លូកា 10
10
ចាត់សិស្សចិតសិបនាក់
1បន្ទាប់ពីការទាំងនេះ ព្រះអម្ចាស់បានតែងតាំងសិស្សចិតសិបនាក់#10:1 ចិតសិបនាក់―ឯកសារបុរាណខ្លះថា “ចិតសិបពីរនាក់”។ផ្សេងទៀត ហើយចាត់ពួកគេពីរៗនាក់ឲ្យទៅខាងមុខព្រះអង្គ តាមគ្រប់ទីក្រុង និងទីកន្លែងដែលព្រះអង្គរៀបនឹងយាងទៅ។ 2ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“ការងារច្រូតកាត់#10:2 ការងារច្រូតកាត់―ឬ “ចម្រូត”។ច្រើនមែន ប៉ុន្តែមានកម្មករតិចទេ។ ដូច្នេះ ចូរអធិស្ឋានសុំព្រះអម្ចាស់នៃការច្រូតកាត់#10:2 ការច្រូតកាត់―ឬ “ចម្រូត”។ដើម្បីឲ្យព្រះអង្គបញ្ជូនកម្មករមកក្នុងការច្រូតកាត់#10:2 បញ្ជូនកម្មករមកក្នុងការច្រូតកាត់―ឬ “បញ្ជូនកម្មករមកប្រមូលចម្រូត”។របស់ព្រះអង្គ។ 3ចូរទៅចុះ មើល៍! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាកូនចៀមទៅក្នុងកណ្ដាលចំណោមចចក។ 4កុំយកថង់ប្រាក់ ថង់យាម ឬស្បែកជើងទៅជាមួយឡើយ ហើយក៏កុំជម្រាបសួរអ្នកណាម្នាក់នៅតាមផ្លូវដែរ។ 5ផ្ទះណាក៏ដោយដែលអ្នករាល់គ្នាចូលទៅ មុនដំបូងត្រូវនិយាយថា: ‘សូមឲ្យមានសេចក្ដីសុខសាន្តដល់ផ្ទះនេះ’។ 6ប្រសិនបើមានកូននៃសេចក្ដីសុខសាន្តនៅទីនោះ សេចក្ដីសុខសាន្តរបស់អ្នករាល់គ្នានឹងស្ថិតនៅលើអ្នកនោះ បើមិនដូច្នោះទេ សេចក្ដីសុខសាន្តនោះនឹងត្រឡប់មកអ្នករាល់គ្នាវិញ។ 7ចូរស្នាក់នៅក្នុងផ្ទះដដែលនោះ ហើយហូប និងផឹកអ្វីៗពីពួកគេ ពីព្រោះអ្នកធ្វើការសមនឹងទទួលឈ្នួលរបស់ខ្លួន។ កុំផ្លាស់ពីផ្ទះមួយទៅផ្ទះមួយឡើយ។ 8ទីក្រុងណាក៏ដោយដែលអ្នករាល់គ្នាចូលទៅ ហើយគេទទួលអ្នករាល់គ្នា ចូរហូបអ្វីៗដែលគេដាក់ឲ្យអ្នករាល់គ្នាចុះ។ 9ចូរប្រោសអ្នកជំងឺនៅក្នុងទីក្រុងនោះឲ្យជា ហើយប្រាប់ពួកគេថា: ‘អាណាចក្ររបស់ព្រះបានមកជិតអ្នករាល់គ្នាហើយ’។ 10ទីក្រុងណាក៏ដោយដែលអ្នករាល់គ្នាចូលទៅ ហើយគេមិនទទួលអ្នករាល់គ្នាទេ ចូរចេញទៅតាមផ្លូវ#10:10 តាមផ្លូវ―ឬ “កន្លែងសាធារណៈ”។នៅទីក្រុងនោះ ហើយនិយាយថា: 11‘សូម្បីតែធូលីពីទីក្រុងរបស់អ្នករាល់គ្នាដែលជាប់នឹងជើងរបស់#10:11 ឯកសារបុរាណខ្លះគ្មាន “ជើងរបស់”។យើង ក៏យើងជូតចេញទាស់នឹងអ្នករាល់គ្នាដែរ យ៉ាងណាមិញ ចូរដឹងការនេះថា អាណាចក្ររបស់ព្រះមកជិតបង្កើយហើយ#10:11 មកជិតបង្កើយហើយ―ឯកសារបុរាណខ្លះថា “មកជិតអ្នករាល់គ្នាហើយ”។’។ 12ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃនោះ សូដុមនឹងងាយទ្រាំជាងទីក្រុងនោះទៅទៀត!
ទីក្រុងដែលមិនកែប្រែចិត្ត
13 “វេទនាដល់អ្នកហើយ ខូរ៉ាស៊ីនអើយ! វេទនាដល់អ្នកហើយ បេតសៃដាអើយ! ពីព្រោះប្រសិនបើការអស្ចារ្យដែលបានធ្វើក្នុងចំណោមអ្នករាល់គ្នា បានធ្វើនៅទីរ៉ុស និងស៊ីដូនវិញ ម្ល៉េះសមពួកគេបានកែប្រែចិត្តតាំងពីយូរមកហើយ ដោយពាក់ក្រណាត់ធ្មៃ និងអង្គុយក្នុងផេះផង។ 14ប៉ុន្តែនៅគ្រាជំនុំជម្រះ ទីរ៉ុស និងស៊ីដូន នឹងងាយទ្រាំជាងអ្នករាល់គ្នា! 15រីឯអ្នកវិញ កាពើណិមអើយ តើអ្នកនឹងត្រូវបានលើកឡើងទៅស្ថានសួគ៌ឬ? ទេ! អ្នកនឹងធ្លាក់ទៅស្ថានមនុស្សស្លាប់វិញ។
16 “អ្នកដែលស្ដាប់អ្នករាល់គ្នា គឺស្ដាប់ខ្ញុំ; អ្នកដែលបដិសេធអ្នករាល់គ្នា គឺបដិសេធខ្ញុំ; ហើយអ្នកដែលបដិសេធខ្ញុំ គឺបដិសេធព្រះអង្គដែលចាត់ខ្ញុំឲ្យមក”។
សិស្សចិតសិបនាក់ត្រឡប់មកវិញ
17សិស្សចិតសិបនាក់#10:17 ចិតសិបនាក់―ឯកសារបុរាណខ្លះថា “ចិតសិបពីរនាក់”។នោះបានត្រឡប់មកវិញដោយអំណរ ហើយទូលថា៖ “ព្រះអម្ចាស់អើយ ក្នុងព្រះនាមរបស់ព្រះអង្គ សូម្បីតែពួកអារក្សក៏ចុះចូលនឹងយើងខ្ញុំដែរ”។
18ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ខ្ញុំបានឃើញសាតាំងធ្លាក់ពីលើមេឃដូចផ្លេកបន្ទោរ។ 19មើល៍! ខ្ញុំបានឲ្យសិទ្ធិអំណាចដល់អ្នករាល់គ្នាឲ្យដើរជាន់ពស់ និងខ្យាដំរី ក៏ឲ្យសិទ្ធិអំណាចលើអស់ទាំងឥទ្ធិឫទ្ធិរបស់ខ្មាំងសត្រូវដែរ ដូច្នេះគ្មានអ្វីធ្វើទុក្ខអ្នករាល់គ្នាសោះឡើយ។ 20យ៉ាងណាមិញ កុំអរសប្បាយដោយសារពួកវិញ្ញាណអាក្រក់ចុះចូលនឹងអ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ចូរអរសប្បាយដោយសារឈ្មោះរបស់អ្នករាល់គ្នាត្រូវបានកត់ទុកនៅស្ថានសួគ៌រួចហើយ”។
ព្រះបុត្រាសម្ដែងអំពីព្រះបិតា
21ពេលនោះ ព្រះយេស៊ូវទ្រង់ត្រេកអរដោយព្រះវិញ្ញាណដ៏វិសុទ្ធ ក៏មានបន្ទូលថា៖“ព្រះបិតាជាព្រះអម្ចាស់នៃមេឃ និងផែនដីអើយ! ទូលបង្គំសូមសរសើរតម្កើង#10:21 សរសើរតម្កើង―ឬ “អរព្រះគុណ”។ព្រះអង្គ ពីព្រោះព្រះអង្គបានលាក់សេចក្ដីទាំងនេះពីអ្នកមានប្រាជ្ញា និងអ្នកមានចំណេះដឹង គឺព្រះអង្គបានសម្ដែងសេចក្ដីទាំងនេះដល់កូនក្មេងវិញ។ មែនហើយ ព្រះបិតាអើយ! ដ្បិតព្រះអង្គបានសព្វព្រះហឫទ័យយ៉ាងដូច្នេះ”។ 22“ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មានអ្នកណាដឹងថាព្រះបុត្រាជានរណាឡើយ លើកលែងតែព្រះបិតាប៉ុណ្ណោះ ហើយក៏គ្មានអ្នកណាដឹងថាព្រះបិតាជានរណាដែរ លើកលែងតែព្រះបុត្រា និងអ្នកណាក៏ដោយដែលព្រះបុត្រាចង់បើកសម្ដែងដល់ប៉ុណ្ណោះ”។
23បន្ទាប់មក ព្រះយេស៊ូវទ្រង់ងាកទៅពួកសិស្ស ហើយមានបន្ទូលនឹងពួកគេដោយឡែកថា៖“មានពរហើយ ភ្នែកដែលឃើញអ្វីៗដែលអ្នករាល់គ្នាកំពុងតែឃើញ! 24ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្យាការី និងស្ដេចជាច្រើនចង់ឃើញអ្វីដែលអ្នករាល់គ្នាកំពុងតែឃើញ ប៉ុន្តែមិនបានឃើញទេ ពួកគេចង់ឮអ្វីដែលអ្នករាល់គ្នាកំពុងតែឮ ប៉ុន្តែមិនបានឮឡើយ”។
ពាក្យឧបមាអំពីជនជាតិសាម៉ារីចិត្តល្អ
25ពេលនោះ មើល៍! មានអ្នកច្បាប់ម្នាក់ក្រោកឡើងល្បងលព្រះយេស៊ូវ ដោយទូលសួរថា៖ “លោកគ្រូ តើខ្ញុំត្រូវធ្វើអ្វី ដើម្បីទទួលជីវិតអស់កល្បជានិច្ចជាមរតក?”។
26ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“តើក្នុងក្រឹត្យវិន័យមានសរសេរទុកមកដូចម្ដេច? តើអ្នកយល់យ៉ាងដូចម្ដេច?”។
27គាត់ទូលតបថា៖
“អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ព្រះរបស់អ្នក អស់ពីចិត្ត អស់ពីព្រលឹង អស់ពីកម្លាំង និងអស់ពីគំនិតរបស់អ្នក ព្រមទាំងត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចស្រឡាញ់ខ្លួនឯងដែរ”។#10:27 《ទុតិយកថា》 6:5; 《លេវីវិន័យ》 19:18។
28ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“អ្នកឆ្លើយត្រូវហើយ ចូរធ្វើដូច្នោះចុះ នោះអ្នកនឹងមានជីវិត”។
29ប៉ុន្តែគាត់ចង់បង្ហាញថាខ្លួនសុចរិត ក៏ទូលសួរព្រះយេស៊ូវថា៖ “ចុះនរណាជាអ្នកជិតខាងរបស់ខ្ញុំ?”។
30ព្រះយេស៊ូវមានបន្ទូលតបថា៖“មានមនុស្សម្នាក់ចុះពីយេរូសាឡិមទៅយេរីខូរ ក៏ជួបប្រទះនឹងពួកចោរប្លន់។ ពួកគេសម្រាតយកសម្លៀកបំពាក់គាត់ ព្រមទាំងវាយគាត់ រួចចេញបាត់ទៅដោយទុកគាត់ចោលឲ្យស្ទើរតែស្លាប់។ 31ជួនជាមានបូជាចារ្យម្នាក់ចុះមកតាមផ្លូវនោះ នៅពេលឃើញបុរសនោះ គាត់ក៏ចៀសទៅម្ខាងដើរហួសទៅ។ 32ដូចគ្នាដែរ មានពួកលេវីម្នាក់មកដល់កន្លែងកើតហេតុ ហើយឃើញបុរសនោះ គាត់ក៏ចៀសទៅម្ខាងដើរហួសទៅដែរ។ 33ប៉ុន្តែមានជនជាតិសាម៉ារីម្នាក់ធ្វើដំណើរមកដល់ នៅពេលឃើញបុរសនោះ គាត់មានចិត្តអាណិតអាសូរ 34ក៏ចូលមកជិត រុំរបួសឲ្យបុរសនោះ ទាំងចាក់ប្រេងអូលីវ និងស្រាទំពាំងបាយជូរ រួចលើកបុរសនោះដាក់លើសត្វជំនិះរបស់ខ្លួន ដឹកទៅផ្ទះសំណាក់ ហើយមើលថែបុរសនោះ។ 35ស្អែកឡើង#10:35 ឯកសារបុរាណខ្លះបន្ថែម “នៅពេលគាត់ចេញទៅ”។គាត់យកប្រាក់ពីរឌេណារី#10:35 ឌេណារី―លុយកាក់ធ្វើពីប្រាក់របស់រ៉ូម៉ាំង។ 1ឌេណារី=ថ្លៃឈ្នួល1ថ្ងៃ។ឲ្យទៅម្ចាស់ផ្ទះសំណាក់ ហើយនិយាយថា: ‘សូមមើលថែគាត់ផង ហើយអ្វីក៏ដោយដែលលោកចំណាយលើសពីនេះ ខ្ញុំនឹងសងលោក នៅពេលខ្ញុំត្រឡប់មកវិញ’។
36 “ដូច្នេះ តើអ្នកយល់ថា ក្នុងអ្នកទាំងបីនេះ អ្នកណាជាអ្នកជិតខាងរបស់អ្នកដែលបានធ្លាក់ក្នុងកណ្ដាប់ដៃពួកចោរប្លន់នោះ?”។
37អ្នកច្បាប់នោះទូលថា៖ “គឺអ្នកដែលសម្ដែងសេចក្ដីមេត្តាដល់គាត់”។
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ចូរអ្នកទៅ ហើយប្រព្រឹត្តដូចគ្នាដែរចុះ”។
ម៉ាថា និងម៉ារា
38នៅពេលធ្វើដំណើរទៅ ព្រះយេស៊ូវយាងចូលទៅក្នុងភូមិមួយ។ មានស្ត្រីម្នាក់ឈ្មោះម៉ាថាបានទទួលព្រះអង្គ។ 39ម៉ាថាមានប្អូនស្រី#10:39 ប្អូនស្រី―ន័យត្រង់គឺ “បងប្អូនស្រី”។ម្នាក់ឈ្មោះម៉ារា នាងអង្គុយទៀបព្រះបាទាព្រះអម្ចាស់#10:39 ព្រះអម្ចាស់―ឯកសារបុរាណខ្លះថា “ព្រះយេស៊ូវ”។ ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ 40រីឯម៉ាថាកំពុងរវល់នឹងការបម្រើជាច្រើន ដូច្នេះនាងក៏ចូលមកទូលថា៖ “ព្រះអម្ចាស់អើយ តើព្រះអង្គមិនខ្វល់ទេឬ ដែលប្អូនស្រីរបស់ខ្ញុំម្ចាស់ទុកឲ្យខ្ញុំម្ចាស់បម្រើតែម្នាក់ឯង? សូមប្រាប់នាងឲ្យជួយខ្ញុំម្ចាស់ផង”។
41ប៉ុន្តែព្រះអម្ចាស់#10:41 ព្រះអម្ចាស់―ឯកសារបុរាណខ្លះថា “ព្រះយេស៊ូវ”។មានបន្ទូលតបនឹងនាងថា៖“ម៉ាថា ម៉ាថាអើយ នាងកំពុងបារម្ភ ហើយខ្វល់ខ្វាយអំពីកិច្ចការជាច្រើន 42ប៉ុន្តែមានការមួយប៉ុណ្ណោះដែលចាំបាច់។ ម៉ារាបានជ្រើសរើសយកចំណែកដ៏ល្អនោះ ហើយការនោះនឹងមិនត្រូវយកចេញពីនាងឡើយ”៕
ទើបបានជ្រើសរើសហើយ៖
លូកា 10: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative