លូកា 6

6
ព្រះអម្ចាស់លើថ្ងៃសប្ប័ទ
1នៅ​ថ្ងៃសប្ប័ទ#6:1 ថ្ងៃសប្ប័ទ―ឯកសារបុរាណខ្លះថា “ថ្ងៃសប្ប័ទដ៏សំខាន់ទីពីរ”។​មួយ ពេល​ព្រះយេស៊ូវ​យាង​កាត់​វាលស្រែ ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​កាច់​កួរស្រូវ​មក​ញី​នឹង​ដៃ​ហូប​។ 2មាន​អ្នកខ្លះ​ក្នុង​ពួកផារិស៊ី​និយាយថា​៖ “ម្ដេចក៏​អ្នករាល់គ្នា​ធ្វើ​អ្វីដែល​ច្បាប់ហាមមិន​ឲ្យធ្វើ#6:2 ឯកសារបុរាណខ្លះគ្មាន “មិនឲ្យ​ធ្វើ”។​នៅ​ថ្ងៃសប្ប័ទ​?”។
3ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“តើ​អ្នករាល់គ្នា​មិនដែល​អាន​អំពី​ការនេះ​ដែល​ដាវីឌ​បាន​ធ្វើ នៅពេល​លោក និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​លោក​ឃ្លាន​ទេ​ឬ​? 4គឺ​របៀបដែល​លោក​ចូលទៅ​ក្នុង​ដំណាក់​របស់​ព្រះ ហើយ​យក​នំប៉័ងតាំងថ្វាយ​មក​ហូប ព្រមទាំង​ចែក​ឲ្យ​ពួក​អ្នក​ដែល​នៅ​ជាមួយ​លោក​ផង ជា​នំប៉័ង​ដែល​ច្បាប់ហាមមិន​ឲ្យ​ហូប​ឡើយ លើកលែងតែ​ពួក​បូជាចារ្យ​ប៉ុណ្ណោះ”។ 5ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ទៀត​ថា​៖“កូនមនុស្ស​ជា​ព្រះអម្ចាស់​លើ​ថ្ងៃសប្ប័ទ”។
ប្រោសមនុស្សស្វិតដៃឲ្យជា
6នៅ​ថ្ងៃសប្ប័ទ​មួយទៀត ព្រះយេស៊ូវ​យាង​ចូលទៅ​ក្នុង​សាលាប្រជុំ ហើយ​បង្រៀន​គេ​។ នៅ​ទីនោះ មាន​បុរស​ម្នាក់​ស្វិត​ដៃស្ដាំ​។ 7ពួកគ្រូវិន័យ និងពួកផារិស៊ី​ឃ្លាំមើល​ព្រះអង្គ ថា​តើ​ព្រះអង្គ​នឹង​ប្រោស​បុរសនោះ​ឲ្យជា​នៅ​ថ្ងៃសប្ប័ទ​ឬអត់ ដើម្បី​រក​ហេតុផល#6:7 ហេតុផល―ជាពាក្យជំនួយ។​ចោទប្រកាន់​ព្រះអង្គ​។ 8ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​គំនិត​របស់​ពួកគេ ក៏​មានបន្ទូល​នឹង​បុរស​ស្វិត​ដៃ​ម្ខាង​នោះ​ថា​៖“ចូរ​ក្រោកឡើង មក​ឈរ​នៅ​កណ្ដាលចំណោម​!”។ គាត់​ក៏​ក្រោកឡើង ឈរ​នៅទីនោះ​។ 9បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ខ្ញុំ​សូម​សួរ#6:9 ឯកសារបុរាណខ្លះបន្ថែម “សំណួរមួយដល់”។អ្នករាល់គ្នា​ថា នៅ​ថ្ងៃសប្ប័ទ តើ​មួយណា​ត្រូវច្បាប់ : ធ្វើល្អ ឬ​ធ្វើអាក្រក់​? សង្គ្រោះ​ជីវិត ឬ​សម្លាប់ជីវិត​?”។ 10ព្រះអង្គ​ទត​មើលជុំវិញ​ទៅ​ពួកគេ​ទាំងអស់គ្នា​ហើយ ក៏​មានបន្ទូល​នឹង​បុរសនោះ​ថា​៖“ចូរ​លាត​ដៃ​របស់អ្នក​ចុះ​!”។ គាត់​ក៏​ធ្វើតាម នោះ​ដៃ​របស់​គាត់​បានដូចដើមវិញ#6:10 ឯកសារបុរាណខ្លះបន្ថែម “គឺ​ល្អ​ដូច​ដៃ​ម្ខាង​ទៀត”។​។ 11ពួកគេ​ក៏​ពេញ​ដោយ​ភាពក្ដៅក្រហាយ#6:11 ភាពក្ដៅក្រហាយ―ន័យត្រង់គឺ “ភាពចម្កួត”។ ហើយ​ពិគ្រោះ​គ្នាទៅវិញទៅមក​ថា ត្រូវ​ធ្វើ​យ៉ាងណា​ចំពោះ​ព្រះយេស៊ូវ​។
ជ្រើសរើសសាវ័កដប់ពីរនាក់
12នៅ​គ្រានោះ ព្រះយេស៊ូវ​យាង​ចេញទៅ​ភ្នំ​ដើម្បី​អធិស្ឋាន ហើយ​ព្រះអង្គ​ទ្រង់​អធិស្ឋាន​ទៅ​ព្រះ​ពេញមួយយប់​។ 13លុះ​ព្រលឹមឡើង ព្រះអង្គ​ទ្រង់​ហៅ​ពួក​សិស្ស​របស់​ព្រះអង្គ​មក ហើយ​ជ្រើសរើស​ដប់ពីរ​នាក់​ពីចំណោម​ពួកគេ ដែល​ព្រះអង្គ​ហៅថា​សាវ័ក​:
14ស៊ីម៉ូន ដែល​ព្រះអង្គ​ហៅថា​ពេត្រុស​;
អនទ្រេ​ប្អូនប្រុស#6:14 ប្អូនប្រុស―ន័យត្រង់គឺ “បងប្អូនប្រុស”។​របស់​គាត់​;
យ៉ាកុប និង​យ៉ូហាន​;
ភីលីព និង​បារថូឡូមេ​;
15ម៉ាថាយ និង​ថូម៉ាស​;
យ៉ាកុប​កូន​របស់​អាល់ផាយ​;
ស៊ីម៉ូន​ដែល​គេ​ហៅថា​អ្នកជាតិនិយម​;
16យូដាស​កូន#6:15,16 កូន―ជាពាក្យជំនួយ។​របស់​យ៉ាកុប
និង​យូដាស​អ៊ីស្ការីយ៉ុត​ដែល​ក្លាយទៅជា​អ្នកក្បត់​។
បង្រៀន និងប្រោសឲ្យជា
17នៅពេល​យាង​ចុះមក​ពីភ្នំវិញ​ជាមួយ​ពួកសិស្ស ព្រះយេស៊ូវ​ទ្រង់​ឈរ​នៅ​កន្លែង​រាបស្មើ​។ នៅទីនោះ មាន​សិស្ស​របស់​ព្រះអង្គ​ជាច្រើន#6:17 ឯកសារបុរាណខ្លះគ្មាន “ជាច្រើន”។ និង​ហ្វូងមនុស្ស​មួយក្រុម​ធំ​ដែល​មកពី​ទូទាំង​យូឌា និង​យេរូសាឡិម ហើយ​ពី​ទីរ៉ុស និង​ស៊ីដូន ដែលជា​តំបន់មាត់សមុទ្រ​។ 18ពួកគេ​មក​ដើម្បី​ស្ដាប់​ព្រះអង្គ និង​ដើម្បី​ទទួល​ការ​ប្រោសឲ្យជា​ពី​រោគា​ផ្សេងៗ​របស់​ពួកគេ​។ អ្នកទាំងនោះ​ដែល​ត្រូវ​វិញ្ញាណអសោច​ធ្វើទុក្ខ ក៏​ត្រូវបាន​ប្រោសឲ្យជា​។ 19ហ្វូងមនុស្ស​ទាំងមូល​ក៏​ព្យាយាម​ពាល់​ព្រះអង្គ ពីព្រោះ​មាន​ព្រះចេស្ដា​ចេញ​ពី​ព្រះអង្គ ហើយ​ប្រោស​គេ​ទាំងអស់គ្នា​ឲ្យជា​។
ព្រះពរ
20ព្រះយេស៊ូវ​ទ្រង់​ងើបព្រះនេត្រ​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ ហើយ​មានបន្ទូលថា​៖
“មានពរ​ហើយ អ្នក​ដែល​ក្រខ្សត់
ដ្បិត​អាណាចក្រ​របស់​ព្រះ​ជា​របស់អ្នករាល់គ្នា​។
21 មានពរ​ហើយ អ្នក​ដែល​ឃ្លាន​នៅឥឡូវនេះ
ដ្បិត​អ្នករាល់គ្នា​នឹង​បាន​ស្កប់ស្កល់​។
មានពរ​ហើយ អ្នក​ដែលយំសោក​នៅឥឡូវនេះ
ដ្បិត​អ្នករាល់គ្នា​នឹង​សើច​វិញ​។
22 អ្នករាល់គ្នា​មានពរ​ហើយ នៅពេល​គេ​ស្អប់​អ្នករាល់គ្នា
និង​នៅពេល​គេ​កាត់កាល់​អ្នករាល់គ្នា ត្មះតិះដៀល
ហើយ​លុប​ឈ្មោះ​របស់អ្នករាល់គ្នា​ចោល​ទុកដូចជា​មនុស្ស​អាក្រក់
ដោយសារតែ​កូនមនុស្ស​។
23 “នៅ​ថ្ងៃ​នោះ ចូរ​អរសប្បាយ ហើយ​លោតកញ្ឆេង​ចុះ ព្រោះថា មើល៍! រង្វាន់​របស់អ្នករាល់គ្នា​ធំ​ណាស់​នៅ​ស្ថានសួគ៌។ ជាការពិត ដូនតា​របស់​គេ​ក៏​បាន​ប្រព្រឹត្ត​ដល់​បណ្ដា​ព្យាការី​យ៉ាងដូច្នោះដែរ។
អន្តរាយ
24 ប៉ុន្តែ​វេទនា​ហើយ អ្នករាល់គ្នា​ដែល​ជា​អ្នកមាន
ដ្បិត​អ្នករាល់គ្នា​បាន​ទទួល​ការសម្រាលទុក្ខ​ហើយ​។
25 វេទនា​ហើយ អ្នករាល់គ្នា​ដែល​ឆ្អែត​នៅឥឡូវនេះ # 6:25 ឯកសារបុរាណខ្លះគ្មាន “នៅឥឡូវនេះ”។
ដ្បិត​អ្នករាល់គ្នា​នឹង​ឃ្លាន​វិញ​។
វេទនា​ហើយ អ្នករាល់គ្នា​ដែល​កំពុង​សើច​នៅឥឡូវនេះ
ដ្បិត​អ្នករាល់គ្នា​នឹង​កាន់ទុក្ខ ហើយ​យំសោក​វិញ​។
26 វេទនា​ហើយ
កាលណា​មនុស្ស​ទាំងអស់​និយាយ​ល្អ​អំពី​អ្នករាល់គ្នា
ដ្បិត​ដូនតា​របស់​គេ​ក៏​បាន​ប្រព្រឹត្ត​ដល់​ពួក​ព្យាការីក្លែងក្លាយ​យ៉ាងដូច្នោះដែរ​។
ស្រឡាញ់ខ្មាំងសត្រូវ
27 “យ៉ាងណាមិញ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ដែល​កំពុង​ស្ដាប់​ថា ចូរ​ស្រឡាញ់​ខ្មាំងសត្រូវ​របស់អ្នករាល់គ្នា ហើយ​ធ្វើ​ល្អ​ដល់​អ្នក​ដែល​ស្អប់​អ្នករាល់គ្នា​; 28ចូរ​ឲ្យពរ​អ្នក​ដែល​ប្រទេចផ្ដាសា​អ្នករាល់គ្នា ហើយ​អធិស្ឋាន​សម្រាប់​អ្នក​ដែល​បៀតបៀន​អ្នករាល់គ្នា​។ 29ចំពោះ​អ្នក​ដែល​ទះកំផ្លៀង​ម្ខាង​របស់​អ្នក ចូរ​ឲ្យ​គេទះ​ម្ខាងទៀត​ដែរ​; ចំពោះ​អ្នក​ដែល​យក​អាវវែង​របស់អ្នក ក៏​កុំ​ឃាត់មិនឲ្យ​គេយក​អាវខាងក្នុង​ឡើយ​។ 30ចូរ​ឲ្យ​ដល់​អស់អ្នក​ដែល​សុំ​អ្នក ហើយ​កុំ​ទារមកវិញ​ពី​អ្នក​ដែល​យក​អ្វី​ដែល​ជា​របស់អ្នក​ឡើយ​។ 31ដូចដែល​អ្នករាល់គ្នា​ចង់ឲ្យ​គេ​ប្រព្រឹត្ត​ដល់​អ្នករាល់គ្នា​យ៉ាងណា ចូរ​ប្រព្រឹត្ត​ដល់​គេ​យ៉ាងនោះដែរ​។ 32ប្រសិនបើ​អ្នករាល់គ្នា​ស្រឡាញ់​អ្នក​ដែល​ស្រឡាញ់​អ្នករាល់គ្នា តើ​មាន​អ្វី​គួរឲ្យសរសើរ​ដល់​អ្នករាល់គ្នា​? តាមពិត សូម្បីតែ​ពួក​មនុស្សបាប​ក៏​ស្រឡាញ់​អ្នក​ដែល​ស្រឡាញ់​ពួកគេ​ដែរ​។ 33ប្រសិនបើ​អ្នករាល់គ្នា​ធ្វើល្អ ចំពោះ​តែ​អ្នក​ដែល​ធ្វើល្អ​ដល់​អ្នករាល់គ្នា តើ​មាន​អ្វី​គួរឲ្យសរសើរ​ដល់​អ្នករាល់គ្នា​? សូម្បីតែ​ពួក​មនុស្សបាប​ក៏​ធ្វើ​ដូច្នោះ​ដែរ​។ 34ប្រសិនបើ​អ្នករាល់គ្នា​ឲ្យ​គេ​ខ្ចី ដោយ​សង្ឃឹម​ថា​នឹង​បាន​ពី​គេ​មកវិញ តើ​មាន​អ្វី​គួរឲ្យសរសើរ​ដល់​អ្នករាល់គ្នា​? សូម្បីតែ​ពួក​មនុស្សបាប​ក៏​ឲ្យ​មនុស្សបាប​ខ្ចី​ដែរ ដើម្បី​ទទួលបាន​គ្រប់ចំនួន​វិញ​។ 35ប៉ុន្តែ​ចូរ​ស្រឡាញ់​ខ្មាំងសត្រូវ​របស់អ្នករាល់គ្នា ចូរ​ធ្វើល្អ​ដល់គេ ហើយ​ចូរ​ឲ្យ​គេ​ខ្ចី ដោយ​មិន​សង្ឃឹមថានឹងបានមកវិញ​ឡើយ​។ នោះ​រង្វាន់​របស់អ្នករាល់គ្នា​នឹង​បានជា​ធំ ហើយ​អ្នករាល់គ្នា​នឹង​ទៅជា​កូន​របស់​ព្រះ​ដ៏ខ្ពស់បំផុត ដ្បិត​ព្រះអង្គ​មាន​ព្រះហឫទ័យសប្បុរស​ចំពោះ​មនុស្ស​អកតញ្ញូ និង​មនុស្ស​អាក្រក់​ដែរ​។ 36ចូរ​មានចិត្តមេត្តាករុណា ដូចដែល​ព្រះ​បិតា​របស់អ្នករាល់គ្នា​មានព្រះហឫទ័យមេត្តាករុណា​ដែរ​។
កុំវិនិច្ឆ័យគេ
37 “កុំ​វិនិច្ឆ័យ​គេ នោះ​អ្នករាល់គ្នា​នឹង​មិន​ត្រូវបាន​វិនិច្ឆ័យ​សោះឡើយ​; កុំ​ផ្ដន្ទាទោស​គេ នោះ​អ្នករាល់គ្នា​នឹង​មិន​ត្រូវបាន​ផ្ដន្ទាទោស​សោះឡើយ​; ចូរ​លើកលែងទោស​ឲ្យ​គេ នោះ​អ្នករាល់គ្នា​ក៏​នឹង​ត្រូវបាន​លើកលែងទោស​ដែរ​។ 38ចូរ​ឲ្យ នោះ​នឹង​ប្រទាន​ឲ្យ​អ្នករាល់គ្នា​ដែរ​។ រង្វាល់​ដ៏គ្រប់បរិបូរ ទាំង​ញាត់ ទាំង​រលាក់ រហូតដល់​ហូរហៀរ នឹង​ត្រូវបាន​ដាក់​លើ​ភ្លៅ​របស់អ្នករាល់គ្នា​។ ដ្បិត​អ្នករាល់គ្នា​នឹង​ត្រូវបាន​វាល់​ឲ្យ តាម​រង្វាល់​ដែល​អ្នករាល់គ្នា​វាល់​ឲ្យគេ”។
39ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​ទៀត​ថា​៖“មនុស្ស​ខ្វាក់ភ្នែក​មិន​អាច​នាំផ្លូវ​មនុស្ស​ខ្វាក់ភ្នែក​បាន​ទេ មែនទេ​? តើ​មិន​ធ្លាក់​ទៅក្នុង​រណ្ដៅ​ទាំងពីរ​នាក់​ទេ​ឬ​? 40សិស្ស​មិន​លើ​គ្រូ​ទេ ប៉ុន្តែអស់អ្នក​ដែល​ទទួល​ការ​ហ្វឹកហាត់ពេញលេញ​ហើយ នោះ​នឹង​បាន​ដូច​គ្រូ​របស់​ខ្លួន​។
41 “ហេតុអ្វីបានជា​អ្នក​មើលឃើញ​កម្ទេច​នៅក្នុង​ភ្នែក​របស់​បងប្អូន​អ្នក ប៉ុន្តែ​មិន​ចាប់អារម្មណ៍​នឹង​ធ្នឹម​នៅក្នុង​ភ្នែក​ខ្លួនឯង​? 42តើ​អ្នក​អាច​និយាយ​ទៅ​បងប្អូន​របស់អ្នក​ថា​: ‘បងប្អូន​អើយ ឲ្យ​ខ្ញុំ​យក​កម្ទេច​នៅក្នុង​ភ្នែក​របស់អ្នក​ចេញ’ យ៉ាងដូចម្ដេច​បាន នៅពេល​ខ្លួនអ្នក​មិន​ឃើញ​ធ្នឹម​នៅក្នុង​ភ្នែក​របស់ខ្លួនឯង​ផង​? មនុស្សមានពុត​អើយ​! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​របស់អ្នក​ជាមុនសិន ទើប​អ្នក​នឹង​មើលឃើញច្បាស់ ដើម្បី​យក​កម្ទេច​នៅក្នុង​ភ្នែក​របស់​បងប្អូន​អ្នក​ចេញ​។
ដើមឈើ និងផលរបស់វា
43 “គ្មាន​ដើមឈើ​ល្អ​ណា​ដែល​បង្កើត​ផល​អាក្រក់​ឡើយ ហើយក៏​គ្មាន​ដើមឈើ​អាក្រក់​ណា​ដែល​បង្កើត​ផល​ល្អ​ដែរ​។ 44ព្រោះថា​ដើមឈើ​នីមួយៗ​នឹង​សម្គាល់​បាន​ដោយ​ផលផ្លែ​របស់វា​។ ដ្បិត​គេ​មិនដែល​ប្រមូល​ផ្លែល្វា​ពី​គុម្ពបន្លា​ទេ ហើយក៏មិនដែល​បេះ​ផ្លែទំពាំងបាយជូរ​ពី​ដើមបន្លា​ដែរ​។ 45មនុស្ស​ល្អ​តែងតែ​បញ្ចេញ​សេចក្ដី​ល្អ​ពី​សម្បត្តិ​ដ៏ល្អ​នៃ​ចិត្ត រីឯ​មនុស្ស​អាក្រក់​ក៏​តែងតែ​បញ្ចេញ​សេចក្ដី​អាក្រក់​ពី​សម្បត្តិ​ដ៏​អាក្រក់​នៃ​ចិត្ត​ដែរ ដ្បិត​មាត់​របស់​មនុស្ស​តែងតែ​និយាយ​ចេញពី​ភាពបរិបូរ​នៃ​ចិត្ត​។
គ្រឹះពីរយ៉ាង
46 “ហេតុអ្វីបានជា​អ្នករាល់គ្នា​ហៅ​ខ្ញុំ​ថា ‘ព្រះអម្ចាស់ ព្រះអម្ចាស់’ ប៉ុន្តែ​មិន​ប្រព្រឹត្តតាម​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ដូច្នេះ​? 47ខ្ញុំ​នឹង​បង្ហាញ​ដល់​អ្នករាល់គ្នា​ថា អស់អ្នក​ដែល​មករក​ខ្ញុំ ហើយ​ឮ​ពាក្យ​របស់ខ្ញុំ រួច​ប្រព្រឹត្តតាម អ្នកនោះ​ប្រៀបដូចជា​មនុស្ស​បែបណា 48គឺ​ប្រៀបដូចជា​អ្នក​សាងសង់​ផ្ទះ​ដែល​ជីក​ដី​យ៉ាងជ្រៅ ហើយ​ចាក់​គ្រឹះ​នៅលើ​ថ្មដា​។ នៅពេល​មាន​ទឹកជំនន់ ហើយ​ចរន្តទឹក​ប៉ះទង្គិច​នឹង​ផ្ទះ​នោះ ក៏​មិន​អាច​ធ្វើឲ្យ​ផ្ទះនោះ​រង្គើ​បាន​ទេ ពីព្រោះ​ត្រូវបាន​សាងសង់​យ៉ាងរឹងមាំ#6:48 យ៉ាង​រឹង​មាំ―ន័យត្រង់គឺ “យ៉ាងត្រឹមត្រូវ”។#6:48 ពីព្រោះត្រូវបានសាងសង់យ៉ាង​រឹង​មាំ​―ឯកសារបុរាណខ្លះថា “ពីព្រោះ​ត្រូវ​បាន​ចាក់គ្រឹះ​នៅ​លើ​ថ្ម”។ 49ផ្ទុយទៅវិញ អ្នក​ដែល​ឮ​ពាក្យរបស់ខ្ញុំ ហើយ​មិន​ប្រព្រឹត្តតាម ប្រៀបដូចជា​អ្នក​សាងសង់​ផ្ទះ​នៅលើ​ដី​ដោយគ្មាន​គ្រឹះ​។ នៅពេល​ចរន្តទឹក​ប៉ះទង្គិច​នឹង​ផ្ទះនោះ វា​ក៏​រលំ​ភ្លាម ហើយ​ការខូចខាត​នៃ​ផ្ទះ​នោះ​ធ្ងន់ធ្ងរ​ណាស់”៕

ទើបបានជ្រើសរើសហើយ៖

លូកា 6: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ