស្ត្រី​នោះ​ថា​៖“ជំនឿ​របស់នាង​បាន​សង្គ្រោះ​នាង​ហើយ​។ ចូរ​ទៅ​ដោយ​សុខសាន្ត​ចុះ”៕

ទើបបានជ្រើសរើសហើយ៖

លូកា 7: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល