យ៉ូហាន 19
19
ព្រះយេស៊ូវត្រូវគេចំអក និងវាយ
1ពេលនោះ ពីឡាត់យកព្រះយេស៊ូវទៅឲ្យគេវាយនឹងខ្សែតី។ 2ពួកទាហានបានក្រងមែកបន្លាជាមកុដ បំពាក់លើព្រះសិររបស់ព្រះអង្គ ហើយដណ្ដប់អាវវែងពណ៌ស្វាយឲ្យព្រះអង្គ 3រួចក៏មកឯព្រះអង្គជាបន្តបន្ទាប់ ទាំងពោលថា៖ “ជយោ! ស្ដេចនៃជនជាតិយូដា!” ហើយទះកំផ្លៀងព្រះអង្គ។
4ពីឡាត់ចេញទៅខាងក្រៅម្ដងទៀត ហើយមានប្រសាសន៍នឹងពួកគេថា៖ “មើល៍! ខ្ញុំនាំអ្នកនេះចេញមកជួបអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំរកមិនឃើញទោសអ្វីក្នុងគាត់ឡើយ”។
ពីឡាត់កាត់ទោសប្រហារជីវិតព្រះយេស៊ូវ
5ពេលនោះ ព្រះយេស៊ូវយាងចេញមកខាងក្រៅ ទាំងពាក់មកុដបន្លា និងអាវវែងពណ៌ស្វាយ។ ពីឡាត់ក៏មានប្រសាសន៍នឹងពួកគេថា៖ “មើល៍! មនុស្សហ្នឹងហើយ!”។
6នៅពេលឃើញព្រះអង្គ ពួកនាយកបូជាចារ្យ និងពួកតម្រួតក៏ស្រែកឡើងថា៖ “ឆ្កាងទៅ! ឆ្កាងទៅ!”។
ពីឡាត់មានប្រសាសន៍នឹងពួកគេថា៖ “ចូរអ្នករាល់គ្នាយកគាត់ទៅឆ្កាងដោយខ្លួនឯងទៅ ពីព្រោះខ្ញុំរកមិនឃើញទោសក្នុងគាត់ឡើយ”។
7ពួកជនជាតិយូដាតបថា៖ “យើងខ្ញុំមានក្រឹត្យវិន័យ ហើយតាមក្រឹត្យវិន័យនោះ អ្នកនេះគួរតែស្លាប់ ពីព្រោះវាតាំងខ្លួនជាព្រះបុត្រារបស់ព្រះ”។
8នៅពេលពីឡាត់ឮពាក្យនេះ គាត់កាន់តែខ្លាច 9ហើយចូលទៅក្នុងវិមានអភិបាលវិញ សួរព្រះយេស៊ូវថា៖ “តើអ្នកមកពីណា?”។ ប៉ុន្តែព្រះយេស៊ូវមិនផ្ដល់ចម្លើយដល់គាត់ឡើយ។ 10ដូច្នេះ ពីឡាត់ក៏មានប្រសាសន៍ថា៖ “តើអ្នកមិននិយាយនឹងខ្ញុំទេឬ? តើអ្នកមិនដឹងថាខ្ញុំមានសិទ្ធិអំណាចដោះលែងអ្នក និងមានសិទ្ធិអំណាចឆ្កាងអ្នកទេឬ?”។
11ព្រះយេស៊ូវទ្រង់តបថា៖“លោកគ្មានសិទ្ធិអំណាចលើខ្ញុំសោះឡើយ លើកលែងតែបានប្រទានមកលោកពីខាងលើប៉ុណ្ណោះ។ ហេតុនេះហើយបានជាអ្នកដែលប្រគល់ខ្ញុំមកលោក មានបាបធ្ងន់ជាង”។
12តាំងពីពេលនោះមក ពីឡាត់ក៏ព្យាយាមដោះលែងព្រះអង្គ ប៉ុន្តែពួកជនជាតិយូដាស្រែកឡើងថា៖ “ប្រសិនបើលោកដោះលែងអ្នកនេះ លោកមិនមែនជាមិត្តរបស់សេសារទេ។ អស់អ្នកដែលតាំងខ្លួនជាស្ដេចគឺប្រឆាំងនឹងសេសារ!”។
13ពីឡាត់ឮពាក្យទាំងនេះ ក៏នាំព្រះយេស៊ូវចេញមក ហើយអង្គុយលើកៅអីកាត់ក្ដី នៅកន្លែងដែលគេហៅថា “ទីក្រាលថ្ម” ភាសាហេព្រើរ#19:13, 17, 20 ភាសាហេព្រើរ―ឬ “ភាសាអើរ៉ាម”។ហៅថា “កាបាថា”។ 14ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យរំលង ហើយប្រមាណជាម៉ោងដប់ពីរថ្ងៃត្រង់។ ពីឡាត់មានប្រសាសន៍នឹងពួកជនជាតិយូដាថា៖ “មើល៍! ស្ដេចរបស់អ្នករាល់គ្នា!”។
15ពួកគេស្រែកថា៖ “កម្ចាត់ទៅ! កម្ចាត់ទៅ! ឆ្កាងវាទៅ!”។
ពីឡាត់សួរថា៖ “តើឲ្យខ្ញុំឆ្កាងស្ដេចរបស់អ្នករាល់គ្នាឬ?”។
ពួកនាយកបូជាចារ្យតបថា៖ “ក្រៅពីសេសារ យើងគ្មានស្ដេចឡើយ!”។
16ពេលនោះ ពីឡាត់ក៏ប្រគល់ព្រះអង្គទៅពួកគេដើម្បីឲ្យគេឆ្កាងព្រះអង្គ។
ការឆ្កាងព្រះយេស៊ូវ
ដូច្នេះ ពួកគេក៏យកព្រះយេស៊ូវទៅ។ 17ព្រះអង្គយាងចេញទៅទាំងលីឈើឆ្កាងដោយអង្គទ្រង់ ឆ្ពោះទៅកន្លែងមួយដែលគេហៅថា “ទីលលាដ៍ក្បាល” ដែលភាសាហេព្រើរហៅថា “គាល់កូថា”។ 18នៅទីនោះ ពួកគេឆ្កាងព្រះយេស៊ូវជាមួយពីរនាក់ទៀត គឺម្នាក់នៅខាងនេះម្នាក់នៅខាងនោះ ហើយព្រះយេស៊ូវនៅកណ្ដាល។ 19ពីឡាត់ក៏សរសេរផ្លាកសញ្ញាមួយដែរ ហើយបិទនៅលើឈើឆ្កាង។ ផ្លាកនោះមានសរសេរថា
“យេស៊ូវអ្នកណាសារ៉ែត
ស្ដេចនៃជនជាតិយូដា”។
20ជនជាតិយូដាជាច្រើនបានអានផ្លាកសញ្ញានោះ ពីព្រោះកន្លែងដែលព្រះយេស៊ូវត្រូវបានឆ្កាងនោះនៅជិតទីក្រុង។ ផ្លាកនោះមានសរសេរជាភាសាហេព្រើរ ភាសាឡាតាំង និងភាសាក្រិក។ 21ពួកនាយកបូជាចារ្យរបស់ជនជាតិយូដានិយាយនឹងពីឡាត់ថា៖ “សូមកុំសរសេរថា ‘ស្ដេចនៃជនជាតិយូដា’ ប៉ុន្តែសូមសរសេរថា ‘អ្នកនេះនិយាយថា: ខ្ញុំជាស្ដេចនៃជនជាតិយូដា’ វិញ”។
22ពីឡាត់តបថា៖ “អ្វីដែលខ្ញុំបានសរសេរ ខ្ញុំបានសរសេរហើយ”។
23នៅពេលពួកទាហានឆ្កាងព្រះយេស៊ូវហើយ ពួកគេក៏យកព្រះពស្ត្ររបស់ព្រះអង្គមក រួចចែកជាបួនចំណែកឲ្យទាហានម្នាក់ៗមួយចំណែក។ គេយកអាវខាងក្នុងដែរ ប៉ុន្តែអាវខាងក្នុងនោះគ្មានថ្នេរសោះ គឺត្រូវបានត្បាញតាំងពីលើដល់ក្រោម។ 24ពួកគេនិយាយគ្នាទៅវិញទៅមកថា៖ “កុំហែកវាឡើយ ប៉ុន្តែយើងនាំគ្នាចាប់ឆ្នោតវិញ ដើម្បីឲ្យដឹងថាវាទៅជារបស់អ្នកណា”។ នេះគឺដើម្បីឲ្យបទគម្ពីរត្រូវបានបំពេញឲ្យសម្រេច ដែលថា:“ពួកគេបានចែកសម្លៀកបំពាក់របស់ខ្ញុំសម្រាប់ខ្លួនពួកគេ ហើយចាប់ឆ្នោតយកអាវរបស់ខ្ញុំ”។#19:24 《ទំនុកតម្កើង》 22:18។ ពួកទាហានបានធ្វើការទាំងនេះដូច្នេះមែន។
ព្រះយេស៊ូវ និងម្ដាយ
25ម្ដាយរបស់ព្រះយេស៊ូវ ប្អូនស្រីរបស់ម្ដាយព្រះអង្គ ម៉ារាប្រពន្ធរបស់ក្លូប៉ាស និងម៉ារាអ្នកម៉ាក់ដាឡាបានឈរនៅក្បែរឈើឆ្កាងរបស់ព្រះអង្គ។ 26ព្រះយេស៊ូវទតឃើញម្ដាយរបស់ព្រះអង្គ និងសិស្សម្នាក់ដែលព្រះអង្គទ្រង់ស្រឡាញ់កំពុងឈរនៅក្បែរ ក៏មានបន្ទូលនឹងម្ដាយថា៖“ស្ត្រីអើយ មើល៍! កូនរបស់អ្នក”។ 27បន្ទាប់មក ព្រះអង្គមានបន្ទូលនឹងសិស្សនោះថា៖“មើល៍! ម្ដាយរបស់អ្នក”។ តាំងពីពេលនោះមក សិស្សនោះក៏ទទួលម្ដាយរបស់ព្រះអង្គទៅក្នុងផ្ទះរបស់ខ្លួន។
ព្រះយេស៊ូវទ្រង់បញ្ចប់កិច្ចការ
28បន្ទាប់ពីការនេះ ព្រះយេស៊ូវទ្រង់ជ្រាបថា អ្វីៗទាំងអស់បានសម្រេចហើយ ក៏មានបន្ទូលថា៖“ខ្ញុំស្រេក” ដើម្បីឲ្យបទគម្ពីរត្រូវបានបំពេញឲ្យសម្រេច។ 29មានក្រឡមួយពេញដោយទឹកខ្មេះដាក់នៅទីនោះ ដូច្នេះពួកគេក៏យកអេប៉ុងហ្ស៍ដែលបញ្ជោកដោយទឹកខ្មេះរុំនឹងមែកហ៊ីសុប ហុចទៅព្រះឱស្ឋរបស់ព្រះអង្គ។
30នៅពេលព្រះយេស៊ូវទទួលទឹកខ្មេះហើយ ក៏មានបន្ទូលថា៖“សម្រេចហើយ!”។ ព្រះអង្គក៏ឱនព្រះសិរ ហើយប្រគល់វិញ្ញាណរបស់ព្រះអង្គ។
ចំហៀងព្រះកាយព្រះយេស៊ូវត្រូវគេចាក់
31ដោយសារថ្ងៃនោះជាថ្ងៃរៀបចំបុណ្យ ពួកយូដាសុំពីឡាត់ឲ្យបំបាក់ជើងរបស់អ្នកដែលត្រូវបានឆ្កាង ហើយយកសពចេញ ដើម្បីកុំឲ្យមានសាកសពនៅលើឈើឆ្កាងក្នុងអំឡុងពេលថ្ងៃសប្ប័ទ ពីព្រោះថ្ងៃសប្ប័ទនោះជាថ្ងៃដ៏សំខាន់។ 32ពួកទាហានក៏មក ហើយបំបាក់ជើងរបស់អ្នកទីមួយ និងម្នាក់ទៀតដែលត្រូវបានឆ្កាងជាមួយព្រះអង្គ។ 33លុះមកដល់ព្រះយេស៊ូវ ពួកគេឃើញថា ព្រះអង្គបានសុគតផុតហើយ ដូច្នេះពួកគេមិនបានបំបាក់ព្រះបាទារបស់ព្រះអង្គទេ។ 34ប៉ុន្តែម្នាក់ក្នុងពួកទាហានបានចាក់ចំហៀងព្រះកាយរបស់ព្រះអង្គនឹងលំពែង រំពេចនោះឈាម និងទឹកក៏ហូរចេញមក។ 35រីឯម្នាក់ដែលឃើញបានធ្វើបន្ទាល់ ហើយពាក្យបន្ទាល់របស់គាត់គឺពិត ម្នាក់នោះក៏ដឹងថា គាត់កំពុងនិយាយពិត ដើម្បីឲ្យអ្នករាល់គ្នាបានជឿដែរ។ 36ជាការពិត ការទាំងនេះបានកើតឡើង ដើម្បីឲ្យបទគម្ពីរត្រូវបានបំពេញឲ្យសម្រេច ដែលថា:“គ្មានឆ្អឹងណាមួយរបស់ព្រះអង្គនឹងត្រូវបានបំបាក់ឡើយ”#19:36 《និក្ខមនំ》 12:46; 《ជនគណនា》 9:12; 《ទំនុកតម្កើង》 34:20។ 37ហើយក៏មានបទគម្ពីរមួយទៀតចែងដែរថា:“ពួកគេនឹងមើលអ្នកដែលពួកគេបានចាក់ទម្លុះ”។#19:37 《សាការី》 12:10។
ការបញ្ចុះព្រះសពព្រះយេស៊ូវ
38បន្ទាប់ពីការទាំងនេះ យ៉ូសែបអ្នកអើរីម៉ាថេសុំពីឡាត់ដើម្បីយកព្រះសពព្រះយេស៊ូវចេញ។ គាត់ជាសិស្សម្នាក់របស់ព្រះយេស៊ូវ ប៉ុន្តែលាក់មុខ ព្រោះតែការភិតភ័យចំពោះពួកយូដា។ ពីឡាត់បានអនុញ្ញាត ដូច្នេះគាត់ក៏មក ហើយយកព្រះសពព្រះអង្គ។ 39នីកូដេមជាអ្នកដែលធ្លាប់មករកព្រះអង្គកាលពីមុននៅពេលយប់ ក៏មកដែរ ទាំងយកល្បាយផ្សំពីជ័រល្វីងទេស និងក្រឹស្នា ប្រមាណសាមសិបគីឡូក្រាម#19:39 សាមសិបគីឡូក្រាម―ន័យត្រង់គឺ “មួយរយលីត្រា”។ 1លីត្រា=0.34គីឡូក្រាម។។ 40ពួកគេក៏យកព្រះសពព្រះយេស៊ូវទៅ ហើយរុំនឹងក្រណាត់ផាឌិប ជាមួយគ្រឿងក្រអូប តាមទម្លាប់រៀបចំបញ្ចុះសពរបស់ជនជាតិយូដា។ 41នៅកន្លែងដែលព្រះអង្គត្រូវគេឆ្កាងមានសួនមួយ ហើយនៅក្នុងសួននោះ មានរូងផ្នូរថ្មីមួយ ដែលមិនទាន់បានដាក់សពអ្នកណានៅឡើយ។ 42ដូច្នេះ ដោយសារជាថ្ងៃរៀបចំរបស់ជនជាតិយូដា ហើយរូងផ្នូរនោះក៏នៅជិត ពួកគេបានដាក់ព្រះយេស៊ូវនៅទីនោះ៕
ទើបបានជ្រើសរើសហើយ៖
យ៉ូហាន 19: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative