យ៉ូហាន 18
18
ព្រះយេស៊ូវត្រូវគេក្បត់
1នៅពេលមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះយេស៊ូវយាងចេញទៅខាងនាយជ្រោះកេដ្រុនជាមួយពួកសិស្សរបស់ព្រះអង្គ។ នៅទីនោះមានសួនមួយ ហើយព្រះអង្គ និងពួកសិស្សក៏ចូលទៅក្នុងសួននោះ។ 2រីឯយូដាសដែលក្បត់ព្រះអង្គក៏ស្គាល់កន្លែងនោះដែរ ពីព្រោះព្រះយេស៊ូវបានជួបជុំជាមួយពួកសិស្សនៅទីនោះជាញឹកញាប់។ 3ដូច្នេះ យូដាសក៏យកកងទាហាននិងពួកតម្រួត ពីពួកនាយកបូជាចារ្យនិងពួកផារិស៊ី ទៅទីនោះ មានទាំងគោម ចន្លុះ និងអាវុធ។
4ព្រះយេស៊ូវបានជ្រាបអ្វីៗទាំងអស់ដែលនឹងកើតឡើងដល់ព្រះអង្គហើយ ព្រះអង្គក៏យាងចេញទៅ ហើយមានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នារកនរណា?”។
5ពួកគេឆ្លើយថា៖ “យេស៊ូវអ្នកណាសារ៉ែត”។
ព្រះអង្គមានបន្ទូលថា៖“គឺខ្ញុំហ្នឹងហើយ”។
រីឯយូដាសដែលក្បត់ព្រះអង្គក៏ឈរជាមួយពួកគេដែរ។ 6នៅពេលព្រះអង្គមានបន្ទូលថា:“គឺខ្ញុំហ្នឹងហើយ” ពួកគេបានថយទៅក្រោយ ហើយដួលទៅលើដី។
7ព្រះអង្គទ្រង់សួរពួកគេម្ដងទៀតថា៖“តើអ្នករាល់គ្នារកនរណា?”។
ពួកគេឆ្លើយថា៖ “យេស៊ូវអ្នកណាសារ៉ែត”។
8ព្រះយេស៊ូវទ្រង់តបថា៖“ខ្ញុំប្រាប់អ្នករាល់គ្នាហើយថា គឺខ្ញុំហ្នឹងហើយ។ ដូច្នេះ ប្រសិនបើអ្នករាល់គ្នារកខ្ញុំ ចូរឲ្យអ្នកទាំងនេះទៅចុះ”។ 9នេះគឺដើម្បីឲ្យព្រះបន្ទូលដែលព្រះអង្គមានបន្ទូលត្រូវបានបំពេញឲ្យសម្រេច ដែលថា:“អ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំ ទូលបង្គំមិនបានបាត់បង់អ្នកណាម្នាក់ឡើយ”។
10ស៊ីម៉ូនពេត្រុសមានដាវមួយ គាត់ក៏ហូតដាវនោះ ហើយកាប់បាវបម្រើរបស់មហាបូជាចារ្យ ដាច់ត្រចៀកស្ដាំរបស់អ្នកនោះ។ ឈ្មោះរបស់បាវបម្រើនោះគឺម៉ាលកុស។
11ព្រះយេស៊ូវមានបន្ទូលនឹងពេត្រុសថា៖“ចូរស៊កដាវទៅក្នុងស្រោមវិញទៅ។ តើមិនគួរឲ្យខ្ញុំផឹកពីពែងដែលព្រះបិតាបានប្រទានមកខ្ញុំទេឬ?”។
ព្រះយេស៊ូវត្រូវគេនាំទៅរកអាន់ណាស
12បន្ទាប់មក កងទាហាន មេបញ្ជាការ និងពួកតម្រួតរបស់ពួកយូដាក៏ចាប់ព្រះយេស៊ូវ ហើយចងព្រះអង្គ 13រួចនាំព្រះអង្គទៅរកអាន់ណាសមុនគេ ពីព្រោះលោកជាឪពុកក្មេករបស់កៃផាសដែលជាមហាបូជាចារ្យនៅឆ្នាំនោះ។ 14គឺកៃផាសនេះហើយ ដែលទូន្មានពួកយូដាថា: “មនុស្សម្នាក់ស្លាប់#18:14 ស្លាប់―ឯកសារបុរាណខ្លះថា “វិនាស”។ជំនួសប្រជាជនជាប្រយោជន៍”។
ពេត្រុសបដិសេធព្រះយេស៊ូវ
15ពេលនោះ ស៊ីម៉ូនពេត្រុស និងសិស្សម្នាក់ទៀតទៅតាមព្រះយេស៊ូវ។ សិស្សម្នាក់នោះជាអ្នកដែលមហាបូជាចារ្យស្គាល់ ដូច្នេះគាត់ក៏ចូលទៅក្នុងទីធ្លាដំណាក់របស់មហាបូជាចារ្យជាមួយព្រះយេស៊ូវ 16រីឯពេត្រុសឈរនៅខាងក្រៅទ្វារ។ ដូច្នេះ សិស្សម្នាក់ទៀតដែលមហាបូជាចារ្យស្គាល់នោះ ក៏ចេញមកនិយាយនឹងអ្នកយាមទ្វារ ហើយនាំពេត្រុសចូលទៅ។
17ពេលនោះ បាវបម្រើស្រីដែលជាអ្នកយាមទ្វារ ក៏និយាយនឹងពេត្រុសថា៖ “អ្នកឯងក៏មិនមែនជាម្នាក់ក្នុងពួកសិស្សរបស់អ្នកនោះដែរ មែនទេ?”។
ពេត្រុសថា៖ “ខ្ញុំមិនមែនទេ!”។ 18នៅពេលបង្កាត់ភ្លើងធ្យូងហើយ ពួកបាវបម្រើ និងពួកតម្រួតបានឈរអាំងភ្លើងដោយសារតែរងា រីឯពេត្រុសក៏ឈរអាំងភ្លើងជាមួយពួកគេដែរ។
ព្រះយេស៊ូវនៅមុខអាន់ណាស
19ពេលនោះ មហាបូជាចារ្យសួរព្រះយេស៊ូវអំពីពួកសិស្ស និងអំពីសេចក្ដីបង្រៀនរបស់ព្រះអង្គ។
20ព្រះយេស៊ូវទ្រង់តបនឹងលោកថា៖“ខ្ញុំបាននិយាយនឹងមនុស្សលោកដោយបើកចំហហើយ។ ខ្ញុំតែងតែបង្រៀននៅក្នុងសាលាប្រជុំ និងក្នុងព្រះវិហារ ជាកន្លែងដែលជនជាតិយូដាទាំងអស់ប្រជុំគ្នា ហើយគ្មានអ្វីដែលខ្ញុំនិយាយដោយសម្ងាត់ឡើយ។ 21ហេតុអ្វីបានជាលោកសួរខ្ញុំដូច្នេះ? ចូរសួរពួកអ្នកដែលបានស្ដាប់អ្វីដែលខ្ញុំនិយាយនឹងពួកគេទៅ។ មើល៍! អ្នកទាំងនោះដឹងអ្វីៗដែលខ្ញុំនិយាយហើយ”។
22នៅពេលព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះ តម្រួតម្នាក់ដែលឈរនៅក្បែរក៏ទះកំផ្លៀងព្រះអង្គ ទាំងនិយាយថា៖ “តើអ្នកឯងឆ្លើយនឹងមហាបូជាចារ្យយ៉ាងនេះឬ?”។
23ព្រះយេស៊ូវទ្រង់តបនឹងអ្នកនោះថា៖“ប្រសិនបើខ្ញុំបាននិយាយមិនត្រឹមត្រូវ ចូរធ្វើបន្ទាល់អំពីពាក្យមិនត្រឹមត្រូវនោះមក ប៉ុន្តែប្រសិនបើខ្ញុំនិយាយត្រឹមត្រូវវិញ ម្ដេចក៏វាយខ្ញុំ?”។
24បន្ទាប់មក អាន់ណាសបានបញ្ជូនព្រះអង្គទាំងជាប់ចំណងទៅកៃផាសជាមហាបូជាចារ្យ។
ពេត្រុសបដិសេធព្រះយេស៊ូវពីរដងទៀត
25រីឯស៊ីម៉ូនពេត្រុសកំពុងឈរអាំងភ្លើង។ ពេលនោះ គេសួរគាត់ថា៖ “អ្នកឯងក៏មិនមែនជាម្នាក់ក្នុងពួកសិស្សរបស់អ្នកនោះដែរ មែនទេ?”។
គាត់បដិសេធថា៖ “ខ្ញុំមិនមែនទេ!”។
26ម្នាក់ក្នុងពួកបាវបម្រើរបស់មហាបូជាចារ្យ ជាសាច់ញាតិរបស់អ្នកដែលពេត្រុសបានកាប់ដាច់ត្រចៀកនោះ និយាយថា៖ “តើខ្ញុំមិនបានឃើញអ្នកឯងនៅជាមួយអ្នកនោះក្នុងសួនទេឬ?”។
27ពេត្រុសបដិសេធម្ដងទៀត។ ភ្លាមនោះ មាន់ក៏រងាវឡើង។
ព្រះយេស៊ូវនៅមុខពីឡាត់
28ពួកគេនាំព្រះយេស៊ូវពីកៃផាសទៅវិមានអភិបាល; ពេលនោះជាពេលព្រឹកព្រលឹម។ ពួកគេមិនចូលទៅក្នុងវិមាននោះទេ ដើម្បីកុំឲ្យត្រូវបានធ្វើឲ្យសៅហ្មង ក្រែងលោមិនបានហូបអាហារបុណ្យរំលង។ 29ដូច្នេះ ពីឡាត់ក៏ចេញមកខាងក្រៅជួបពួកគេ សួរថា៖ “តើអ្នករាល់គ្នានាំមកនូវការចោទប្រកាន់អ្វីទាស់នឹងអ្នកនេះ?”។
30ពួកគេតបថា៖ “ប្រសិនបើអ្នកនេះមិនបានប្រព្រឹត្តការអាក្រក់ទេ ម្ល៉េះសមយើងខ្ញុំមិនបានប្រគល់គាត់មកលោកឡើយ”។
31ពីឡាត់មានប្រសាសន៍នឹងពួកគេថា៖ “ចូរអ្នករាល់គ្នាយកគាត់ទៅកាត់ទោស តាមក្រឹត្យវិន័យរបស់អ្នករាល់គ្នាចុះ”។
ពួកជនជាតិយូដាទាំងនោះតបថា៖ “គ្មានច្បាប់ឲ្យយើងខ្ញុំប្រហារជីវិតអ្នកណាម្នាក់ឡើយ”។ 32គេនិយាយដូច្នេះ ដើម្បីឲ្យព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលព្រះអង្គមានបន្ទូលឲ្យដឹងថាព្រះអង្គរៀបនឹងសុគតដោយការសុគតបែបណា ត្រូវបានបំពេញឲ្យសម្រេច។
33ពីឡាត់ក៏ចូលទៅក្នុងវិមានអភិបាលវិញ ហើយហៅព្រះយេស៊ូវមកសួរថា៖ “តើអ្នកជាស្ដេចនៃជនជាតិយូដាឬ?”។
34ព្រះយេស៊ូវទ្រង់តបថា៖“តើលោកនិយាយដូច្នេះចេញពីខ្លួនលោក ឬក៏មានអ្នកផ្សេងប្រាប់លោកអំពីខ្ញុំ?”។
35ពីឡាត់មានប្រសាសន៍ថា៖ “តើខ្ញុំជាជនជាតិយូដាឬ? ជនជាតិរបស់អ្នកផ្ទាល់ និងពួកនាយកបូជាចារ្យទេតើ ដែលប្រគល់អ្នកមកខ្ញុំ។ តើអ្នកបានធ្វើអ្វី?”។
36ព្រះយេស៊ូវទ្រង់តបថា៖“អាណាចក្ររបស់ខ្ញុំមិនមែនជារបស់ពិភពលោកនេះទេ។ ប្រសិនបើអាណាចក្ររបស់ខ្ញុំជារបស់ពិភពលោកនេះ ម្ល៉េះសមពួកអ្នកបម្រើរបស់ខ្ញុំបានតយុទ្ធ ដើម្បីកុំឲ្យខ្ញុំត្រូវគេប្រគល់ទៅពួកជនជាតិយូដាឡើយ។ ប៉ុន្តែឥឡូវនេះ អាណាចក្ររបស់ខ្ញុំមិនមែននៅទីនេះទេ”។
37ពីឡាត់ក៏សួរថា៖ “អីចឹង អ្នកជាស្ដេច?”។
ព្រះយេស៊ូវទ្រង់តបថា៖“គឺលោកទេតើ ដែលនិយាយថាខ្ញុំជាស្ដេច។ ខ្ញុំបានកើតមកដើម្បីការនេះ ហើយបានមកក្នុងពិភពលោកដើម្បីការនេះ គឺដើម្បីធ្វើបន្ទាល់អំពីសេចក្ដីពិត។ អស់អ្នកដែលជារបស់សេចក្ដីពិត ស្ដាប់សំឡេងរបស់ខ្ញុំ”។
38ពីឡាត់ថា៖ “តើសេចក្ដីពិតជាអ្វី?”។
យេស៊ូវ ឬបារ៉ាបាស
ពីឡាត់មានប្រសាសន៍ដូច្នេះហើយ ក៏ចេញទៅជួបពួកជនជាតិយូដាម្ដងទៀត ហើយមានប្រសាសន៍នឹងពួកគេថា៖ “ខ្ញុំរកមិនឃើញទោសអ្វីក្នុងគាត់ឡើយ។ 39ប៉ុន្តែអ្នករាល់គ្នាមានទំនៀមទម្លាប់មួយ គឺឲ្យខ្ញុំដោះលែងមនុស្សម្នាក់ដល់អ្នករាល់គ្នាក្នុងអំឡុងពេលបុណ្យរំលង។ ដូច្នេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្ដេចនៃជនជាតិយូដាដល់អ្នករាល់គ្នាឬទេ?”។
40ពួកគេក៏ស្រែកឡើងសាជាថ្មីថា៖ “មិនមែនអ្នកនេះទេ គឺបារ៉ាបាសវិញ!”។ រីឯបារ៉ាបាសម្នាក់នេះជាចោរប្លន់៕
ទើបបានជ្រើសរើសហើយ៖
យ៉ូហាន 18: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative