យ៉ូហាន 7
7
ប្អូនៗរបស់ព្រះយេស៊ូវមិនជឿ
1បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវយាងចុះឡើងតែនៅកាលីឡេ គឺព្រះអង្គមិនចង់យាងចុះឡើងនៅយូឌាទេ ពីព្រោះពួកយូដារកធ្វើគុតព្រះអង្គ។ 2ពេលនោះ ពិធីបុណ្យមួយរបស់ជនជាតិយូដា គឺបុណ្យបោះជំរំជិតមកដល់ហើយ។ 3ដូច្នេះ ប្អូនៗរបស់ព្រះយេស៊ូវក៏និយាយនឹងព្រះអង្គថា៖ “ចូរចេញពីទីនេះទៅយូឌាទៅ ដើម្បីឲ្យពួកសិស្សរបស់បងបានឃើញកិច្ចការដែលបងកំពុងធ្វើ។ 4ព្រោះថាគ្មានអ្នកណាធ្វើអ្វីមួយដោយសម្ងាត់ឡើយ នៅពេលដែលចង់ឲ្យគេស្គាល់ខ្លួនជាសាធារណៈ។ បើសិនបងធ្វើការទាំងនេះ ចូរសម្ដែងខ្លួនដល់មនុស្សលោកចុះ”។ 5តាមពិត សូម្បីតែប្អូនៗរបស់ព្រះអង្គក៏មិនជឿលើព្រះអង្គដែរ។
6ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ពេលវេលារបស់ខ្ញុំមិនទាន់មកដល់នៅឡើយទេ ប៉ុន្តែពេលវេលារបស់អ្នករាល់គ្នាមានជានិច្ចហើយ។ 7ពិភពលោកមិនអាចស្អប់អ្នករាល់គ្នាបានឡើយ ប៉ុន្តែគេស្អប់ខ្ញុំ ពីព្រោះខ្ញុំធ្វើបន្ទាល់អំពីពិភពលោកថា ការប្រព្រឹត្តរបស់គេគឺអាក្រក់។ 8អ្នករាល់គ្នាឡើងទៅពិធីបុណ្យនេះចុះ ខ្ញុំមិនទាន់ឡើងទៅពិធីបុណ្យនេះទេ ពីព្រោះពេលវេលារបស់ខ្ញុំមិនទាន់គ្រប់កំណត់នៅឡើយ”។ 9ពេលព្រះអង្គមានបន្ទូលសេចក្ដីទាំងនេះហើយ ក៏គង់នៅកាលីឡេ។
ព្រះយេស៊ូវនៅបុណ្យបោះជំរំ
10ប៉ុន្តែនៅពេលប្អូនៗរបស់ព្រះអង្គឡើងទៅពិធីបុណ្យនោះហើយ ព្រះអង្គក៏យាងឡើងទៅដែរ មិនមែនដោយបើកចំហទេ គឺដូចជាទៅដោយសម្ងាត់វិញ។ 11ពួកយូដាកំពុងរកព្រះអង្គនៅក្នុងពិធីបុណ្យនោះ ដោយសួរថា៖ “តើអ្នកនោះនៅឯណា?”។ 12មានការខ្សឹបខ្សៀវជាច្រើនអំពីព្រះអង្គនៅក្នុងចំណោមហ្វូងមនុស្ស; អ្នកខ្លះនិយាយថា៖ “គាត់ជាមនុស្សល្អ” អ្នកខ្លះទៀតថា៖ “ទេ គាត់កំពុងបោកបញ្ឆោតប្រជាជន”។ 13ប៉ុន្តែគ្មានអ្នកណានិយាយអំពីព្រះអង្គដោយបើកចំហឡើយ ព្រោះតែការភិតភ័យចំពោះពួកយូដា។
14នៅពាក់កណ្ដាលពិធីបុណ្យ ព្រះយេស៊ូវយាងឡើងទៅព្រះវិហារ ហើយចាប់ផ្ដើមបង្រៀន។ 15ដូច្នេះ ពួកយូដាក៏ភ្ញាក់ផ្អើល ទាំងពោលថា៖ “អ្នកនេះមិនដែលរៀនសោះ តើចេះគម្ពីរយ៉ាងដូចម្ដេច?”។
16ព្រះយេស៊ូវមានបន្ទូលឆ្លើយនឹងពួកគេថា៖“សេចក្ដីបង្រៀនរបស់ខ្ញុំមិនមែនជារបស់ខ្ញុំទេ ប៉ុន្តែជារបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក។ 17ប្រសិនបើអ្នកណាចង់ប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ អ្នកនោះនឹងដឹងអំពីសេចក្ដីបង្រៀននេះថាតើមកពីព្រះ ឬក៏ខ្ញុំនិយាយចេញពីខ្លួនខ្ញុំ។ 18អ្នកដែលនិយាយចេញពីខ្លួនឯង ស្វែងរកសិរីរុងរឿងសម្រាប់ខ្លួនឯង រីឯអ្នកដែលស្វែងរកសិរីរុងរឿងរបស់ព្រះអង្គដែលចាត់ខ្លួនឲ្យមក អ្នកនោះគឺពិតត្រង់ ហើយគ្មានសេចក្ដីទុច្ចរិតនៅក្នុងអ្នកនោះឡើយ។ 19តើម៉ូសេមិនបានប្រគល់ក្រឹត្យវិន័យនេះដល់អ្នករាល់គ្នាទេឬ? ប៉ុន្តែក្នុងអ្នករាល់គ្នា គ្មានអ្នកណាប្រព្រឹត្តតាមក្រឹត្យវិន័យនោះឡើយ។ ហេតុអ្វីបានជាអ្នករាល់គ្នាចង់សម្លាប់ខ្ញុំ?”។
20ហ្វូងមនុស្សឆ្លើយថា៖ “អ្នកមានអារក្សចូលហើយ! តើនរណាចង់សម្លាប់អ្នក?”។
21ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ខ្ញុំបានធ្វើកិច្ចការមួយ ហើយអ្នកទាំងអស់គ្នាក៏ភ្ញាក់ផ្អើល។ 22ម៉ូសេបានប្រគល់ពិធីកាត់ស្បែកដល់អ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏ធ្វើពិធីកាត់ស្បែកឲ្យមនុស្សនៅថ្ងៃសប្ប័ទ (តាមពិត មិនមែនមកពីម៉ូសេទេ គឺមកពីដូនតាវិញ)។ 23ប្រសិនបើមនុស្សទទួលពិធីកាត់ស្បែកនៅថ្ងៃសប្ប័ទ ដើម្បីកុំឲ្យល្មើសក្រឹត្យវិន័យរបស់ម៉ូសេ តើអ្នករាល់គ្នាខឹងនឹងខ្ញុំ ដោយសារខ្ញុំបានធ្វើឲ្យមនុស្សម្នាក់ជាទាំងស្រុងនៅថ្ងៃសប្ប័ទឬ? 24កុំវិនិច្ឆ័យតាមបែបខាងក្រៅឡើយ ប៉ុន្តែចូរវិនិច្ឆ័យតាមការកាត់ទោសដ៏សុចរិតយុត្តិធម៌វិញ”។
អ្នកណាជាព្រះគ្រីស្ទ
25មានអ្នកយេរូសាឡិមខ្លះនិយាយថា៖ “តើមិនមែនជាអ្នកនេះទេឬ ដែលគេចង់សម្លាប់? 26មើល៍! គាត់កំពុងនិយាយដោយបើកចំហ ហើយគេមិនថាអ្វីឲ្យគាត់សោះ។ ប្រហែលពួកមេគ្រប់គ្រងបានដឹងពិតប្រាកដថា អ្នកនេះជា#7:26 ជា―ឯកសារបុរាណខ្លះថា “ពិតជា”។ព្រះគ្រីស្ទទេដឹង? 27យើងដឹងហើយថា អ្នកនេះមកពីណា ប៉ុន្តែនៅពេលព្រះគ្រីស្ទយាងមក គ្មានអ្នកណាដឹងថាព្រះអង្គមកពីណាឡើយ”។
28ដូច្នេះ ពេលព្រះយេស៊ូវកំពុងបង្រៀននៅក្នុងព្រះវិហារ ព្រះអង្គទ្រង់ស្រែកឡើងថា៖“អ្នករាល់គ្នាស្គាល់ខ្ញុំ ហើយក៏ដឹងថាខ្ញុំមកពីណាដែរ។ តាមពិត ខ្ញុំមិនបានមកដោយខ្លួនខ្ញុំទេ ប៉ុន្តែព្រះអង្គដែលចាត់ខ្ញុំឲ្យមក គឺពិតត្រង់ ហើយអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ។ 29ខ្ញុំស្គាល់ព្រះអង្គ ពីព្រោះខ្ញុំមកពីព្រះអង្គ ហើយព្រះអង្គបានចាត់ខ្ញុំឲ្យមក”។
30ពេលនោះ ពួកគេចង់ចាប់ព្រះអង្គ ប៉ុន្តែគ្មានអ្នកណាលូកដៃចាប់ព្រះអង្គទេ ពីព្រោះពេលវេលារបស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។ 31ទោះបីជាយ៉ាងណាក៏ដោយ ក៏មានច្រើននាក់ក្នុងហ្វូងមនុស្សបានជឿលើព្រះអង្គ ហើយពួកគេនិយាយថា៖ “នៅពេលព្រះគ្រីស្ទយាងមក ព្រះអង្គនឹងមិនធ្វើទីសម្គាល់ច្រើនជាងអ្វីៗដែលលោកនេះបានធ្វើទេ មែនទេ?”។
32ពួកផារិស៊ីឮហ្វូងមនុស្សកំពុងខ្សឹបខ្សៀវរឿងទាំងនេះអំពីព្រះអង្គ។ ដូច្នេះ ពួកនាយកបូជាចារ្យ និងពួកផារិស៊ីក៏ចាត់តម្រួតឲ្យទៅចាប់ព្រះអង្គ។
33ព្រះយេស៊ូវមានបន្ទូលថា៖“ខ្ញុំនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតទេ ហើយខ្ញុំនឹងទៅឯព្រះអង្គដែលចាត់ខ្ញុំឲ្យមក។ 34អ្នករាល់គ្នានឹងរកខ្ញុំ ប៉ុន្តែរកមិនឃើញទេ ហើយអ្នករាល់គ្នាមិនអាចទៅកន្លែងដែលខ្ញុំនៅបានឡើយ”។
35ពួកយូដាក៏និយាយគ្នាថា៖ “តើអ្នកនេះរៀបនឹងទៅឯណា បានជាយើងនឹងរកគាត់មិនឃើញ? គាត់មិនមែនរៀបនឹងទៅរកពួកខ្ចាត់ខ្ចាយក្នុងជនជាតិក្រិក ហើយបង្រៀនជនជាតិក្រិកទេ មែនទេ? 36ពាក្យដែលគាត់និយាយថា:‘អ្នករាល់គ្នានឹងរកខ្ញុំ ប៉ុន្តែរកមិនឃើញទេ ហើយអ្នករាល់គ្នាមិនអាចទៅកន្លែងដែលខ្ញុំនៅបានឡើយ’ តើមានន័យដូចម្ដេច?”។
សេចក្ដីសន្យាអំពីព្រះវិញ្ញាណ
37នៅថ្ងៃចុងបញ្ចប់នៃពិធីបុណ្យ ជាថ្ងៃដ៏សំខាន់ ព្រះយេស៊ូវទ្រង់ក្រោកឈរ ហើយស្រែកឡើងថា៖“ប្រសិនបើអ្នកណាស្រេក ចូរមករកខ្ញុំ#7:37 ឯកសារបុរាណខ្លះគ្មាន “រកខ្ញុំ”។ហើយផឹកចុះ។ 38អ្នកដែលជឿលើខ្ញុំ ជ្រោះនៃទឹករស់នឹងហូរចេញពីជម្រៅចិត្តរបស់អ្នកនោះ ដូចដែលបទគម្ពីរបានចែងទុក”។ 39ព្រះអង្គមានបន្ទូលសេចក្ដីនេះ អំពីព្រះវិញ្ញាណដែលអ្នកជឿលើព្រះអង្គរៀបនឹងទទួល។ ពេលនោះ ព្រះវិញ្ញាណមិនទាន់យាងមកទេ ពីព្រោះព្រះយេស៊ូវមិនទាន់ទទួលការលើកតម្កើងសិរីរុងរឿងនៅឡើយ។
ហ្វូងមនុស្សបាក់បែកគ្នាដោយសារតែព្រះយេស៊ូវ
40អ្នកខ្លះ#7:40 អ្នកខ្លះ―ឯកសារបុរាណខ្លះថា “មនុស្សជាច្រើន”។ក្នុងហ្វូងមនុស្សឮពាក្យទាំងនេះ ក៏និយាយថា៖ “អ្នកនេះពិតជាព្យាការីនោះហើយ!”។ 41អ្នកខ្លះទៀតថា៖ “អ្នកនេះជាព្រះគ្រីស្ទ”។ ប៉ុន្តែមានអ្នកផ្សេងទៀតថា៖ “ព្រះគ្រីស្ទមិនមែនយាងមកពីកាលីឡេទេ មែនទេ? 42តើបទគម្ពីរមិនបានចែងថា ព្រះគ្រីស្ទមកពីពូជពង្សរបស់ដាវីឌ និងពីបេថ្លេហិមជាភូមិដែលដាវីឌបានរស់នៅទេឬ?”។ 43ដូច្នេះ មានការបាក់បែកគ្នាកើតឡើងក្នុងចំណោមហ្វូងមនុស្ស ដោយសារតែព្រះអង្គ។ 44មានអ្នកខ្លះក្នុងពួកគេចង់ចាប់ព្រះអង្គ ប៉ុន្តែគ្មានអ្នកណាលូកដៃចាប់ព្រះអង្គឡើយ។
ការដេញដោលគ្នាអំពីព្រះយេស៊ូវ
45ពួកតម្រួតមករកពួកនាយកបូជាចារ្យ និងពួកផារិស៊ីវិញ។ អ្នកទាំងនោះក៏សួរពួកតម្រួតថា៖ “ហេតុអ្វីបានជាមិននាំអ្នកនោះមក?”។
46ពួកតម្រួតនោះឆ្លើយថា៖ “មិនដែលមានអ្នកណានិយាយយ៉ាងនោះដូចគាត់#7:46 ឯកសារបុរាណខ្លះគ្មាន “ដូចគាត់”។ឡើយ!”។
47ពួកផារិស៊ីក៏តបនឹងពួកគេថា៖ “មិនមែនអ្នករាល់គ្នាក៏ចាញ់បោកអ្នកនោះដែរ មែនទេ? 48ក្នុងពួកមេគ្រប់គ្រង ឬពួកផារិស៊ី គ្មានអ្នកណាជឿលើអ្នកនោះទេ មែនទេ? 49ប៉ុន្តែប្រជាជននេះដែលមិនស្គាល់ក្រឹត្យវិន័យ ត្រូវបណ្ដាសាហើយ!”។
50នីកូដេមជាអ្នកដែលធ្លាប់មករកព្រះយេស៊ូវពីមុន#7:50 ពីមុន―ឯកសារបុរាណខ្លះថា “នៅពេលយប់”។ និងជាម្នាក់ក្នុងពួកគេ និយាយថា៖ 51“ក្រឹត្យវិន័យរបស់យើងមិនកាត់ទោសមនុស្សឡើយ លុះត្រាតែបានឮពីអ្នកនោះជាមុនសិន ហើយដឹងថាអ្នកនោះប្រព្រឹត្តអ្វី មែនទេ?”។
52ពួកគេតបនឹងគាត់ថា៖ “មិនមែនលោកក៏មកពីកាលីឡេដែរ មែនទេ? ចូរស្រាវជ្រាវមើល៍ នោះលោកនឹងដឹងថា ព្យាការីមិនចេញមកពីកាលីឡេឡើយ!”។
53បន្ទាប់មក ម្នាក់ៗក៏ទៅផ្ទះរបស់ខ្លួនវិញ។
ទើបបានជ្រើសរើសហើយ៖
យ៉ូហាន 7: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative