យ៉ូហាន 8
8
1រីឯព្រះយេស៊ូវយាងទៅភ្នំដើមអូលីវ។
ស្ត្រីផិតក្បត់ត្រូវបានលើកលែងទោស
2ព្រលឹមឡើង ព្រះយេស៊ូវយាងមកដល់ព្រះវិហារម្ដងទៀត ប្រជាជនទាំងមូលក៏មករកព្រះអង្គ ដូច្នេះព្រះអង្គគង់ចុះ ហើយចាប់ផ្ដើមបង្រៀនពួកគេ។
3ពេលនោះ ពួកគ្រូវិន័យ និងពួកផារិស៊ីនាំស្ត្រីម្នាក់ដែលគេចាប់បានក្នុងការផិតក្បត់មក ហើយឲ្យនាងឈរនៅកណ្ដាលចំណោម 4រួចទូលព្រះអង្គថា៖ “លោកគ្រូ ស្ត្រីនេះគេចាប់បាន នៅពេលកំពុងប្រព្រឹត្តអំពើផិតក្បត់។ 5តាមក្រឹត្យវិន័យ ម៉ូសេបានបង្គាប់យើងឲ្យគប់ដុំថ្មសម្លាប់ស្ត្រីបែបនេះ។ ដូច្នេះ តើលោកថាដូចម្ដេច?”។ 6ពួកគេនិយាយល្បងលព្រះអង្គដូច្នេះ ដើម្បីឲ្យបានរឿង#8:6 រឿង―ជាពាក្យជំនួយ។ចោទប្រកាន់ព្រះអង្គ។
ប៉ុន្តែព្រះយេស៊ូវវិញ ព្រះអង្គឱនចុះ ហើយចាប់ផ្ដើមសរសេរនៅលើដីដោយព្រះអង្គុលី#8:6 ព្រះអង្គុលី―ពាក្យរាជសព្ទមានន័យថា “ម្រាមដៃ”។។ 7នៅពេលពួកគេបន្តសួរព្រះអង្គ នោះព្រះអង្គក៏ងើបឡើង ហើយមានបន្ទូលនឹងពួកគេថា៖“ចូរឲ្យអ្នកដែលគ្មានបាបក្នុងចំណោមអ្នករាល់គ្នា គប់នាងនឹងដុំថ្មមុនគេចុះ!”។
8រួចព្រះអង្គទ្រង់ឱនម្ដងទៀត ហើយសរសេរនៅលើដី។ 9ពួកគេឮដូច្នេះ#8:9 ឯកសារបុរាណខ្លះបន្ថែម “សតិសម្បជញ្ញៈបានចោទប្រកាន់ខ្លួនគេ”។ ក៏ចេញទៅម្នាក់ម្ដងៗចាប់ពីមនុស្សចាស់ជាងគេ#8:9 ឯកសារបុរាណខ្លះបន្ថែម “រហូតដល់អ្នកក្រោយបង្អស់”។ ហើយសល់តែព្រះអង្គ និងស្ត្រីដែលនៅកណ្ដាលនោះប៉ុណ្ណោះ។ 10ព្រះយេស៊ូវទ្រង់ងើបឡើង ហើយ#8:10 ឯកសារបុរាណខ្លះបន្ថែម “ឃើញតែស្ត្រីនោះ”។មានបន្ទូលនឹងនាងថា៖“ស្ត្រីអើយ តើពួកគេ#8:10 ពួកគេ―ឯកសារបុរាណខ្លះថា “ពួកដែលចោទប្រកាន់នាង”។នៅឯណា? គ្មានអ្នកណាផ្ដន្ទាទោសនាងទេឬ?”។
11នាងទូលថា៖ “គ្មានទេ ព្រះអម្ចាស់”។
ព្រះយេស៊ូវមានបន្ទូលថា៖“ខ្ញុំក៏មិនផ្ដន្ទាទោសនាងដែរ។ ចូរទៅចុះ ចាប់ពីឥឡូវនេះទៅ កុំប្រព្រឹត្តបាបទៀតឡើយ”។#8:11 ឯកសារបុរាណខ្លះគ្មាន 7:53-8:11។
ពន្លឺរបស់ពិភពលោក
12ព្រះយេស៊ូវមានបន្ទូលនឹងហ្វូងមនុស្សសាជាថ្មីថា៖“គឺខ្ញុំជាពន្លឺនៃពិភពលោក។ អ្នកដែលមកតាមខ្ញុំ មិនដើរក្នុងសេចក្ដីងងឹតសោះឡើយ ប៉ុន្តែនឹងមានពន្លឺនៃជីវិតវិញ”។
13ពួកផារិស៊ីនិយាយថា៖ “អ្នកកំពុងធ្វើបន្ទាល់អំពីខ្លួនអ្នក ពាក្យបន្ទាល់របស់អ្នកមិនពិតទេ”។
14ព្រះយេស៊ូវមានបន្ទូលតបថា៖“ទោះបីជាខ្ញុំធ្វើបន្ទាល់អំពីខ្លួនខ្ញុំក៏ដោយ ក៏ពាក្យបន្ទាល់របស់ខ្ញុំគឺពិត ពីព្រោះខ្ញុំដឹងថា ខ្ញុំមកពីទីណា ហើយទៅទីណា រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមិនដឹងថា ខ្ញុំមកពីទីណា ឬទៅទីណាទេ។ 15អ្នករាល់គ្នាវិនិច្ឆ័យតាមសាច់ឈាម រីឯខ្ញុំវិញ ខ្ញុំមិនវិនិច្ឆ័យអ្នកណាឡើយ។ 16ប៉ុន្តែទោះបើខ្ញុំវិនិច្ឆ័យក៏ដោយ ក៏ការវិនិច្ឆ័យរបស់ខ្ញុំគឺពិត ពីព្រោះខ្ញុំមិនមែននៅតែម្នាក់ឯងទេ គឺមានខ្ញុំ និងព្រះបិតាដែលចាត់ខ្ញុំឲ្យមក។ 17សូម្បីតែនៅក្នុងក្រឹត្យវិន័យរបស់អ្នករាល់គ្នា ក៏មានសរសេរទុកមកថា ពាក្យបន្ទាល់របស់មនុស្សពីរនាក់គឺពិតហើយ។ 18គឺខ្ញុំជាអ្នកដែលធ្វើបន្ទាល់អំពីខ្លួនខ្ញុំ ហើយព្រះបិតាដែលចាត់ខ្ញុំឲ្យមកក៏ធ្វើបន្ទាល់អំពីខ្ញុំដែរ”។
19ពួកគេសួរព្រះអង្គថា៖ “តើបិតារបស់អ្នកនៅឯណា?”។
ព្រះយេស៊ូវទ្រង់តបថា៖“អ្នករាល់គ្នាមិនស្គាល់ខ្ញុំទេ ហើយក៏មិនស្គាល់ព្រះបិតារបស់ខ្ញុំដែរ។ ប្រសិនបើអ្នករាល់គ្នាបានស្គាល់ខ្ញុំ ម្ល៉េះសមអ្នករាល់គ្នាក៏បានស្គាល់ព្រះបិតារបស់ខ្ញុំដែរ”។ 20ព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះនៅទីដាក់តង្វាយ ពេលព្រះអង្គកំពុងបង្រៀននៅក្នុងព្រះវិហារ ប៉ុន្តែគ្មានអ្នកណាចាប់ព្រះអង្គទេ ពីព្រោះពេលវេលារបស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។
ប្រាប់ជាមុនអំពីការចាកចេញរបស់ព្រះអង្គ
21បន្ទាប់មក ព្រះអង្គមានបន្ទូលនឹងពួកគេទៀតថា៖“ខ្ញុំនឹងចាកចេញទៅ ហើយអ្នករាល់គ្នានឹងរកខ្ញុំ ប៉ុន្តែអ្នករាល់គ្នានឹងស្លាប់ក្នុងបាបរបស់ខ្លួន។ អ្នករាល់គ្នាមិនអាចទៅកន្លែងដែលខ្ញុំទៅបានឡើយ”។
22ពួកយូដាក៏និយាយថា៖ “គាត់នឹងសម្លាប់ខ្លួនទេដឹង? ពីព្រោះគាត់ថា:‘អ្នករាល់គ្នាមិនអាចទៅកន្លែងដែលខ្ញុំទៅបានឡើយ’”។
23ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“អ្នករាល់គ្នាមកពីខាងក្រោម រីឯខ្ញុំវិញ ខ្ញុំមកពីខាងលើ។ អ្នករាល់គ្នាជារបស់ពិភពលោកនេះ រីឯខ្ញុំវិញ ខ្ញុំមិនមែនជារបស់ពិភពលោកនេះទេ។ 24ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាហើយថា: ‘អ្នករាល់គ្នានឹងស្លាប់ក្នុងបាបរបស់ខ្លួន’។ ជាការពិត ប្រសិនបើអ្នករាល់គ្នាមិនជឿថា គឺខ្ញុំហ្នឹងហើយជាព្រះអង្គនោះទេ អ្នករាល់គ្នានឹងស្លាប់ក្នុងបាបរបស់ខ្លួន ”។
25ពួកគេក៏សួរថា៖ “តើអ្នកជានរណា?”។
ព្រះយេស៊ូវមានបន្ទូលថា៖“គឺអ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នាតាំងពីដំបូងមកម្ល៉េះ។ 26ទាក់ទងនឹងអ្នករាល់គ្នា ខ្ញុំមានសេចក្ដីជាច្រើនដែលត្រូវនិយាយ និងត្រូវវិនិច្ឆ័យ ប៉ុន្តែព្រះអង្គដែលចាត់ខ្ញុំឲ្យមកគឺពិតត្រង់ ហើយអ្វីៗដែលខ្ញុំឮពីព្រះអង្គ ខ្ញុំក៏ប្រាប់សេចក្ដីទាំងនោះដល់មនុស្សលោក”។
27ពួកគេមិនយល់ថា ព្រះអង្គមានបន្ទូលនឹងពួកគេអំពីព្រះបិតាទេ។ 28ដូច្នេះ ព្រះយេស៊ូវក៏មានបន្ទូលថា៖“ពេលអ្នករាល់គ្នាលើកកូនមនុស្សឡើង នោះអ្នករាល់គ្នានឹងយល់ថា គឺខ្ញុំហ្នឹងហើយជាព្រះអង្គនោះ ហើយខ្ញុំមិនធ្វើអ្វីមួយដោយខ្លួនខ្ញុំឡើយ ប៉ុន្តែខ្ញុំប្រាប់សេចក្ដីទាំងនេះ តាមដែលព្រះបិតាបានបង្រៀនខ្ញុំ។ 29ព្រះអង្គដែលចាត់ខ្ញុំឲ្យមក គង់នៅជាមួយខ្ញុំ ព្រះអង្គ#8:29 ព្រះអង្គ―ឯកសារបុរាណខ្លះថា “ព្រះបិតា”។មិនទុកខ្ញុំចោលតែម្នាក់ឯងឡើយ ពីព្រោះខ្ញុំធ្វើអ្វីដែលគាប់ព្រះហឫទ័យព្រះអង្គជានិច្ច”។
សេចក្ដីពិត និងសេរីភាព
30នៅពេលព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះ មានមនុស្សជាច្រើនបានជឿលើព្រះអង្គ។ 31បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលនឹងពួកយូដាដែលជឿលើព្រះអង្គថា៖“ប្រសិនបើអ្នករាល់គ្នាស្ថិតនៅក្នុងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាសិស្សរបស់ខ្ញុំ។ 32អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព”។
33ពួកគេទូលតបថា៖ “យើងខ្ញុំជាពូជពង្សរបស់អ័ប្រាហាំ ហើយមិនដែលធ្វើជាទាសកររបស់អ្នកណាទេ ម្ដេចក៏លោកនិយាយថា: ‘អ្នករាល់គ្នានឹងមានសេរីភាព’ ដូច្នេះ?”។
34ព្រះយេស៊ូវទ្រង់តបថា៖“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលប្រព្រឹត្តបាប ជាទាសកររបស់បាប។ 35ទាសករមិនរស់នៅក្នុងផ្ទះជារៀងរហូតទេ គឺកូនវិញ ដែលរស់នៅជារៀងរហូត។ 36ដូច្នេះ ប្រសិនបើព្រះបុត្រាបានរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព អ្នករាល់គ្នាប្រាកដជានឹងមានសេរីភាព។ 37ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាពូជពង្សរបស់អ័ប្រាហាំ។ ប៉ុន្តែអ្នករាល់គ្នាចង់សម្លាប់ខ្ញុំ ពីព្រោះក្នុងអ្នករាល់គ្នា គ្មានកន្លែងសម្រាប់ពាក្យរបស់ខ្ញុំឡើយ។ 38ខ្ញុំនិយាយអ្វីៗដែលខ្ញុំបានឃើញនៅឯព្រះបិតារបស់ខ្ញុំ#8:38 ឯកសារបុរាណខ្លះគ្មាន “របស់ខ្ញុំ”។រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាធ្វើអ្វីៗដែលអ្នករាល់គ្នាបានឮ#8:38 ឮ―ឯកសារបុរាណខ្លះថា “ឃើញ”។ពីឪពុករបស់អ្នករាល់គ្នា#8:38 ឯកសារបុរាណខ្លះគ្មាន “របស់អ្នករាល់គ្នា”។”។
39ពួកគេទូលតបថា៖ “ឪពុករបស់យើងខ្ញុំគឺអ័ប្រាហាំ!”។
ព្រះយេស៊ូវមានបន្ទូលថា៖“ប្រសិនបើអ្នករាល់គ្នាជាកូនចៅរបស់អ័ប្រាហាំមែន អ្នករាល់គ្នាមុខជាធ្វើកិច្ចការដែលអ័ប្រាហាំបានធ្វើនោះមិនខាន។ 40ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាចង់សម្លាប់ខ្ញុំ ជាអ្នកដែលប្រាប់សេចក្ដីពិតដល់អ្នករាល់គ្នា ជាសេចក្ដីពិតដែលខ្ញុំបានឮពីព្រះ។ អ័ប្រាហាំមិនបានធ្វើដូច្នេះទេ។ 41អ្នករាល់គ្នាកំពុងធ្វើកិច្ចការដែលឪពុករបស់អ្នករាល់គ្នាបានធ្វើ”។
ពួកគេទូលថា៖ “យើងខ្ញុំមិនមែនកើតមកពីអំពើអសីលធម៌ខាងផ្លូវភេទទេ យើងខ្ញុំមានឪពុកម្នាក់ គឺព្រះ”។
42ព្រះយេស៊ូវមានបន្ទូលថា៖“ប្រសិនបើព្រះជាឪពុករបស់អ្នករាល់គ្នាមែន ម្ល៉េះសមអ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ ពីព្រោះខ្ញុំបានចេញពីព្រះ ហើយក៏មកដល់ទីនេះ។ ជាការពិត ខ្ញុំមិនមែនមកដោយខ្លួនខ្ញុំទេ គឺព្រះអង្គនោះបានចាត់ខ្ញុំឲ្យមក។ 43ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់សម្ដីរបស់ខ្ញុំ? គឺដោយព្រោះអ្នករាល់គ្នាមិនអាចស្ដាប់ពាក្យរបស់ខ្ញុំបាន។ 44អ្នករាល់គ្នាមានឪពុកជាមារ ហើយអ្នករាល់គ្នាចង់ប្រព្រឹត្តតាមចំណង់របស់ឪពុកអ្នករាល់គ្នា។ វាជាឃាតករតាំងពីដើមមក ហើយវាមិនឈរនៅក្នុងសេចក្ដីពិតទេ ពីព្រោះសេចក្ដីពិតមិននៅក្នុងវាឡើយ។ នៅពេលវានិយាយកុហក វានិយាយចេញពីចរិតខ្លួនវា ពីព្រោះវាជាអ្នកភូតភរ ហើយជាឪពុកនៃសេចក្ដីភូតភរ។ 45ប៉ុន្តែដោយសារខ្ញុំនិយាយសេចក្ដីពិត អ្នករាល់គ្នាមិនជឿខ្ញុំទេ។ 46តើនរណាក្នុងអ្នករាល់គ្នាអាចថ្កោលទោសខ្ញុំអំពីបាបបាន? ប្រសិនបើខ្ញុំនិយាយសេចក្ដីពិត ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿខ្ញុំ? 47អ្នកដែលជារបស់ព្រះ ស្ដាប់ព្រះបន្ទូលរបស់ព្រះ។ នេះជាហេតុដែលអ្នករាល់គ្នាមិនស្ដាប់ព្រះបន្ទូលរបស់ព្រះ គឺដោយសារអ្នករាល់គ្នាមិនមែនជារបស់ព្រះ”។
ព្រះយេស៊ូវ និងអ័ប្រាហាំ
48ពួកយូដាតបនឹងព្រះអង្គថា៖ “ដែលយើងនិយាយថា អ្នកជាជនជាតិសាម៉ារី ហើយមានអារក្សចូល តើមិនត្រូវទេឬ?”។
49ព្រះយេស៊ូវទ្រង់តបថា៖“ខ្ញុំគ្មានអារក្សចូលទេ។ ខ្ញុំគោរពព្រះបិតារបស់ខ្ញុំ ប៉ុន្តែអ្នករាល់គ្នាបង្អាប់បង្អោនខ្ញុំ។ 50ខ្ញុំមិនស្វែងរកសិរីរុងរឿងសម្រាប់ខ្លួនខ្ញុំទេ គឺមានព្រះអង្គដែលស្វែងរក និងវិនិច្ឆ័យឲ្យ។ 51ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះមិនឃើញសេចក្ដីស្លាប់សោះឡើយ គឺជារៀងរហូត”។
52ពួកយូដានិយាយថា៖ “ឥឡូវនេះយើងដឹងហើយថា អ្នកមានអារក្សចូលមែន។ អ័ប្រាហាំ និងបណ្ដាព្យាការីបានស្លាប់ហើយ ប៉ុន្តែអ្នកថា:‘ប្រសិនបើអ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះមិនភ្លក់សេចក្ដីស្លាប់សោះឡើយ គឺជារៀងរហូត’។ 53អ្នកមិនធំជាងអ័ប្រាហាំដូនតារបស់យើងទេ មែនទេ? អ័ប្រាហាំបានស្លាប់ ហើយបណ្ដាព្យាការីក៏ស្លាប់ដែរ។ តើអ្នកតាំងខ្លួនជានរណា?”។
54ព្រះយេស៊ូវទ្រង់តបថា៖“ប្រសិនបើខ្ញុំលើកតម្កើងសិរីរុងរឿងឲ្យខ្លួនខ្ញុំ សិរីរុងរឿងរបស់ខ្ញុំគ្មានតម្លៃទេ គឺព្រះបិតារបស់ខ្ញុំទេតើ ដែលលើកតម្កើងសិរីរុងរឿងដល់ខ្ញុំ ហើយជាព្រះអង្គដែលអ្នករាល់គ្នាថា: ‘ជាព្រះនៃយើង’។ 55អ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ រីឯខ្ញុំវិញ ខ្ញុំស្គាល់ព្រះអង្គ។ ប្រសិនបើខ្ញុំថាខ្ញុំមិនស្គាល់ព្រះអង្គ ខ្ញុំនឹងក្លាយជាអ្នកភូតភរដូចអ្នករាល់គ្នាដែរ ប៉ុន្តែខ្ញុំស្គាល់ព្រះអង្គ ហើយកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ។ 56អ័ប្រាហាំដូនតារបស់អ្នករាល់គ្នាបានត្រេកអរ ដែលលោកនឹងឃើញថ្ងៃរបស់ខ្ញុំ។ លោកបានឃើញ ហើយក៏អរសប្បាយ”។
57ពួកយូដាតបនឹងព្រះអង្គថា៖ “អ្នកមិនទាន់មានអាយុហាសិបឆ្នាំផង តើអ្នកធ្លាប់ឃើញអ័ប្រាហាំឬ?#8:57 តើអ្នកធ្លាប់ឃើញអ័ប្រាហាំឬ?―ឯកសារបុរាណខ្លះថា “តើអ័ប្រាហាំធ្លាប់ឃើញអ្នកឬ?”។”។
58ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា មុនអ័ប្រាហាំបានកើតមក គឺមានខ្ញុំហើយ”។
59ដូច្នេះ ពួកគេរើសដុំថ្មដើម្បីគប់ព្រះអង្គ ប៉ុន្តែព្រះយេស៊ូវត្រូវបានបំបាំងព្រះកាយ ហើយយាងចេញពីព្រះវិហារ#8:59 ឯកសារបុរាណខ្លះបន្ថែម “ដោយយាងកាត់កណ្ដាលពួកគេ”។បាត់ទៅ៕
ទើបបានជ្រើសរើសហើយ៖
យ៉ូហាន 8: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative